Paris Peace Accords 23 Oct. 1991

Wednesday, October 28, 2015

គ.ជ.ប នឹង​ចុះ​ឈ្មោះ ​បោះ​ឆ្នោត​ សាជាថ្មី​ ជូន​ពលរដ្ឋ​ នៅ​ដើម​ឆ្នាំ ​២០១៦ | NEC to register anew all voters starting 2016

គ.ជ.ប. នឹង​ចុះ​ឈ្មោះ ​បោះ​ឆ្នោត​ សាជាថ្មី​ ជូន​ពលរដ្ឋ​ នៅ​ដើម​ឆ្នាំ ​២០១៦

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៨ តុលា ២០១៥

 

គ.ជ.ប
ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) / RFA

គណៈកម្មាធិការ​ ជាតិ​ រៀបចំ ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​ ថា, បាន​ត្រៀម​ រៀបចំ​ លក្ខណៈ ​រួច​រាល់​ហើយ ដើម្បី​ រៀបចំ ​ការ​ចុះ​ឈ្មោះ ​បោះ​ឆ្នោត​ សាជាថ្មី ​ឡើង​វិញ ជូន​ប្រជាពលរដ្ឋ​ ប្រមាណ ១០​លាន ​នាក់​ នៅ​ដើម​ឆ្នាំ​ ២០១៦ ខាង​មុខ​នេះ។  អង្គភាព​នេះ​ អះអាង​ ថា, ការ​ចុះ​ឈ្មោះ​ ដើម្បី​ រៀបចំ ​បញ្ជី​បោះ​ឆ្នោត ​ថ្មី​ ឲ្យ​មាន​ ភាព​ងាយ​ស្រួល និង​ធានា​ ឲ្យ​បាន​ ស្មើ​ភាព ដោយ​សេរី, ត្រឹមត្រូវ, និង​យុត្តិធម៌ សម្រាប់​ ការ​បោះ​ឆ្នោត ​ជ្រើស​រើស ​ក្រុម​ប្រឹក្សា ​ឃុំ-សង្កាត់ ​ឆ្នាំ​២០១៧។

គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត អះអាង​ ថា, បញ្ជី​ឈ្មោះ​ បោះ​ឆ្នោត ​ចាស់ នឹង​មិន​ ត្រូវ​ បាន​ប្រើប្រាស់ ​ទៀត​ទេ គឺ ​ទាមទារ​ ឲ្យ​ពលរដ្ឋ​អ្នក​ បោះ​ឆ្នោត ត្រូវ ​ទៅ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ ក្នុង​បញ្ជី​ ឈ្មោះ​ថ្មី ដើម្បី​ ទទួល​បាន​ សិទ្ធិ​បោះ​ឆ្នោត។

គ.ជ.ប. បាន​ប៉ាន់​ប្រមាណ​ ថា, មាន​ពលរដ្ឋ​ ជិត ១០​លាន ​នាក់​ ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​ ចុះ​ឈ្មោះ​ បោះ​ឆ្នោត និង​ត្រូវ​ ចុះ​ឈ្មោះ ​ផ្លូវ​ការ ​ទូទាំង​ប្រទេស ​នៅ​ដើម​ខែ​ មីនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។  គ.ជ.ប. ឲ្យ​ដឹង​ថា, រយៈពេល​ ចុះ​ឈ្មោះ​ ផ្លូវ​ការ​នេះ​ មាន​ចំនួន ៣​ខែ, ហើយ ២​ខែ​ សម្រាប់​ រក្សា​ទុក​ ពេលវេលា ​ប្ដឹងផ្ដល់ និង​ដោះស្រាយ ​បណ្ដឹង។


