សាលាឧទ្ធរណ៍ នឹងបើក សវនាការ លើបណ្ដឹង ទាស់ របស់លោក ហុង សុខហួរ នៅថ្ងៃ ទី៣០វិច្ឆិកា
RFA / វិទ្យុ អាស៊ី សេរី | ២៩ វិច្ឆិកា ២០១៥

បដាសរសេរអក្សរទាមទារឲ្យដោះលែងលោក ហុង សុខហួរ
ដែលអ្នកគាំទ្រលោកលើកតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃទី២ តុលា ឆ្នាំ២០១៥។
RFA/Rann Samnang
ចៅក្រម ជំនុំជម្រះ នៃសាលាឧទ្ធរណ៍ នឹងបើក សវនាការ លើបណ្ដឹងទាស់ របស់ មេធាវី ការពារក្ដី លោក ហុង សុខហួរ នៅថ្ងៃ ទី៣០ វិច្ឆិកា ទៅលើ ការចាត់របៀប ដែលតម្រូវ ឲ្យជនជាប់ចោទ ដាក់ភស្តុតាង មុនបន្ត សវនាការ នៅតុលាការ ក្រុងភ្នំពេញ ជាថ្មីទៀត។
លោក ជូង ជូងី មេធាវីការពារក្ដីម្នាក់ក្នុងចំណោមមេធាវី ៣រូបផ្សេងទៀត ឲ្យដឹងនៅថ្ងៃទី២៩ វិច្ឆិកា ថា គិតមកដល់ពេលនេះ ពុំមានការប្រែប្រួលណាមួយនៅឡើយទេ ជុំវិញសវនាការអំពីការប្ដឹងទាស់ដែលស្នើឲ្យសភាស៊ើបសួរសាលាឧទ្ធរណ៍ ទម្លាក់ចោលសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញ។ លោកបន្តថា ផ្អែកលើនីតិវិធី គឺសាលាឧទ្ធរណ៍អាចទាត់ចោលពីសាលក្រមរបៀបនេះ ក៏ប៉ុន្តែលោកនៅពុំទាន់អាចទស្សន៍ទាយមុននៅឡើយទេ ថាតើសេចក្ដីសម្រេចវានឹងទៅជាយ៉ាងណា?
កាលពីដើមខែតុលា កន្លងទៅនេះ ចៅក្រមស៊ើបសួររបស់តុលាការក្រុងភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ឲ្យ លោក ហុង សុខហួរ ត្រូវបង្ហាញនូវសម្ភារៈមួយចំនួន ដែលស្រាវជ្រាវពីផែនទីកម្ពុជា-វៀតណាម ហើយតម្រូវឲ្យមេធាវីការពារក្ដី ត្រូវដាក់ភស្តុតាងដោះបន្ទុកនៅមុនសវនាការចាប់ផ្ដើម។ មេធាវីការពារក្ដីឲ្យសមាជិកព្រឹទ្ធសភាពីខាងគណបក្សជំទាស់ ចាត់ទុកថា ការចាត់របៀបរបស់តុលាការក្រុងភ្នំពេញនេះ ជាការរំលោភធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់មេធាវី។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ សីហា បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថាជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ៕
No comments:
Post a Comment