ទស្សនៈ សារព័ត៌មាន ក្នុងស្រុក ជុំវិញ ហិង្សា លើតំណាងរាស្ត្រ បក្សប្រឆាំង ពីរនាក់
RFA / វិទ្យុ អាស៊ី សេរី | ២៧ តុលា ២០១៥
បាតុកម្ម ទាមទារ ទម្លាក់លោក កឹម សុខា ឲ្យចុះចេញ ពីតំណែង ជាអនុប្រធាន ទី១ រដ្ឋសភា កាលពីថ្ងៃ ទី២៦ តុលា រហូត នាំ ឲ្យកើត អំពើហិង្សា លើតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ពីររូប ផងនោះ បានក្លាយ ជាប្រធានបទ សំខាន់ សម្រាប់ បណ្ដាសារព័ត៌មាន ក្នុងស្រុក នៅថ្ងៃ ទី២៧ ខែតុលា។
តើ បណ្ដា សារព័ត៌មាន ក្នុងស្រុក ទាំងនោះ មានទស្សនៈ យ៉ាងណាខ្លះ ចំពោះ ការវាយប្រហារ ឲ្យរងរបួស ធ្ងន់ធ្ងរ លើតំណាងរាស្ត្រ បក្សប្រឆាំងនោះ?
តំណាងរាស្ត្របក្សប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានមានវត្តមានស្ទើរគ្រប់ទំព័រសារព័ត៌មាន ដោយបង្ហាញផ្ទៃមុខហើមជាំ បែកឈាម និងរូបភាពដេកសន្លប់ដេកដួលលើថ្នល់នៅមុខរដ្ឋសភា។
ទាក់ទងរឿងនេះ កាសែតកោះសន្តិភាពបានសរសេរចំណងជើងធំៗលើទំព័រមុខរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី២៧ តុលា ថា «ប្រឆាំង លោក កឹម សុខា និងតំណាងរាស្ត្រ ២នាក់របួសដេកដួលលើដី ដោយការវាយដំនៅមុខវិមានរដ្ឋសភា។» នៅខាងក្រោមចំណងជើងនេះ កាសែតបានបង្ហាញរូបភាពរបស់ក្រុមបាតុករជាច្រើនរយនាក់ខាងមុខ ភូមិគ្រឹះ លោក កឹម សុខា ដោយភាគច្រើនមានពាក់មួកសុវត្ថិភាពពណ៌ខ្មៅផងនោះ។ កាសែតដដែលនេះសរសេរថា បាតុកម្មប្រឆាំង លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា បានបង្កឲ្យមានអ្នកតំណាងរាស្ត្រ ៣រូប ត្រូវរងនូវការវាយដំ ២នាក់របួសធ្ងន់ ម្នាក់របួសស្រាល និងរថយន្ត ២គ្រឿងរងការខូចខាត ក្រោយជនមិនស្គាល់មុខមួយក្រុមមានគ្នាមិនតិចជាង ៤០ ទៅ ៥០នាក់ ដែលគេសង្ស័យថា បង្កប់ខ្លួនក្នុងក្រុមបាតុករនោះ។
ស្រដៀងនឹងកាសែតកោះសន្តិភាពនេះ កាសែតនគរវត្ត ក៏បានរំលេចចំណងជើងលើទំព័រកាសែតរបស់ខ្លួនធំៗដែរថា «ពលរដ្ឋរាប់ពាន់នាក់តវ៉ាសុំឲ្យ កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១ រដ្ឋសភា។» អត្ថបទកាសែតសរសេរថា ប្រជាពលរដ្ឋនៅភ្នំពេញជាច្រើនពាន់នាក់ បានស្រែកតាមឧគ្ឃោសនស័ព្ទ និងលើកបដាដែលមានខ្លឹមសារស្រដៀងគ្នា ដោយសរសេរថា លោក កឹម សុខា ជាមនុស្សបោកប្រាស់ ក្រឡេចក្រឡុច និងជាអ្នកនាំទុក្ខដល់ប្រជាពលរដ្ឋ។
ចំណែកទំព័រមុខរបស់កាសែតនគរធំ វិញ បានដាក់ចំណងជើងធំៗដែរថា «ចុះ ចេញពីតំណែងទៅ...! បាតុកម្មនៅបារាំង ប្រឆាំងសម្ដេច ហ៊ុន សែន នៅកម្ពុជា ទាមទារទម្លាក់ កឹម សុខា តំណាងរាស្ត្រ ២រូប បាតុករស្ទាក់វាយសន្លប់ស្ដូក។» អត្ថន័យកាសែតសរសេរថា បាតុកម្មទាមទារឲ្យដក លោក កឹម សុខា ធ្វើឡើងក្រោយពេលដែលមនុស្សជាច្រើននាក់នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៤-២៥ ខែតុលា បានធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី នៅទីនោះ ដោយទាមទារឲ្យលោកចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។ បន្ទាប់ពីមានបាតុកម្មនោះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា បាតុកម្មដែលរៀបចំឡើងនៅទីក្រុងប៉ារីស នោះ មិនមែនជាបាតុកម្មរបស់ប្រជាជនកម្ពុជា ទេ តែជាការរៀបចំដោយក្រុមគណបក្សប្រឆាំង។
