មន្ត្រី ខេត្ត ឧត្តរមានជ័យ រារាំង លោក សម រង្ស៊ី មិន ឲ្យចូលវត្ត ក្នុងក្រុង សំរោង
RFA / វិទ្យុ អាស៊ី សេរី | ៧ តុលា ២០១៥
លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ បានដឹកនាំ គណៈប្រតិភូ នៃគណបក្ស របស់លោក មួយក្រុម ធ្វើដំណើរ ទៅខេត្ត ឧត្តរមានជ័យ កាលពីព្រឹក ថ្ងៃពុធ ទី៧ ខែតុលា ក្នុងបំណង ជួប សំណេះសំណាល ជាមួយ សកម្មជន និងអ្នកគាំទ្រ ជិត ១ពាន់នាក់។ ក៏ប៉ុន្តែ ដំណើរ របស់ លោក សម រង្ស៊ី និងសហការី ទៅកាន់ខេត្ត ឧត្តរមានជ័យ នោះ ក្រៅតែ ពីមាន ប្រជាពលរដ្ឋ ជិះលើគោយន្ត ប្រហែល ២០គ្រឿង លើកគ្នា មកប្រឆាំង ក៏មាន មន្ត្រីរាជការខ្លះ បានយករថយន្ត ទៅដាក់ ពាំងផ្លូវ មិនឲ្យ ក្រុមគណបក្ស សង្គ្រោះជាតិ អាចចូល ទៅថ្វាយបង្គំ ព្រះសង្ឃ និងធ្វើ បុណ្យទាន តាមប្រពៃណី ខ្មែរ នៅក្នុងវត្ត ប្រាសាទ រាជាសំរោង បានទៀតផង។
មន្ត្រីគណបក្សសង្គ្រោះជាតិ ចោទប្រកាន់អាជ្ញាធរខេត្តឧត្តរមានជ័យ ថាជាអ្នកនៅពីក្រោយខ្នងក្រុមប្រជាពលរដ្ឋ ដែលលើកគ្នាមកប្រឆាំងនឹង លោក សម រង្ស៊ី ព្រមទាំងចាត់មនុស្សឲ្យរារាំងក្រុមគណៈប្រតិភូនៃគណបក្សប្រឆាំង មិនឲ្យចូលទៅធ្វើបុណ្យទាននៅក្នុងវត្តសំរោង បានទៀតផង។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ គឺអ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រីអះអាងថា កាលពីព្រឹកថ្ងៃពុធ ទី៧ ខែតុលា គឺអ្នកស្រីបានរួមដំណើរជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងសហការីជាច្រើនទៀតទៅកាន់ខេត្តឧត្តរមានជ័យ។ នៅពេលដែល លោក សម រង្ស៊ី ទៅដល់ក្រុងសំរោង កាលពីម៉ោងជាង ៩ព្រឹក ក្រៅតែពីមានប្រជាពលរដ្ឋមួយក្រុម ដែលជិះលើគោយន្តជាច្រើនគ្រឿង លើកគ្នាមកប្រឆាំង គឺមានមន្ត្រីខ្លះក្នុងខេត្តឧត្តរមានជ័យ ក៏បានយករថយន្តទៅចតពាំងផ្លូវមិនឲ្យ លោក សម រង្ស៊ី និងសមាជិកសមាជិកាជាច្រើនទៀត អាចចូលទៅក្នុងវត្តប្រាសាទរាជាសំរោង ដើម្បីថ្វាយបង្គំព្រះសង្ឃ និងធ្វើបុណ្យបានទេ។ អ្នកស្រី កែ សុវណ្ណរតន៍ យល់ថា ការរៀបចំសកម្មភាពរារាំងដំណើរបែបនេះ គឺជាចេតនារបស់អាជ្ញាធរឧត្តរមានជ័យ ដែលឈរនៅពីក្រោយខ្នង៖ «យើង មានការសោកស្ដាយ ដោយសារថា សាសនាជារបស់យើងទាំងអស់គ្នា ដល់តែពេលទៅរារាំងរហូតដល់ក្នុងវត្តទៅទៀត វាហួសហេតុពេកណាស់។»
