Paris Peace Accords 23 Oct. 1991

Friday, October 30, 2015

សាក្សី៖ អង្គរក្ស​ លោក ហ៊ុន សែន ជិត​២០០​ នាក់ ​ចូល​រួម ​ធ្វើ​បាតុកម្ម​ ទម្លាក់​លោក កឹម សុខា | Witnesses: Almost 200 of Hun Sen's bodyguards participated in demonstration against Kem Sokha

សាក្សី៖ អង្គរក្ស​ លោក ហ៊ុន សែន ជិត​២០០​ នាក់ ​ចូល​រួម ​ធ្វើ​បាតុកម្ម​ ទម្លាក់​លោក កឹម សុខា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣០ តុលា ២០១៥

 

ហ៊ីង ប៊ុនហៀង ៦២០
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Brach Chev

ទោះបី ជា​ប្រមុខ​ ក្រសួង ​ការពារ​ជាតិ បដិសេធ ​ថា, គ្មាន​ កងទ័ព ឬ​អង្គរក្ស​ មក​ចូល​រួម​ ធ្វើបាតុកម្ម​ ប្រឆាំង ​នឹង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ ទី​២៦ ខែ​តុលា នោះ​ក្ដី, ប៉ុន្តែ ​ក្រុម​ម្ចាស់​ឡាន ​ឈ្នួល​ បញ្ជាក់​ ថា, ពួកគាត់ ​ជា​អ្នក​ដឹក​ បាតុករ ​ដែល​ជា​អង្គរក្ស​ ដោយ​ផ្ទាល់​ ចេញ​ពី​បន្ទាយ​ អង្គរក្ស នៅ​ក្រុង ​តាខ្មៅ យក​មក​ធ្វើ​ បាតុកម្ម​ នៅ​មុខ​ រដ្ឋសភា។  តើ​ មាន​អង្គរក្ស​ ចំនួន​ ប៉ុន្មាន​នាក់​ មក​ចូលរួម​ ធ្វើ​បាតុកម្ម, ហើយ ​ស្លៀកពាក់​ ដូច​ម្ដេច​ខ្លះ?  Despite protestations by chief of Defense Ministry that no military or bodyguard member participated in demonstration against Kem Sokha, a group of rental drivers said they personally transported bodyguards from the bodyguard garrison in Takhmau to demonstrate in front of the National Assembly.  How many bodyguards participated and what were they wearing?

ប្រភព ​ដែល​ថ្លែង​ សូម​ មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​ម្ចាស់ ​ឡាន​ឈ្នួល ​នោះ ​អះអាង​ ថា, ពួកគាត់ បាន​ដឹក​ក្រុម​ អង្គរក្ស​ ជិត ២០០​នាក់ ចេញ​ពី​បន្ទាយ ​នៅ​ក្រុង ​តាខ្មៅ ដើម្បី ចូលរួម ​ធ្វើ​បាតុកម្ម​ ប្រឆាំង​លោក កឹម សុខា។

​ម្ចាស់​ឡាន​ ឈ្នួល ​ទាំង​នោះ​ លើក​ឡើង​ ថា, កង​អង្គរក្ស ​របស់​ លោក ហ៊ុន សែន ទាំង​នោះ ស្លៀកពាក់​ ស៊ីវិល​ បន្លំ​ខ្លួន ​ជា​ប្រជាពលរដ្ឋ​ ធម្មតា ដែល​ពួកគាត់ ​ដឹក​ចេញ​ ពី​បន្ទាយ ​ឈ្មោះ​ ថា, "បញ្ជា​ការដ្ឋាន ​កង​អង្គរក្ស​ សម្ដេច ហ៊ុន សែន" ឬ​ហៅ​ថា "បន្ទាយ​ ពោង​លឿង"  ស្ថិត​ក្នុង​ភូមិ​ ព្រែកសំរោង, សង្កាត់​ តាខ្មៅ, ក្រុង​ តាខ្មៅ មក​បាតុកម្ម​ ជាមួយ ​អ្នក​គាំទ្រ​ គណបក្ស ​ប្រជាជន ​កម្ពុជា រាប់​ពាន់​នាក់ ​ទៀត។


