ពលរដ្ឋ ខកចិត្ត នឹងអាជ្ញាធរ មិនអាច ដោះស្រាយ ជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុន ចម្ការកៅស៊ូ មេមត់
RFA / វិទ្យុ អាស៊ី សេរី | ២០ តុលា ២០១៥
ប្រជាពលរដ្ឋ នៅឃុំ ត្រមូង ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ នៅតែ សម្ដែង ការខកចិត្ត ជាមួយ អាជ្ញាធរ ខេត្ត ព្រោះ មិនអាច ដោះស្រាយ បញ្ហាដីធ្លី របស់ ពួកគេ ជាមួយ ក្រុមហ៊ុន ចម្ការ កៅស៊ូ មេមត់ បាន ព្រោះ បញ្ហា ជម្លោះដីធ្លីនេះ បានអូសបន្លាយពេល ជាច្រើនឆ្នាំ មកហើយ។ យ៉ាងណា អាជ្ញាធរ អះអាង ថា, ពួកគេ កំពុងបំពេញ ការងារនេះ យ៉ាងយកចិត្ត ទុកដាក់, ប៉ុន្តែ ក៏ត្រូវការ ចូលរួម ពីតំណាង ពលរដ្ឋ ទាំងនោះ វិញដែរ។
តំណាងពលរដ្ឋ មានបញ្ហាដីធ្លី ជាមួយ ក្រុមហ៊ុន ចម្ការ កៅស៊ូ មេមត់ នៅស្រុក មេមត់ លើកឡើង ថា អាជ្ញាធរ ខេត្ត ត្បូងឃ្មុំ មិនមានឆន្ទៈ ដោះស្រាយ ជូនពួកគាត់ ឡើយ។ ការលើកឡើងនេះ បន្ទាប់ពីពលរដ្ឋបានសុំកិច្ចអន្តរាគមន៍ទៅថ្នាក់ខេត្តជាច្រើនលើក ច្រើនសា ព្រមទាំងមានលិខិតពីស្ថាប័នជាតិធំៗ ដូចជារដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ និងពីក្រសួងរៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបង្គាប់ឲ្យមន្ត្រីថ្នាក់ខេត្តពិនិត្យ និងដោះស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែមិនមានលទ្ធផលល្អសម្រាប់ពលរដ្ឋវិញឡើយ។
តំណាងពលរដ្ឋនៅភូមិខ្នងក្រពើលិច អ្នកស្រី អ៊ុន ស៊ូចេង មានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅទាំងមិនស្ងប់ចិត្តគ្រប់ពេល ព្រោះការទាមទារប្លង់កម្មសិទ្ធិស្របច្បាប់ គឺមិនទាន់បានសម្រេច។ អ្នកស្រីយល់ថា អាចមន្ត្រីថ្នាក់ខេត្តនៅក្រោមឥទ្ធិពលរបស់ក្រុមហ៊ុន បានជាដំណើរការដោះស្រាយនៅតែមិនអាចចេញជារូបរាង បើទោះបីជាមានលិខិតពីស្ថាប័នថ្នាក់ជាតិជាច្រើន តម្រូវឲ្យថ្នាក់ខេត្តជាអ្នកសម្រេចយ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តមិនបានយកចិត្តទុកដាក់ដដែល៖ «ខ្ញុំគិតថា គាត់កំពុងតែបំផ្លិចបំផ្លាញបក្សប្រជាជន គាត់មិនបានគិតគូរដល់ការស្ថាបនារបស់សម្ដេចតេជោទេ។»
