អាជីវករ ខេត្ត រតនគិរី ត្អូញត្អែរ ពិបាក រកចំណូល ដោយសារ ពិព័រណ៍ទំនិញ បរទេស ញឹកញាប់
RFA / វិទ្យុ អាស៊ី សេរី | ២៩ តុលា ២០១៥
ក្រុមអាជីវករ ប្រកបរបរ លក់ដូរ នំចំណី, គ្រឿងសម្ភារៈ ប្រើប្រាស់ នៅក្រុង បានលុង ខេត្ត រតនគិរី សម្ដែង ទុទ្ទិដ្ឋិនិយម ទាក់ទិនទៅ នឹងការអនុញ្ញាត ឲ្យដាក់តាំង លក់នំ ចំណី គ្រឿងសម្ភារៈ ប្រើប្រាស់ ដែលនាំចូល ពីប្រទេស ជិតខាង ជាញឹកញាប់ ក្រោមរូបភាព ពិព័រណ៍ ពាណិជ្ជកម្ម។
ក្រុមអាជីវករ ដដែល អះអាង ថា, ករណីនេះ ជាហេតុ នាំឲ្យ អាជីវករ ក្នុងស្រុក រកប្រាក់ ចំណូល កាន់តែ ថយចុះ។
យ៉ាងហោចណាស់មានការដាក់តាំងពិព័រណ៍ពាណិជ្ជកម្ម ថៃ-ខ្មែរ មានលក់នំចំណី គ្រឿងសម្ភារៈប្រើប្រាស់សព្វមុខរបស់អាជីវករថៃ-ខ្មែរ ចំនួនពីរលើក ត្រូវបានគេរៀបចំឡើងនៅក្រុងបានលុង ខេត្តរតនគិរី នៅចន្លោះខែកញ្ញា និងខែតុលា ដើម្បីបង្កើតទីផ្សារថ្មីមួយនៅតំបន់ជនបទភាគឦសានមួយនេះ។
ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង ៨ព្រឹកដល់ម៉ោង ១១យប់ គេសង្កេតឃើញប្រជាពលរដ្ឋរាប់ពាន់នាក់ នាំគ្នាទៅទស្សនា និងទិញនំចំណីមានអាហារច្រើនមុខ រួមមាន គុយទាវ ប្រហិតចៀន បាយសម្ល ភេសជ្ជៈច្រើនប្រភេទ និងគ្រឿងប្រើប្រាស់ មានសម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងចានឆ្នាំង ជាដើម។
អាជីវករហាងលក់សម្លៀកបំពាក់ និងស្បែកជើងនៅសង្កាត់ឡាបានសៀក អ្នកស្រី សួន សោភា ហៅការនាំចូលពិព័រណ៍ពាណិជ្ជកម្មក្រៅប្រទេសតាមរូបភាពបែបនេះកាន់ តែញឹកញាប់ ចូលមកកាន់តំបន់ជនបទនេះ ថាជាការផ្តាច់ចរន្តសេដ្ឋកិច្ច និងផ្ដាច់ការស្វែងរកប្រាក់ចំណូលរបស់អាជីវករក្នុងស្រុក ដោយសារតែទំនិញ ឬផលិតផលបរទេសមានឥទ្ធិពលទាក់ទាញប្រជាពលរដ្ឋជាងផលិតផលក្នុងស្រុក បើទោះបីទំនិញ ឬនំចំណីខ្លះមានតម្លៃខ្ពស់ជាងផលិតផលក្នុងស្រុកយ៉ាងណាក្តី។ លើសពីនេះទៀត រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដទៃទៀត បានអនុគ្រោះឲ្យនាំចូលផលិតផលមកតាំងលក់តាមរយៈពិព័រណ៍ពាណិជ្ជកម្ម ដោយគ្មានយកពន្ធ រួមទាំងការប្រើប្រាស់អ្នកលក់ដូរជាជនជាតិបរទេសទៀតផង៖ «មុខរបរ ដូចជាលក់ខោអាវ លក់ស្បែកជើង កាបូបហ្នឹង ប៉ះពាល់ខ្លាំង ដោយសារថៃ គាត់មកលក់បែបប្លែកៗ អ៊ីចឹងទៅ ប្រជាជនយើងគាត់លែងមកទិញអ្នកលក់ក្នុងស្រុកយើង គាត់ទៅតែកន្លែងតាំងពិព័រណ៍អ៊ីចឹងណា។ ខ្ញុំគិតថា បើគាត់តាំងពិព័រណ៍ញឹកពេក អ្នកលក់ដូរក្នុងខេត្ត ប្រាកដជាស្ងាត់ ព្រោះតាំងពិព័រណ៍នេះ ទើបធ្វើកាលពីប៉ុន្មានខែមុនហ្នឹង។ ឥឡូវគាត់មកទៀតហើយទ្រង់ទ្រាយធំ បើមួយឆ្នាំមានម្តងប្រហែលជាមិនថ្វីទេ។»
