មន្ត្រី បក្សសង្គ្រោះជាតិ ជំរុញ ឲ្យរដ្ឋាភិបាល បច្ចុប្បន្ន ត្រៀម ផ្ទេរអំណាច ដោយសន្តិវិធី
RFA / វិទ្យុ អាស៊ី សេរី | ១៣ វិច្ឆិកា ២០១៥
មន្ត្រី បក្សសង្គ្រោះជាតិ អំពាវនាវ ឲ្យបក្ស កាន់អំណាច ត្រៀមខ្លួន ក្នុងការផ្លាស់ប្ដូរ ដោយសន្តិវិធី ជាជាង ការប្រកាស សង្គ្រាម។ ទោះ ជាយ៉ាងណា ក៏ដោយ មន្ត្រី បក្សប្រជាជន កម្ពុជា អះអាង ថា, បក្សប្រឆាំង គ្មាន លទ្ធភាព យកឈ្នះ គូប្រកួត របស់ខ្លួន នោះឡើយ។
អនុប្រធាន គណៈកម្មការ នាយក និងជាតំណាងរាស្ត្រ មណ្ឌល ខេត្ត កណ្ដាល នៃគណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ជំរុញ ឲ្យមេដឹកនាំ ខ្មែរ ទាំងអស់ ត្រូវ ដាក់ចិត្ត ដាក់កាយ ក្នុងការ រៀបចំខ្លួន សម្រាប់ ការផ្លាស់ប្ដូរ អំណាច ដោយសន្តិវិធី ដូចបណ្ដា ប្រទេស មួយចំនួន ក្នុងតំបន់ អាស៊ី៖ «ខ្ញុំ ចង់និយាយ ថា, អ្នកដឹកនាំ ខ្មែរ គួរតែ ត្រៀមខ្លួន សម្រាប់ ការផ្លាស់ប្ដូរ, ហើយ យើង អត់ត្រូវ មានមោទនភាព ថា, អត់មាន ការផ្លាស់ប្ដូរ នោះទេ មេដឹកនាំ។ យើង មើលការ ផ្លាស់ប្ដូរ មិនមែន នៅភូមាទេ, តែ វា មាន នៅឥណ្ឌា រួចមកហើយ។ ដូច្នេះ អ្នកនយោបាយ ដែលកំពុង កាន់អំណាច ហ្នឹង ត្រូវ ត្រៀមខ្លួន ដើម្បី ឲ្យការផ្លាស់ប្ដូរ ហ្នឹង វា វិជ្ជមាន។»
ការថ្លែង របស់លោក អេង ឆៃអ៊ាង ធ្វើឡើង នៅបន្ទាប់ ពីមាន ការបោះឆ្នោត ផ្លាស់ប្ដូរ មេដឹកនាំ នៅប្រទេស មីយ៉ាន់ម៉ា ឬភូមា។ អ្នកស្រី អ៊ុង សាន ស៊ូ ជី (Aung San Suu Kyi) មេដឹកនាំ គណបក្សប្រឆាំង កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា អះអាង ថា, ប្រធានាធិបតី ប្រទេស មីយ៉ាន់ម៉ា សន្យាថា នឹងផ្ទេរ អំណាច ទៅគណបក្ស ប្រឆាំង ដោយសន្តិវិធី។
ក្នុងលិខិតដែលផ្ញើទៅគណបក្សសម្ព័ន្ធជាតិដើម្បី លទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រី អ៊ុង សាន ស៊ូជី ប្រធានាធិបតី ថេន សេន (Thein Sein) បញ្ជាក់ថា រដ្ឋាភិបាលស្វាគមន៍គណបក្សប្រឆាំងដែលទទួលបានលទ្ធផលនាំមុខក្នុងការ បោះឆ្នោត ហើយថា រដ្ឋាភិបាលនឹងផ្ទេរអំណាចតាមច្បាប់កំណត់។