ទោះយ៉ាងណា មន្ត្រីខេត្តឧត្តរមានជ័យ បដិសេធថា សកម្មភាពដែលប្រជាពលរដ្ឋលើកគ្នាមកប្រឆាំង លោក សម រង្ស៊ី ព្រមទាំងមិនអាចចូលទៅក្នុងទីវត្តបាននោះ គឺមិនពាក់ព័ន្ធនឹងការរៀបចំរបស់អាជ្ញាធរទេ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានច្រានចោលថា អាជ្ញាធរមិនដែលរារាំងចំពោះសកម្មភាពរបស់គណបក្សនយោបាយណាមួយ ដែលធ្វើត្រឹមត្រូវតាមច្បាប់ទេ។ ចំណែកការចោទប្រកាន់ថា មានការដាក់រថយន្តពាំងផ្លូវមិនឲ្យ លោក សម រង្ស៊ី ចូលទៅក្នុងវត្តដើម្បីធ្វើបុណ្យ ក៏មិនពិតដែរ គឺគ្រាន់តែប្រជាពលរដ្ឋទៅធ្វើបុណ្យច្រើនពេក មានសភាពចង្អៀតចូលមិនចុះប៉ុណ្ណោះ។ លោក ស ថាវី អះអាងទៀតថា ចំពោះប្រជាពលរដ្ឋ ១ក្រុមដែលជិះលើគោយន្តជាង ២០គ្រឿងលើកគ្នាមកប្រឆាំងដំណើររបស់ លោក សម រង្ស៊ី នោះ ក៏មិនមានអាជ្ញាធរណារៀបចំដែរ គឺមនុស្សទាំងនោះសុទ្ធតែជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលធ្លាប់មានការឈឺចាប់ជាមួយ លោក សម រង្ស៊ី៖ «ពាក់ព័ន្ធនឹងដំណើរ នេះ ក៏អាជ្ញាធរមិនបានទៅរារាំងអីដែរ អាជ្ញាធរអត់មានលូកលាន់ការរៀបចំក្បួនអីទាំងអស់។ នេះ គឺជារឿងគ្រួសាររបស់គាត់ គាត់ឈ្លោះគ្នាក្នុងគ្រួសារ។»
ចំណែកអ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ដែលតាមឃ្លាំមើលដំណើររបស់ លោក សម រង្ស៊ី ឲ្យដឹងថា អ្នកដែលយករថយន្តទៅចតពាំងផ្លូវមិនឲ្យក្រុមគណបក្សសង្គ្រោះជាតិ ចូលទៅក្នុងវត្តប្រាសាទរាជាសំរោង បាននោះ គឺឈ្មោះ តាតឿ ជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តឧត្តរមានជ័យ។ លោក ស្រី ណារ៉េន យល់ថា បើទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមានមន្ត្រីរាជការចេញមុខធ្វើបែបនេះ ចង់ឬមិនចង់ ក៏គេគិតថា វាគឺជាចេតនាអាក្រក់មួយទៅក្រុមគណបក្សប្រឆាំងដែរ។
ពេញថ្ងៃពុធ ទី៧ ខែតុលា ក្បួនរបស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ លោក សម រង្ស៊ី បានធ្វើដំណើរចុះសួរសុខទុក្ខសកម្មជន និងអ្នកគាំទ្រនៅក្រុងសំរោង ទីរួមខេត្តឧត្តរមានជ័យ និងតំបន់ខ្លះទៀតនៃស្រុកអន្លង់វែង។
កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ អាជ្ញាធរស្រុកអន្លង់វែង ធ្លាប់បានរារាំងមិនឲ្យមានការសង់រោងនៅភូមិគគីរលើ នៃឃុំលំអង ដើម្បីចាំទទួលដំណើររបស់ លោក សម រង្ស៊ី ម្ដងមកហើយ៕
No comments:
Post a Comment