ភោជនីយដ្ឋាន ខ្មែរ Le Petit Cambodge ក្លាយជា ទីសោកនាដកម្ម ភេរវកម្ម នៅក្រុង ប៉ារីស
ភោជនីយដ្ឋានខ្មែរ Le Petit Cambodge នៅព្រឹកថ្ងៃបន្ទាប់ នៃភេរវកម្មបាញ់រះសម្លាប់មនុស្សCREDIT:Pisey MAM
ភេរវកម្ម ដ៏សាហាវ ព្រៃផ្សៃ និងធ្ងន់ធ្ងរ មិនធ្លាប់មាន សម្រាប់ ប្រទេស បារាំង បានកើត មានឡើង នៅទីកន្លែង ៦ ផ្សេងៗគ្នា និងក្នុងពេល តែមួយ គឺ នៅវេលា ម៉ោង ប្រហែល ជា៩ និង៣០ នាទី យប់ថ្ងៃសុក្រ ទី១៣ វិច្ឆិកា។ ភោជនីយដ្ឋាន ខ្មែរ Le Petit Cambodge ដែលស្ថិត ក្នុងសង្កាត់ ទី១១ ក្រុងប៉ារីស គឺ ជាទីប្រជុំជន ដែលសំបូរ មនុស្សម្នា ច្រើនអ៊ូរអរ, ហើយ ដែលភ្ញៀវ ភាគច្រើន ជាជនជាតិ បារាំង។ នៅក្នុង ភោជនីយដ្ឋាននេះ និងភោជនីយដ្ឋាន មួយទៀត នៅទល់មុខ មានអ្នកស្លាប់ ប្រហែល ជា ១២ ទៅ ១៤ នាក់, ហើយ បើតាម ការស្មាន ជាជំហានដំបូង គឺ មិនមាន ប្រជាជនខ្មែរ រងគ្រោះ ក្នុងហេតុការណ៍ នេះទេ។
ព្រឹក ថ្ងៃសៅរ៍ ទី១៤ វិច្ឆិកា មនុស្សម្នាចាប់ផ្តើមមកកកកុញ នៅខាងមុខភោជនីយដ្ឋាន Le Petit Cambodge បន្ទាប់ពីបានទទួលដំណឹងថា ទីនេះ ជាទីកន្លែងកើតហេតុបាញ់រះ សម្លាប់មនុស្ស កាលពីយប់ថ្ងៃសុក្រ។ ស្នាមឈាម មាននៅពាសពេញ ខាងមុខភោជនីយដ្ឋាន លើចិញ្ចើមថ្នល់។ នៅទល់មុខភោជនីយដ្ឋានខ្មែរនេះ មានភោជនីយដ្ឋានបារាំងមួយទៀត ឈ្មោះ Le Carillon ក៏បានរងគ្រោះក្នុងហេតុការណ៍ភេរវកម្មនេះដែរ។ ដូចគ្នា និងភោជនីយដ្ឋានខ្មែរ គឺមានស្នាមឈាមពាសពេញ លើចិញ្ចើមផ្លូវមុខហាង។ នៅលើកញ្ចក់ និងជញ្ជាំងអាគារ គេឃើញមានស្នាមគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ។
មនុស្សម្នា ដែលមកដល់កន្លែងកើតហេតុ ក្នុងទឹកមុខស្រងូតស្រងាត់ រញ្ជួលចិត្តនឹងហេតុការណ៍ដ៏សែនរន្ធត់ ដែលបានកើតឡើង។ អ្នកខ្លះ មានផ្កា មានទៀន មានធូប ដើម្បីយកមកអុជរំលឹកវិញ្ញាណខ័ន ដល់អ្នកស្លាប់ នៅក្នុងភោជនីយដ្ឋានទាំងពីរ។ ពិនិត្យតាមស្នាមឈាម ដែលនៅតាមចញ្ចើមថ្នល់ខាងមុខហាង គឺមានន័យថា ឃាតករបានបាញ់រះ សម្លាប់មនុស្សដែលជាភ្ញៀវកំពុងអង្គុយបរិភោគ នៅខាងក្រៅហាងទាំងពីរ។
