Paris Peace Accords 23 Oct. 1991

Monday, November 9, 2015

សាលា​ក្រុង​ ត្រៀម​រៀបចំ សណ្ដាប់ធ្នាប់​ ចរាចរណ៍​ សម្រាប់​ ពិធី​បុណ្យ ​ឯករាជ្យ​ជាតិ | Municipality prepares traffic order for Independence Day

សាលា​ក្រុង​ ត្រៀម​រៀបចំ សណ្ដាប់ធ្នាប់​ ចរាចរណ៍​ សម្រាប់​ ពិធី​បុណ្យ ​ឯករាជ្យ​ជាតិ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ វិច្ឆិកា ២០១៥

 

បុណ្យ​ឯករាជ្យ ៦២០
ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ប្រទាន​ភ្លើង​ជ័យ និង​ដាក់​កម្រង​ផ្កា នៅ​ឯ​វិមាន​ឯករាជ្យ រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ៩ វិច្ឆិកា ២០១៤។  RFA/Leng Maly

កម្ពុជា នឹង​រៀបចំ​ ខួប​ អនុស្សាវរីយ៍ ​លើក​ ទី​៦២ នៃ​ទិវា​បុណ្យ​ ឯករាជ្យ​ជាតិ​ នៅ​ថ្ងៃ​ ទី​៩ ខែ​វិច្ឆិកា។  បើ​ ទោះ​ជា​ ពិធី​នេះ ត្រូវ​ បាន​ប្រារព្ធ​ ធ្វើ​ឡើង​ នៅ​ទូទាំង​ ប្រទេស​ក្តី, ប៉ុន្តែ​ ពិធី​ថ្នាក់​ជាតិ នឹង​ប្រារព្ធ​ឡើង​ នៅ​ទីតាំង ​វិមាន​ ឯករាជ្យ ​រាជធានី​ ភ្នំពេញ។

ដើម្បី ​រៀបចំ​ពិធី​នេះ សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ថា នឹង​ធ្វើ​ការ​សម្រួល​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ដោយ​មិន​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ ឆ្លង​កាត់​ផ្លូវ​ដែល​នៅ​ក្បែរ​ទីតាំង​វិមាន​ឯករាជ្យ ដូចជា​កំណាត់​វិថី​ព្រះសីហនុ វិថី​សម្ដេច​សុធារស ផ្លូវ​សម្ដេច​ព្រះសុរាម្រិត និង​កំណាត់​ផ្លូវ​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្បែរៗ​នោះ។

ចំពោះ​កម្មវិធី​វិញ សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា មាន​ពិធី​ដាក់​កម្រង​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ចាប់​ពី​ម៉ោង ២ រហូត​ដល់​ម៉ោង ៤​រសៀល។

ចំណែក​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ព្រះ​រាជ​ពិធី​ប្រទាន​ភ្លើង​ជ័យ ចាប់​ផ្ដើម​ពី​ម៉ោង ៥​ព្រឹក រហូត​ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ ហើយ​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ព្រះ​រាជ​ពិធី​ពន្លត់​ភ្លើង​ជ័យ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ១​រសៀល​ដល់​ម៉ោង ៦​ល្ងាច។

ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង រយៈពេល ៩០​ឆ្នាំ គឺ​ពី​ឆ្នាំ​១៨៦៣ រហូត​ដល់​ឆ្នាំ​១៩៥៣។

ក្នុង​ខួប ៦២​ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​ជាតិ​នេះ​ដែរ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​ចូលរួម​អបអរ​សាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​កម្ពុជា។ លោក បារ៉ាក់ អូបាម៉ា បាន​ជូន​ពរ​ពលរដ្ឋ​កម្ពុជា ទទួល​នូវ​សេចក្តី​សុខ ហើយ​ថ្លែង​ថា សហរដ្ឋ​អាមេរិក នឹង​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​លើក​កម្ពស់​នូវ​វិបុលភាព​រវាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ។

ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣-៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក៏​ជា​ខួប​លើ​ទី​៦២​ឆ្នាំ នៃ​ទិវា​កំណើត​កង​យោធពល​ខេមរភូមិន្ទ។ កន្លង​មក ក្រសួង​ការពារ​ជាតិ​កម្ពុជា ក៏​តែង​ប្រារព្ធ​ពិធី​នេះ​ផ្លូវ​ការ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ៕



No comments:

Post a Comment