លោក ឈាង វុន អះអាង ថា, លោក សម រង្ស៊ី បាត់បង់ អភ័យឯកសិទ្ធ សភា
RFA / វិទ្យុ អាស៊ី សេរី | ១៣ វិច្ឆិកា ២០១៥
មន្រ្តី នាំពាក្យ រដ្ឋសភា លោក ឈាង វុន បញ្ជាក់ប្រាប់ វិទ្យុ អាស៊ី សេរីថា លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ អាច នឹងត្រូវ អាជ្ញាធរ ចាប់ខ្លួន បានភ្លាម ដោយមិន ចាំបាច់ ដកអភ័យ ឯកសិទ្ធសភា ជាមុន នោះទេ។ លោក លើកឡើង ថា, លោក សម រង្ស៊ី បានបាត់បង់ អភ័យឯកសិទ្ធិ ជាអ្នក តំណាងរាស្រ្ត ហើយ នៅពេល ដែលសាលាឧទ្ធរណ៍ បានចេញ ដីកាស្ថាពរ កាលពីខែ មីនា ឆ្នាំ២០១៣ ពាក់ព័ន្ធ នឹងបទបរិហារកេរ្តិ៍។
លោក បន្តទៀត ថា, អង្គរដ្ឋសភា មិនចាំបាច់ កោះប្រជុំ ដើម្បី លើកអភ័យ ឯកសិទ្ធិលោក សម រង្ស៊ី ដើម្បី អនុញ្ញាត ឲ្យតុលាការ ចាប់ខ្លួនលោក ឡើយ ពីព្រោះ លោក សម រង្ស៊ី បានបាត់បង់ អភ័យឯកសិទ្ធិ ជាស្វ័យប្រវត្តិ។
លោក ឈាង វុន លើកយកចំណុចមួយក្នុងមាត្រាទី ១៤ នៃច្បាប់លក្ខន្តិកៈតំណាងរាស្រ្តចែងថា តំណាងរាស្រ្តដែលត្រូវផ្តន្ទាទោស ហើយទោសនោះ បានចូលជាស្ថាពររួចហើយ តំណាងរាស្រ្តនោះនឹងបាត់បង់ សិទ្ធិទាំងឡាយ រួមទាំងសមាជិកភាពនៃតំណាងរាស្រ្តដែរ។
លោកបន្តទៀតថាតុលាការរាជធានីភ្នំពេញទើបតែចេញដីកាតាមចាប់ ខ្លួនលោក សម រង្ស៊ីនៅពេលនេះ មិនមែនដោយសារតែប្រតិកម្មរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនតបទៅនឹងលោកសម រង្ស៊ីឡើយ។ តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជារូបនេះបន្តថា ការចេញដីកាចាប់ខ្លួននេះ ដោយសារតែ មេធាវីការពារក្តីរបស់ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ទើបស្នើឲ្យតុលាការចាត់វិធានការប្រឆាំងលោក សម រង្ស៊ី ពីព្រោះ ព្រះមហាក្សត្រមិនបានលើកលែងឲ្យលោក ចំពោះករណីបរិហាកេរ្តិ៍ លោក ហោ ណាំហុងឡើយ។
ឆ្លើយតបនឹងការអះអាងរបស់ លោក ឈាង វុននេះ មន្រ្តីជាន់ខ្ពស់អង្គការអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ការបកស្រាយរបស់ លោក ឈាង វុន មិនឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញមាត្រា ៨០ឡើយ។ ចំណុចមួយក្នុងមាត្រា ៨០ចែងថា ការចោទប្រកាន់ ការចាប់ខ្លួនឬការឃុំខ្លួនសមាជិករដ្ឋសភាណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មធិការអចិន្រ្តៃយ៍សភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋស ភា លើកលែងតែបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង។ សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាដើម្បីអនុម័តតាមមតិភាគច្រើនពីរ ភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕
No comments:
Post a Comment