Paris Peace Accords 23 Oct. 1991

Sunday, November 8, 2015

អង្គការ​​ សិទ្ធិ​មនុស្ស​ អន្តរជាតិ ​ជំរុញ ​ឲ្យ​កម្ពុជា​ កែ​លំអ​ ការ​អនុវត្ត​ ច្បាប់ ​ឲ្យ​​ស្មើ​ភាព​​គ្នា | HRW urges Cambodia to apply the law equally

អង្គការ​​ សិទ្ធិ​មនុស្ស​ អន្តរជាតិ ​ជំរុញ ​ឲ្យ​កម្ពុជា​ កែ​លំអ​ ការ​អនុវត្ត​ ច្បាប់ ​ឲ្យ​​ស្មើ​ភាព​​គ្នា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ វិច្ឆិកា ២០១៥

 

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ៦២០
ជន​សង្ស័យ​ទាំង៣នាក់ ដែល​វាយតំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​ចេញ​​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។  RFA/Brach Chev

អ្នកឃ្លាំមើល សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ជំរុញ​ ឲ្យ​កម្ពុជា កែ​លម្អ​ ការ​អនុវត្ត​ ច្បាប់ ​របស់​ខ្លួន ​ឲ្យ​មាន​ ភាព​ស្មើ​គ្នា ​រវាង ​គ្រប់​ គណបក្ស​ នយោបាយ និង​គ្រប់​ មជ្ឈដ្ឋាន ​ទាំង​អស់។  ក្រុម ​អ្នក​ សង្កេតការណ៍​ ទាំង​នេះ​ និយាយ​ ថា, កម្ពុជា ​កំពុង​ អនុវត្ត​ច្បាប់​ ដែល​មាន ​ស្តង់ដារ​ ពីរ និង​ខ្វះ ​តម្លាភាព។  ប៉ុន្តែ ​ដូច​សព្វ ​មួយ​ដង សមត្ថកិច្ច​ កម្ពុជា តែង​ បដិសេធ ​ចំពោះ​ ការ​លើក​ឡើង​ នេះ។

សហគមន៍​ អន្តរជាតិ ​នៅ​តែ ​​ចាត់​ទុក​ កម្ពុជា ថា, ជា​ប្រទេស ​ដែល​នៅ ​តែ​មាន ​និទ្ទណ្ឌភាព ​ធ្ងន់ធ្ងរ, ការ​រើសអើង ​ផ្នែក​នយោបាយ, និង​ការ​អនុវត្ត ​ច្បាប់ ​របស់ ​អាជ្ញា​ធរ មាន​សមត្ថកិច្ច ​គ្មាន​ ប្រសិទ្ធភាព។

នាយក​ប្រតិបត្តិ ​ទទួល​បន្ទុក​ កិច្ចការ​ តំបន់​ អាស៊ី ​របស់ ​អង្គការ​ ឃ្លាំមើល​ សិទ្ធិមនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​វិទ្យុ​ អាស៊ី សេរី តាម​ទូរស័ព្ទ​ ថា, អ្វី​ ដែល​អាច​ បញ្ជាក់​ ថា, កម្ពុជា​ មាន​ស្តង់ដារ ​ពីរ​ នោះ ដូចជា​ករណី ហិង្សា​ លើ​តំណាងរាស្ត្រ​ គណបក្ស​ ជំទាស់​ ជា​ឧទាហរណ៍ ​ស្រាប់។

លោក​ បន្ត​ថា, ប្រសិនបើ​ បក្ស​ប្រឆាំង​ ធ្វើ​បាតុកម្ម​ នៅ​តាម​ ទី​សាធារណៈ, នោះ​ គេ​ នឹង​ឃើញ​ មាន​កម្លាំង​ សមត្ថកិច្ច ​ជា​ច្រើន​ ចេញ​ព្រោងព្រាត ​ទៅ​រារាំង និង​ទប់ស្កាត់ ​ភ្លាមៗ  បើ​ ទោះ​បី ​ជា​បាតុកម្ម​នោះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ក៏ដោយ។ ប៉ុន្តែ​ក្នុង​បាតុកម្ម​ទម្លាក់​លោក កឹម សុខា កាល​ពី​ចុង​ខែ​តុលា កន្លង​ទៅ​នោះ ធ្វើ​ឡើង​បាន​សម្រេច ហើយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​បើកដៃ​ឲ្យ​ក្រុម​បាតុករ​គាំទ្រ​ បក្ស​កាន់​អំណាច​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថែម​ ទៀត។