វិវាទដីធ្លីរវាងប្រជាពលរដ្ឋនៅភូមិខ្នងក្រពើលិច និងខ្នងក្រពើកើត ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ គឺកើតឡើងតាំងពីឆ្នាំ២០០៨ បន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិវិនិយោគពីរដ្ឋទៅជាឯកជន ហើយតម្រូវឲ្យពលរដ្ឋជាច្រើនរយគ្រួសារ ទៅរស់នៅតំបន់ផ្សេង។ កាលណោះមានប្រជាពលរដ្ឋមួយចំនួន ព្រមទទួលសំណងទៅរស់នៅកន្លែងថ្មី ប៉ុន្តែពលរដ្ឋ ៥២៤គ្រួសារ មិនយល់ព្រមចាកចេញឡើយ ដោយយល់ថា តំបន់ផ្សេងនឹងបង្កការលំបាកដល់ពលរដ្ឋ ព្រោះឆ្ងាយពីសាលារៀន ឆ្ងាយពីទីផ្សារ ជាដើម។
ការតវ៉ារបស់ពលរដ្ឋទាំងពីរភូមិដែលមានចំនួនជាង ៥០០គ្រួសារ លើទំហំដីជិត ៣០ហិកតារ គឺមានសកម្មភាពជាហូរហែ ដូចជានាំគ្នាឡើងទៅស្ថាប័នរដ្ឋសភា ទៅទីស្ដីការគណៈរដ្ឋមន្ត្រី ហែក្បួននៅមុខសាលាខេត្ត បិទផ្លូវនៅមុខសាលាស្រុកមេមត់ យកញត្តិទៅដាក់ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងទៀត។ សកម្មភាពរបស់ពលរដ្ឋ បានត្រឹមទទួលចម្លើយពីអាជ្ញាធរថា ពួកគេនឹងដោះស្រាយ ឬទទួលលិខិតបង្វែររឿងមកឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកដោះស្រាយតែ ប៉ុណ្ណោះ។ ជាក់ស្តែង កាលពីខែកក្កដា និងខែសីហា ឆ្នាំ២០១៤ លិខិតពីរដាច់ដោយឡែកពីគ្នាចេញពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា បញ្ជូនឲ្យអាជ្ញាធរខេត្តចាត់ចែងដោះស្រាយតាមការគួរ ប៉ុន្តែក៏បានស្ងប់ស្ងាត់ទៅវិញមកទល់ពេលនេះ។
ចុងក្រោយកាលពីពេលថ្មីៗនេះ លិខិតរបស់ស្ថាប័នថ្នាក់ជាតិពីរទៀត រួមមានលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កាលពីថ្ងៃទី៤ សីហា បញ្ជូនឲ្យខាងមន្ទីររៀបចំដែនដីខេត្ត ឲ្យចុះពិនិត្យ និងស្រាវជ្រាវបញ្ហានេះ ហើយបញ្ជូនរបាយការណ៍ទៅក្រសួងវិញ។ បន្ថែមពីលើនេះ លិខិតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ កញ្ញា តម្រូវឲ្យអភិបាលខេត្ត ពិនិត្យ និងដោះស្រាយករណីនេះតាមការគួរ ព្រោះវាជាសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី១៩ កញ្ញា ថា អាជ្ញាធរខេត្តកំពុងដោះស្រាយជាជំហានៗ ប៉ុន្តែខាងអាជ្ញាធរខេត្តនៅរង់ចាំរបាយការណ៍ពីខាងតំណាងប្រជាពលរដ្ឋ ចំពោះចំនួនគ្រួសារដែលទទួលបានសំណងកាលពីពេលមុន និងពលរដ្ឋដែលមិនទាន់ទទួលបាន។ លោកបដិសេធថា ខាងអាជ្ញាធរខេត្ត គឺមិនបានស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុមហ៊ុនដូចការចោទប្រកាន់ ឡើយ៖ «ខ្ញុំតាងនាមឲ្យអាជ្ញាធរខេត្ត ស្រុក គ្រប់ឋានានុក្រមទាំងអស់ គឺខិតខំដោះស្រាយជូនគាត់ណាស់ ធ្វើការជាមួយគាត់ ប៉ុន្តែទាល់តែមានការសហការជាមួយអាជ្ញាធរដែរ។»