សេចក្តី​ប្រកាស​ ព័ត៌មាន របស់​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត ដែល​បាន​ ចេញ​ផ្សាយ នៅ​ថ្ងៃ​ ទី​២៦ ខែ​តុលា បាន​ឲ្យ​ដឹង​ ថា, ការ​ចុះ​ឈ្មោះ ​អ្នក​បោះ​ឆ្នោត​ សាជាថ្មី​ ឡើង​វិញ​ ជូន​ប្រជាពលរដ្ឋ ​ប្រមាណ​ ជិត ១០​លាន​ នាក់​នេះ ដើម្បី ​ងាយ​ស្រួល​ រៀបចំ​ បញ្ជី​ បោះ​ឆ្នោត​ ថ្មី គោលដៅ​ បង្កើត​ជំនឿ ​ទុក​ចិត្ត​ ដល់​អ្នក​ បោះ​ឆ្នោត និង​ភាគី​ ពាក់ព័ន្ធ​នានា។

អ្នក​នាំ​ពាក្យ​ គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បាន​ប្រាប់ ​វិទ្យុ ​អាស៊ី សេរី នៅ​ថ្ងៃ​ ទី​២៨ ខែ​តុលា ថា, ការ​ចុះ​ឈ្មោះ ​អ្នក​បោះ​ឆ្នោត​ សាជាថ្មី​ ឡើង​វិញ ​ជូន​ប្រជាពលរដ្ឋ​ ប្រមាណ​ជិត ១០​លាន​ នាក់​នេះ នឹង​ធ្វើ​ឡើង ​ក្រោយ​ការ ​ចុះ​ឈ្មោះ​ សាកល្បង​ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ​បាន​បញ្ចប់។  លោក​ បន្ត​ថា, ការ​ចុះ​ឈ្មោះ នឹង​ធ្វើ​ឡើង​ តាម​ប្រព័ន្ធ​ កុំព្យូទ័រ ​ដែល​ស្រប ​ទៅ​តាម ​កិច្ច​ព្រមព្រៀង​ រវាង​ គណបក្ស​ នយោបាយ​ ទាំង​ពីរ កាល​ពី​ខែ​ កក្កដា ឆ្នាំ​២០១៤៖ «បញ្ជី​ឈ្មោះ ​បោះ​ឆ្នោត​ ថ្មី​នេះ ផ្អែក​ទៅ​តាម​ កិច្ច​ព្រមព្រៀង​ រវាង​ បក្ស​ទាំង​ពីរ ដែល​បាន​ ព្រមព្រៀង​ នៅ​ថ្ងៃ ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។  ចឹង​ ក្តី​សម្រេច​ របស់​ បក្ស​ទាំង​ពីរ បាន​សម្រេច​ ដោយ​សភា; ចឹង ​បញ្ជី​ឈ្មោះ​នេះ មិន​ធ្វើ​ឡើង​ តាម​បញ្ជី​ចាស់ ​កន្លង​ទៅ​ទេ។»

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បន្ត​ថា ទោះ​បី​ពលរដ្ឋ​មាន​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​ចាស់​ក្តី ក៏​មិន​អាច​បោះ​ឆ្នោត​បាន​ដែរ។ ដូច្នេះ ការ​ចុះ​ឈ្មោះ​សាជាថ្មី ផ្តល់​សារសំខាន់​ដល់​អ្នក​បោះ​ឆ្នោត ដើម្បី​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ៖ «ដើម្បី ​បោះ​ឆ្នោត​បាន គ.ជ.ប ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ ហើយ​ពលរដ្ឋ​វិញ​ដើម្បី​បោះ​ឆ្នោត ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ ដើម្បី​ឆ្ពោះ​ទៅ​រក​សិទ្ធិ​បោះ​ឆ្នោត​ពេញលេញ ជ្រើសរើស​អ្នក​នយោបាយ​ត្រូវ។»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត ត្រៀម​លក្ខណៈ (អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ) ដើម្បី​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ​នេះ មាន​ដំណើរ​ការ​រលូន។ ជាង​នេះ​ទៀត គ.ជ.ប កំពុង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​ពន្លឿន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត ដើម្បី​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​នេះ ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក។ លើស​ពី​នេះ ក៏​ដើម្បី​ត្រៀម​រៀបចំ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ ឲ្យ​មាន​តម្លាភាព៕


No comments:

Post a Comment