លោក ហ៊ុន សែន ប្រកាស កំដរ លេងល្បែង នយោបាយ ជាមួយ បក្សសង្គ្រោះជាតិ
RFA / វិទ្យុ អាស៊ី សេរី | ២០ តុលា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ថា, លោក នឹងកំដរ លេងល្បែង នយោបាយ ទាំងក្តៅ ឬត្រជាក់ គ្រប់រសជាតិ គ្រប់រដូវកាល ជាមួយ គណបក្ស សង្គ្រោះជាតិ។ ប៉ុន្តែ ប្រធាន ស្តីទី គណបក្ស ប្រឆាំង ឆ្លើយតប ភ្លាមៗ ថា, លោក ហ៊ុន សែន និយាយដូចនេះ ព្រោះ ដឹងថា, គណបក្ស ប្រជាជនកម្ពុជា ចាញ់ឆ្នោត នៅពេល ខាងមុខ, ហើយ គណបក្ស សង្គ្រោះជាតិ មិនលេងល្បែង នយោបាយ បែបនេះ កំដរ លោក ហ៊ុន សែន ទេ។
លោក ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំសភានៅចំពោះមុខសមាជិកសភាទាំងពីរបក្សថា លោកមិនគំរាមអ្នកណានោះទេ ប៉ុន្តែលោកអាចកំដរលេងបានគ្រប់ទម្រង់ទាំងអស់។
លោក ហ៊ុន សែន ថ្លែងដូចនេះនៅមន្ទីររដ្ឋសភា ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៥ ថ្ងៃទី២០ ខែតុលា ស្ដីពីការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារូស (Belarus) ស្ដីពីការជំរុញ និងការពារទៅវិញទៅមកនៃវិនិយោគ។
ដើមចមដែលលោក ហ៊ុន សែន ថ្លែងបែបនេះ ត្រូវបានលោក ហ៊ុន សែន និយាយថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យកវេទិកាសេដ្ឋកិច្ច និយាយទាក់ទងរឿងផ្ទៀងផ្ទាត់ផែនទី និងរឿងផែនការក៥។
ក្នុងពេលផ្ញើសារនយោបាយទៅគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន ថែមទាំងព្រមានខ្លាំងៗ និងចង្អុលចំៗ ទៅអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថា លោក យ៉ែម បុញ្ញឫទ្ធិ ប្រដៅលោកនៅលើគណនេយ្យហ្វេសប៊ុក (Facebook) ឲ្យលោកបើកចិត្តឲ្យទូលាយ។
ឆ្លើយតបនឹងប្រសាសន៍របស់លោក ហ៊ុន សែន អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់បទសម្ភាសន៍មកសារព័ត៌មាននៅមន្ទីររដ្ឋសភា ថ្ងៃទី២០ ខែតុលា ក្រៅពីកិច្ចប្រជុំសភាបញ្ចប់ថា ការលើកឡើងរបស់លោកក្នុងគោលបំណងផលប្រយោជន៍រួម។ លោកបញ្ជាក់បន្ថែមថា ទស្សនៈដែលលោកលើកឡើងនោះ មិនសំដៅទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
ទោះលោក ហ៊ុន សែន និយាយខ្លាំង និងចង្អុលចំៗទៅមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែមេដឹកនាំគណបក្សនេះ មិនបានបង្ហាញការភ្ញាក់ផ្អើលនោះឡើយ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា លើកឡើងថា លោក ហ៊ុន សែន និយាយដូច្នេះ ព្រោះលោក ហ៊ុន សែន ដឹងថា ខ្លួននឹងចាញ់ឆ្នោត ហើយថា ភាសានយោបាយរបស់លោក ហ៊ុន សែន នៅពេលនេះ មិនមានអ្វីប្លែក ឬថ្មីនោះទេ។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា និងជាអ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី ស្វាគមន៍សារនយោបាយរបស់លោក ហ៊ុន សែន។ ប៉ុន្តែលោកស្នើឲ្យលោក ហ៊ុន សែន លេងល្បែងនយោបាយដែលមានប្រយោជន៍ចំពោះសាធារណជន ដូចជាការដេញដោលនៅលើវេទិកាសាធារណៈ។ ទោះយ៉ាងនេះក្តី លោក កែម ឡី សង្កេតឃើញថា ទម្រង់នយោបាយដែលលោក ហ៊ុន សែន លេងកន្លងមក គឺចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារចោទប្រកាន់គ្មាន ភស្តុតាង ឬប្រកាសថា នឹងមានសង្គ្រាមប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត។
លោក កែម ឡី សង្កេតឃើញថា រូបភាពដដែលតែងកើតឡើងនៅសង្គមនយោបាយខ្មែរតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ខណៈដែលលោក ហ៊ុន សែន ជាអ្នកដឹកនាំប្រទេសនោះ គឺមានតែមនុស្សបាត់ខ្លួនដោយមិនមានហេតុផល ការសម្លាប់មនុស្ស សកម្មជនបក្សប្រឆាំង ករណីបោកគ្រាប់បែកចូលហ្វូងបាតុករ ការចោទប្រកាន់ និងបាញ់សម្លាប់ជាដើម៕
No comments:
Post a Comment