លោក អេង ឆៃអ៊ាង បន្តថា ពលរដ្ឋទូទៅតែងចង់បានការផ្លាស់ប្ដូរ បើទោះបីមេដឹកនាំនោះជាមេដឹកនាំល្អមិនដែលធ្វើអាក្រក់ក៏ដោយ។ លោកបន្តថា ពាក្យផ្លាស់ប្ដូរដោយសន្តិវិធីជាពាក្យដ៏ស៊ីវិល័យបំផុតសម្រាប់ ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
ជុំវិញការអំពាវរបស់មន្ត្រីបក្សប្រឆាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា កម្ពុជាលំបាកធ្វើការផ្ទេរអំណាចដោយសារមិនទាន់មានបក្សណាអាចយក ឈ្នះបក្សកាន់អំណាចនៅឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រូបនេះអះអាងថា លក្ខណៈសម្បត្តិរបស់លោក សម រង្ស៊ី គឺខុសគ្នាឆ្ងាយពីអ្នកស្រី អ៊ុង សាន ស៊ូជី នៅភូមា៖ «ខ្ញុំមិនយល់ថា គាត់ឲ្យផ្លាស់ប្ដូរយ៉ាងម៉េច គាត់ឃើញ អ៊ុង សាន ស៊ូជី ឈ្នះហ្នឹង នឹកថា សម រង្ស៊ី នឹងឈ្នះដែរយ៉ាងម៉េច? ខ្ញុំសូមជម្រាបថា គាត់អត់មានសំណាងអ្វីដូច អ៊ុង សាន ស៊ូជី ទេ។ ចំណុចដែលលោកស្រី អ៊ុង សាន ស៊ូជី ឈ្នះឆ្នោតហ្នឹងគឺវាមានចំណុចខ្លាំងរបស់គាត់ ប៉ុន្តែបើប្រៀបធៀបមកបក្សប្រឆាំងនៅកម្ពុជា វាអត់មានចំណុចខ្លាំងអីសោះ។ អ៊ីចឹងទេ គឺថាលទ្ធភាពនៃការឈ្នះឆ្នោតគឺអត់មាន។ បើអត់មានទេ គឺវាអត់មានលក្ខណៈដែលផ្ទេរអំណាចទេ។»
លោក សុខ ឥសាន និយាយបន្ទរតាមមេរបស់លោកថា លោក សម រង្ស៊ី កើតចេញពីត្រកូលក្បត់ជាតិ ដែលផ្ទុយពីអ្នកស្រី អ៊ុង សាន ស៊ូជី មានឪពុកជាអ្នកស្នេហាជាតិ។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកា បានផ្ញើសារនយោបាយចុងក្រោយរបស់លោក ទៅកាន់មេបក្សជំទាស់តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយហៅលោក សម រង្ស៊ី ថា ជា «កូន អាក្បត់ ជាតិ»៖ «ខ្ញុំ គ្រាន់តែ និយាយ តាមសម្ដេចព្រះ នរោត្តម សីហនុ អំពី សម សារី ក្បត់ជាតិ។ តែឪក្បត់ជាតិវាត្រូវកូនមានឈ្មោះថា កូនអាក្បត់ជាតិហើយ។ គេមិនដែលហៅឯកឧត្ដមក្បត់ជាតិទេ គេហៅ អាក្បត់ជាតិ។»
ឆ្លើយតបទៅនឹងពាក្យសម្ដីធ្ងន់ៗរបស់លោក ហ៊ុន សែន នេះ វិទ្យុអាស៊ីសេរី បានទទួលសារអ៊ីមែលរបស់លោក សម រង្ស៊ី មេដឹកនាំបក្សសង្គ្រោះជាតិ ដែលបានសរសេរថា៖ «បើថ្ងៃណាមួយលោក ហ៊ុន សែន ត្រូវគេចោទប្រកាន់ពីរឿងអ្វីមួយនៅចំពោះមុខតុលាការណាមួយ ខ្ញុំនឹងចេញមុខមុនគេការពារកូនរបស់លោក បើកូនទាំងនោះទទួលនូវការស្ដីបន្ទោសណាមួយ ពីព្រោះកូនមិនមែនជាអ្នកទទួលខុសត្រូវ ហើយក៏មិនពាក់ព័ន្ធអ្វីទៅនឹងរឿងដែលគេចោទប្រកាន់ឪពុកនោះដែរ។»
