Paris Peace Accords 23 Oct. 1991

Thursday, October 15, 2015

លោក ហ៊ុន សែន អំពាវនាវ​ ជនជាតិ​ចាម​ កុំ​ឲ្យ​ ជឿ​ការ​ឃោសនា ​រឿង​ផ្លាស់ប្ដូរ | Hun Sen appeals to Chams not to believe in change campaign

លោក ហ៊ុន សែន អំពាវនាវ​ ជនជាតិ​ចាម​ កុំ​ឲ្យ​ ជឿ​ការ​ឃោសនា ​រឿង​ផ្លាស់ប្ដូរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៤ តុលា ២០១៥

 

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​តិចណូ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៤។  Photo: RFA


ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ថា ការ​ផ្លាស់ប្ដូរ​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​ត្រូវ​វិនាស​អន្តរាយ ហើយ​ប្រជាពលរដ្ឋ​វិញ នឹង​ត្រូវ​ជួប​ការ​លំបាក។ ការ​ព្រមាន​ជា​ថ្មី​ទៀត​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​លោក​អំពាវនាវ​កុំ​ឲ្យ​ជនជាតិ​ចាម ឬ​ខ្មែរ​ឥស្លាម ជឿ​ការ​ញុះញង់​អំពី​ការ​ផ្លាស់ប្ដូរ​ឲ្យ​សោះ ពីព្រោះ​វា​មិន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ចំណេញ​អ្វី​ឡើយ។


អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ដែល​ព្រមាន​អំពី​មហន្តរាយ​របស់​ប្រទេស​ដែល​នឹង​កើត​ឡើង ប្រសិន​បើ​ពិត​ជា​មាន​ការ​ផ្លាស់ប្ដូរ​មែន​នោះ វា​មិន​អាច​ទៅ​រួច​ឡើយ ហើយ​ម្យ៉ាង​ទៀត គឺ​គ្រាន់​តែ​ជា​សារ​គំរាម​មុន​ការ​ប្រកួត​បាន​មក​ដល់​ប៉ុណ្ណោះ។

ការ​អះអាង​ដូច​នេះ​របស់​អ្នក​វិភាគ​នយោបាយ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្ទាស់​របស់​លោក នៅ​ថ្ងៃ​ទី​១៤ តុលា ដោយ​អំពាវនាវ​ឲ្យ​ជនជាតិ​ចាម កុំ​ជឿ​ការ​ញុះញង់​របស់​អ្នក​នយោបាយ ចំពោះ​ការ​ផ្លាស់ប្ដូរ​អ្នក​ដឹក​នាំ។ បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ដែរ​ថា ការ​ផ្លាស់ប្ដូរ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ចំណេញ​អ្វី​ឡើយ​សម្រាប់​ប្រទេស​ជាតិ ផ្ទុយ​ទៅ​វិញ នឹង​នាំ​មក​នូវ​មហន្តរាយ គឺ​មិន​ខុស​គ្នា​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​ឡើយ។

ការ​យក​ប្រទេស​មជ្ឈិមបូព៌ា​មក​ប្រៀបធៀប​នេះ អ្នក​វិភាគ​លើក​ឡើង​ថា ទំនង​ជា លោក ហ៊ុន សែន ភ័យ​ខ្លាច​ពី​ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ ដែល​ក្ដោបក្ដាប់​អំណាច​ជាង ៣០​ឆ្នាំ​របស់​លោក​ហើយ​មើល​ទៅ ព្រោះ​ថា មេ​ដឹក​នាំ​ផ្ដាច់​ការ​នៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​ចំនួន ត្រូវ​បាន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ ដោយ​ប្រជាពលរដ្ឋ​ទ្រាំ​នឹង​ការ​គាប​សង្កត់​ដោយ​របប​ផ្ដាច់​ការ​មិន​បាន។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា កម្ពុជា ធ្លាប់​មាន​បទពិសោធន៍​រួច​មក​ហើយ ដូច​ការ​ផ្លាស់ប្ដូរ​សម័យ​ខ្មែរ​ក្រហម គឺ​ផ្លាស់ប្ដូរ​ពី​មាន​ទៅ​ក្រ មាន​វិហារ​ទៅ​ឥត​វិហារ មាន​សាលា​រៀន​ទៅ​ឥត​សាលា មាន​ផ្ទះ​រស់នៅ​ទៅ​ឥត​ផ្ទះ មាន​ពេទ្យ​ទៅ​គ្មាន​ពេទ្យ និង​ពី​មាន​ផ្ទះ​ទៅ​រស់​ជ្រក​ក្នុង​តង់​នៅ​តាម​ព្រំដែន ហើយ​ត្រូវ​រត់​លូន​ដោយ​សង្គ្រាម​ស្ទើរ​រាល់​ថ្ងៃ។