អ្នក​បើក​ឡាន​រូប​នេះ​រៀបរាប់​ដោយ​សំឡេង​មួយៗ​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​តុលា មាន​បុរស​ម្នាក់​ទូរស័ព្ទ​មក​លោក​ប្រាប់​ថា ជួល​ឡាន​ដឹក​មនុស្ស​ទៅ​ប្រជុំ​ក្នុង​តម្លៃ ៤០​ដុល្លារ​ក្នុង​ឡាន​មួយ។ ប៉ុន្តែ​លោក​ថា ពេល​លោក​ទៅ​ដឹក​មនុស្ស គេ​ប្រាប់​ឲ្យ​ទៅ​បន្ទាយ។

លោក ​ថា នៅ​ទី​នោះ​មាន​រថយន្ត​ចំនួន ១០​គ្រឿង ដើម្បី​ដឹក​ក្រុម​អង្គរក្ស ហើយ​ក្នុង​រថយន្ត​មួយ​គ្រឿង​ដឹក​មនុស្ស ១៨​នាក់។ បុរស​ដដែល​បន្ត​ថា អ្នក​ជិះ​ក្នុង​ឡាន​របស់​លោក អ្នក​ខ្លះ​មាន​ដំបង អ្នក​ខ្លះ​មាន​ដុំ​ថ្ម និង​អ្នក​ខ្លះ​ទៀត​មាន​បដា៖ «ដឹក​ពី​បន្ទាយ​ពោងលឿង ទាំង​អស់ សុទ្ធតែ​ទាហាន​ទាំង​អស់...។ ប្រុសៗ ក្មេង អាយុ ៣០​ចុះ។ អ្នក​ជិះ​ក្នុង​ឡាន​គេ​មិន​និយាយ​ជាមួយ​យើង​ទេ គេ​ទាក់ទង​តែ​គ្នា​ទេ។»

បាតុកម្ម ​ហិង្សា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ថា បាតុកម្ម​ប្រឆាំង​នឹង​រូបលោក​នៅ​ប្រទេស​បារាំង គឺ​ជា​សិទ្ធិ​ប្រជាពលរដ្ឋ ចំណែក​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ភ្នំពេញ ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដូចគ្នា។ លោក​ថា បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង ហើយ​លេង​ម្តង​នេះ​អាច​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​សភា។

​ ម្ចាស់​ឡាន​ឈ្នួល​ដឹក​បាតុករ​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​កន្លែង​បាតុកម្ម​គេ​ប្រាប់​ឲ្យ​យក​ឡាន​ទៅ​ទុក​នៅ​ទីធ្លា​កោះ​ ពេជ្រ។ លោក​ថា នៅ​ពេល​បាតុកម្ម​បាន​បញ្ចប់​គឺ​ក្នុង​ពេល​លោក​ដឹក​បាតុករ​ទៅ​វិញ បាតុករ​ខ្លះ​និយាយ​អួត​ថា គេ​បាន​វ៉ៃ​តំណាងរាស្ត្រ​ពីរ​បី​ដៃ៖ «កាល​ពី​ រៀបចំ​ចេញ​ទៅ​មាន​កាន់​ដំបង ប៉ុន្តែ​ទៅ​ដល់​ ចោល​អស់​ទៅ មិន​ដឹង​ថា ចោល​នៅ​ណា​ទេ។ ពេល​ទៅ​ដល់​គេ​ឲ្យ​ឈប់​នៅ​សភា គេ​ដេញ​ឲ្យ​ទៅ​ឈប់​នៅ​កោះ​ពេជ្រ គេ​ថា នៅ​ចាំ​នៅ​កោះ​ពេជ្រ។ មុន​ចេញ​គេ​ឲ្យ​បាយ​មួយ​ប្រអប់​ម្នាក់ ពេល​ទៅ​ដល់​នោះ​អត់​មាន​បាយ​ទេ។»

​ រីឯ​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កណ្ដាល និង​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ដែរ​នោះ​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា លោក​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​មក​ប្រជុំ​នៅ​បន្ទាយ​ទួលក្រសាំង។ លោក​ថា នៅ​ពេល​ចូល​ដល់​ក្នុង​បន្ទាយ គេ​ចែក​បាយ​ឲ្យ​ម្នាក់​មួយ​បញ្ចប់ រួច​ហើយ​ដឹក​ចេញ​មក​ក្រៅ​ដោយ​ប្រាប់​ថា មក​ប្រជុំ​នៅ​បន្ទាយ​ធំ ប៉ុន្តែ​បែរ​ជា​គេ​ដឹក​ឲ្យ​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​ទៅ​វិញ។