ចំណែកអាជីវករមួយរូបទៀតកត់សម្គាល់ថា ពិព័រណ៍ពាណិជ្ជកម្មនេះមានដាក់លក់នំចំណី គ្រឿងសម្ភារៈប្រើប្រាស់ពីប្រទេសថៃ ក៏ប៉ុន្តែប្រជាពលរដ្ឋអ្នកចូលទស្សនាពិព័រណ៍បានប្រទះឃើញគ្រឿង សម្ភារៈខ្លះ នាំចូលពីប្រទេសវៀតណាម ឬចិន ដាក់តាំងលក់ ខណៈគ្រឿងសម្ភារៈនំចំណីខ្លះគ្មានគុណភាព ឬមិនមានការត្រួតពិនិត្យត្រឹមត្រូវផ្នែកសុខភាពអនាម័យនោះឡើយ។
ជាទូទៅ ចរន្តរៀបចំពិព័រណ៍ទំនិញពីបរទេស ជាពិសេសការដាក់តាំងលក់ផលិតផល និងនំចំណីពីប្រទេសថៃ និងវៀតណាម នេះ ត្រូវបានគេរៀបចំឡើងពីខេត្តមួយទៅខេត្តមួយទៀត របៀបជាការរៀបចំទីផ្សារវិលជុំមួយ ហើយចុងក្រោយវិលមកកាន់ខេត្តដដែល ចន្លោះពេលតែពីរ ឬបួនសប្ដាហ៍តែប៉ុណ្ណោះ។ ករណីនេះ ធ្វើឲ្យចរាចរទំនិញតាមរូបភាពតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលបរទេស ស្ទើរក្លាយទៅជាទីផ្សារអចិន្ត្រៃយ៍លក់ផលិតផលទាំងនោះនៅទូទាំង ប្រទេស ដោយគ្មានបានប្រាក់ចំណូលសម្រាប់ថវិកាជាតិបន្តិចឡើយ។
យ៉ាងណាមិញ ប្រធានសាខាស្នាក់ការគយខេត្តរតនគីរី លោក ជួប ចំរើន ទទួលស្គាល់ថា ជាគោលការណ៍អន្តរជាតិ គ្រប់ទំនិញសម្រាប់នាំចូលដើម្បីតាំងពិព័រណ៍ពាណិជ្ជកម្ម មិនមានតម្រូវឲ្យយកពន្ធឡើយ។ លោកបន្តថា ក្រសួងពាណិជ្ជកម្ម គឺជាអ្នកអនុញ្ញាតឲ្យពាណិជ្ជករក្រៅប្រទេស នាំចូលទំនិញពីបរទេស ដើម្បីតាំងពិព័រណ៍បង្ហាញពីផលិតផលដែលក្រុមហ៊ុនក្រៅប្រទេសផលិតបាន៖ «ទំនិញពិព័រណ៍អត់មានយកពន្ធទេជាច្បាប់អន្តរជាតិ ប្រទេសណាក៏គេអនុវត្តដែរ។»
ទាក់ទិនករណីនេះដែរ ម្ចាស់សហគ្រាសសេវាសាលាអប់រំឯកជននៅខេត្តរតនគិរី លោក យិន សុភាព ពន្យល់ថា ការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មបច្ចុប្បន្ន គឺធ្វើឡើងមិនត្រឹមត្រូវតាមរូបភាពពិតប្រាកដ នៃការតាំងពិព័រណ៍ពាណិជ្ជកម្មនោះឡើយ ពីព្រោះន័យពិតប្រាកដនៃការតាំងពិព័រណ៍ពាណិជ្ជកម្ម គឺជាការដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុនបរទេសផលិតបាន និងធ្វើឡើងតាមរយៈក្រុមហ៊ុនផ្ទាល់ ហើយមិនតម្រូវឲ្យយកពន្ធនាំចូល ឬពន្ធដារផ្សេងទៀតឡើយ ក៏ប៉ុន្តែការដាក់តាំងលក់ផលិតផលពីបរទេសបច្ចុប្បន្ន គឺជាទម្រង់នៃផ្សារណាត់ ឬផ្សារមេឃ ដែលអាជីវករនាំយកទំនិញផ្សេងៗមកជួបជុំគ្នា បង្កើតជាផ្សារលក់។ ហេតុនេះ ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់អ្នកលក់ដូរ។
