Paris Peace Accords 23 Oct. 1991

Friday, October 23, 2015

លោក ហ៊ុន សែន ទាមទារ ​ឲ្យ​រក​ ឫសគល់ ​នៃ​កិច្ច​ព្រមព្រៀង​ សន្តិភាព​ ទីក្រុង ​ប៉ារីស ​២៣​ តុលា | Hun Sen demands root cause for Paris Peace Agreements, Oct. 23

លោក ហ៊ុន សែន ទាមទារ ​ឲ្យ​រក​ ឫសគល់ ​នៃ​កិច្ច​ព្រមព្រៀង​ សន្តិភាព​ ទីក្រុង ​ប៉ារីស ​២៣​ តុលា

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ តុលា ២០១៥

ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ស្ពាន​មិត្តភាព​ កម្ពុជា-ចិន ជ្រោយចង្វារ​ទី​២ និង​រង្វង់​មូល​ត្រើយ​ខាង​លិច ត្រើយ​ខាង​កើត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៥។  RFA/Brach Chev

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ ឲ្យ​អ្នក​ នយោបាយ​ ដែល​មាន ​ទស្សនៈ​ខុស​ ពី​លោក បកស្រាយ ​ពី​កិច្ច​ព្រមព្រៀង​ សន្តិភាព ​ទីក្រុង ​ប៉ារីស ២៣ តុលា ឲ្យ​គ្រប់​ ជ្រុងជ្រោយ។  ប៉ុន្តែ​ អ្នក​តាម​ដាន​ ព្រឹត្តិការណ៍​ នយោបាយ ​លើក​ឡើង​ ថា, អ្នក​ នយោបាយ​ សព្វថ្ងៃ​ កំពុង ​កេង​ចំណេញ​ ពី​កិច្ច​ព្រមព្រៀង​ សន្តិភាព​នេះ។

មុន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​រំឭក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា លោក ហ៊ុន សែន រំឭក​ទៅ​អ្នក​នយោបាយ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លើក​ឡើង​របស់​ខ្លួន ទាក់ទង​នឹង​ដើម​កំណើត​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។ លោក​ថា មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​បំភ្លេច​ពី​ឫសគល់ ដោយ​គេ​ច្បិច​តែ​ចំណុច​តូច​មួយ​យក​មក​និយាយ៖ «២៣ តុលា មាន​ដើមចម​របស់​វា ដូច្នេះ​ត្រូវ​រក​ឫសគល់ បើ​សិន​ជា​គេ​ជា​មនុស្ស​ពិតប្រាកដ កុំ​លាក់លៀម។តើ​ហេតុ​អ្វី​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ ហ៊ុន សែន ចាំបាច់​ទៅ​ចរចា​ជាមួយ​សម្ដេច សីហនុ ដើម្បី​បើក​ផ្លូវ​ឲ្យ​ដំណើរ​ការ​នៃ​កិច្ច​ព្រមព្រៀង​នេះ?»

លោក ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ស្ពាន​ មិត្តភាព​កម្ពុជា-ចិន ជ្រោយចង្វារ​ទី​២ និង​រង្វង់​មូល​ត្រើយ​ខាង​លិច ត្រើយ​ខាង​កើត នៅ​ថ្ងៃ​ទី​២២ ខែ​តុលា។

ទោះ​មិន​រិះគន់​ចំ​ឈ្មោះ ប៉ុន្តែ​ទំនង លោក ហ៊ុន សែន ឌឺដង​ទៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ខណៈ​ដែល លោក កឹម សុខា សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ទទួល​បាន​ការ​គាំទ្រ​ទាំង​ស្រុង​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ។ កិច្ច​ព្រមព្រៀង​នេះ ជា​មរតក​ដ៏​មហា​សាល​នៃ​អ្នក​ស្នេហា​ជាតិ​កម្ពុជា គ្រប់​ភាគី ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​អន្តរជាតិ។

អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា នោះ​ជា​ការ​យល់​ឃើញ​របស់​លោក ហើយ​នេះ​ជា​សិទ្ធិ​របស់​លោក​ក្នុង​ការ​បញ្ចេញ​មតិ។ លោក កឹម សុខា បន្ត​ថា គ្រប់​តួអង្គ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា គឺ​សុទ្ធតែ​ជា​ភាគី​សំខាន់៖ «មិន​មែន​ជា​រឿង​ចាំបាច់​ថា គេ​ឲ្យ​ខ្ញុំ​និយាយ​អី ខ្ញុំ​ត្រូវ​និយាយ​ហ្នឹង​ទេ ខ្ញុំ​និយាយ​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ។»

