Paris Peace Accords 23 Oct. 1991

Wednesday, October 28, 2015

សាលារាជធានី ​ប្តូរ ការ​អះអាង ថា​, បាតុកម្ម ប្រឆាំងលោក កឹម សុខា បានជូនដំណឹង ជាមុន​​ | City Hall changing its position that demonstrators had first informed them


លោក ប៉ាន់​ខែម ប៊ុនថន (អាវខៀវកណ្តាល) ប្រធាន​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ ដែល​បាន​ចេញមុខ​ដឹកនាំបាតុកម្ម​ប្រឆាំងលោក កឹម សុខា។ លោក​ធ្លាប់ដឹកនាំប្រជា​ពលរដ្ឋ​ទៅ​ស្បថនៅ​ព្រះអង្គ​ដង​កើថា​សុខចិត្ត​ស្លាប់​តៃហោង ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍និង​ស្លាប់​ដោយ​រន្ទះបាញ់​ ដើម្បី​ស្មោះត្រង់​ជាមួយ លោក ហ៊ុន សែន​(រូបថត​ដោយ​ ទេព សូនី)

សាលារាជធានី ​ប្តូរ ការ​អះអាង ថា​, បាតុកម្ម ប្រឆាំងលោក កឹម សុខា បានជូនដំណឹង ជាមុន​​

 VOD / វីអូឌី | ២៨ តុលា ២០១៥

សាលារាជធានី ភ្នំពេញ នៅថ្ងៃ​ពុធនេះ​ បានកែ​ប្រែ​ ការអះអាង របស់ខ្លួន​ ថា, ​ក្រុមបា​តុករ​ ដែល​តវ៉ា ទាម​ទារ ទម្លាក់លោក កឹម សុខា ចេញ​ពីតំណែង អនុប្រធាន ទី១នៃ​រដ្ឋសភា បានជូនដំណឹង​ មក​សាលាក្រុង​ ​មុន​ពេល​ធ្វើ​ បាតុក​​ម្ម​ ដែល​​ការ លើកឡើង​នេះ​​​ ផ្ទុយ​ពី​ការ​អះអាង កាលពីមុន។​
សេចក្តីថ្លែងការណ៍ របស់ សាលារាជធានី ភ្នំពេញ ចុះថ្ងៃ​ ទី​២៨ ខែតុលា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ ថា​, នៅថ្ងៃ​ ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅមុខវិមាន រដ្ឋសភា ប្រជា​ពលរដ្ឋ​ ប្រមាណ ​៥ពាន់ នាក់ បាន​ចូល​​រួម សម្តែង​មតិ​ តាមរយៈ«បាតុកម្ម អហិង្សា​មួយ”​ ក្នុងគោល​បំណង ទម្លាក់លោក​ កឹម សុខា ពីតំណែង។​  សេចក្តីថ្លែងការណ៍​ បន្ត​​ថា៖ “សម្រាប់​ ការធ្វើ​ បាតុកម្ម អហិង្សានេះ, សាលារាជធានី​ ភ្នំពេញ​ បាន​ទទួល​ លិខិត​ ជូន​ដំណឹង​ ពីតំណាង​ ប្រជា​ពលរដ្ឋ​ នៅរសៀល​ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥។  ហើយ​ បន្ទាប់មក​ នៅព្រឹកថ្ងៃ​ ទី​២៦ ខែតុលា ឆ្នាំ​២០១៥ សាលារា​ជធានី​ បាន​កោះ​អញ្ជើញ​ តំណាង​ ក្រុម​បាតុករ​ មកប្រជុំ ពិភាក្សា​ និងណែនាំ ពីនីតិវិធី​ នៃ​ច្បាប់​ ស្តីពី​ ការធ្វើ​បាតុកម្ម​ ដោយ​សន្តិវិធី។  ក្នុងនោះ​តំណាង បាតុករ​ ក៏​បាន​បញ្ឈប់​ និងរំសាយ​ បាតុកម្ម នៅវេលា ម៉ោង​១០ និង​៣០ នា​ទី នា​ខែឆ្នាំ ដដែល​ បន្ទាប់ ពីអ្នកតំណាងរាស្រ្ត​ មក​ទទួល​ញត្តិ»