ផ្ទុយពីបណ្ដាសារព័ត៌មានទាំងនេះ កាសែតរស្មីកម្ពុជា បែរជាដាក់ចំណងជើងថា «រឿងមនុស្សមួយក្រុមវាយតំណាងរាស្ត្រ គឺកើតចេញពីគំនុំបុគ្គលស្នេហាមិនដាច់ស្រេច។» កាសែតនេះឲ្យដឹងថា តំណាងរាស្ត្រសង្គ្រោះជាតិ ដែលត្រូវបានមនុស្សមួយក្រុមព្រួតវាយប្រើអំពើហិង្សានៅវិមាន រដ្ឋសភានោះ ត្រូវបានគេសង្ស័យថា គឺជារឿងស្នេហាគំនុំបុគ្គល។ រស្មីកម្ពុជា បញ្ជាក់ថា ខ្លួនមានប្រភពព័ត៌មានច្បាស់ការពីតំណាងរាស្ត្រផ្ទៃក្នុងបក្ស ប្រឆាំង ដែលស្និទ្ធនឹង លោក ញ៉យ ចំរើន ថាករណីអំពើហិង្សាអាចពាក់ព័ន្ធនឹងគំនុំស្នេហា ដោយហេតុថា កន្លងមក លោក ញ៉យ ចំរើន បានលែងលះប្រពន្ធរបស់ខ្លួននៅឯក្រៅប្រទេស។ បន្ទាប់មក តំណាងរាស្ត្ររូបនេះបានមកដណ្ដឹងកូនស្រីរបស់ លោក ជាម ច័ន្ទនី ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែរនោះ។ កាសែតបញ្ជាក់ថា ដោយសារបញ្ហានេះហើយ ទើបបានធ្វើឲ្យ លោក ញ៉យ ចំរើន ប្រឈមនឹងរឿងរ៉ាវកើតឡើងជាបន្តបន្ទាប់ ដោយសារតែការលែងលះគ្នាជាមួយប្រពន្ធដើមមិនដាច់ស្រេច។ ប៉ុន្តែកាសែតនេះ មិនបានបញ្ជាក់រឿងរ៉ាវលម្អិតរបស់ លោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ដែលត្រូវបាតុករប្រើហិង្សាឲ្យរងរបួសធ្ងន់ដែរនោះថាយ៉ាងណាឡើយ។
ចំណែកឯកាសែតភ្នំពេញប៉ុស្តិ៍ វិញ បានដាក់ចំណងជើង និងរូបភាពមួយភាគធំលើទំព័រកាសែតរបស់ខ្លួនថា «ក្រុមបាតុករប្រឆាំងគណបក្សសង្គ្រោះជាតិ ប្រើហិង្សាធ្វើឲ្យតំណាងរាស្ត្រពីរនាក់រងរបួសធ្ងន់។» ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់សម្ដីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា តំណាងរាស្ត្រទាំង ២រូប គឺលោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ត្រូវបានក្រុមបាតុករវាយឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង ១២:៣០នាទីរសៀលថ្ងៃទី២៦ ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីរនេះ បានជិះរថយន្តចេញពីប្រជុំសភា។ កាសែតភ្នំពេញប៉ុស្តិ៍ បញ្ជាក់ដែរថា ក្រុមបាតុករគេប៉ាន់ប្រមាណថាមានជាង ៧.០០០នាក់ ដែលក្នុងនោះមានទាំងមន្ត្រីអាជ្ញាធរសង្កាត់ និងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ បានមកប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា ធ្វើការតវ៉ាទាមទារឲ្យមានការទម្លាក់ លោក កឹម សុខា ចេញពីតំណែងជាអនុប្រធានទី១ រដ្ឋសភា ហើយបង្កឲ្យមានភាពរញ៉េរញ៉ៃ និងកកស្ទះចរាចរណ៍ពេញដងផ្លូវ ចាប់តាំងពីមុខសួនកម្សាន្ត ឌ្រីមឡែន (Dream Land) រហូតដល់ភាគខាងត្បូងស្ថានទូតអូស្ត្រាលី អស់រយៈពេលជាងបីម៉ោង ដោយពុំឃើញកម្លាំងសមត្ថកិច្ច ជួយធ្វើអន្តរាគមន៍រៀបចំសណ្ដាប់ធ្នាប់ដូចការធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាល ឬបាតុកម្មក្នុងរឿងជម្លោះដីធ្លីកាលពីពេលកន្លងមកនោះឡើយ។
ជុំវិញករណីហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងនេះដែរ មិនត្រឹមតែក្លាយជាប្រធានរឿងសំខាន់របស់បណ្ដាសារព័ត៌មានក្នុង ស្រុកប៉ុណ្ណោះទេ។ ករណីនេះ ទាំងបក្សប្រឆាំង សង្គមស៊ីវិលជាតិ អន្តរជាតិ បណ្ដាស្ថានទូត និងប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម រិះគន់លើចំណាត់ការរបស់កងកម្លាំងសមត្ថកិច្ច ថាមានការធ្វេសប្រហែស និងមានភាពមិនប្រក្រតី។ ជាងនេះទៀត ក៏បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតលើករណីវាយដំទៅលើអ្នកនយោបាយទាំងពីររូបនេះទៀតផង៕
Ah Kwack Hun Sen,
ReplyDeleteHow about you sold your head to Yuon and then seized the power from Pen Sovann? Was it legal Ah Roleuy ??
How about you made the coup d'Etat in 1998, was it legal?