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ។

នៅ​ឆ្នាំ​២១០៥ នេះ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា មាន​អាយុ ២៤​ឆ្នាំ បន្ទាប់​ពី​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ថា កិច្ច​ព្រមព្រៀង​នេះ​ជា​សមិទ្ធផល​ផ្តាច់​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កើត​ឡើង​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក រៀបរាប់​ពី​ដំណើរ​ការ​ការ​វិវឌ្ឍ និង​ទេពកោសល្យ​របស់​លោក​ក្នុង​ការ​ចរចា ដើម្បី​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន លើក​ឡើង​ថា អ្វី​ដែល​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់​បាន គឺ​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​ថា អ៊ុនតាក់ (UNTAC) មិន​អាច​សម្រេច​បាន​ឡើយ ហើយ​ថា សន្តិភាព​ពិត​ប្រាកដ​កើត​មាន​នៅ​កម្ពុជា គឺ​ដោយសារ​នយោបាយ​ឈ្នះៗ​របស់​លោក។

ទោះ​យ៉ាង​នេះ​ក្តី តួអង្គ​សំខាន់​ដែល​បង្កើត​កិច្ច​ព្រមព្រៀង​នេះ​រួម​មាន ភាគី​រដ្ឋ​កម្ពុជា នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​តំណាង​ដោយ លោក ហ៊ុន សែន បាន​ចូលរួម​ក្នុង​តុ​ចរចា​ជាមួយ​នឹង​ភាគី​ខ្មែរ​ចំនួន ៣​ទៀត គឺ​មាន​ភាគី លោក សឺន សាន ប្រធាន​គណបក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា សម្ដេច នរោត្ដម សីហនុ សម្ដេច នរោត្តម រណឫទ្ធិ តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​លោក ខៀវ សំផន តំណាង​ឲ្យ​ភាគី​ខ្មែរ​ក្រហម បាន​ស្រុះស្រួល​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ។

ចំណែក​បណ្ដា​ប្រទេស​ចំនួន​១៨ ដែល​ជា​ហត្ថលេខី​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា វៀតណាម លាវ ថៃ និង​ប្រទេស​មហា​អំណាច​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ក្នុង​ការ​គោរព និង​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា ការ​បោះ​ឆ្នោត ការ​បង្កើត​រដ្ឋធម្មនុញ្ញ ការ​គោរព​អធិបតេយ្យ ជួយ​ស្ដារ​សេដ្ឋកិច្ច ជួយ​ផ្នែក​នយោបាយ ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ជាច្រើន​ទៀត។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត រស់ រ៉ាវុធ សង្កេត​ឃើញ​ថា សព្វថ្ងៃ​នេះ អ្នក​នយោបាយ​កំពុង​យក​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដើម្បី​កេង​ចំណេញ​ នយោបាយ​រៀងៗ​ខ្លួន។ លោក​បន្ត​ថា ទង្វើ​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​សូវ​ដឹង​ប្រវត្តិសាស្ត្រ នឹង​វង្វេង​តាម​អ្នក​នយោបាយ៖ «យើង ​កុំ​ក្លែង​ប្រវត្តិសាស្ត្រ ហើយ​កុំ​កេង​ចំណេញ​លើ​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ចំណេះ​ដឹង​នៅ​មាន​កម្រិត​នៅ​ឡើយ។ តាម​ការ​បោក​បញ្ឆោត​របស់​អ្នក​នយោបាយ។»

ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ដែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចាត់​ទុក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថា​ជា​មូលដ្ឋាន​គតិយុត្តិ​កម្រិត​អន្តរជាតិ​សំខាន់​មួយ ដែល​ធានា​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ទទួល​ស្គាល់ គោរព​ស្មារតី តម្លៃ និង​រក្សា​សុពលភាព​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​អាយុ​ជីវិត​ជាតិ ជាពិសេស គឺ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដោយ​មាន​វត្តមាន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ចំណែក​បណ្ដាញ​អង្គការ​សមាគម នឹង​ប្រារព្ធ​ទិវា​នេះ​ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​១១ នៅ ៥​ខេត្ត-រាជធានី រួម​មាន រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម និង​ខេត្ត​តាកែវ។  គោល​បំណង ៣​សំខាន់ៗ​នៃ​ការ​ជួប​ជុំ​គ្នា​នេះ គឺ​រំឭក​ខួប​លើក​ទី​២៤ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា បង្កើន​ការ​យល់​ដឹង​ពី​កិច្ច​ព្រមព្រៀង​នេះ​ទៅ​សាធារណជន និង​ចំណុច​ចុង​ក្រោយ ជំរុញ​ឲ្យ​មាន​ការ​គោរព និង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឲ្យ​បាន​ទូលំទូលាយ៕


1 comment:

  1. Anonymous10:24 PM

    Root causes:

    1- Sihanouk let Vietcong to use Cambodia as a sanctuary to attack the then South Vietnam and the US.
    2- Sihanouk called on Khmer people to go to Prey Marquis to fight Khmer.
    3- Sihanouk had played a major role for the Khmer Rouge's rise to power, resulting of millions of Khmer people dead.
    4- The killings were largely stemming from the brainwashed Khmer Vietminh who were created by Vietnam.
    5- The Paris Peace Accord was created to kick the evil Vietnam out of Cambodia but this evil Yuon are so tricky and have been able to stay behind the scene to control Ah Chkuot Hun Sen.

    ReplyDelete