បក្សប្រឆាំង និងសង្គមស៊ីវិល ស្នើរឹតបន្តឹង ជនអន្តោប្រវេសន៍ ខុសច្បាប់ ឲ្យមាន ប្រសិទ្ធភាព
RFA / វិទ្យុ អាស៊ី សេរី | ២២ តុលា ២០១៥
អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃ ឲ្យដឹងថា, ក្នុងរយៈពេល ពីរឆ្នាំ គឺ ឆ្នាំ២០១៤ និង២០១៥ ជនអន្តោប្រវេសន៍ ខុសច្បាប់ ដែលត្រូវ បានសមត្ថកិច្ច អង្គភាពនេះ បណ្ដេញចេញ ពីកម្ពុជា មានចំនួន សរុប ជិត ៤ពាន់ នាក់ (៣.៧២៧ នាក់)។ ក្នុងនោះ ជនជាតិ វៀតណាម ជាង ៣ពាន់ នាក់ (៣.២៨៧ នាក់)។ ទន្ទឹមគ្នានេះ សង្គមស៊ីវិល គាំទ្រ វិធានការនេះ និងជំរុញ ឲ្យរដ្ឋាភិបាល ពង្រឹងច្បាប់ អន្តោប្រវេសន៍ ឲ្យមាន ប្រសិទ្ធភាព។
គណបក្សប្រឆាំង និងសង្គមស៊ីវិលយល់ថា ការហូរចូលរបស់ជនបរទេសខុសច្បាប់ មករស់នៅក្នុងប្រទេសកម្ពុជា និងនៅតែបន្តកើតឡើង នឹងបង្កបញ្ហាស្មុគស្មាញក្នុងការគ្រប់គ្រងលើក្រុមនេះ។ ជាងនេះទៀត សង្គមស៊ីវិលចង់ឃើញសមត្ថកិច្ចរឹតបន្តឹងច្បាប់ឲ្យមានប្រសិទ្ធភាព ព្រោះជនបរទេសដែលមករស់នៅមិនស្របច្បាប់ ធ្វើឲ្យកម្ពុជា បាត់បង់ផលប្រយោជន៍ជាច្រើន។
ការលើកឡើងរបស់បក្សប្រឆាំង និងសង្គមស៊ីវិល ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ថា បានបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជា ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ រហូតជិត ៤ពាន់នាក់នៅថ្ងៃទី២២ ខែតុលា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា កន្លងមកទោះជាអាជ្ញាធរបានរឹតបន្តឹងជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែនៅតែមានចំនួនតិចតួចនៅឡើយ ព្រោះមានជនអន្តោប្រវេសន៍ជាច្រើនកំពុងបន្តរស់នៅកម្ពុជា។ លោកថា ភាគច្រើន ជនអន្តោប្រវេសន៍ទាំងនោះមិនមានអត្តសញ្ញាណប័ណ្ណ និងមិនមានលិខិតស្នាមត្រឹមត្រូវ។ លោកឲ្យដឹងដែរថា ជនអន្តោប្រវេសន៍ទាំងនោះមករស់នៅកម្ពុជា ក្រោមរូបភាពជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនកម្ពុជា ជាច្រើន៖ «អ្នក ខ្លះមកក្នុងផលប្រយោជន៍សេដ្ឋកិច្ច មានការងារសំណង់ ការងារតាមសហគ្រាសធន់តូច មានការងារជានេសាទ អ្នករើសអេតចាយ អ្នកខ្លះទៀតមានការងារជាមុខរបរល្អនៅក្នុងសង្គម។ ចឹងត្រូវពិនិត្យមើលជនអន្តោប្រវេសន៍ទាំងនោះឲ្យមែនទែន។»
អ្នកនាំពាក្យរូបនេះនិយាយបន្តថា កន្លងមក ការបន្តហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ដោយសារតែសមត្ថកិច្ចតាមបណ្តោយព្រំដែន ប្រព្រឹត្តអំពើពុករលួយ ឬការសូកប៉ាន់នានា។ លោកថា មានតែការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពទេ ទើបដោះស្រាយបញ្ហានេះបាន៖ «តាមធម្មតា ការអនុវត្តច្បាប់ជនអន្តោប្រវេសន៍ឲ្យបានត្រឹមត្រូវ ការពារជនអន្តោប្រវេសន៍ខុសច្បាប់ វាមានទាំងការចាត់វិធានការផ្ទៃក្នុង និងចាត់វិធានការទាំងខាងក្រៅ បើសិនតែមានវិធានការចាប់តែក្នុង ចាប់២ ចូលមកវិញ១០ ចឹងហើយក៏វាមិនល្អដែរ។ ដូច្នេះហើយ យើងត្រូវតែមើលពីសមត្ថកិច្ចនៅតាមព្រំដែន រារាំងឲ្យបានកុំឲ្យមានអំពើពុករលួយ។»
ទាក់ទងបញ្ហានេះដែរ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិ មនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ គាំទ្រចំពោះការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នេះ។ លោកមើលឃើញថា កន្លងមក កម្ពុជា នៅខ្សោយផ្នែករដ្ឋបាលក្នុងគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ សេដ្ឋកិច្ច និងប៉ះពាល់ដល់ផលប្រយោជន៍ជាតិជាច្រើនទៀត៖ «ប្រសិនបើមានការ បណ្ដេញចេញ ហើយមានការហូរចូលច្រើនដដែល អាហ្នឹងការកម្សោយផ្នែករដ្ឋបាលកិច្ច គឺការគ្រប់គ្រងរដ្ឋជាដើម ដូច្នេះរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ព្រោះបើកាលណាអនុវត្តបានល្អច្បាស់លាស់ យើងនឹងអាចកាត់បន្ថយជនអន្តោប្រវេសន៍នៅកម្ពុជា ចឹងស្រុកយើងក៏មិនមានភាពអនាធិបតេយ្យដែរ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួង មហាផ្ទៃ លោក គឹម សារិន ដើម្បីសាកសួរលម្អិតពីរបាយការណ៍ផ្សព្វផ្សាយពីការបណ្ដេញចេញជន អន្តោប្រវេសន៍ខុសច្បាប់បាននៅឡើយទេ នៅថ្ងៃទី២២ ខែតុលា។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ មានជនអន្តោប្រវេសន៍ខុសច្បាប់សរុបជិត ៤ពាន់នាក់ (៣.៧២៧នាក់) ក្នុងនោះស្រីជិត ៧០០នាក់ (៦៨៣នាក់) មាន ៤៦សញ្ជាតិ ហើយក្នុងនោះ ជនជាតិវៀតណាម រហូតជាង ៣ពាន់នាក់ (៣.២៨៧នាក់) មានស្រីជាង ៦០០នាក់ (៦៥១នាក់) ដែលត្រូវបានសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបណ្ដេញចេញពីកម្ពុជា។ របាយការណ៍ដដែល ក៏បានឲ្យដឹងដែរថា វិធានការនេះបង្ហាញពីការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យ បានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងឲ្យបាននូវការចេញចូល និងស្នាក់អាស្រ័យរបស់ជនបរទេសដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment