ថ្នាក់ដឹកនាំ បក្សកាន់អំណាច ទទួលស្គាល់ បរាជ័យ នៅចំពោះមុខ លោកស្រី អ៊ុងសាន ស៊ូជី
RFI / វិទ្យុ បារាំង អន្តរជាតិ | ១០ វិច្ឆិកា ២០១៥
នៅថ្ងៃអង្គារ ទី១០ វិច្ឆិកា នៅខណៈពេល ដែលគណៈកម្មាធិការ រៀបចំ ការបោះឆ្នោត នៅបន្ តប្រកាស លទ្ធផលឆ្នោត បឋម នៅឡើយ, ថ្នាក់ដឹកនាំ របស់ គណបក្ស កាន់អំណាច ភូមា បានចេញមុខ ប្រកាស ជាបន្តបន្ទាប់ បរាជ័យ របស់ គណបក្ស កាន់អំណាច នៅចំពោះមុខ គណបក្ស ប្រឆាំង របស់ លោកស្រីអ៊ុងសាន ស៊ូជី។ លោកស្រីអ៊ុងសាន ស៊ូជី ដែលបាននិយាយនៅថ្ងៃនេះថា លោកស្រីជឿថា គណបក្សរបស់លោកស្រីបានឈ្នះឆ្នោត ទទួលបានសំឡេងភាគច្រើននៅសភា។
នៅថ្ងៃអង្គារនេះ ដល់វេន លោកក្វី វីន មន្រ្តីជាន់ខ្ពស់ម្នាក់ទៀត របស់គណបក្សកាន់អំណាច ដែលបានលើកឡើងពីបរាជ័យពេញទីរបស់គណបក្ស នៅក្នុងការបោះឆ្នោត។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកក្វី វីន អតីតវីរសេនីយ៍ភូមា ធ្លាប់បានផ្សព្វផ្សាយឃោសនាខ្លាំង ពីនយោបាយកំណែទម្រង់របស់រដ្ឋាភិបាលលោកថេនសេន។ ប៉ុន្តែ តាមលោកក្វី វីន គណបក្សប្រឆាំង បានទទួលជ័យជំនះ ហើយនេះ ជាព្រហ្មលិខិតរបស់ប្រទេសភូមា។
នៅពេលថ្នាក់ដឹកនាំបក្សកាន់អំណាចរបស់លោកបានប្រកាសទទួលស្គាល់ជា បន្តបន្ទាប់ បរាជ័យរបស់បក្ស ក្នុងការបោះឆ្នោត លើកនេះ លោកប្រធានាធិបតី ថេន សេន វិញ នៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានោះទេ។ នៅវិមានប្រធានាធិបតីភូមាក្នុងរដ្ឋធានី ណៃពីដរ អ្នកនាំពាក្យ បាននិយាយថា លោកប្រធានាធិបតីថេន សេន ធ្លាប់បាននិយាយនៅ មុនការបោះឆ្នោត ថា លោកនឹងព្រមទទួលយកលទ្ធផលបោះឆ្នោត។ រហូតមកដល់ពេលនេះ លោកថេន សេន នៅតែមានជំហរដដែល គ្មានអ្វីផ្លាស់ប្តូរនោះទេ។
ការរាប់សន្លឹកឆ្នោតកំពុងបន្តធ្វើ នៅភូមា ប៉ុន្តែ លទ្ធផលបឋមបានបង្ហាញបណ្តើរៗពីជ័យជំនះដ៏ធំធេងរបស់គណបក្សសម្ព័ន្ធ ជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី។ នៅក្នុងបទសម្ភាសន៍ នៅថ្ងៃនេះ ជាមួយទូរទស្សន៍អង់គ្លេស BBC លោកស្រីអ៊ុងសាន ស៊ូជីបាននិយាយថា លោកស្រីជឿថា គណបក្សរបស់លោកស្រីឈ្នះ ទទួលបានសំឡេងភាគច្រើន នៅសភា ពោលគឺគណបក្សនឹងទទួលបានដល់ទៅ៧៥ភាគរយ នៃអាសនៈ នៅសភា។
តាមកាសែត ភូមា Myanmar Time គណបក្សប្រឆាំង ភូមា បាននិយាយថា លទ្ធផលបឋមបានមកពីការរាប់សន្លឹកឆ្នោត ប្រមាណ៨០ភាគរយ នៅទូទាំងប្រទេស បានបង្ហាញថា គណបក្សប្រឆាំង បានឈ្នះ ទទួលបាន ២៧១អាសនៈ ក្នុងចំណោមអាសនៈ ៣៣០ របស់សភា និង១៣៥ អាសនៈ ក្នុងចំណោម ១៦៨ នៅព្រឹទ្ធសភា៕
No comments:
Post a Comment