បើ​ទោះ​ជា​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ចាម ជឿ​ការ​ញុះញង់ និង​ការ​អូស​ទាញ ដែល​មិន​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​ក៏ដោយ​ចុះ គេ​ដឹង​ជា​ទូទៅ​ហើយ​ថា ទំនង​ជា លោក ហ៊ុន សែន ចង់​សំដៅ​ឲ្យ​គណបក្ស​ប្រឆាំង។ ក្នុង​ពេល​កន្លង​ទៅ គណបក្ស​ជំទាស់​តែង​ប្រកាស​ក្ដែងៗ​អំពី​ការ​ផ្លាស់ប្ដូរ​នេះ ជាពិសេស​ក្នុង​ពេល​មាន​បាតុកម្ម។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១៤ តុលា ឲ្យ​ដឹង​ដែរ​ថា សារ​នយោបាយ "ដូរ ឬ មិន​ដូរ" ដែល​លោក​ដាក់​ចេញ​នេះ គឺ​ពុំ​មែន​បាន​ន័យ​ថា ជា​ការ​ផ្លាស់ប្ដូរ​អ្វី​ផ្សេង​ក្រៅ​ពី​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​ ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក កឹម សុខា បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ផ្លាស់ប្ដូរ​តាម​បែប​ហិង្សា ធ្វើ​បដិវត្ត និង​បង្កើត​សង្គ្រាម​ឡើយ។

ជុំវិញ​រឿង​នេះ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់​ឃើញ​ថា ការ​ព្រមាន​ជា​ថ្មី​ទៀត​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន ប្រហែល​ជា​លោក​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង តាម​រយៈ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​មើល​ទៅ​នយោបាយ​របស់ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​ធ្វើ​ការ​គំរាម​ទៅ​ដល់​កុំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ការ​និយាយ​បែប​នេះ មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​តម្លាភាព ដោយ​យុត្តិធម៌ ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​របៀប​នេះ គឺ​ជា​ការ​ព្រួយ​បារម្ភ។»

ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ព្រមាន​ជា​ញឹកញាប់​ថា ប្រទេស​កម្ពុជា នឹង​កើត​សង្គ្រាម បើ​គណបក្ស​ផ្សេង​ឈ្នះ​ឆ្នោត ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​វិញ​យល់​ឃើញ​ថា សង្គ្រាម​នឹង​មិន​កើត​ឡើង​បាន​ឡើយ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មិន​បង្ក​ជម្លោះ​មុន​នោះ ព្រោះ​គណបក្ស​ដទៃ​ទៀត​ពុំ​មាន​សព្វាវុធ និង​កង​កម្លាំង​គ្រប់គ្រាន់ ដូច​រដ្ឋាភិបាល​ដែល​កំពុង​តែ​កាន់​កាប់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ ប្រភេទ​នោះ​ឡើយ៕

3 comments:

  1. Anonymous11:20 AM

    In fact it was Hun Sen who killed many Cham in Krauchmar district when he was a Yothea until he and his battalion cadres fled to Vietnam in 1977 during the internal purges of the Khmer Rouge regime.

    ReplyDelete
  2. Anonymous12:05 PM

    Please think logically:

    Yuon swallowed Champa. Yuon had almost obliterated Cham race in Vietnam.

    Yuon need to destroy Cham in Cambodia so that Cham people could not reclaim their territory from Vietnam.

    Therefore, most Cham in Cambodia were killed by Vietnam through Khmer the Viet Minh.
    Yuon are genius at killings and then blaming on others.

    ReplyDelete
  3. Anonymous8:50 PM

    How well are Cham educated in their History again?

    ReplyDelete