ទស្សនៈ ប្រជាពលរដ្ឋ ក្រោយរដ្ឋសភា ដកតំណែង លោក កឹម សុខា
RFA / វិទ្យុ អាស៊ី សេរី | ៣០ តុលា ២០១៥
ក្រោយ ពីសមាជិក រដ្ឋសភា នៃគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្ស កាន់អំណាច បានបោះឆ្នោត ទម្លាក់ អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ពីតំណែង អនុប្រធាន ទីមួយ នៃរដ្ឋសភានោះ, ប្រជាពលរដ្ឋ និងអ្នក ប្រើបណ្ដាញ សង្គម ហ្វេសប៊ុក (Facebook) មួយចំនួន បានបង្ហាញ ការខកចិត្ត និងបញ្ចេញ ទស្សនៈ ផ្សេងៗគ្នា ជុំវិញ រឿងនេះ។
ពលរដ្ឋ ភាគច្រើន ដែលបាន សម្ភាស នៅថ្ងៃ ទី៣០ ខែតុលា និយាយ ថា, ការដកតំណែង លោក កឹម សុខា នៅពេលនេះ គឺ ជារឿង អយុត្តិធម៌ និងការប្រើ អំណាច រុញគណបក្ស ប្រឆាំង ឲ្យទាល់ច្រក។
ពលរដ្ឋម្នាក់ឈ្មោះ ឌី គឹមសុន មានមុខរបររត់ម៉ូតូឌុបនៅភ្នំពេញ ម្តុំរដ្ឋសភា និងកោះពេជ្រ ខកចិត្តចំពោះអ្នកនយោបាយដែលនៅមិនកាន់ពាក្យសច្ចៈ ហើយអ្នកខ្លាំងនៅតែប្រើអំណាចកៀបសង្កត់អ្នកទន់ខ្សោយដោយមិនប្រើ ប្រព័ន្ធច្បាប់ ហើយរបៀបធ្វើការសម្រេចហាក់ផ្អែកលើធាតុផ្សំនៃទោសកំហុសមិនសម ហេតុផល ឬគ្មានការពិតឡើយ។
លោកបន្តថា ចិត្តលោកចង់ឲ្យគណបក្សទាំងពីរធ្វើការជាមួយគ្នាដោយទទួលខុសត្រូវ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រពលរដ្ឋ។
ចំណែកប្រជាពលរដ្ឋមួយក្រុមទៀតនៅម្ដុំផ្សារ និងសាលារៀនដែលថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹង ដែរថា ការទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភានោះ គឺពុំមានហេតុផលសមរម្យទាល់តែសោះ។ ពួកគាត់ចង់ឲ្យម្ចាស់ឆ្នោតទូទាំងប្រទេសជាអ្នកសម្រេចនៅពេល បោះឆ្នោតអាណត្តិក្រោយទើបជាការត្រឹមត្រូវជាងការសម្រេចរបស់ក្រុម អ្នកនយោបាយតែក្រុមតូចនោះ។
ចំណែកពលរដ្ឋខ្លះទៀតមិនខ្វល់ជាមួយក្រុមអ្នកនយោបាយអ្វីទាំង អស់ គឺមួយថ្ងៃៗគាត់គិតតែពីបញ្ហារកស៊ីដើម្បីបំពេញក្រពះប៉ុណ្ណោះ។
រីឯទស្សនៈរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តវិញក៏បានបង្ហាញ ទស្សនៈជុំវិញរឿងនេះប្រហាក់ប្រហែលគ្នានឹងពលរដ្ឋនៅភ្នំពេញដែរ ដោយខ្លះមិនគាំទ្រឡើយ ហើយខ្លះទៀតមិនហ៊ានវិនិច្ឆ័យយ៉ាងណានោះទេ ព្រោះគាត់យល់ថា បញ្ហានយោបាយស្មុគស្មាញច្រើនណាស់ ពលរដ្ឋអាចពិបាកយល់លើគំនិតរបស់អ្នកនយោបាយ។ ពេលខ្លះគេគ្រាន់តែសម្ដែងល្ខោនធ្វើកម្សត់ ធ្វើកាចដាក់គ្នាលេងៗប៉ុណ្ណោះ ប៉ុន្តែជារួម ពួកគាត់មិនចង់ឲ្យអ្នកនយោបាយឈ្លោះគ្នានោះទេ។
ដោយឡែកនៅតាមបណ្ដាញសង្គមហ្វេសប៊ុកវិញ ក៏មានការបញ្ចេញទស្សនៈច្រើនដែរ ទាំងវិជ្ជមាន និងអវិជ្ជមានទាក់ទងនឹងការដកតំណែងលោក កឹម សុខា។ អ្នកខ្លះបានវិភាគទៅលើបរិយាកាសនយោបាយរបស់គណបក្សគូប្រកួតគ្នា គឺគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ទៀតផង។
