បក្សប្រឆាំង ថា, គ្មាន ផែនការ ចង់ផ្ដួលរំលំ រដ្ឋាភិបាល ដូចការចោទ
RFA / វិទ្យុ អាស៊ី សេរី | ១១ តុលា ២០១៥
គណបក្ស សង្គ្រោះជាតិ អះអាង ថា, គ្មាន ផែនការ ចង់ផ្ដួលរំលំ រដ្ឋាភិបាល ដើម្បី ក្ដោបក្ដាប់ អំណាច ទាំងបំពានច្បាប់ នោះឡើយ។ ការលើកឡើង របស់ មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រឆាំង ជា ការឆ្លើយតប ការចោទប្រកាន់ របស់ រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា ដែលថ្លែង នៅចំពោះមុខ កងទ័ព នៅខេត្ត ត្បូងឃ្មុំ កាលពីថ្ងៃ ទី១០ ខែតុលា ថា, គណបក្ស ប្រឆាំង មានបំណង ផ្ដួលរំលំ រដ្ឋាភិបាលនោះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា ផែនការផ្ដួលរំលំរដ្ឋាភិបាលតាមរយៈការប្រើប្រាស់អំពើហិង្សា និងកម្លាំងប្រដាប់អាវុធនោះ គឺគ្មាននៅក្នុងកម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ ឡើយ។ លោកបញ្ជាក់ថា បាតុកម្មដែលកើតឡើងក្រោយការបោះឆ្នោតនៅឆ្នាំ២០១៣ នោះ គឺជាការទាមទាររកយុត្តិធម៌នូវសំឡេងឆ្នោតជួនម្ចាស់ឆ្នោតវិញ ដោយទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ មិនដូចការចោទប្រកាន់របស់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ដែលចោទថា ជាលេសដើម្បីអំណាចនោះឡើយ។
លោក យឹម សុវណ្ណ៖ «គេបង្កើតសង្គមប្រជាធិបតេយ្យនោះ គឺគេបង្កើតការបោះឆ្នោតដើម្បីផ្លាស់ប្ដូរមនុស្សធ្វើការ កុំផ្សារភ្ជាប់ការផ្លាស់ប្ដូររដ្ឋាភិបាលដោយលទ្ធិប្រជាធិបតេយ្យ ដោយសេរី និងយុត្តិធម៌ ទៅនឹងការផ្នូលរំលំរដ្ឋាភិបាល សូមបែងចែងនិយមន័យអោយច្បាស់។ គណបក្សសង្គ្រោះជាតិ ប្រកាន់គោលការណ៍សន្តិវិធី តស៊ូមតិ និងរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ ឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋ ហើយផ្លាស់ប្ដូររដ្ឋាភិបាលដោយការបោះឆ្នោតដោយសេរី និងយុត្តិធម៌។»
ការលើកឡើងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិនេះ គឺបន្ទាប់ពីលោក ហោ ណាំហុង បានថ្លែងនៅចំពោះមុខកងពលថ្មើរជើងលេខ ២១ នៃយោធភូមិភាគទី២ នៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែតុលា ថា គណបក្សសង្គ្រោះជាតិ បានប្រើល្បិចកិច្ចកលជាច្រើនក្នុងបំណងផ្ដួលរំលំរាជរដ្ឋាភិបាល និងចង់ក្ដោបក្ដាប់អំណាចទាំងបំពានច្បាប់នៅក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ បើទោះបីការបោះឆ្នោតបង្ហាញលទ្ធផលថា ពួកគេចាញ់ក៏ដោយ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការលើកឡើងរបស់លោក ហោ ណាំហុង នេះ អាចធ្វើអោយប៉ះពាល់ដល់សាមគ្គីភាព និងឯកភាពជាតិ។
ទាក់ទិននឹងបញ្ហានេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ឃើញថា ការប្រើវោហារសាស្ត្រវាយប្រហារគ្នាខ្វះការពិតនេះ នឹងធ្វើអោយកម្ដៅនយោបាយកើនឡើង និងមានអស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានោះ លោកសង្កេតឃើញថា គណបក្សសង្គ្រោះជាតិ គ្មានលទ្ធភាពឯណាទៅផ្ដួលរំលំរដ្ឋាភិបាលដែលគ្រប់គ្រងកងកម្លាំង ប្រដាប់អាវុធនោះទេ។
លោក ហោ ណាំហុង៖ «ប្រសិនបើនិយាយតាមការញុះញង់ ឬបង្កហេតុណាមួយ គឺធ្វើអោយមានអស្ថិរភាពនយោបាយ ធ្វើអោយមានការរើសអើងគណបក្សសមាជិកបក្ស ធ្វើអោយខ្មែរបែកបាក់។»
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយបន្តថា គណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ហាក់កំពុងតែសំដែងឫទ្ធិដាក់គ្នាដោយប្រើល្បិចកលដើម្បីដណ្ដើម ប្រជាប្រិយភាពរៀងៗខ្លួន នៅមុនការបោះឆ្នោតមកដល់ដែលខុសនឹងរដ្ឋធម្មនុញ្ញ។ លោកអំពាវនាវអោយគណបក្សនយោបាយរិះគន់គ្នាក្នុងប្រយោជន៍កសាងរដ្ឋ ឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើន ជាជាងរិះគន់គ្នាដើម្បីអំណាចបក្សពួកខ្លួន។
ជាងនេះទៅទៀត ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានចេញសារនយោបាយម្ដងហើយម្ដងទៀត ថាបើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនោះ នឹងមានសង្គ្រាម។ សារនយោបាយបែបនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ជាការព្រមានមួយដល់គូបដិបក្ខ ខណៈដែលគណបក្សកាន់អំណាចគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធនោះ។
រីឯគណបក្សប្រឆាំងដឹកនាំធ្វើបាតុកម្មក្រោយការបោះឆ្នោតនោះវិញ គឺជាការទាមទារយុត្តិធម៌សន្លឹកឆ្នោតទ្រង់ទ្រាយធំមួយ ព្រោះថា គណបក្សនេះគ្មានជម្រើសអ្វីក្រៅពីដឹកនាំអ្នកគាំទ្រខ្លួនធ្វើ បាតុកម្មនោះឡើយ ទោះបីជាមានការបង្ក្រាបដោយកងកម្លាំងរដ្ឋាភិបាលក្ដី រហូតឈានដល់គណបក្សទាំងពីរវិលមករកតុចរចា និងបញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤៕
No comments:
Post a Comment