Paris Peace Accords 23 Oct. 1991

Saturday, October 17, 2015

មន្ត្រី ​រដ្ឋាភិបាល ​ប្រតិកម្ម​​​ នឹង​ការ ​​លើក​ឡើង​ របស់​ បក្ស​ប្រឆាំង​ ជុំវិញ​ ទំនាក់ទំនង​ កម្ពុជា-ចិន | Govt official reacts to opposition criticism of its relation with China

មន្ត្រី ​រដ្ឋាភិបាល ​ប្រតិកម្ម​​​ នឹង​ការ ​​លើក​ឡើង​ របស់​ បក្ស​ប្រឆាំង​ ជុំវិញ​ ទំនាក់ទំនង​ កម្ពុជា-ចិន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ តុលា ២០១៥

 

ហ៊ុនសែន​ចិន​៣០៥
២១-ធ្នូ-០៩: លោក​អនុ​ប្រធានាធិបតី​ចិន ស៊ី យិនពីង (Xi Jinping) [ឆ្វេង] និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ (RFA/Sek Bandith)

មន្ត្រី ​រដ្ឋាភិបាល និង​មន្ត្រី​ គណបក្ស ​ប្រជាជន​កម្ពុជា ប្រតិកម្ម​តប​ ទៅ​លើ ​ការ​លើកឡើង ​របស់​ គណបក្ស ​ប្រឆាំង​ ជុំវិញ​ ទំនាក់ទំនង​ កម្ពុជា-​ចិន។  មន្ត្រី​ទាំង​នេះ ​យល់​ថា, ចិន ​មិន​មែន​ ជា​ដៃគូ​ បិសាច ​របស់ ​កម្ពុជា នោះ​ទេ។  ផ្ទុយ​ទៅ​វិញ ចិន​ កំពុង​ ចូលរួម​ ជួយ​កម្ពុជា ឲ្យ​មាន ​ការ​អភិវឌ្ឍ​ ទៅ​មុខ។

ប្រតិកម្ម​តប​នេះ ធ្វើ​ឡើង ​បន្ទាប់ ពី​តំណាងរាស្ត្រ​ គណបក្ស​ ប្រឆាំង​ លើក​ឡើង​ ថា, ប្រទេស​ កម្ពុជា អាច​ក្លាយ​ ជង្រុក ​នៃ​ការ​ កេង​ចំណេញ ​របស់ ​ប្រទេស​ចិន ប្រសិនបើ​ កម្ពុជា មិន​ធ្វើ​ នយោបាយ​ ការទូត​ ជាមួយ​ចិន ដោយ​ប្រុងប្រយ័ត្ន​ ទេ​នោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ថា លោក​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​តុល្យភាព​ជាមួយ​ប្រទេស​មហា​អំណាច និង​អព្យាក្រឹតភាព​របស់​ប្រទេស​កម្ពុជា នៅ​លើ​នយោបាយ​ការបរទេស ស្រប​ពេល​ដែល​កម្ពុជា បង្ហាញ​ពី​ការ​ទោរទន់​ទៅ​រក​ប្រទេស​ចិន។ លោក​ថា កម្ពុជា​គួរ​ប្រកាន់​នយោបាយ​អព្យាក្រឹត​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន។

​ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ឆ្លើយ​តប​ថា ប្រទេស​កម្ពុជា កំពុង​ប្រកាន់​នយោបាយ​អព្យាក្រឹត ដោយ​ផ្អែក​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា ប្រទេស​កម្ពុជា បើក​ចំហ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក ហើយ​ថា ប្រទេស​ចិន ក៏​បាន​គោរព​អធិបតេយ្យភាព ហើយ​មិន​ដែល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

លោក សុន ឆ័យ ក៏​បាន​ថ្លែង​ផង​ដែរ​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា មាន​ប្រាក់​បំណុល​របស់​ចិន ច្រើន អាច​ធ្វើ​ឲ្យ​បាត់បង់​ឯករាជ្យភាព​នយោបាយ ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិភាព​ជាតិ។

យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ អះអាង​ថា កម្ពុជា​មាន​សមត្ថភាព​ការពារ​សន្តិភាព ហើយ​លោក​ព្រមាន​ដល់​គណបក្ស​ប្រឆាំង ថា​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ ប្រសិនបើ​គណបក្ស​ប្រឆាំង​ធ្វើ​នយោបាយ​យក​បរទេស​ជា​ខ្នង​បង្អែក ដើម្បី​ក្រឡុក​ប្រជាជន​ខ្លួន​ឯង។

​លោក សុន ឆ័យ ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​ទោះបី​ជា​ប្រទេស​ចិន ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់​កម្ចី​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​កម្ពុជា ក៏ដោយ ក៏ប៉ុន្តែ​ប្រទេស​ចិន ភាគ​ច្រើន "កោរ​ខ្មែរ​មិន​ដាក់​ទឹក" តាម​រយៈ​នយោបាយ​កេងប្រវ័ញ្ច។

​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោល​ការ​អះអាង​នេះ។ លោក ផៃ ស៊ីផាន ហៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ថា ជា "មេ​ភរ"។ លោក​ពន្យល់​ថា ប្រទេស​ចិន តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់​កម្ចី បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ។ លោក​បន្ថែម​ទៀត​ថា ប្រទេស​ចិន ក៏​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា អាច​ដើរ​ទាន់​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​អាច​ប្រកួតប្រជែង​ពេល​សមាហរណកម្ម​អាស៊ាន​មក​ដល់។

​បន្ទាប់ពី​កិច្ច​ប្រជុំ​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង (Xi Jinping) នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សាងសង់​ពហុកីឡាដ្ឋាន "មរតក​តេជោ" កិច្ច​ព្រមព្រៀង​ផ្ដល់​ថវិកា កិច្ច​ព្រមព្រៀង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កៅស៊ូ កិច្ច​ព្រមព្រៀង​បណ្ដុះបណ្ដាល​វិនិយោគ និង​កសិឧស្សាហកម្ម និង​កិច្ច​ព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ ១០​ម៉ឺន​តោន ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៦ ទៅ។ ប្រទេស​ចិន នឹង​ផ្ដល់​ជំនួយ​ឥត​សំណង់​ដល់​ប្រទេស​កម្ពុជា ប្រមាណ ១​ពាន់​លាន​យ័ន ឬ​ស្មើ​ជាង ១៥៧​លាន​ដុល្លារ៕

No comments:

Post a Comment