គណនីហ្វេសប៊ុក ឈ្មោះ “Son Miliben” បានសរសេរនៅថ្ងៃ៣០ ខែតុលា ថា៖ «រឿង នេះកើតឡើងដោយសារលោក ហ៊ុន សែន ឈឺចាប់បន្តិចម្តងៗ តាមរយៈការបំបែកលោក កឹម សុខា ចេញពីលោក សម រង្ស៊ី មិនបានសម្រេច។ ប៉ុន្តែលោកយល់ថា ការបាត់តំណែងរបស់លោក កឹម សុខា ពេលនេះ រឹតតែធ្វើឲ្យសង្គ្រោះជាតិកាន់តែរឹងមាំ កម្លាំងសាមគ្គីកាន់តែខ្លាំង ចំណែក (លោក) ហ៊ុន សែន កាន់តែឈឺ ដោយសារប្រជារាស្ត្រនឹងថ្កោលទោសលោកនៅឆ្នាំ២០១៧-២០១៨ ខាងមុខ។»
ដោយឡែកម្ចាស់គណនីឈ្មោះ "អានី អានី" វិញ បានគាំទ្រចំពោះការទម្លាក់លោក កឹម សុខា។ ទន្ទឹមគ្នានេះ ម្ចាស់គណនីឈ្មោះ "ស៊ី ស៊ី" ក៏បានបន្ទរថា៖ «អនុប្រធានរដ្ឋសភាទី១ ត្រូវបានតំណាងរាស្ត្របោះឆ្នោតឲ្យធ្វើមែន តែអនុប្រធានទី១រូបនេះល្ងង់ អត់ចេះធ្វើការ យកតួនាទីទៅបោកប្រាស់ ញុះញង់ឲ្យខ្មែរបែកបាក់ឥតឈប់ឈរ ដូច្នេះតំណាងរាស្ត្រក៏អាចបោះឆ្នោតទម្លាក់វិញ គឺសមហេតុផលហើយ។»
ផ្ទុយពីទស្សនៈនេះ គណនីហ្វេសប៊ុក ឈ្មោះ “Long Sokhey SK” បានសរសេរដាក់ជាសំណួរថា៖ «មានបាតុកម្មទម្លាក់លោក កឹម សុខា គឺទម្លាក់ភ្លាមតែម្ដង ចុះចំណែកឯបាតុកម្មសុំអោយទម្លាក់ លោក ហ៊ុន សែន ពីនាយករដ្ឋមន្ត្រី ម៉េចមិនទម្លាក់ផងលោកសភា?»
ចំណែកគណនីហ្វេសប៊ុកមួយទៀតឈ្មោះ “Sam BunThon” បញ្ចេញទស្សនៈថា៖ «បាតុកម្ម ឥតច្បាប់បានវាយតំណាងរាស្ត្ររបួសធ្ងន់ពីរនាក់ដោយគ្មានសមត្ថកិច្ច អើពើ ថែមជំរុញអោយសភាល្ងីល្ងើបោះឆ្នោតទម្លាក់លោក កឹម សុខា ពីតំណែងថែមទៀត ហើយចុះមនុស្សរាប់លាននាក់ស្រែកទាមទារអោយលោក ហ៊ុន សែន ចុះចេញពីអំណាចម៉េចក៏មិនគិតខ្លះផងលោកសភា?»
គណនីហ្វេសប៊ុកមួយទៀតឈ្មោះ “Vanndy Hort” បានបញ្ចេញទស្សនដែរថា៖ «បើសង្គ្រោះជាតិដាក់បេក្ខជនថ្មីជំនួសលោក កឹម សុខា នោះ ដូចអោយគណបក្សប្រជាជនត្រួតក្បាលអ៊ីចឹង។»
ម្ចាស់គណនីដដែលនេះសរសរសេរទៀតថា៖ «ចង់ដកស្រេចតែចិត្តនឹក ឃើញ! បើសង្គ្រោះជាតិ ហ៊ានលេងល្បែងនេះក៏ល្អលេងដែរ បើគណបក្សប្រជាជន ទាមទារដាក់អ្នកថ្មី គឺកុំដាក់ ហើយបើចង់ដាក់ គឺត្រូវតែបេក្ខភាពលោក កឹម សុខា ដដែល។ ចាំមើលគណបក្សប្រជាជន រកលេសអីទៀត?»
ទោះយ៉ាងណាក្តី មតិពលរដ្ឋភាគច្រើនមិនចង់ឲ្យគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋ សភាឈ្លោះប្រកែកគ្នា ហើយដោះដូរតំណែងណាមួយក្នុងអាណត្តិនោះទេ ហើយទោះជាសម្រេចដកតំណែងលោក កឹម សុខា ទៅហើយនោះ ក៏មិនគួរដាក់អ្នកផ្សេងនៅពេលនេះដែរ ដោយត្រូវរង់ចាំការសម្រេចពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅអាណត្តិ ថ្មី ឆ្នាំ២០១៨ ខាងមុខ ពេលនោះយុត្តិធម៌ ឬអយុត្តិធម៌យ៉ាងណានឹងបង្ហាញជាមិនខាន៕
No comments:
Post a Comment