ទោះ ជា​យ៉ាងណា នៅព្រឹក ថ្ងៃ​ទី​២៦ ខែតុលា បាតុករ​​ រាប់ពាន់​នាក់​ បានប្រមូល ផ្តុំគ្នា​ និង​តវ៉ា នៅមុខ វិមាន​​ រដ្ឋសភា ដើ​ម្បី​​ ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា ដោយ​ពួកគាត់​ ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោក​ប្រាស់ ​ក្រ​ឡេចក្រឡុ​កនិង​ជាអ្នក​ដែល​​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋ”។ បាតុកម្មនោះមិនមានការយាមកាមនិ​​ង​ឃ្លាំមើល​តឹងតែងពីកម្លាំងសមត្ថកិច្ចនោះទេ។​
សេចក្តីថ្លែងការណ៍របស់សាលារាជធានីភ្នំពេញ​ឲ្យ​ដឹង​ទៀត​​ថា៖ “ដោយ​ឡែកចំពោះហេតុការណ៍​ដែល​បាន​កើតឡើង​នៅវេលាម៉ោង​១២និង​១៥នាទី​ បង្ក​ដោយ​ជន​មួយក្រុម​មិនស្គាល់អត្តសញ្ញាណ​បាន​ធ្វើ​ឲ្យមាន​ស្នាមរបួ​ស​មក​លើតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ចំនួន​២រូប​ ដោយ​ពុំដឹង​មូលហេតុ​ បន្ទាប់ពី​ក្រុម​បាតុករ​បានរំសាយ​បា​ន​រួចរាល់ហើយ”។ សេចក្តីថ្លែងការណ៍​​បន្ថែម​ថា៖ "សាលារាជធានី​ភ្នំពេញមានការសោកស្តា​យ​និង​សូមថ្កោលទោស​ចំពោះទង្វើ​ខាងលើ​ដែល​កើតឡើង​ចំពោះ​អ្នក​តំ​ណាងរាស្រ្ត​២រូបនិង​ចាត់វិធាន​ការ​ស្រាវជ្រាវរកជនបង្កមកផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ជាធរមាន”
នៅ​រសៀលថ្ងៃទី២៦ខែតុលា បន្ទាប់ពីហិង្សា​កើតឡើង នៅពេលវីអូឌី(VOD)ទាក់ទងតាមទូរស័ព្ទ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុ​ង ឌីម៉ង់ មានប្រសាសន៍ថា​​បាតុកម្ម​ប្រឆាំង​លោក​ កឹម សុខា ​មិន​បាន​សុំ​​ការ​អនុញ្ញាត​ពី​សា​លារាជធានីនោះទេ។ លោក​បន្ត​ថា​នៅពេលដឹង​ថា​បាតុកម្មកើតឡើង សាលារាជធានី​​បាន​ហៅ​តំណាងដឹកនាំបាតុកម្ម​មក​សាកសួរភ្លាមៗ នៅម៉ោង​ប្រមាណ​៩និង​៣០នាទី ហើយ​ពួកគេ​សន្យាថា​នឹង​រំ​សាយ​នៅ​ម៉ោង​១០និង៣០នាទី។ លោក​មានប្រសាសន៍ថា៖“បាតុកម្ម​​បា​ន​រំសាយ​នៅម៉ោង​​១០និង​៣០នាទី ខ្ញុំអត់យល់ដែរ​ថា​មានមូលហេតុអីបាន​ជា​ហិង្សាកើតឡើង”
លោក​ ឡុង ឌីម៉ង់ បាន​បន្ថែម​​ថា៖ “ក្រុមអ្នកតំណាងដឹកនាំបាតុកម្មគឺ​ជា​ប្រជា​ពលរដ្ឋ​សុធសាធ មិនមែនតំណា​ងអង្គ​ការ​ណា​មួយនោះទេ”​។ លោក​ចាត់ទុក​អំពើហិង្សា​កើតឡើង​​”ជា​រឿងនឹកស្មានមកដល់”
ទោះជា​យ៉ាងណា លោក ឡុង ឌីម៉ង់ បាន​ប្រាប់វីអូឌី(VOD)នៅថ្ងៃពុធ បន្ទាប់​ពីសាលារាជធានីបានចេញសេចក្តីថ្លែងការណ៍​ថា​​សាលារាជធានីភ្នំពេញបានទទួលលិខិតជូនដំណឹងពីតំណាងប្រជាពលរដ្ឋសុំធ្វើបាតុក​ម្ម​ មួយថ្ងៃមុនថ្ងៃឈប់ស​ម្រាក​២៣​តុលា ដែល​លោកថា​នេះ​ជាមូលហេតុ​លោក​មិនបានឃើញលិខិតស្នើ​​សុំនោះ។ លោកបន្ត​ថាពេលលោកមកធ្វើការនៅព្រឹកថ្ងៃទី​២៦ ​ខែតុលា លោក​ក៏បានទទួលដំណឹងថាមានបាតុកម្មកើតឡើង ហើយលោកក៏បានហៅតំណាងបាតុករមកពិភាក្សា ហើយក្រុមបា​តុករនោះក៏បានសម្រេច​រំសាយបាតុកម្ម​ភ្លាមៗ។