លោក ប្រ៊ែដ អាដាម៖ «សម្រាប់​ អំពើ​ហិង្សា ​ដែល​កើត​ឡើង ​ក្នុង​បាតុកម្ម​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ភាគ​ច្រើន ​ជា​ការ​បង្ក​ បញ្ហា​ ដោយ​កម្លាំង​ រដ្ឋាភិបាល ឬ​គណបក្ស​ កាន់​អំណាច​ ទៅ​វិញ​ទេ។  ជាង​នេះ​ ទៅ​ទៀត ក្រុម​អ្នក​ ដឹកនាំ​ បាតុកម្ម ​របស់​ បក្ស​ប្រឆាំង​ បាន​ទទួល​ទោស ​ជា​ទម្ងន់ បើ ​ទោះ​បី​ មាន​ភស្តុតាង​ បញ្ជាក់​ថា ពួកគេ​ ព្យាយាម​ បញ្ឈប់​ អំពើ​ហិង្សា​នោះ​ ក៏ដោយ។  ប៉ុន្តែ​ ករណី​ បាតុកម្ម​ របស់​ បក្ស​កាន់​អំណាច​ ដែល​នាំ​ ឲ្យ​មាន​ អំពើ​ហិង្សា​ ទៅ​លើ​ តំណាងរាស្ត្រ ​បក្ស​ប្រឆាំង​ ពីរ​រូប ​ស្ទើរ​ស្លាប់​ បាត់​បង់​ ជីវិត​នោះ នៅ​មិន​ទាន់ ​ឃើញ​មាន​ ការ​ចាប់ ​មេដឹកនាំ​ បាតុកម្ម​ មក​ផ្ដន្ទាទោស​ នោះ​ឡើយ។  រដ្ឋាភិបាល​ ក៏​គ្មាន​ ចេតនា​ ក្នុង​ការ​ ស៊ើប​អង្កេត ​អ្នក​រៀបចំ​ បាតុកម្ម​ ហិង្សា​នេះ​ ទៀត។  នេះ​ហើយ​ ដែល​វា​ ជា​ប្រទេស​ មាន​ស្តង់ដារ​ ពីរ ​នោះ។»

ទោះ​ ជា​មាន ​ការ​អះអាង ​បែប​នេះ​ក្តី កាល​ពី​ថ្ងៃ​ ទី​២៨ ខែ​តុលា កន្លង​ទៅ, លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង ​ថា, កម្ពុជា​មាន​ស្តង់ដារ​ តែ ​មួយ​ទេ ​ក្នុង​ការ​ អនុវត្ត​ច្បាប់ ​របស់​ខ្លួន៖ «នៅ​កម្ពុជា មាន​ស្តង់ដារ​ តែមួយ​ទេ គឺ​ អ្នក​ ប្រព្រឹត្ត​ កំហុស ត្រូវ​តែ​ ទទួល​ផ្ដន្ទាទោស ​តាម​ច្បាប់។»

ប៊្រែដ អាដាម ៦២០
នាយក​ប្រតិបត្តិ​ទទួល​ បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ RFA/Yun Samean


ជុំវិញ​ ការ​ចោទ​ប្រកាន់​ របស់​លោក ប្រ៊ែដ អាដាម ដែល​ថា សមត្ថកិច្ច​កម្ពុជា ជា​អ្នក​បើកដៃ​ឲ្យ​មាន​អំពើ​ហិង្សា​ទៅ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ ជាតិ ពីរ​រូប​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទទួល​ស្គាល់​ថា កម្លាំង​សមត្ថកិច្ច​ពិត​ជា​មាន​ភាព​ធ្វេសប្រហែស​ក្នុង​ករណី​បាតុកម្ម​ ហិង្សា៖ «ទី​មួយ​គឺ​បាតុកម្ម​ហ្នឹង​ទើប​រំសាយ​ហើយ ហើយ​អ៊ីចឹង​ទើប​មាន​ការ​ធ្វេសប្រហែស​ទៅ។ និយាយ​រួម​គឺ​ទទួល​ស្គាល់​ថា មាន​ការ​ធ្វេសប្រហែស។ កម្លាំង​របស់​យើង​ពេល​នោះ​គឺ​វា​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ហើយ ហើយ​វា​រំសាយ​ទៅ​បាត់​ហើយ តែ​វា​នៅ​កន្ទុយ​បាតុករ​ហ្នឹង។»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​ឃើញ​មាន​ភស្តុតាង​ជា​ច្រើន​ដែល​អាច​ចាត់​ទុក​បាន​ថា កម្ពុជា​មាន​ស្តង់ដារ​ពីរ ជាក់ស្ដែង​ដូចជា​ករណី​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់ ពី​បទ​ឧក្រិដ្ឋ​ដែល​ក្នុង​ម្នាក់ៗ​មាន​ទោស​ពី ៧​ឆ្នាំ ដល់ ២០​ឆ្នាំ​ក្នុង​ករណី​បាតុកម្ម​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ ឆ្នាំ​២០១៤។ ប៉ុន្តែ​តុលាការ​ក្រុង​ភ្នំពេញ គ្រាន់តែ​ចោទ​ប្រកាន់​ជនសង្ស័យ​ទាំង ៣ ដែល​ចូល​សារភាព​ពី​បទ​មជ្ឈិម​ដែល​អាច​មាន​ទោស​ពី ២​ឆ្នាំ ដល់ ៥​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ករណី​វ៉ៃ​តប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​នាក់​ឲ្យ​របួស​ធ្ងន់។ លើស​ពី​នេះ តុលាការ​ក៏​មិន​បាន​បញ្ជា​ឲ្យ​មាន​ការ​តាម​ចាប់​ខ្លួន​មេដឹកនាំ​បាតុកម្ម​ នោះ​ដែរ។

