Paris Peace Accords 23 Oct. 1991

Sunday, November 15, 2015

លោក ផៃ ស៊ីផាន បដិសេធ ព័ត៌មាន​ ថា,​ រដ្ឋាភិបាល​ ហាម មិន​ឲ្យ​ លក់សំបុត្រ យន្តហោះ​ ឲ្យ​លោក សម រង្ស៊ី​​ | Govt spokesman Phay Siphan rejects info that says govt not permit flight ticket to be sold to Sam Rainsy


អ្នកនាំពាក្យ ទីស្តីការ គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន

លោក ផៃ ស៊ីផាន បដិសេធ ព័ត៌មាន​ ថា,​ រដ្ឋាភិបាល​ ហាម មិន​ឲ្យ​ លក់សំបុត្រ យន្តហោះ​ ឲ្យ​លោក សម រង្ស៊ី​​

VOD / វីអូឌី | ១៥ វិច្ឆិកា ២០១៥

អ្នកនាំពាក្យ ​រដ្ឋាភិបាល ​បាន​បដិសេធ ​នឹង​ព័ត៌មាន​ ថា, រដ្ឋាភិបាល​ បាន​ហាមឃាត់ កុំឲ្យ​មាន​ ការ​លក់សំបុត្រ យន្តហោះ​ ដល់ប្រធាន គណបក្ស​ សង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុង​ការ​ វិលត្រឡប់ មក កម្ពុជាវិញ។

អ្នកនាំពាក្យ ទីស្តីការ គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានសរសេរ នៅលើ ហ្វេសប៊ុក​ របស់លោក ​ថា, ​បណ្តាញ សារព័ត៌មាន មួយចំនួន បានសួរលោក​ ពី​ព័ត៌មាន ថា, រដ្ឋាភិបាល បានហាមប្រាម ដល់ភ្នាក់ងារ ទេសចរណ៍​ ទាំងអស់ ក្នុងការ លក់សំបុត្រ យន្តហោះ ​ឲ្យ​លោក​ សម រង្ស៊ី។   លោក​ បន្ត​ថា,​ ព័ត៌មាន នេះ ក៏បានទទួល ស្គាល់ ដោយមន្ត្រី ជាន់ខ្ពស់ របស់ គណបក្សសង្រ្គោះជាតិ​​ ផងដែរ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់ ​ថា៖ «នៅក្នុងព័ត៌មាន ប្រឌិតនេះ   រាជរដ្ឋាភិបាល កម្ពុជា ពុំមាន បំណង ឬទិសដៅ នៃមធ្យោ​បាយ ណាមួយ ដែលបង្ក ឧបសគ្គ និងដំណើការ របស់ តុលាការ ឬមន្ត្រី យុត្តិធម៌ និងអាជ្ញាធរ ដែលពាក់ព័ន្ធ នៃការអនុវត្ត សាលក្រម ស្ថាពរ របស់ តុលាការ នេះឡើយ។   ព័ត៌មាននេះ គឺ ជាយុទ្ធនាការ បំពុល បរិយាកាស តែប៉ុណ្ណោះ។» 

លោក​បន្ថែម​ថា៖ «ការវិលត្រឡ​ប់ដោយស្ម័គ្រចិត្តរបស់ទណ្ឌិត សម រង្ស៊ី​ ឆ្លើយតបនឹង​កាតព្វកិច្ចតុលាការ ជាកិច្ចទទួលខុសត្រូវនៃប្រជាពលរដ្ឋល្អម្នាក់។»


តាម​គម្រោង​លោក សម រង្ស៊ី នឹង​ត្រឡប់​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​នេះ​។​
វីអូឌីមិនទាន់អាច​សុំ​ការ​ឆ្លើយ​តបពីមន្រ្តីគណបក្សសង្រ្គោះជាតិ​បាន​នៅឡើយទេ។​