ងាកមកបញ្ហានៃការចង់ឲ្យមានការផ្ទេរអំណាចដោយសន្តិវិធីដូចនៅ ប្រទេសភូមា វិញ លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាងថា លោក ហ៊ុន សែន គួររៀនសូត្រតាមប្រទេសភូមា។
លោកថា ទោះបីរដ្ឋាភិបាលប្រទេសនេះជារដ្ឋាភិបាលដែលតែងគាបសង្កត់សិទ្ធិ របស់ពលរដ្ឋក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនេះដឹងខ្លួនថា មានតែលទ្ធិប្រជាធិបតេយ្យទេដែលជាអនាគតរបស់ប្រទេសពិតប្រាកដ៖ «មេដឹកនាំ ឬគណបក្សនយោបាយភាគច្រើនដែលកាន់អំណាចយូរ គឺមិនចង់ចុះចេញពីអំណាចនោះឡើយ។ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ត្រូវយល់ឲ្យបានច្បាស់ថា ទោះបីពួកគេជារដ្ឋាភិបាលដ៏ល្អជាងបំផុតក្នុងលោកនេះក៏ដោយ តែវាជាធម្មជាតិរបស់មនុស្សទេ ដែលធុញទ្រាន់នឹងការដឹកនាំដដែលៗ។ មេដឹកនាំក្នុងរបបលទ្ធិប្រជាធិបតេយ្យអស់អំណាចមិនមែនដោយសារការ ដឹកនាំរបស់គេមិនល្អនោះទេ ប៉ុន្តែដោយសារពលរដ្ឋជិនណាយមិនចង់ឃើញមុខមេដឹកនាំដដែលៗតាមកញ្ចក់ ទូរទស្សន៍ ហើយស្ដាប់សំឡេងរបស់គេតាមវិទ្យុរាល់ថ្ងៃនោះ។»
លោក ប្រ៊ែត អាដាម បន្តថា ពលរដ្ឋកម្ពុជា ក៏ដូច្នោះដែរ គឺពួកគេជិនណាយពេលស្ដាប់សម្ដីរបស់លោក ហ៊ុន សែន ដែលតែងតែស្រែកគំរាមនេះ គំរាមនោះ ចង់បង្កអស្ថិរភាពក្នុងសង្គម និងបង្កជម្លោះជាមួយគូប្រជែងរបស់ខ្លួនមិនចេះចប់។
អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រូបនេះអះអាងទៀតថា គ្មាននរណាម្នាក់ដែលកើតមកមានសិទ្ធិពីកំណើតក្នុងការគ្រប់គ្រង់ ប្រទេសអស់មួយជីវិតនោះទេ ហើយក៏គ្មាននរណាម្នាក់ដែលកើតមកមានសិទ្ធិកាន់អំណាចនោះដែរ បើទោះបីអ្នកនោះស្ថិតក្នុងវង្សត្រកូលរាជវង្ស ឬកូនប្រធានាធិបតីកម្រិតណាក៏ដោយ។ ហេតុដូច្នេះលោក ហ៊ុន សែន ត្រូវ រៀបចំខ្លួន ដើម្បី ជ្រើសរើស នូវសេចក្ដី ថ្លៃថ្នូរមួយ ក្នុងការបង្ហាញ សាធារណជន នូវការ គោរព របស់ខ្លួន ប្រសិនបើ ខ្លួន ចាញ់ឆ្នោត, ហើយ ចាកចេញ ពីអគារ រដ្ឋាភិបាល៕
No comments:
Post a Comment