Paris Peace Accords 23 Oct. 1991

Saturday, October 24, 2015

លោក គង់ គាំ៖ កិច្ច​ព្រមព្រៀង​ ទីក្រុង ​ប៉ារីស ​ជា​ថ្នាំ​ខ្លាំង​ ធ្វើ​ឲ្យ​ វៀតណាម ​ខ្ជាក់​កម្ពុជា | Kong Korm: Paris Peace Agreements strong medicine that made Vietnam spit out Cambodia

លោក គង់ គាំ៖ កិច្ច​ព្រមព្រៀង​ ទីក្រុង ​ប៉ារីស ​ជា​ថ្នាំ​ខ្លាំង​ ធ្វើ​ឲ្យ​ វៀតណាម ​ខ្ជាក់​កម្ពុជា

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ តុលា ២០១៥

គង់ គាំ ៦២០
ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

នៅ​ថ្ងៃ​ ទី​២៣ ខែ​តុលា ដែល​ជា​ខួប ​លើក​ទី​២៤ នៃ​កិច្ច​ព្រមព្រៀង​ សន្តិភាព​ ទីក្រុង​ប៉ារីស, ប្រធាន​ គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ថា, កិច្ច​ព្រមព្រៀង​នេះ ​គឺ​ ជា​ថ្នាំខ្លាំង ​ដែល​បាន​ ធ្វើ​ឲ្យ​ ប្រទេស ​វៀតណាម ខ្ជាក់​កម្ពុជា ចេញ​ ពី​ការ​គ្រប់គ្រង ​របស់​ខ្លួន។  យ៉ាង​ណា អ្នក​នាំ​ពាក្យ​ គណបក្ស​ ប្រជាជន​កម្ពុជា ច្រានចោល​ ការ​លើក​ឡើង​នេះ, ហើយ​ ថា, កងទ័ព​ វៀតណាម បាន​ដក​ចេញ​ ពី​ប្រទេស​ កម្ពុជា ជា​ផ្លូវ​ការ​ តាំង​ពី​ឆ្នាំ​ ១៩៨៩ ម្ល៉េះ។

វត្តមាន ​កងទ័ព ​វៀតណាម នៅ​កម្ពុជា កាល​ពី​អតីតកាល ​នៅ​តែ​ ជា​រឿង ​ខ្វែង​គំនិត​គ្នា ​របស់ ​អ្នក​នយោបាយ ​ខ្មែរ។


ថ្លែង​ពី​ខេត្ត​កំពង់ស្ពឺ ប្រធាន​គណបក្ស សម រង្ស៊ី  លោក គង់ គាំ ប្រដូច​ប្រទេស​កម្ពុជា ថា​មុន​ឆ្នាំ​១៩៩១ រួម​រឹត​ដោយ​ជំងឺ​កាច​សាហាវ។ លោក​លើក​ឡើង​ថា ប្រទេស​កម្ពុជា នៅ​ពេល​នោះ​ពោរពេញ​ដោយ​វត្តមាន​កងទ័ព​របស់​វៀតណាម។ លោក គង់ គាំ ហៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​ជា​ថ្លើមថ្លៃ​របស់​វៀតណាម និង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អនុវត្ត​មិន​បាន​ពេញលេញ​នៅ​កម្ពុជា បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ​ចេញ​ពី​តំណែង​កាល​ពី​ ឆ្នាំ​១៩៩៧។

លោក គង់ គាំ និយាយ​បែប​នេះ​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ ប៉ារីស លើក​ទី​២៤ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា។

ដំណាលគ្នា​នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង សូម​ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធានា​ការ​គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ និង​មាន​អធិបតេយ្យភាព​ជាដើម។

ចំណែក​បណ្ដាញ​អង្គការ​សមាគម បាន​ប្រារព្ធ​ទិវា​នេះ​នៅ ៥​ខេត្ត-​រាជធានី រួម​មាន​រាជធានី​ភ្នំពេញ។ ក្នុង​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​កិច្ចការ​សាធារណៈ​កម្ពុជា ប្រមាណ ៥០​នាក់ បាន​ធ្វើ​ពិធី​នេះ​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ។

