តុលាការ លើកពេល សវនាការ សំណុំរឿង លោក ហុង សុខហួរ ដោយមិន កំណត់ពេល
RFA / វិទ្យុ អាស៊ី សេរី | ៧ តុលា ២០១៥
សវនាការលើកទីពីរក្នុងសំណុំរឿងសមាជិកព្រឹទ្ធសភាមកពីគណបក្ស ប្រឆាំង ត្រូវលើកពេលជាបន្តទៀត។ ការលើកពេលជាថ្មីទៀតនៅពេលនេះ មិនត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ កំណត់ពេលថានឹងត្រូវចាប់ផ្ដើមនៅពេលណាឲ្យបានពិតប្រាកដនោះទេ។
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដែលឃ្លាំមើលសវនាការដោយផ្ទាល់ចាត់ទុកថា ការលើកពេលដោយគ្មានកាលកំណត់សម្រាប់ការជំនុំជម្រះនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិជនសង្ស័យ ក្នុងសំណុំរឿងដែលចោទថា ប្រើប្រាស់ឯកសារក្លែងពាក់ព័ន្ធសន្ធិសញ្ញាព្រំដែនរវាងកម្ពុជា និងវៀតណាម នេះ។
ការបើកសវនាការលើកទីពីរប្រឆាំងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ នេះ គឺនៅក្នុងបន្ទប់សវនាការមានភាពតានតឹង ក្រោយពីមានឯកសារដោះបន្ទុកថ្មីទៀតរបស់មេធាវីការពារក្ដី លើកបង្ហាញអង្គជំនុំជម្រះក្នុងការដោះបន្ទុក លោក ហុង សុខហួរ បើប្រៀបធៀបទៅនឹងសវនាការលើកទីមួយកាលពីថ្ងៃទី២ ចុងសប្ដាហ៍កន្លងទៅនេះ។
ដោយឡែកសវនាការលើកនេះវិញ គឺនៅក្នុងបន្ទប់នៃអង្គជំនុំជម្រះ ក្រុមមេធាវីការពារក្ដីឲ្យ លោក ហុង សុខហួរ ជាពិសេស លោក ជូង ជូងី បានស្នើឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ ថាគួរប្រើតួនាទីដោយឯករាជ្យ ស្របពេលដែលមានការជំទាស់ម្ដងជាពីរដងដោយតំណាងអយ្យការ លោក សៀង សុខ។
ក្នុងពេលដំណើរក្ដីមិនទាន់ទាំងបានប៉ុន្មាននាទីផង ខណៈពេលដែល លោក សៀង សុខ ជាតំណាងអយ្យការព្យាយាមសួរ លោក ហុង សុខហួរ ដើម្បីដាក់បន្ទុកបន្ថែមនោះ ភ្លាមៗដល់វេន លោក ជូង ជូងី វិញម្ដង។ មេធាវីការពារក្ដីម្នាក់ក្នុងចំណោមមេធាវីទាំង ៤រូបរបស់សមាជិកព្រឹទ្ធសភា គឺលោក ជូង ជូងី បានបង្ហាញឯកសារដែលលោករកឃើញនៅលើអ៊ីនធឺណិត ដូចដែល លោក ហុង សុខហួរ បានបង្ហោះនៅក្នុងបណ្ដាញសង្គមដែលត្រូវបានតុលាការចោទប្រកាន់នោះ។
ប៉ុន្តែដោយមានការជំទាស់ និងស្នើសុំម្ដងហើយម្ដងទៀតនៅក្នុងអង្គសវនាការរបស់តំណាងអយ្យការ លោក សៀង សុខ ថាឲ្យមានចាត់របៀបដើម្បីស៊ើបអង្កេតជាមុនសិនទៅលើឯកសារនោះ។ ចំណែកក្រុមមេធាវីការពារក្ដីរបស់ លោក ហុង សុខហួរ វិញ បានពន្យល់អង្គជំនុំជម្រះថា មិនចាំបាច់ចាត់របៀបដើម្បីស្រាវជ្រាវអ្វីនោះទេ គឺងាយបំផុត ដោយប្រើពេលត្រឹម ២ ឬ ៣នាទីប៉ុណ្ណោះ អាចរកឃើញហើយ។