នៅ​មាន​ទៀត ដូចជា​ករណី​ដីធ្លី​នៅ​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង តុលាការ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បណ្ដឹង​របស់​អ្នក​ស្រុក​ដែល​ប្ដឹង​ ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែល​ម្ចាស់​ក្រុមហ៊ុន​ជា​ភរិយា​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ពី​រឿង​ជម្លោះ​ដីធ្លី។

ករណី​ដែល​អាច​ចាត់​ទុក​ថា សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​នេះ រួម​មាន​ការ​ចាប់​ជន​ដៃដល់​ពីរ​រូប​ភា្លមៗ ក្នុង​ករណី​អ្នក​គំរាម​សម្លាប់​លោក សុខ ទូច និង​លោក ស ខេង តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បាន​នាំ​ខ្លួន​ជន​ដៃដល់​ដែល​គំរាម​សម្លាប់​អនុ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​សាធារណជន​ស្គាល់​អត្តសញ្ញាណ​អ្នក​គំរាម​ឈ្មោះ ផែង វណ្ណៈ ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ ក៏ដោយ។

​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា បញ្ហា​ធំៗ​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ស្តង់ដារ​ពីរ​គឺ​ដោយសារ​អំពើ​ពុករលួយ និង​ការ​ជ្រៀតជ្រែក​ខាង​ផ្នែក​នយោបាយ៖ «ហើយ​ការ​កាត់​ក្ដី​មាន​ភាព​ខុស​ គ្នា​ទៀត ដូច​ថា​អំពើ​ហិង្សា​អ៊ីចឹង អ្នក​ខ្លះ​ជាប់​គុក​វែង​ឆ្ងាយ យូរ​អង្វែង​ទៅ ហើយ​អ្នក​ខ្លះ​ជាប់​គុក​តិច។ ឧទាហរណ៍​រឿង ឈូក បណ្ឌិត បាញ់​ទៅ​លើ​កម្មករ​កាត់​សេចក្ដី​រយៈពេល​តិច​ទេ ប៉ុន្តែ​ដូច​ករណី ម៉ម សូណង់ដូ នៅ​ភូមិ​ប្រមា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាត់​ទោស​ដល់ ២០ ទៅ ៣០​ឆ្នាំ​ឯ​ណោះ ជា​ឧទាហរណ៍។ របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា បង្ហាញ​ថា ប្រព័ន្ធ​សុចរិត​ភាព​ខាង​ប្រព័ន្ធ​តុលាការ​មាន​កម្រិត​ទាប។ អា​ហ្នឹង​ក៏​បញ្ជាក់​អំពី​ភស្តុតាង​ថា មាន​ស្តង់ដារ​ពីរ​ដែរ។»

​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ឲ្យ​ពិន្ទុ​កម្ពុជា លើ​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​ឆ្នាំ​២០១៥ នេះ គឺ 0.៣៧ ក្នុង​លេខ​រៀង​ទី ៩៩ ក្នុង​ចំណោម​ប្រទេស ១០២ លើ​ពិភពលោក។ ពិន្ទុ​របស់​កម្ពុជា ក្នុង​វិស័យ​តុលាការ​​នៅ​ពេល​នេះ អន់​ជាង​ប្រទេស​វៀតណាម ថៃ មីយ៉ាន់ម៉ា ឬ ភូមា (Myanmar) នេប៉ាល់ (Nepal) បង់ក្លាដេស (Bangladesh) ទៅ​ទៀត។

​អង្គការ​នេះ​វាយ​តម្លៃ​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ខ្វះខាត​ការ​ស៊ើប​អង្កេត​ដ៏​មាន​ប្រសិទ្ធភាព ខ្វះខាត​យន្តការ​ក្នុង​ការ​រក្សា​ភស្តុតាង ប្រព័ន្ធ​ការពារ​សាក្សី សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត គ្មាន​ធនធាន​គ្រប់គ្រាន់ ខ្វះ​ឯករាជ្យភាព មាន​អំពើ​ពុករលួយ​ក្នុង​ដំណើរការ​ស៊ើបអង្កេត និង​អំពើ​ពុករលួយ​នៃ​ស្ថាប័ន​ព្រះរាជអាជ្ញា៕


No comments:

Post a Comment