ពីប្រទេសកូរ៉េ លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ បាន​ថ្លែង​ថា​លោក​នឹងត្រឡប់មកប្រទេសកម្ពុជា​តាមគម្រោង​របស់លោក បើទោះជាមានការចាប់ខ្លួនក៏ដោយ ដោយ​បញ្ជាក់​ថា​បើទោះលោកត្រូវស្លាប់​ ក៏​លោក​នឹង​ត្រឡប់មកកម្ពុជាវិញ​​។ លោកមានប្រសាសន៍ថា៖ «យើងអត់តក់ស្លុតទេក្មួយ ​ យើង​ត្រូវ​រក្សា​ជំហរ​យើង​ឲ្យ​រឹង​មាំ។ ឥឡូវក្មួយ​ម្នាក់សួរខ្ញុំ ថា​គេតាម​ចាប់​សម រង្ស៊ី សម រង្ស៊ី​ ខា្លចទេ អត់ខ្លាចទេ។ សម រង្ស៊ី កឹម សុខា ដូចកូនខ្មែរ​ទាំងអស់​ សុខចិត្ត​បូជាជីវិត​ឲ្យតែ​ជាតិ​បាន​រស់…។  ដូច្នេះ​ខ្ញុំអត់ខ្លាច​ទេ ចង់យក​ខ្ញុំ​ទៅ​ធ្វើ​អី​ធ្វើទៅ តែ​ទោះ​ជា​យ៉ាងណាក៏ដោយ ព្រលឹងខ្ញុំ​នៅតែស្រឡាញ់ខ្មែរ តាម​ការ​ពារ​ខ្មែ​រជានិច្ច។» 

លោក​បន្ថែម​​ថា៖ «…ខ្ញុំត្រូវតែចូល ​ទៅវិញ ដើម្បី​ទៅសង្រ្គោះជាតិ​របស់យើង ឲ្យទាល់តែ​បាន។ គម្រោង​ខ្ញុំ​អត់មានការផ្លាស់ប្តូរ​ទេ បើត្រូវ​ស្លាប់ក៏ស្លាប់​  ប៉ុន្តែ​ស្លាប់ជាខ្មែរ មិន​​ស្លាប់​ជា​អ្នកបម្រើបរទេស​ដាច់ខាត»

លោក សម រង្ស៊ី ត្រូវបានតុលាការចេញ​ដីកាបង្គាប់ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួនដាក់​ ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់​ឲ្យមានការ​រើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរ​ជើង​ឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ​ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។

ថ្មីៗនេះ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជា «កូនអាក្បត់ជាតិ», ហើយ​ លោក​ក៏​បានព្រមានប្រើប្រព័ន្ធច្បាប់ចាត់ការមេបក្សប្រឆាំងរូបនេះ ទាក់ទង​នឹ​ងការ​ចោទប្រកាន់ថា​លោក​មាន​បំណង​បង្អាក់ការបោះឆ្នោតនៅកម្ពុជា។


លោក ផៃ ស៊ីផាន បាន​បដិសេធ​ថា​រដ្ឋាភិបាលមិន​ជាប់​ពាក់​ព័ន្ធ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់លោក​ សម រង្ស៊ី នោះទេ។ លោក​បញ្ជាក់​ថា៖ «ចំណាត់ការរបស់តុលាការគឺជាករណីបុគ្គលនិងបុគ្គលសុទ្ធសាធ ហើយមិនមែនជាការបញ្ចេញមតិឬការងារនយោបាយទេ។ ករណីចំណាត់ការរបស់តុលាការគឺជាហេតុផលនៃយុត្តិធម៌រវាងអង្គហេតុនិងអង្គច្បាប់។ ករណីអភ័យឯកសិទ្ធិគឺជារឿងដាច់ដោយឡែកមួយទៀតដែលជាការទទួលខុសត្រូវរបស់រដ្ឋសភា៕»

No comments:

Post a Comment