សង្គមស៊ីវិល ស្នើ ឲ្យមាន ការស៊ើបអង្កេត ករណី ទាហាន ដាក់ញត្តិ ទាមទារ ដកលោក កឹម សុខា
RFA / វិទ្យុ អាស៊ី សេរី | ២៧ តុលា ២០១៥
បណ្ដាញ ផ្សាយព័ត៌មាន ក្នុងស្រុក មួយចំនួន រួមទាំង បណ្ដាញ ទំនាក់ទំនង សង្គម ឬហ្វេសប៊ុក (Facebook) ផង ផ្សព្វផ្សាយ ថា, នាយទាហាន គ្រប់គ្រង កម្លាំង នៅតាមបណ្ដោយ ព្រំដែន កម្ពុជា-ថៃ ដាក់ញត្តិ ទៅប្រធាន រដ្ឋសភា ឲ្យដកលោក កឹម សុខា ពីអនុប្រធាន រដ្ឋសភា។
យ៉ាងណា មកដល់ ពេលនេះ គណៈកម្មការ ទី១ រដ្ឋសភា នៅមិនទាន់ ទទួលបាន សំណើនេះ នៅឡើយ។ ចំណែក ក្រុមអង្គការ មិនមែន រដ្ឋាភិបាល ហៅការ ដាក់ញត្តិ បែបនេះ ថា ជាការ រំលោភ លើឯករាជ្យភាព របស់ កងកម្លាំង ប្រដាប់អាវុធ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលស្នើអោយមានការស៊ើបអង្កេតករណី ក្រុមនាយទាហានដែលទាមទារអោយដកលោក កឹម សុខា ពីអនុប្រធានរដ្ឋសភា។
សំណើរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលនេះ បន្ទាប់ពីមានការផ្សព្វផ្សាយញត្តិដែលសារព័ត៌មានក្នុងស្រុកអះអាង ថា ចេញដោយអនុប្រធានទី១គណៈបញ្ជាការឯកភាព សមរភូមិព្រំដែនកម្ពុជា-ថៃ នាយឧត្ដមសេនីយ៍ គន់ គីម ពីការទាមទារទម្លាក់តំណែងលោក កឹម សុខា។
នាយកវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា រដ្ឋាភិបាលមានតួនាទីចាត់វិធានការលើករណីនេះ ដើម្បីធានាថា ឯករាជ្យភាពរបស់កងកម្លាំងប្រដាប់អាវុធ។ ម្យ៉ាងការប្រកាសរបស់កងកម្លាំងប្រដាប់អាវុធនៅពេលនេះ អាចនឹងរុញច្រានអោយមានការប៉ះទង្គិចគ្នាជាយថាហេតុរវាងកងកម្លាំង ដែលមានទស្សននយោបាយផ្ទុយគ្នា៖ «ប្រសិនបើករណីយោធាទាំងអស់មាន សិទ្ធិនយោបាយទាំងអស់ ហើយចូលរួមបាតុកម្មបានចូលរួមទាមទារបានស្រេចនឹងចិត្ត ថ្ងៃក្រោយប្រយ័ត្នតែថ្ងៃក្រោយយោធាឈ្លោះគ្នាជាមួយយោធា យើងនឹងមានបញ្ហាដល់សង្គមតែម្តង ហើយវាធ្វើឲ្យមានហិង្សា និងបង្ហូរឈាមតែម្ដង។ នេះ គឺជារឿងមួយដែលយើងបានឆ្លងកាត់រួចទៅហើយ ដែលគួរជាមេរៀនដែលយើងចេះរៀនសូត្រផង កុំឲ្យដើរឆ្លងកាត់ឈឺចាប់ប៉ុណ្ណឹងហើយ នៅតែដើរជាន់ប្រវត្តិសាស្ត្រដ៏ជូរចត់ទៀត។»
នៅក្នុងញត្តិមួយទំព័រដែលមានបង្ហាញឈ្មោះនាយឧត្ដមសេនីយ៍ គន់ គីម នៅចុងខាងក្រោមនៃទំព័របញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិព្រំដែន កម្ពុជា-ថៃ ស្នើអោយប្រធានសភា និងអ្នកតំណាងរាស្ត្រទាំងអស់ដកលោក កឹម សុខា ចេញពីប្រធានរដ្ឋសភា។ ញត្តិដដែលលើកឡើងថា ពួកគេបានមើលឃើញសកម្មភាពពិសពុលរបស់លោក កឹម សុខា ដែលឃោសនាបោកប្រាស់ ញុះញង់អុចអាលលាបពណ៌ បង្កកំហឹង រើសអើងពូជសាសន៍ ដែលនឹងឈានទៅអោយមានសង្គ្រាមផ្ទៃក្នុង។
ចំណែកអ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិ មនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ញត្តិរបស់នាយទាហានកំពុងបំភិតបំភ័យស្មារតីពលរដ្ឋនៅទូទាំងប្រទេស៖ «ពីព្រោះ ថាតែកាលណាកងកម្លាំងប្រកាសគាំទ្រគណបក្សនយោបាយមួយណា ឬអ្នកនៅក្នុងគណបក្សនយោបាយមួយណា នឹងបង្កឲ្យមានការភ័យខ្លាច ហើយក៏ចេះតែបង្កឲ្យមានបាតុភាពនឹងគ្នាទៅវិញទៅមក នោះនឹងអាចមានអំពើហិង្សាណាមួយ។»
ស្របគ្នានេះ លោក អ៊ូ វីរៈ បានមើលឃើញថា អ្នកដែលមានការភ័យខ្លាចពិតប្រាកដគឺក្រុមអ្នកជំនួញ ឬអ្នកវិនិយោគ ដែលនឹងនាំអោយសេដ្ឋកិច្ចជាតិជួបបញ្ហា។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអ្នកនាំពាក្យក្រសួងនេះ លោក ឈុំ សុជាត បាននៅឡើយទេ នៅថ្ងៃទី២៧ ខែតុលា ដោយទូរស័ព្ទមិនចូល។
បើទោះជាយ៉ាងណា ប្រធានគណៈកម្មការទី១ លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណៈកម្មការនេះនៅមិនទាន់ទទួលបានញត្តិនេះជាផ្លូវការនៅឡើយ។
នៅក្នុងគេហទំព័រព័ត៌មានក្នុងស្រុក និងបណ្ដាញសង្គមបានបង្ហោះរូបថតជាច្រើនដែលបង្ហាញអោយឃើញក្រុមកង កម្លាំងយោធាកាន់បដា ដែលមានខ្លឹមសារទាមទារទម្លាក់តំណែងលោក កឹម សុខា។
មកដល់ពេលនេះនៅមិនទាន់មានប្រតិកម្មតបពីលោក កឹម សុខា ចំពោះការទាមទារទម្លាក់រូបលោកពីសំណាក់កងកម្លាំងយោធានេះនៅឡើយទេ។
នៅក្នុងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពល ខេមរភូមិន្ទ ត្រង់មាត្រា ៩ ចែងថា យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទី និងក្នុងសកម្មភាពការងារ ហើយត្រូវបានហាមឃាត់ការប្រើមុខងារ និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយ៕
Damn, what’s a face!
ReplyDeletehttp://comps.canstockphoto.com/can-stock-photo_csp13999370.jpg