ខួបទីក្រុង​បារីស​​២៣​តុលា លើក​ទី​២៤ ៦២០
ថ្នាក់​ដឹកនាំ​គណបក្ស​ សង្គ្រោះជាតិ ក្នុង​​​ពិធី​រំឭក​​​​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​សាខាគណបក្ស ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Brach Chev

ទោះ​យ៉ាង​នេះ គេ​មិន​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ពិធី​អ្វី​នោះ​ទេ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​សម្រាក ដោយ​លោក​បាន​បង្ហោះ​រូបភាព​របស់​លោក​លេង​កីឡា​វាយ​កូនគោល នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ការ​លើក​ឡើង​របស់​លោក គង់ គាំ ថា​ជា​ការ​មិន​ពិត។ លោក សុខ ឥសាន រៀបរាប់​ថា កងទ័ព​វៀតណាម បាន​ដក​ចេញ​ជា​ជំហានៗ​តាំង​ពី​ឆ្នាំ​១៩៨២ ហើយ​នៅ​ឆ្នាំ​១៩៨៩ កងទ័ព​បាន​ដក​ចេញ​ពី​កម្ពុជា ទាំង​ស្រុង។ លោក​បន្ត​ថា ប្រសិនបើ​វៀតណាម ចង់​លេប​ត្របាក់​យក​ប្រទេស​កម្ពុជា គេ​អាច​យក​បាន​តាំង​ពី​ឆ្នាំ​១៩៧៩ ម្ល៉េះ ខណៈ​ដែល​កម្ពុជា នៅ​ពេល​នោះ​គ្មាន​អ្វី​ទាំង​អស់។

​ទោះ​មាន​លើក​ឡើង​ថា កង​ទ័ព​វៀតណាម ចាកចេញ​ពី​កម្ពុជា នៅ​ឆ្នាំ​១៩៨៩ ក្តី ត្រី​ភាគី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​លើក​ឡើង​ថា កងទ័ព​វៀតណាម នៅ​តែ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ដដែល ដោយ​គ្រាន់តែ​ពួកគេ​ដោះ​អាវ​ទាហាន​វៀតណាម ចេញ​ប៉ុណ្ណោះ។

កិច្ច​ព្រមព្រៀង​ភាគី​រដ្ឋ​កម្ពុជា មាន ៤​ភាគ ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ តំណាង​ដោយ​លោក ហ៊ុន សែន ៣​ភាគី​ទៀត គឺ​មាន​ភាគី​លោក សឺន សាន ប្រធាន​គណបក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា សម្ដេច នរោត្ដម សីហនុ និង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​លោក ខៀវ សំផន តំណាង​ឲ្យ​ភាគី​ខ្មែរ​ក្រហម បាន​ស្រុះស្រួល​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្រោម​ការ​រៀបចំ​របស់​អង្គការ​ សហប្រជាជាតិ។ ក្រៅ​ពី​នេះ មាន​ប្រទេស​ជា​ហត្ថលេខី​ចំនួន ១៨ ដើម្បី​គាំទ្រ​នៃ​កិច្ច​ព្រមព្រៀង​នេះ។

ប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្ត្រ លោក​បណ្ឌិត ស៊ន សំណាង មាន​ប្រសាសន៍​ថា រឿង​វត្តមាន​កង​ទ័ព​វៀតណាម នៅ​កម្ពុជា ជា​រឿង​ស្មុគស្មាញ ដោយសារ​តែ​មាន​សង្គ្រាម​ឥណ្ឌូចិន លើក​ទី​៣ ដែល​ស្ថិត​ក្នុង​ចុង​សម័យ​សង្គ្រាម​ត្រជាក់។ លោក​បណ្ឌិត​ថា ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​របស់​អ្នក​នយោបាយ​ចំពោះ​វត្តមាន​ការ​ចាក​ចេញ​របស់​ កងទ័ព​វៀតណាម ទុក​ឲ្យ​អ្នក​នយោបាយ​ជា​អ្នក​ពន្យល់​ទៅ​ចុះ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ លើក​ឡើង​ថា ការ​កេង​ចំណេញ​ប្រវត្តិសាស្ត្រ​របស់​អ្នក​នយោបាយ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​សូវ​ដឹង​ប្រវត្តិសាស្ត្រ នឹង​វង្វេង​ប្រវត្តិសាស្ត្រ​តាម​អ្នក​នយោបាយ៕



No comments:

Post a Comment