លោកអំពាវនាវសុំឲ្យអាជ្ញាធរ ត្រួតពិនិត្យករណីទាំងពីរ ដើម្បីជួយទ្រទ្រង់ការធ្វើពាណិជ្ជកម្មក្នុងស្រុកឲ្យមានភាពស្មើ មុខគ្នាជាមួយអាជីវករនៅមូលដ្ឋាន ស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី ជាពិសេសការប្រមូលពន្ធស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មខុសទម្រង់ នេះ៖ «យើងលើកតែរឿងមួយ រដ្ឋត្រូវយកពន្ធឲ្យស្មើភាពគ្នា មានន័យថា រដ្ឋត្រូវយកពន្ធដើម្បីឲ្យតម្លៃទីផ្សារមានការប្រកួតប្រជែង ត្រឹមត្រូវ។ បើសិនផលិតផលរួចពន្ធ ហើយយកមកលក់ប្រកួតប្រជែងជាមួយផលិតផលជាប់ពន្ធ អាហ្នឹងជាការប្រកួតប្រជែងមិនស្មោះត្រង់។ រឿងមួយ អាជ្ញាធរត្រូវគិតពីរឿងហ្នឹងដែរ ប្រសិនប្រជាពលរដ្ឋសំណូមពរថាការលក់ដូរហ្នឹង វាធ្វើឲ្យប៉ះពាល់ដល់អាជីវករក្នុងខេត្ត ព្រោះអាជ្ញាធរចង់បើកក៏បាន មិនចង់បើកក៏បាន ជាសិទ្ធិអាជ្ញាធរ។»
ទោះជាយ៉ាងនេះក៏ដោយ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី លោក តូ ឡំធាន ថ្លែងកត់សម្គាល់ថា ការតាំងពិព័រណ៍ពាណិជ្ជកម្មថៃ-ខ្មែរ នេះ គឺក្រសួងពាណិជ្ជកម្ម អនុញ្ញាតឲ្យបើកលក់ផលិតផលនាំចូលពីបរទេស និងក្នុងស្រុក ក៏ប៉ុន្តែការតាំងលក់ផលិតផលនោះ ធ្វើឡើងរយៈពេលខ្លីមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ការលក់ដូររបស់ អាជីវករក្នុងស្រុកនោះឡើយ។ លោកថា ការធ្លាក់ចុះនៃការស្វែងរកប្រាក់ចំណូលរបស់អាជីវករ មិនទាក់ទិនការតាំងលក់ផលិតផលនៃពិព័រណ៍ពាណិជ្ជកម្មនោះទេ៖ «ពិព័រណ៍ ហ្នឹងមិនមែនធ្វើជាប្រចាំទេ ខាងអាជីវករខាងរៀបចំស្តង់ហ្នឹង គេបានសហការជាមួយថៃ ដើម្បីយកផលិតផលគេមកតាំង មិនមែនជាការងារប្រចាំថ្ងៃទេ ម្តងម្កាល។ ផលិតផលវាប្រកួតប្រជែងជាមួយគេ ហើយប្រសិនយើងចូលសហគមន៍អាស៊ាន ទំនិញអាចចរាចរទៅមកដោយសេរី។»
ចាប់តាំងពីដើមឆ្នាំ២០១៥ រហូតមក អាជីវករលក់ដូរនំចំណី បន្លែបង្ការ ត្រីសាច់ ភាគច្រើននៅខេត្តរតនគិរី ត្អូញត្អែរថា ការលក់ដូរមិនដាច់ អតិថិជនកាន់តែខ្សត់ទៅៗការរកប្រាក់ចំណូលថយចុះប្រមាណ ៦០ភាគរយ ប្រៀបធៀបការលក់ដូរឆ្នាំ២០១៤។ វិបត្តិសេដ្ឋកិច្ចគ្រួសារនេះ ធ្វើឲ្យអាជីវករ ពាណិជ្ជករមួយចំនួន អាចក្លាយទៅកូនបំណុលរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលត្រូវប្រឈមខ្វះប្រាក់បង្វិលសងម្ចាស់បំណុល ឬនឹងអាចត្រូវធនាគាររឹបអូសទ្រព្យបញ្ចាំពីការខ្ចីប្រាក់។
យ៉ាងណាក៏ដោយ អាជីវករក្នុងស្រុក ទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម យកចិត្តទុកដាក់ចុះមូលដ្ឋាន សិក្សាពីកត្តាធ្វើយ៉ាងណា ដើម្បីជំរុញវិស័យធ្វើពាណិជ្ជកម្មរបស់ពលរដ្ឋបានរីកចម្រើន ចៀសផុតពីវិបត្តិសេដ្ឋកិច្ចដូចបច្ចុប្បន្ន៕
No comments:
Post a Comment