លោក សម រង្ស៊ី (ឆ្វេង) ប្រធាន គណបក្ស សង្គ្រោះជាតិ និងលោក ហោ ណាំហុង (ស្ដាំ) រដ្ឋមន្ត្រី ការបរទេសកម្ពុជា។ |
ក្រសួង មហាផ្ទៃ ថា មិនមាន ការដាក់ កម្លាំង ដើម្បី ត្រួតពិនិត្យ សន្តិសុខ ទៀតទេ
មន្ត្រីជាន់ខ្ពស់ ក្រសួង មហាផ្ទៃ បដិសេធ ថា, ចាប់ ពីពេលនេះ ទៅ ពុំ មានផែនការ ដាក់ពង្រាយ កម្លាំង នគរបាល នៅតាម ទីសាធារណៈ ដើម្បី ពង្រឹងសន្តិសុខ ដូចរាត្រី ថ្ងៃទី១៦ ខែវិច្ឆិកា ទៀតទេ។
នៅចំថ្ងៃ ដែលប្រធាន គណបក្ស ជំទាស់ ប្រកាស ថា នឹងវិល ចូលស្រុកវិញ, កម្លាំង ចម្រុះ ជាច្រើន រយនាក់ អមដោយឡាន គ្រប់ប្រភេទផង ត្រូវ គេ ដាក់ពង្រាយ ដើម្បី ចាប់ខ្លួន លោក សម រង្ស៊ី។ កម្លាំងទាំងនោះ គេ សង្កេតឃើញ ឈរជើង នៅតាម មហាវិថី សហព័ន្ ធរុស្ស៊ី និងច្រក សំខាន់ៗ មួយចំនួនទៀត ជាពិសេស គឺ សន្តិសុខ ត្រូវ បានរឹតបន្តឹង ជាងមុន ខុស ពីសព្វមួយដង ចាប់ ពីប្រលានយន្តហោះ ចូលមក ទីក្រុងភ្នំពេញ។ ចំណែក គណបក្ស ប្រឆាំង ចាត់ទុក ដីកា ចាប់ខ្លួន លោក សម រង្ស៊ី ថា ជារឿង នយោបាយ សុទ្ធសាធ។
មន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ការមិនដាក់ពង្រាយកម្លាំងជាថ្មីទៀតនៅពេលនេះ ដោយសារតែប្រធានគណបក្សជំទាស់ បានពន្យារពេលការវិលត្រឡប់មកកម្ពុជា វិញ ដូចការគ្រោងទុក ហេតុនេះកម្លាំងនគរបាលមិនចាំបាច់ដាក់ពង្រាយអ្វីទៀតឡើយ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍យ៉ាងខ្លីថា នៅពេលនេះ អាជ្ញាធរពុំមានផែនការដាក់ពង្រាយកងកម្លាំងនៅតាមទីសាធារណៈ ដូចរាត្រីថ្ងៃទី១៦ វិច្ឆិកា ទៀតទេ។ លោកបន្តថា មូលហេតុដែលមិនត្រូវការកម្លាំងនគរបាលទៀតនេះ ដោយសារតែពុំមានវត្តមានរបស់លោក សម រង្ស៊ី៖ «»។
នៅចំថ្ងៃដែលលោក សម រង្ស៊ី ប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញ គឺគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលសមាជិកភាគច្រើនលើសលប់ ជាតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចនោះ បានទាត់ចោលសំណើរបស់គណបក្សប្រឆាំង ដែលទាមទារឲ្យទម្លាក់ដីការបស់តុលាការ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានធ្វើសេចក្ដីសម្រេចលុបឈ្មោះលោក សម រង្ស៊ី ពីបញ្ជីឈ្មោះអ្នកតំណាងរាស្ត្រ ទាំងព្រឹកព្រលឹមយ៉ាងតក់ក្រហល់ និងជាឯកតោភាគី។ ការសម្រេចលុបឈ្មោះ លោក សម រង្ស៊ី ពីសមាជិកភាពនៃអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នេះ ធ្វើឡើងក្នុងរយៈពេល ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតំណាងអយ្យការអមតុលាការក្រុងភ្នំពេញ លោក ស៊ឺ វណ្ណនី ចេញដីកាឲ្យចាប់ខ្លួនលោក សម រង្ស៊ី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។