យុវជន​រូប​នេះ​ហៅ​ការ​ដែល​ឲ្យ​រូបគេ​ចូល​រួម​ធ្វើ​បាតុកម្ម​ជា​ការ​បោក​បញ្ឆោត ព្រោះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន៖ «ពួក ​ខ្ញុំ​គ្រាន់តែ​ជា​កូន​អុក​សម្រាប់​តែ​គេ​ប្រើ​ឲ្យ​មាន​គ្នា​បាន​ច្រើន ដោយសារ​តែ​គេ​បាន​ប្រើ​វិធី​បោក​បញ្ឆោត​ឲ្យ​ពួក​ខ្ញុំ​មក​តែម្ដង។ គេ​អត់​បាន​ប្រាប់​ថា មក​បាតុកម្ម​ទម្លាក់​អ្វី​ឡើយ ដោយសារ​តែ​គេ​ប្រាប់​ថា មក​ដើម្បី​ប្រជុំ បើ​គេ​ប្រាប់​ថា មក​បាតុកម្ម​គ្មាន​អ្នក​ណា​មក​ទេ។»

​ យុវជន​បន្ត​ថា នៅ​ពេល​បាតុកម្ម​បញ្ចប់​ក្រោយ​ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ ក្រុម​បាតុករ​ទាំង​អស់​គ្នា​ឡើង​ឡាន​ត្រឡប់​មក​វិញ ហើយ​ពេល​នេះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​តាខ្មៅ ឡាន​ឈប់​នៅ​មុខ​សណ្ឋាគារ​មួយ បន្ទាប់​មក​មាន​បុរស​ម្នាក់​ពាក់អាវ​ស មាន​អាយកូម​កាន់​នៅ​ដៃ ផ្ដល់​ប្រាក់​ឲ្យ​បាតុករ​ទាំង​អស់​ម្នាក់ ២​ម៉ឺន​រៀល។

យុវជន​ឲ្យ​ដឹង​ទៀត ជន​ដៃដល់​ដែល​វាយ​តំណាងរាស្ត្រ មិន​ឈរ​នៅ​មុខ​សណ្ឋាគារ​ដូច​បាតុករ​ទូទៅ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​សណ្ឋាគារ៖ «មេដឹកនាំ ​គេ​ហៅ​ថា មក​បង​ប្អូន​ចុះ​ពី​ឡាន​មក​មុខ​រដ្ឋសភា ហើយ​អ្នក​ដែល​ស្រែក​ជា​អ្នក​ដែល​ដឹកនាំ។ ពេល​ចេញ​មក​វិញ គេ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ​១ វាង​តាម​ផ្លូវ​ថៃហ្គ័រ ហើយ​ចូល​បន្ទាយ​វិញ។ មុន​ចូល​បន្ទាយ​គេ​ចែក​លុយ​ម្នាក់​ពីរ​ម៉ឺន គេ​អត់​បាន​និយាយ​ថា ថវិកា​នោះ​ដើម្បី​អ្វី​ទេ។»

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថា លោក​មិន​ដឹង​រឿង​នេះ​ទេ។ ចំណែក​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង បដិសេធ​ថា កង​ទ័ព​គ្មាន​សិទ្ធិ​ចូលរួម​ធ្វើ​បាតុកម្ម គឺ​កងទ័ព​មាន​តួនាទី​ការពារ​ជាតិ។

លោក ហ៊ីង ប៊ុនហៀង ថ្លែង​បែប​នេះ​បន្ទាប់​ពី​ទទួល​ដំណើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា។ លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ស្រមើស្រមៃ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា កងទ័ព​នៅ​ក្រោម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មាន​ភារកិច្ច​ការពារ​ជាតិ ការពារ​សន្តិសុខ​សង្គម ឬ​ប្រជាពលរដ្ឋ ហើយ​បាតុកម្ម​គ្មាន​ទេ កុំ​ស្រមើស្រមៃ​គ្មាន​ទេ។»

​ក្នុង​ បាតុកម្ម​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តួនាទី​ជា​អនុ​ប្រធាន​ទី​១ រដ្ឋសភា បាតុករ​បាន​វាយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ឲ្យ​រង​របួស​ធ្ងន់ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា។

