Paris Peace Accords 23 Oct. 1991

Sunday, November 8, 2015

លោក ហ៊ុន ម៉ានី ព្រមាន​ ចាត់វិធានការ​ លើ​អ្នក​ ភ្ជាប់​លោក ​នឹង​ព្រឹត្តិការណ៍ ​វាយ​តំណាងរាស្ត្រ | Hun Many to take measures against anyone who attaches him to brutal attack of MPs

លោក ហ៊ុន ម៉ានី ព្រមាន​ ចាត់វិធានការ​ លើ​អ្នក​ ភ្ជាប់​លោក ​នឹង​ព្រឹត្តិការណ៍ ​វាយ​តំណាងរាស្ត្រ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ វិច្ឆិកា ២០១៥

ហ៊ុន ម៉ានី ៦២០
កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី។ រូបថត​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ / RFA/Brach Chev


កូន​ប្រុស ​របស់​ លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក ហ៊ុន ម៉ានី,  ប្រកាស​ ចាត់​វិធានការ ​ផ្លូវ​ច្បាប់ ​លើ​អ្នក ​ដែល​ភ្ជាប់​លោក​ ទៅ​ នឹង​ព្រឹត្តិការណ៍​ ហិង្សា ​លើ​អ្នក ​តំណាងរាស្ត្រ ​បក្ស​ប្រឆាំង ២​រូប នៅ​មុខ ​រដ្ឋសភា​កាល ​ពី​ថ្ងៃ​ ទី​២៦ ខែ​តុលា។  ការ​ប្រកាស​នេះ   ធ្វើ​ឡើង​ នៅ​ក្នុង​លិខិត ​បំភ្លឺ​ចំហ ដែល​លោក ហ៊ុន ម៉ានី បង្ហោះ​ ផ្សព្វផ្សាយ​ ជា​សាធារណៈ ​នៅ​លើ​ទំព័រ​ ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

កូន​ប្រុស ​របស់​លោក ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ ​គណបក្ស​ ប្រជាជន​កម្ពុជា ប្រចាំ​ មណ្ឌល ​កំពង់ស្ពឺ លោក ហ៊ុន ម៉ានី អះអាង​ ថា, ការ​ចាត់​ វិធានការ​នេះ គឺ​ ដើម្បី​ ការពារ​ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ​របស់​លោក។


ក្នុង​លិខិត​បំភ្លឺ​ចំហ​របស់​ខ្លួន លោក ហ៊ុន ម៉ានី លើក​ឡើង​ថា ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ ទី​២៦ ខែ​តុលា មក លោក​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​តូច​ព្យាយាម​ភ្ជាប់​លោក​ទៅ​នឹង​ ព្រឹត្តិការណ៍​នេះ បើ​ទោះ​ជា​លោក​បាន​ប្រកាស​ផ្ដន្ទាទោស​ចំពោះ​ជន​ដៃដល់​ភ្លាមៗ​ក្រោយ​ ព្រឹត្តិការណ៍​ហិង្សា​នោះ​ក្តី។

​លោក ហ៊ុន ម៉ានី ជាមួយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​ឃើញ​ចេញ​មក​ទទួល​ញត្តិ​ពី​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា ដើម្បី​ស្នើ​ដក​តំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​រដ្ឋ​សភា។ លោក ហ៊ុន ម៉ានី ថ្លែង​ថា ដោយសារ​តែ​វត្តមាន​របស់​លោក​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​នេះ លោក​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ផ្សារភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​ហិង្សា​ នោះ តាម​រយៈ​ការ​បង្ហោះ​រូប​លោក​ជាមួយ​បុគ្គល​មួយ​ចំនួន​ដែល​លោក​បាន​ថត​ជាមួយ​ ពី​មុន​មក តាម​ការ​បន្ទរ​ជា​សំនួនវោហារ​ចោទ​ប្រកាន់​ពី​ស្ថាប័ន​គាំទ្រ​បែប​នយោបាយ តាម​រយៈ​កិច្ច​សម្ភាសន៍ និង​តាម​រយៈ​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​មួយ​ចំនួន​ជាដើម។

លោក ហ៊ុន ម៉ានី មិន​បាន​បញ្ជាក់​ឲ្យ​ចំ​ឈ្មោះ​បុគ្គល និង​ស្ថាប័ន​ដែល​លោក​ចោទ​ប្រកាន់​នោះ​ទេ។ ប៉ុន្តែ​លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​រូបលោក​ថា គ្មាន​មូលដ្ឋាន ជា​ការ​បំផ្លើស​ការ​ពិត និង​ជា​រឿង​អយុត្តិធម៌ ដែល​លោក​គប្បី​ទទួល​បាន​ការ​ការពារ​ស្រប​ច្បាប់​ដូច​ពលរដ្ឋ​ទូទៅ។

