ក្រសួង មហាផ្ទៃ បង្កើត គណៈកម្មការ ទប់ស្កាត់ ការតវ៉ាប្រឆាំង នឹងការចាប់ខ្លួន លោក សម រង្ស៊ី
VOD / វីអូឌី | ១៦ វិច្ឆិកា ២០១៥
រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ លោក ស ខេង បានចេញ សេចក្តីសម្រេច មួយ ដោយបង្កើត គណៈកម្មការ មួយ ក្នុងការ ចាប់ខ្លួន ប្រធាន គណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី និងទប់ស្កាត់ ការតវ៉ា ប្រឆាំង នឹងការ ចាប់ខ្លួននេះ។
សេចក្តីសម្រេច មួយ ចុះហត្ថលេខា ដោយលោក ស ខេង នៅថ្ងៃ ទី១៥ ខែវិច្ឆិកា ឲ្យដឹង ថា, រដ្ឋាភិបាល បានបង្កើត គណៈកម្មការ មួយ ដោយអនុវត្ត ដីកា របស់ តុលាការ ដែលបង្គាប់ ចាប់ខ្លួន លោក សម រង្ស៊ី។ គណៈកម្មការ នោះ មានលោក ឯម សំអាន រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ជាប្រធាន, និងលោក នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ, លោក សុខ ផល អគ្គនាយក អន្តោប្រវេសន៍ និងលោក គុយ ប៊ុនសន អគ្គនាយក ពន្ធនាគារ ជាអនុ ប្រធាន។
គណៈកម្មការនោះ ក៏មាន សមាជិក ៤រូបទៀត គឺ លោក កង សុខន អគ្គស្នងការ រង នគរបាល ជាតិ, លោក ជួន សុវណ្ណ ស្នងការ នគរបាល រាជធានីភ្នំពេញ, និងលោក ខេង សុមេធ និងលោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការ រង នគរលបា ជាតិ។
បើ តាមសេចក្តី សម្រេចនោះ គណៈកម្មការ បានបែងចែក ក្រុមការងារ ទទួលខុសត្រូវ នៅគោលដៅ រាជធានីភ្នំពេញ និងនៅខេត្ត សៀមរាប។ គណៈកម្មការនេះ ក៏មាន ភារកិច្ច ក្នុងការ ប្រមែប្រមូល ព័ត៌មាន និងសភាពការណ៍ ចលាចល ផ្សេងៗ ការពារ សន្តិសុខ សុវត្ថិភាព ទណ្ឌិត ពេលបញ្ជូនខ្លួន ទៅកាន់ មន្ទីរឃុំឃាំង និងបង្ការ ទប់ស្កាត់ បាតុភាពនានា ដែលបង្ក ការរំខាន ដល់ការអនុវត្ត ដីកា។
អ្នកនាំពាក្យ គណបក្ស សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់វីអូឌី ថា, តាមគ្រោង លោក សម រង្ស៊ី នឹងមកដល់ នៅម៉ោង ប្រមាណ១០ យប់នេះ។ លោក បន្ថែមថា, លោក សម រង្ស៊ី បានផ្លាស់ប្តូរ ទីតាំង នៃការមកដល់នៅខេត្តសៀមរាប ដោយសារមិនចង់បង្កការលំបាក ប្រសិនបើអាជ្ញាធរចង់ចាប់ខ្លួនរូបលោក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌីថាសមត្ថកិច្ចនឹងចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ពេលលោកមកដល់ប្រទេសកម្ពុជា។ លោកបន្តថាលោកមិនទាន់ដឹងថាត្រូវចាប់ខ្លួននោះនឹងធ្វើឡើងនៅអាកាសដ្ឋានអន្តរជាតិភ្នំពេញឬយ៉ាងណានោះទេ។ លោកបញ្ជាក់ថា៖ សមត្ថកិច្ចរបស់យើងវាមានតែអនុវត្តតាមដីកា។ ប៉ុន្តែការចាប់ខ្លួនក៏មិនទាន់ដឹងថានឹងត្រូវចាប់នៅព្រលានឬនៅទីណាទេ? ចាប់កន្លែងណាឲ្យហើយ ស្រេចតែគេ អាហ្នឹងគេចេះច្បាប់ ចាប់ត្រង់ណាក៏ដោយ ក៏ប៉ូលិសនៅស្រុកខ្មែរដែរ។