​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  លោក គង់ សភា ត្រូវ​បាតុករ​ព្រួត​គ្នា​វ៉ៃ​ដោយ​ទាញ​ចេញ​ពី​ក្នុង​រថយន្ត រួច​ហើយ​ទាត់​ធាក់​តាម​ចិត្ត​ចង់​គ្មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​សន្តិសុខ​របស់​រដ្ឋ​សភា​អន្តរាគមន៍​ឡើយ។

ចំណែក​សមាជិក​រដ្ឋសភា​មក​ ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ទៀត គឺ​លោក ញ៉យ ចំរើន ក៏​ត្រូវ​បាតុករ​មួយ​ក្រុម​វាយដំ​លើ​រូបលោក​យ៉ាង​ខ្លាំង និង​បណ្ដាល​ឲ្យ​សន្លប់​ភ្លាមៗ​នៅ​មុខ​អគារ​រដ្ឋ​សភា។ អ្នក​ទាំង​ពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ នៅ​ឡើយ។

តំណាងរាស្ត្រ ញ៉យ ចំរើន និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយ​ពី​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ ផ្យាថៃ (Phyathai Hospital) ក្នុង​ទីក្រុង​បាងកក (Bangkok) បាន​ធ្វើ​ការ​វះកាត់​ដៃ​ស្ដាំ​របស់​លោក​ដែល​បាក់​បី​កំណាត់ ហើយ​ដាក់​ដែក​អប​ឆ្អឹង​ដែល​បាក់​នោះ​ហើយ។ សុខភាព​របស់​លោក​នៅ​មាន​សភាព​ទ្រុឌទ្រោម​នៅ​ឡើយ។ ចំណែក​លោក គង់ សភា កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​នៅ​ឡើយ​ក្រោយ​ពី​វេជ្ជបណ្ឌិត​ធ្វើការ​ វះកាត់​ក្ដោងច្រមុះ​ដែល​បាក់​ស្រុត​ចូល​ទៅ​ផ្នែក​ខាង​ក្នុង។

​ថ្លែង​ ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទូច​ឲ្យ​ជន​ប្រព្រឹត្ត​ហិង្សា​ចូល​ខ្លួន​សារភាព និង​ប្រាប់​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងៀម និង​ទាមទារ​សាធារណជន​ដែល​មាន​រូបថត ឬ​វីដេអូ របស់​ជន​ប្រព្រឹត្ត​យក​ប្រគល់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក ហ៊ុន សែន បាន​ហៅ​ការ​ប្រើ​អំពើ​ហិង្សា​ចំពោះ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​រឿង​ចម្លែក៖ «សាមី ​ខ្លួន​តំណាងរាស្ត្រ​ផ្ទាល់ និង​អ្នក​ថតរូប ថត​វីដេអូ ដែល​បង្ហោះ​តាម​ហ្វេសប៊ុក សូម​មេត្តា​ផ្ដល់​រូបភាព​ទាំង​នោះ​មក​សមត្ថកិច្ច ដើម្បី​សមត្ថកិច្ច​អាច​ងាយ​រក​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស​បទល្មើស។»

​ យ៉ាង​ណា​ក៏ដោយ​ចុះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​តុលា បាន​ចាត់​ទុក​បាតុកម្ម​ហិង្សា​លើ​រូបតំណាង​រាស្ត្រ ជា​បាតុកម្ម​បែប​ឧក្រិដ្ឋកម្ម និង​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នាយក​ ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​ សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា ភ្នាក់ងារ​របស់​លោក​បាន​សម្ភាស​ក្រុម​បាតុករ​មួយ​ចំនួន​ដែល​វាយដំ​ទៅ​លើ​ តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ថា ពួកគេ​ត្រូវ​បាន​ជួល និង​ផ្ដល់​សម្ភារៈ​ដឹក​ជញ្ជូន​ដើម្បី​មក​ធ្វើ​បាតុកម្ម​មុខ​រដ្ឋសភា និង​​នៅ​ខាង​មុខ​ផ្ទះ​លោក កឹម សុខា។

ដោយ​ឡែក​ចំពោះ​ក្រុម​អ្នក​បើកឡាន ​ដឹក​អង្គរក្ស​មក​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា ចំនួន​លើក​ឡើង​ថា បើសិនជា​ពួកគាត់​ដឹង​ថា ដឹក​មនុស្ស​មក​ធ្វើ​បាតុកម្ម​នោះ ពួក​គាត់​មិន​ដឹក​នោះ​ទេ៕






No comments:

Post a Comment