លោក ហ៊ុន ម៉ានី បញ្ជាក់​ថា លោក​នឹង​ចាត់​វិធានការ​សមស្រប​ដោយ​ទាមទារ​ជា​ដាច់ខាត​ឲ្យ​អ្នក​ចោទ​ប្រកាន់​ លោក​សុំ​ទោស​ជា​សាធារណៈ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​នាម​លោក​ ជា​អ្នកតំណាងរាស្ត្រ​មួយ​រូប។

​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ត្រូវ​បាន​គេ​ដឹង​ថា ​ដឹកនាំ​ដោយ​ក្រុម​សេនា​នាគ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ចំណោម​ក្រុម​ដឹកនាំ​នេះ ក៏​មាន​កូនៗ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ផង​ដែរ។ សាក្សី​មួយ​ចំនួន​ដែល​ជា​អ្នក​បើក​រថយន្ត​ដឹក​បាតុករ​បាន​ប្រាប់​វិទ្យុ​ អាស៊ីសេរី​ថា ពួកគេ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ដឹក​មនុស្ស​ចេញ​ពី​បន្ទាយ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន មក​ទម្លាក់​នៅ​មុខ​រដ្ឋ​សភា។

យ៉ាង​ណា ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​នោះ លោក ហ៊ុន ម៉ានី បាន​ថ្លែង​ថ្កោលទោស និង​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ចាប់​ខ្លួន​ជន​ដៃដល់​មក​ ផ្ដន្ទាទោស​តាម​ច្បាប់។

ទាក់ទង​រឿង​នេះ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត កត់សម្គាល់​ថា លោក ហ៊ុន ម៉ានី មិន​គួរ​ភ័យខ្លាច​ពេក​នោះ​ទេ ព្រោះ​ថា នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន ម៉ានី ពិត​ជា​បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ព្រឹត្តិការណ៍​ហិង្សា​នោះ​មែន។ លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​គឺ​ភាព​ស្អាតស្អំ​របស់​លោក ហ៊ុន ម៉ានី ទៅ​វិញ​ទេ៖ «យើង​មិន​អាច​ហាម​ឃាត់​បុគ្គល​ណា​បាន​ទេ​នូវ​ការ​ បង្ហោះ​ហ្វេសប៊ុក ឬ​ក៏​បញ្ចេញ​មតិ​របស់​គេ តែ​អ្វី​ដែល​ជា​ភាព​ស្អាតស្អំ ដូច​ខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង​ថា ឯកឧត្ដម ហ៊ុន ម៉ានី គាត់​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​សំខាន់​បំផុត​វា​អាស្រ័យ​ទៅ​លើ​សមត្ថកិច្ច​ដែល​ធ្វើ​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត ដើម្បី​ស្វែង​រក​ជន​ដៃដល់»

ចំពោះ​ព្រឹត្តិការណ៍​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ជន​ដៃដល់​ចំនួន ៣​នាក់​បាន​ចូល​ខ្លួន​សារភាព។ បច្ចុប្បន្ន​ជន​ដៃដល់​ទាំង ៣​នាក់​នោះ​ត្រូវ​បាន​តុលាការ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ ពន្ធនាគារ​ព្រៃ​ស។ ជន​ដៃ​ដល់​ម្នាក់​ក្នុងចំណោម​ជន​ដៃដល់​ទាំង​អស់​នោះ ត្រូវ​បាន​គេ​បង្ហោះ​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ថា បុគ្គល​រូប​នោះ​គឺ​ជា​ទាហាន​ពាក់​ស័ក្ដិ​៥ ទៀត​ផង៕



1 comment:

  1. Anonymous8:21 AM

    ថាហើយ ហ៊ុន មានី ជាង្នកផ្តើមប្រមូលធ្វើបាតុកម្ម តែឥឡូវគឺវាបែរជាមិនដឹងអីទេ រួចខ្លួន ច្បាស់ជាគ្មានង្នកណា ហ៊ានទេ ទោះតុលាការក៍មិន ហ៊ានដែរ គឺមិនអាចចោទគេថានៅពីក្រោយរឿងវាយនេះបានទេ ចយដឹកអើយ

    ReplyDelete