នៅពេលសាកសួរពីការតវ៉ារបស់ប្រជាជនដែលគាំទ្រលោក សម រង្ស៊ី លោក ខៀវ សុភ័គ បានបញ្ជាក់ថា៖ គំាទ្រមិនគំាទ្រ គេមានអ្នកប្រឆំាងលោក សម រង្ស៊ី ក៏ច្រើនជាងនេះទៀត។(វីអូឌី) អញ្ចឹងមានន័យថា ទាក់ទងនឹងបញ្ហាហ្នឹង សមត្ថកិច្ចនឹងរៀបចំបែបផែនយ៉ាងម៉េចដែរលោកពូ? សមត្ថកិច្ចយើងគ្មានអ្វីក្រៅពីចាប់ខ្លួនទៅពន្ធនាគារ ព្រោះមានដីកា ឲ្យពូធ្វើម៉េចតុលាការបង្គាប់អញ្ចឹង។
លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ គណបក្សសង្រ្គោះជាតិចាត់ទុកថានេះជាដីកានយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលោក សម រង្ស៊ី ជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រគណបក្សនយោបាយ។ លោកបន្តថាគណបក្សប្រជាជនកម្ពុជាមិនមានគម្រោងរៀបចំឲ្យមានការតវ៉ាប្រឆាំងនឹងប្រជាពលរដ្ឋគាំទ្រលោក សម រង្ស៊ី នោះទេ ប៉ុន្តែលោកថាប្រសិនបើមានប្រជាពលរដ្ឋតវ៉ាប្រឆាំងតបត ជាសិទ្ធិរបស់ពួកគេ។
ពីប្រទេសកូរ៉េ លោក សម រង្ស៊ី កាលពីសប្តាហ៍មុន បានថ្លែងថាលោកនឹងត្រឡប់មកប្រទេសកម្ពុជាតាមគម្រោងរបស់លោក បើទោះជាមានការចាប់ខ្លួនក៏ដោយ ដោយបញ្ជាក់ថាបើទោះលោកត្រូវស្លាប់ ក៏លោកនឹងត្រឡប់មកកម្ពុជាវិញ។ លោកមានប្រសាសន៍ថា៖ យើងអត់តក់ស្លុតទេក្មួយ យើងត្រូវរក្សាជំហរយើងឲ្យរឹងមាំ។ ឥឡូវក្មួយម្នាក់សួរខ្ញុំ ថាគេតាមចាប់សម រង្ស៊ី សម រង្ស៊ី ខា្លចទេ អត់ខ្លាចទេ។ សម រង្ស៊ី កឹម សុខា ដូចកូនខ្មែរទាំងអស់ សុខចិត្តបូជាជីវិតឲ្យតែជាតិបានរស់…។ ដូច្នេះខ្ញុំអត់ខ្លាចទេ ចង់យកខ្ញុំទៅធ្វើអីធ្វើទៅ តែទោះជាយ៉ាងណាក៏ដោយ ព្រលឹងខ្ញុំនៅតែស្រឡាញ់ខ្មែរ តាមការពារខ្មែរជានិច្ច។
លោក បន្ថែមថា៖ ខ្ញុំត្រូវតែចូលទៅវិញ ដើម្បីទៅសង្រ្គោះជាតិរបស់យើង ឲ្យទាល់តែបាន។ គម្រោងខ្ញុំអត់មានការផ្លាស់ប្តូរទេ បើត្រូវស្លាប់ក៏ស្លាប់ ប៉ុន្តែស្លាប់ជាខ្មែរ មិនស្លាប់ជាអ្នកបម្រើបរទេសដាច់ខាត។
ថ្មីៗនេះ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជា "កូនអាក្បត់ជាតិ" ហើយលោកក៏បានព្រមានប្រើប្រព័ន្ធច្បាប់ចាត់ការមេបក្សប្រឆាំងរូបនេះ ទាក់ទងនឹងការចោទប្រកាន់ថាលោកមានបំណងបង្អាក់ការបោះឆ្នោតនៅកម្ពុជា។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបដិសេធថារដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់លោក សម រង្ស៊ី នោះទេ។ លោកបញ្ជាក់ថា៖ ចំណាត់ការរបស់តុលាការគឺជាករណីបុគ្គលនិងបុគ្គលសុទ្ធសាធ ហើយមិនមែនជាការបញ្ចេញមតិឬការងារនយោបាយទេ។ ករណីចំណាត់ការរបស់តុលាការគឺជាហេតុផលនៃយុត្តិធម៌រវាងអង្គហេតុនិងអង្គច្បាប់។ ករណីអភ័យឯកសិទ្ធិគឺជារឿងដាច់ដោយឡែកមួយទៀតដែលជាការទទួលខុសត្រូវរបស់រដ្ឋសភា៕
No comments:
Post a Comment