បើតាមការផ្តល់ដំណឹង ពីនគរបាលបារាំង នៅភោជនីយដ្ឋានទាំងពីរនេះ មានអ្នកស្លាប់ចំនួន ពី ១២ ទៅ ១៤នាក់។ ចំនួនអ្នករបួសធ្ងន់ មានច្រើននាក់ផ្សេងទៀត។ ជាសំណាងល្អ ភោជនីយដ្ឋានទាំងពីរ មានទីតាំងនៅជាប់នឹងមន្ទីរពេទ្យ Saint Louis ដែលជាមន្ទីរពេទ្យដ៏ធំមួយនៅក្រុងប៉ារីស ហើយដែលអ្នករបួសភាគ ច្រើន ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាប់ភ្លាមៗតែម្តង។
សូមបញ្ជាក់ថា ភោជនីយដ្ឋានខ្មែរ Le Petit Cambodge គឺជាភោជនីយដ្ឋានម្ហូបខ្មែរដ៏ល្បីនិងពេញនិយម សម្រាប់ភ្ញៀវជាជនជាតិបារាំង និងអឺរ៉ុបទូទៅ។ ភោជនីយដ្ឋាននេះ ស្ថិតនៅចំណុចប្រសព្វផ្លូវបែកជា៥ ដែលសំបូរសុទ្ធតែភោជនីយដ្ឋាន បារ និងកន្លែងពិសារភេសជ្ជៈផ្សេងៗ។ ជាធម្មតាទីនេះ មានមនុស្សអ៊ូអរណាស់ ជាពិសេស គឺពេលល្ងាចថ្ងៃចុងសប្តាហ៍ជាដើម។
ស្មាមឈាម នៅលើចញ្ចើមផ្លូវ ខាងមុខភោជនីយដ្ឋាន Le Carillon និង Le Petit CambodgeCREDIT:RFI-Pisey MAM
សង្កាត់ ទី១១ នៃក្រុងប៉ារីស ជាសង្កាត់ ដែលមានភាពអ៊ូអរ សំបូរយុវវ័យ និស្សិត និងអ្នកក្រុងប៉ារីស វ័យក្មេង ហ៊ឺហា ទាន់សម័យដើរកម្សាន្ត ជួបជុំមិត្តភ័ក្ត ទាំងក្រុមៗ។ ហេតុដូច្នេះហើយ បានជាពូកភេរវករ បានជ្រើសរើសតំបន់នេះ ជាកន្លែងវាយប្រហារ ដើម្បីធ្វើយ៉ាងណា សម្លាប់មនុស្សឲ្យបានច្រើនបំផុត។ ទីតាំងវាយប្រហារផ្សេងទៀត ក៏ស្ថិតនៅក្នុងសង្កាត់ទី១១នេះ ហើយនៅ មិនឆ្ងាយពីភោជនីយដ្ឋាន Le Petit Cambodge នេះប៉ុន្មានដែរ។ ដោយឡែក ទីស្នាក់ការកាសែត Charlie Hebdo ដែលធ្លាប់រងភេរវកម្ម កាលពីខែមករា ដើមឆ្នាំ ក៏ស្ថិតនៅក្នុងសង្កាត់នេះដែរ។ ចំណែក ពហុកីឡាដ្ឋានជាតិបារាំង ក៏នៅភាគខាងជើង ជាយក្រុងប៉ារីស មិនឆ្ងាយប៉ុន្មានពីសង្កាត់នេះដែរ។
ពួកវេរវករ បានរៀបចំរួចជាស្រេច ដោយបានធ្វើការវាយប្រហារក្នុងពេលតែមួយ នៅកន្លែង៦ ផ្សេងៗគ្នា ហើយកន្លែងនិមួយៗ សុទ្ធតែជាទីប្រជុំជន សំបូរមនុស្សអ៊ូអរ។ ចំនួនអ្នកស្លាប់សរុប គិតមកត្រឹមពេលនេះ បានកើនឡើងរហូតដល់ ១២៧នាក់។ អ្នករបួសធ្ងន់ មានចំនួនជាង៨០នាក់ និងស្រាល ជិត២០០នាក់។ រដ្ឋាភិបាលបារាំង បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ហើយបានសន្យាយ៉ាងម៉ឺងម៉ាត់ កំចាត់បណ្តាញភេរវករ ឲ្យខាងតែបាន៕
Pourquoi nous, le [petit] Cambodge!!! Merde oh merde!!!
ReplyDelete