មូលហេតុដែលតុលាការក្រុងភ្នំពេញ សម្រេចលើកយកសំណុំរឿងដែលមានអាយុកាល ៧ឆ្នាំរបស់លោក ហោ ណាំហុង លើបទបរិហារកេរ្តិ៍ និងញុះញង់ មកសើរើឡើងវិញ គឺនៅបន្ទាប់ពីមានការខ្វែងគំនិតគ្នាផ្នែកនយោបាយតាមបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ជាថ្មីទៀត រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ក្រោយថ្ងៃទី១១ វិច្ឆិកា មក។
បើទោះជាបែបណា ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួននេះ គឺតុលាការសំអាងហេតុថា អនុវត្តតាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ដែលឲ្យលោក ហោ ណាំហុង ឈ្នះក្ដីលើលោក សម រង្ស៊ី។ក៏ប៉ុន្តែប្រធានគណបក្សជំទាស់បានចេញសារនយោបាយរបស់ខ្លួននៅ ថ្ងៃទី១៧ ខែវិច្ឆិកា លើបណ្ដាញសង្គមរបស់លោកថា ការពិតចាប់តាំងពីខែមេសា ឆ្នាំ២០១១ តុលាការកំពូលរបស់ប្រទេសបារាំង បានកាត់ក្ដីឲ្យលោកឈ្នះក្ដីលើលោក ហោ ណាំហុង និងបានចេញសាលដីកាស្ថាពររួចទៅហើយ។ លោកបន្តថា ផ្ទុយពីនេះ កាលពីឆ្នាំ២០១៣ ក្នុងសំណុំរឿងដដែលពីបទបរិហារកេរ្តិ៍នេះវិញ បែរជាតុលាការនៅក្នុងប្រទេសកម្ពុជា បានយកសំណុំរឿងនេះមកជម្រះជាថ្មីឡើងវិញ ហើយនៅទីបំផុតឲ្យលោកចាញ់ក្ដីលោក ហោ ណាំហុង វិញម្ដង។
បើទោះជាយ៉ាងណា ជុំវិញការវិលត្រលប់ចូលប្រទេសកម្ពុជាវិញ របស់ប្រធានគណបក្សជំទាស់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អះអាងថា នៅមិនទាន់ប្រាកដថា នឹងមកនៅពេលណានៅឡើយទេ គឺត្រូវរង់ចាំការប្រជុំសម្រេចពីថ្នាក់ដឹកនាំគណបក្សដែលនឹងរៀបចំ នៅថ្ងៃទី១៨ ខែវិច្ឆិកា ជាមុនសិន។ លោកបន្ថែមថា ការពន្យារពេលវិលចូលប្រទេសវិញនេះ គឺលោក សម រង្ស៊ី នៅតែមក ក៏ប៉ុន្តែអ្វីដែលបញ្ហាគឺនៅត្រង់ថា កំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចៀសហិង្សាដែលអាចកើតឡើងដោយចៃដន្យ ណាមួយរវាងអ្នកគាំទ្រ និងនគរបាលប៉ុណ្ណោះ៖ «»។
ជុំវិញការចាប់ខ្លួនលោក សម រង្ស៊ី នេះមានប្រតិកម្មយ៉ាងខ្លាំងពីអន្តរជាតិ ដោយចាត់ទុកថា នេះជាការរុញច្រានឲ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ។
ស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានជំរុញឲ្យរដ្ឋសភាកម្ពុជា ប្រគល់សមាជិកភាពសភា និងអភ័យឯកសិទ្ធិសភាទៅឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិញ។ សហរដ្ឋអាមេរិក ក៏ទទូចឲ្យរដ្ឋាភិបាលដកចេញនូវដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ចេញថែមទៀតផង។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូម៉ែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អះអាងថា លោក ហ៊ុន សែន បានបង្កើតកំហុសមួយដ៏ធំចំពោះការធ្វើទុក្ខបុកម្នេញ លោក សម រង្ស៊ី នៅមុនពេលកិច្ចប្រជុំអាស៊ានលើកទី២៧ នៅប្រទេសម៉ាឡេស៊ី។ លើសពីនេះទៀត ប្រទេសជាសមាជិកអាស៊ាននឹងអាចលើកយកបញ្ហាកម្ពុជា ទៅជជែកនៅកិច្ចប្រជុំអាស៊ាន ពីព្រោះប្រទេសជាសមាជិកធុញថប់នឹងការរំលោភសិទ្ធិមនុស្ស និងការធ្វើបាបបក្សប្រឆាំងនៅកម្ពុជា៕
No comments:
Post a Comment