ទោះជាបែបនេះក្តី តំណាងពលរដ្ឋនៅភូមិខ្នងក្រពើកើត អ្នកស្រី ឃុត ស្រីអូន អះអាងថា របាយការណ៍ទាំងនេះ តំណាងពលរដ្ឋបានដាក់ជូនទៅអាជ្ញាធររួចរាល់ហើយ ដោយបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ៥២៤គ្រួសារដែលកំពុងទាមទារប័ណ្ណកម្មសិទ្ធិស្របច្បាប់ គឺមិនមានអ្នកទទួលយកសំណងជាថ្នូរការចាកចេញពីមុនមកនោះទេ។ អ្នកស្រីយល់ថា ការលើកឡើងរបស់អាជ្ញាធរខេត្ត គឺដើម្បីគេចវេសពីការទទួលខុសត្រូវតែប៉ុណ្ណោះ៖ «ខ្ញុំថារឿងឲ្យ ពួកខ្ញុំធ្វើរបាយការណ៍ជូនអាជ្ញាធរ គឺជារឿងមិនសមហេតុផល ព្រោះអាជ្ញាធរនៅហ្នឹង គាត់ហ្នឹង ហើយរបាយការណ៍គាត់យកពីអាជ្ញាធរ ដឹងគាត់អ្នកច្បាប់ដែរ។»
ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ គឺជាអតីតក្រុមហ៊ុនចម្ការកៅស៊ូរបស់រដ្ឋ ហើយប្រជាពលរដ្ឋតវ៉ាទាំងនោះ ក៏ជាអតីតបុគ្គលិកក្រុមហ៊ុនរបស់រដ្ឋដែរ។ យ៉ាងណា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសកាត់ផ្ទៃដីក្រុមហ៊ុនចម្ការកៅស៊ូរបស់រដ្ឋ ទាំងអស់ ប្រគល់ជូនទៅប្រជាពលរដ្ឋរាល់ចំណែកដែលពួកគាត់បានកាន់កាប់ នៅពេលក្រុមហ៊ុនទាំងនោះត្រូវបានក្លាយជាកម្មសិទ្ធិឯកជន។ ក្រោយមក អតីតក្រុមហ៊ុនរបស់រដ្ឋនៅស្រុកមួយចំនួន ដូចជានៅស្ទឹងត្រង់ នៅស្រុកពញាក្រែក បានអនុវត្តគោលការណ៍នេះ លើកលែងតែក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលមិនព្រមអនុវត្តតាម។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត កត់សម្គាល់ឃើញថា ករណីជម្លោះដីធ្លីនេះពិបាកសង្ឃឹមណាស់ ក្នុងការដោះស្រាយបានក្នុងពេលឆាប់ៗ លើកលែងតែពេលបោះឆ្នោតជិតមកដល់តែប៉ុណ្ណោះ ទើបពលរដ្ឋអាចមានសង្ឃឹមបានខ្លះ ប្រសិនបើពួកគេអាចសន្យាផ្តល់អ្វីមួយទៅឲ្យគណបក្សនយោបាយ ពិសេសបក្សកាន់អំណាច៖ «មិនសង្ឃឹមថាអាចដោះស្រាយបានទេ លើកលែងតែរដ្ឋាភិបាលគាត់មានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឬក៏របៀបនេះការដោះស្រាយហ្នឹង។»
លោកមើលឃើញថា ផលប៉ះពាល់ជាច្រើនកំពុងកើតមានចំពោះប្រជាពលរដ្ឋទាំងនោះ ព្រោះពួកគេត្រូវរស់នៅដោយមិនស្ងប់ចិត្ត បំពេញការងារមិនបានពេញដៃពេញជើង ដរាបណាវិវាទដីធ្លីនេះនៅតែមិនអាចដោះស្រាយបាន។ លោកយល់ថា ប្រសិនបើរកឃើញថា ពលរដ្ឋមានភស្តុតាងគ្រប់គ្រាន់ដើម្បីរស់នៅតំបន់នោះបានហើយ អាជ្ញាធរត្រូវប្រគល់សិទ្ធិស្របច្បាប់ទៅឲ្យពួកគាត់ ទើបអាចធ្វើឲ្យប្រជាពលរដ្ឋមានជំនឿចិត្តលើប្រព័ន្ធដោះស្រាយទំនាស់ របស់រាជរដ្ឋាភិបាលឡើងវិញ៕
No comments:
Post a Comment