Paris Peace Accords 23 Oct. 1991

Thursday, October 8, 2015

រដ្ឋមន្ត្រី​ ក្រសួង​អប់រំ​ ប្រតិកម្ម​ តប​ នឹង​ការ​រិះគន់​ របស់ ​លោក សម រង្ស៊ី | Education Minister reacts to Sam Rainsy's criticism

រដ្ឋមន្ត្រី​ ក្រសួង​អប់រំ​ ប្រតិកម្ម​ តប​ នឹង​ការ​រិះគន់​ របស់ ​លោក សម រង្ស៊ី

RFA / ​វិទ្យុ ​អាស៊ី សេរី | តុលា ២០១៥

 

ហង់ ជួនណារ៉ុន ៦២០
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ក្រោយ​បញ្ចប់​ពិធី​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ច្រានចោល​ការ​រិះគន់​របស់​លោក សម រង្ស៊ី ថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ខ្សោយ​នោះ មិន​ចំណេញ​ដល់​វិស័យ​អប់រំ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ លើក​ឡើង​ថា លោក​រដ្ឋមន្ត្រី​គួរ​យក​ប្រសាសន៍​របស់​លោក សម រង្ស៊ី ទៅ​ពិចារណា ជា​ជាង​ការ​ឆ្លើយ​តប​ទាំង​កំហឹង​បែប​នេះ។


រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហៅ​ការ​រិះគន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​រិះគន់​ដើម្បី​វាយ​ប្រហារ មិន​មែន​ដើម្បី​កែ​លម្អ​​នោះ​ទេ។


ថ្លែង​ក្រោយ​បិទ​បញ្ចប់​ទិវា​គ្រូបង្រៀន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅ​សាលា​តិចណូ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន និយាយ​ថា លោក សម រង្ស៊ី មិន​ឲ្យ​តម្លៃ​ការ​អប់រំ​នៅ​កម្ពុជា ព្រោះ​គ្រួសារ​របស់​លោក សម រង្ស៊ី និង​លោក សម រង្ស៊ី មិន​ដែល​រៀន​នៅ​កម្ពុជា ទេ។ លោក​រដ្ឋមន្ត្រី​ថែម​ទាំង​បង្ហាញ​ការ​សង្ស័យ​ថា លោក សម រង្ស៊ី ចេះ​ភាសា​ខ្មែរ​មិន​ច្បាស់ ដោយ​លើក​ឡើង​ថា មាន​គ្រូ​ខ្លះ​បបួល​លោក សម រង្ស៊ី ប្រឡង​ភាសា​ខ្មែរ៖ «អ្វី​ដែល​ឯកឧត្តម សម រង្ស៊ី ថ្លែង​វាយ​ប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហ្នឹង គឺ​ថា​ការ​វាយ​ប្រហារ​នោះ​គ្មាន​ន័យ ក៏​ដូច​គ្មាន​សារសំខាន់​អី​ទេ ដោយ​ហេតុ​អ្នក​នយោបាយ​បាន​តែ​ថា មិន​បាន​ធ្វើ មិន​ដែល​ឃើញ​ឯកឧត្តម សម រង្ស៊ី កៀរគរ​រក​ថវិកា​កសាង​សាលា​បាន​មួយ​ខ្នង។ ចំណុច​ទី​២ គាត់​មិន​ឲ្យ​តម្លៃ​ការ​អប់រំ​នៅ​កម្ពុជា ដោយសារ​តែ​គាត់ និង​គ្រួសារ​គាត់​មិន​ដែល​រៀន​នៅ​កម្ពុជា ទេ ហើយ​ក៏​មិន​ច្បាស់​ថា​គាត់ (លោក សម រង្ស៊ី) សរសេរ​ខ្មែរ​ច្បាស់​ល្អ​ដែរ។»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​អ្នក​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​ កុំព្យូទ័រ និង​ភាសា​អង់គ្លេស នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​វីដេអូ​ឃ្លិប​ដែល​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook page) របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​រិះគន់​ថា ប្រព័ន្ធ​អប់រំ នៅ​ប្រទេស​កម្ពុជា ខ្សោយ ហើយ​សញ្ញាប័ត្រ​នៅ​ប្រទេស​កម្ពុជា ភាគ​ច្រើន​គ្មាន​តម្លៃ។ លោក​ថ្លែង​ទៀត​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្នាំ​ឆ្នោត​នៅ​ពេល​ខាង​មុខ នោះ​គណបក្ស​នេះ​នឹង​រៀបចំ​ប្រព័ន្ធ​អប់រំ​ឡើង​វិញ។

សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៥។ RFA/Brach Chev

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក សម រង្ស៊ី ចំពោះ​ប្រតិកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។ យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា អ្វី​ដែល​លោក សម រង្ស៊ី លើក​ឡើង គឺ​ក្នុង​ន័យ​បង្ហាញ​ចំណុច​ខ្សោយ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា។ លោក​បន្ត​ថា អ្នក​ដែល​មិន​បាន​រៀន​នៅ​ក្នុង​ស្រុក កាន់​តែ​យល់​យ៉ាង​ច្បាស់​ពី​ប្រព័ន្ធ​អប់រំ នៅ​កម្ពុជា៖ «អ្វី​ដែល​ ឯកឧត្តម​ប្រធាន សម រង្ស៊ី មាន​ប្រសាសន៍ គឺ​ក្នុង​ន័យ​បង្ហាញ​ចំណុច​នៅ​កម្ពុជា ហើយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ គួរ​យក​ចំណុច​ទាំងអស់​នោះ​ទៅ​ពិចារណា ដើម្បី​ការ​កែលំអ​គុណភាព​អប់រំ និង​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា នៅ​ពេល​អនាគត។»

គេ​សង្កេត​ឃើញ​ថា អ្នក​មាន​ព្រទ្យ​ធន ឬ​មាន​តួនាទី​ធំ​ក្នុង​ជួ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា តែងតែ​បញ្ជូន​កូន​របស់​ខ្លួន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ហើយ​បើ​ទោះ​ជា​កូន​អ្នក​ទាំង​នោះ​រៀន​ក្នុង​ស្រុក ក៏​ភាគ​ច្រើន​រៀន​នៅ​សាលា​ឯកជន​ដែល​មាន​តម្លៃ​ថ្លៃៗ​ដែរ។

​យ៉ាងណាមិញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សាលា​ អន្តរជាតិ​ភ្នំពេញ (ISPP) នា​រាជធានី​ភ្នំពេញ ដែល​ជា​សាលា​ឯកជន​លំដាប់​អន្តរជាតិ ជា​សាធារណៈ​ថា ចៅៗ​របស់​លោក​ច្រើន​ណាស់​កំពុង​រៀន​នៅ​សាលា​នេះ៖ «ឥឡូវ​កូន​ខ្ញុំ​តូចៗ​ពី​មុន ឥឡូវ​គេ​មាន​កូន​របស់​គេ​មក​រៀន​ពេញ​តែ​សាលា។»

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មិន​បាន​បង្អួត​ប្រាប់​សាធារណជន​ថា ចៅ​របស់​លោក​រូប​ណា​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន លើក​ឡើង​ថា បញ្ហា​គុណភាព​អប់រំ​នៅ​កម្ពុជា ធ្លាក់​ចុះ ព្រោះ​ជា​ប្រទេស​ឆ្លង​កាត់​ពី​សង្គ្រាម ហើយ​គ្រូ​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ លោក​ថា ដើម្បី​ពង្រឹង​គុណភាព​អប់រំ គឺ​ខ្លួនឯង​ត្រូវ​ប្រឹងប្រែង​រៀន ត្រូវ​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​ពី​គ្រូ និង​ពី​សង្គម។

​អ្នក​ធ្លាប់​ធ្វើ​ការងារ​ទាក់ទង​វិស័យ​អប់រំ លោក អ៊ិន សំរិទ្ធិ អង្កេត​ឃើញ​ថា វិស័យ​អប់រំ​នៅ​កម្ពុជា ទើប​តែ​មាន​សន្ទុះ​ខ្លាំង​នៅ​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​លោក​ថា វិស័យ​អប់រំ​របស់​កម្ពុជា មិន​អាច​ប្រៀបធៀប​នឹង​ប្រទេស​ជាតិ​ជិត​ខាង​បាន​ទេ៕



No comments:

Post a Comment