នៅពេលស្ថានភាពកាន់តែតានតឹងទៅៗនៅក្នុងបន្ទប់ជំនុំជម្រះ ស្របពេលនៅខាងក្រៅបន្ទប់សវនាការវិញ សំឡេងអ្នកគាំទ្រស្រែកឲ្យដោះលែង លោក ហុង សុខហួរ ប្រមាណ ១០០នាក់ផងនោះ លោក រស់ ពិសិដ្ឋ បានលើកពេលប្រកាសសាលក្រម ដោយមិនកំណត់ពេល បន្ទាប់ពីដកឃ្លាទៅពិចារណាលើការកំណត់ដែលថា សុំពេលត្រឹម ៥នាទីនោះ។
ក្រោយចេញពីបន្ទប់វិញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ សម្រេចឲ្យក្រុមមេធាវីប្រគល់ឯកសារឲ្យតុលាការ។ ឯកសារដែលប្រគល់ឲ្យតុលាការនោះ ត្រូវមានកាលបរិច្ឆេទត្រឹមត្រូវ និងដាក់បញ្ចូលនៃការចាត់របៀបស៊ើបអង្កេតបន្ថែម ទៅលើឯកសារដោះបន្ទុកថែមទៀតផង។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) ថ្លែងក្រោយចេញពីបន្ទប់សវនាការកាលពីរសៀលថ្ងៃទី៧ តុលា ថា របៀបដែលតុលាការធ្វើការនេះ គឺជាការអូសបន្លាយពេលវេលាសម្បើមណាស់ ជាពិសេសការពន្យារពេលនេះទៀតសោត នឹងរឹតតែធ្វើឲ្យប៉ះពាល់បន្ថែមទៀតទៅលើសិទ្ធិជនសង្ស័យ ដែលធានាដោយច្បាប់។ លោកបន្តថា «មកទល់ពេលនេះ មិនទាន់ដឹងថាត្រូវមានទោស ឬឥតទោសទេ។ អ៊ីចឹងជាគោលការណ៍ ធ្វើម៉េចឲ្យបានលឿន ហើយបើយើងចាត់របៀប ហើយការចាត់របៀបឥតមានកំណត់ថ្ងៃទៀត ពេលវេលាកាន់តែយូរទៅ អាហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គាត់។»
មាត្រា២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា គោលការណ៍នៃការឃុំខ្លួនបណ្ដោះអាសន្ន ជាគោលការណ៍ជនត្រូវចោទ ត្រូវតែមានសេរីភាព។ ក្នុងករណីពិសេស ជនត្រូវចោទអាចត្រូវឃុំខ្លួនបណ្ដោះអាសន្នទៅបាន តែក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ និងបទមជ្ឈិម ដែលច្បាប់កំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១ឆ្នាំ។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យ លោក ហុង សុខហួរ យល់ឃើញថា ឯកសារដែលលោកបានលើកឡើងនៅក្នុងអង្គជំនុំជម្រះនោះ បើសិនតុលាការសម្រេចក្ដីដោយឯករាជ្យ លោកមានជំនឿថា កូនក្ដីរបស់ខ្លួនអាចនឹងរួចផុតពីការចោទប្រកាន់។ លោកបន្តថា ដោយសារនៅក្នុងឯកសារនោះពុំបានបង្ហាញឲ្យឃើញថា មានធាតុផ្សំដែលអាចឈានទៅរកបទល្មើសដើម្បីដាក់បន្ទុកបានទេ។ លោកបន្តថា «ជាភស្តុតាងតែមួយគត់ ហើយមាំណាស់ ដែលបង្ហាញថាកូនក្តីខ្ញុំស្អាតស្អំ។ បើតុលាការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ កូនក្តីរបស់ខ្ញុំប្រាកដជារួចខ្លួន។»
លោក ហុង សុខហួរ ត្រូវបានចៅក្រមស៊ើបសួរ លោក កៅ វណ្ឌី សម្រេចចោទប្រកាន់ ៣បទល្មើស បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី១៥ សីហា រួច។ បទចោទទាំង ៣ករណីនោះ គឺក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងបទញុះញង់នាំឲ្យមានភាពវឹកវរ និងអសន្តិសុខសង្គម៕
No comments:
Post a Comment