ទាក់ទងនឹងបាតុកម្មដែលចំនួនបាតុករច្រើនដល់៥ពាន់នាក់ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថាសាលា​រាជធានីភ្នំពេញមានសិទ្ធិ​អនុញ្ញាត​ឲ្យធ្វើបាតុកម្មត្រឹមចំនួន២០០នាក់ ហើយ​ប្រសិន​បើ​លើសពីនេះត្រូវមានការស្នើសុំគោលការណ៍​ពីក្រសួងមហា​ផ្ទៃ​។ លោកបន្ថែមថា៖ "រាល់ការស្នើសុំការធ្វើបាតុកម្មទាំងអស់នៅពេលដែលមកដល់សាលាក្រុងបើ២០០នាក់ យើងមានសិទ្ធិសម្រេច បើលើសពី២០០នាក់ ដូច៥ពាន់​នាក់អ៊ីចឹង យើងត្រូវស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃតែមុននឹងស្នើសុំទៅក្រសួងមហាផ្ទៃយើងត្រូវអញ្ជើញគ្រប់ភាគីទាំងអស់ភាគីណាក៏យើងធ្វើអ៊ីចឹងដែរ។ បងសួរក្រុមសង្គ្រោះជាតិមានជំនាញធ្វើបាតុ​កម្ម​ញឹ​ក​ហ្នឹង បងសួរគាត់ទៅយើងក៏អញ្ជើញគាត់មកធ្វើការជជែកដែរ អ៊ីចឹងបានជានៅថ្ងៃចន្ទហ្នឹង យើងបានអញ្ជើញគាត់មកជជែកទៅ គាត់បានធ្វើបាតុកម្មហើយហ្នឹង យើងក៏បានសុំឲ្យគាត់បញ្ឈប់ ហើយគាត់ក៏បាន​បញ្ឈប់វិញទៅ​”
គួរ​បញ្ជាក់​ថា​បាតុកម្មទាមទារ​ឲ្យ​ដកតំណែង​របស់លោក​ កឹម សុខា កើតឡើងមួយថ្ងៃ​បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេស​បារាំង​ កាលពីល្ងាចថ្ងៃ​ទី​២៥ខែតុលា។ ពីប្រ​ទេស​បារាំង ​ក្នុពិធី​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ទី​នោះ​ លោក ហ៊ុន សែន បានថ្លែង​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​នៅ​បារាំងគឺ​ជាសិទ្ធិ​ប្រ​ជាពល​រដ្ឋ ហើយ​លោក​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​ កឹម សុខា ​ក៏​ជា​សិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ​ដូច​គ្នា។ លោក​បន្ត​ថាបាតុកម្មនេះ​អាច​នឹង​ឲ្យ​លោក កឹម សុខា ធ្លាក់ពីតំណែង។ លោក​មានប្រសាសន៍ថា​៖“បើលេងកុំ​ខឹង​ បើ​ខឹ​ងកុំ​លេង បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​វិញ កុំ​ខឹង​នឹង​គេ ហើ​យ​លេង​ហ្នឹង​ប្រ​ហែល​ជា​អស់​តំ​ណែង​អនុប្រ​ធាន​សភាទៀត”
អ្នក​ទូរស័ព្ទ​ចូល​ក្នុង​កម្មវិធីវីអូឌីកាលពីថ្ងៃទី​២៧ខែតុលា ដែលមានឈ្មោះថា​ចិន្តា មកពី​ខេត្តកណ្តាល​ បាន​អះអាងថាប្អូន​គាត់​ជា​កងកម្លាំង​បាន​ប្រាប់ថាបាតុកម្ម​នេះ​ត្រូវបាន​បញ្ជា​ពី​ថ្នាក់លើ​ទាំង​ម៉ោង១២​យប់ ថ្ងៃទី​២៥ ខែតុលា​​។ អ្នកស្រី​មានប្រសាសន៍​​ថា​៖ “​ហើយ​ខ្ញុំ​សូម​ស្នើ​ដល់​តុលាការ​ដែរ តើ​តុលាការ​មាន​ចំណាត់ការ​កន្លែង​ណា ហើយ​ចាប់​​ឃាតក​បាន​ដែរ​ឬ​អត់​? ចាប់​មនុស្ស​ដែល​វ៉ៃ​គេ​បាន​ដែរ​ឬ​អត់​នៅ​ពេល​ថ្មីៗ​នេះ​? ហើយ​សូម​គិតគូរ​ឡើង​វិញ សាលាក្រុង​(​រាជធានី​ភ្នំពេញ​) ក្រសួងមហាផ្ទៃ ខាង​ព្រហ្មទណ្ឌ លោក​ចាត់ការ​។ កុំ​ធ្វើ​​អី​ស​ម្រាប់​គេ​បាន​ដោយ​​ងាយៗ សម្រាប់​ពេល​ខ្លួន​ឯង​ធ្វើ​លើ​គេ ចាប់​អត់​បាន​”​។​
បន្ទាប់ពីធ្វើបាតុកម្មនៅមុខ​វិមាន​រដ្ឋសភា បា​តុកររាប់រយនាក់បាន​ជិះម៉ូតូទៅដល់មុខផ្ទះលោក​ កឹម សុខា ដែលមានទីតាំងនៅ​ខាងក្រោយ​សាលា​ភូមិន្ទភ្នំពេញ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ដើម្បី​បន្ត​ការ​តវ៉ា៕​

No comments:

Post a Comment