មន្ត្រី បក្សកាន់អំណាច ថា, តំណាងរាស្ត្រ បក្សប្រឆាំង មិនចូលប្រជុំ សភា ជាលេស នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ៦ វិច្ឆិកា ២០១៥
អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា ថ្លែងថា, ការប្រកាស មិនព្រម ចូលរួម ប្រជុំ សភា របស់ គណបក្ស សង្គ្រោះជាតិ ដោយសារតែ ហេតុផល សន្តិសុខ ផ្ទាល់ខ្លួន គឺ ជាលេស នយោបាយ របស់ បក្សប្រឆាំង។ ការលើកឡើង របស់ អ្នកនាំពាក្យ បក្សកាន់អំណាចនេះ គឺ ដើម្បី ឆ្លើយតប ទៅនឹងការ ប្រកាសជំហរ របស់ គណបក្ស សង្គ្រោះជាតិ ដែលថា, តំណាងរាស្ត្រ បក្សប្រឆាំង នឹងមិន ចូលរួម ប្រជុំសភា នោះទេ លុះណា តែ សន្តិសុខ របស់ ពួកគេ ត្រូវ បានធានា។
គណបក្សប្រជាជនកម្ពុជា ចាត់ទុកការព្រួយបារម្ភរបស់បក្សប្រឆាំងពេលនេះ ថាជាជំងឺព្រួយបារម្ភនយោបាយហួសហេតុ។ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍នៅថ្ងៃទី៦ ខែវិច្ឆិកា ថា ការមិនចូលរួមប្រជុំសភារបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ វាគឺជាសិទ្ធិរបស់បក្សប្រឆាំងមួយនេះ។ ប៉ុន្តែលោកថា ការលើកឡើងរបស់បក្សប្រឆាំងថា មិនព្រមចូលបំពេញការងារជាអ្នកតំណាងរាស្ត្រដោយបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន គឺជារឿងមិនសមហេតុផលឡើយ។ លោកថា នេះគ្រាន់តែជាលេសនយោបាយរបស់បក្សប្រឆាំងប៉ុណ្ណោះ។
លោក សុខ ឥសាន ថ្លែងបន្តថា ក្រោយពីមានការវាយប្រហារលើតំណាងរាស្ត្របក្សប្រឆាំងកាលពីថ្ងៃទី ២៦ ខែតុលា រដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេត ហើយសមត្ថកិច្ចក៏កំពុងតាមដានស្វែងរកចាប់ខ្លួនជនដៃដល់ដើម្បី បញ្ជូនទៅតុលាការ។ លោកថា នេះជាអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ តែបើបក្សប្រឆាំងនៅតែព្រួយបារម្ភរហូតដល់មិនហ៊ានចូលសភាបំពេញ ការងាររបស់ខ្លួននោះ លោកថា វាគ្រាន់តែជំងឺនយោបាយដែលគ្មានគ្រូពេទ្យណាអាចដាក់ថ្នាំព្យាបាល បាននោះទេ។
លោក សុខ ឥសាន៖ «យើងធ្វើនេះដើម្បីឲ្យមានស្ថិរភាពនយោបាយរបស់សង្គមហើយ តែបើត្រង់គាត់ថា ភ័យខ្លាច យើងក៏មិនដឹងថា ភ័យខ្លាចរឿងអី វាមានតែឲ្យនគរបាលដើរតាមតំណាងម្នាក់ៗ ឬយ៉ាងម៉េច បានគាត់ទើបឈប់ភ័យខ្លាច? យើងខ្ញុំមិនយល់។ ដូចខ្ញុំចុះខេត្តរាល់សប្ដាហ៍ ខ្ញុំមិនដែលទាំងមានកងការពារផង។»
បន្ទាប់ពីតំណាងរាស្ត្ររបស់ខ្លួនចំនួន ២រូប ត្រូវបានបាតុករដៃដល់គាំទ្របក្សកាន់អំណាចវាយឲ្យរបួសធ្ងន់ធ្ងរ និងបន្ទាប់ពីឃើញគេហដ្ឋានរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករឡោមព័ទ្ធគប់ដុំថ្មចូលយ៉ាងអនាធិបតេយ្យដោយ គ្មានការអន្តរាគមន៍ពីសមត្ថកិច្ចកន្លងមកនោះ តំណាងរាស្ត្របក្សប្រឆាំងនៅតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បើទោះជាជនដៃដល់ចំនួន ៣នាក់ បានចូលសារភាព និងត្រូវបានបញ្ជូនទៅឃុំខ្លួនរួចហើយក៏ដោយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ថ្លែងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងអស់នឹងផ្អាកបំពេញការងារមួយរយៈ ទាំងការងារនៅក្នុងរដ្ឋសភា និងការងារចុះមូលដ្ឋាន ព្រោះតែបារម្ភពីសន្តិសុខផ្ទាល់ខ្លួន។ គណបក្សសង្គ្រោះជាតិ ក៏ជំរុញឲ្យសមត្ថកិច្ចពន្លឿនការងាររបស់ខ្លួន ដើម្បីចាប់ខ្លួនជនដៃដល់ និងអ្នកនៅពីក្រោយខ្នងការវាយប្រហារលើអ្នកតំណាងរាស្ត្របក្ស ប្រឆាំងយកមកផ្ដន្ទាទោស ទើបបក្សប្រឆាំងមួយនេះអាចទទួលយកបាន។
លោក សុខ ឥសាន ថ្លែងថា ការសម្រេចចិត្តមិនចូលរួមប្រជុំសភារបស់គណបក្សសង្គ្រោះជាតិ គឺជាការទទួលខុសត្រូវរបស់បក្សប្រឆាំងមួយនេះ ចំពោះម្ចាស់ឆ្នោតរបស់ខ្លួន។ ប៉ុន្តែលោកថា ពហិការរបស់បក្សប្រឆាំងនឹងមិនធ្វើឲ្យរដ្ឋសភារាំងស្ទះដំណើរ ការងាររបស់ខ្លួននោះឡើយ ហើយវាក៏មិនមែនជាសភាឯកបក្សដូចការលើកឡើងរបស់ជនមួយចំនួននោះ ដែរ។
ចំពោះការបារម្ភរបស់តំណាងរាស្ត្របក្សប្រឆាំង មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ការព្រួយបារម្ភនេះគឺជារឿងត្រឹមត្រូវ ព្រោះលោកថា សូម្បីតែរដ្ឋសភាដែលជាស្ថាប័នកំពូលរបស់ជាតិ ក៏ជនដៃដល់ហ៊ានទៅវាយតំណាងរាស្ត្រដល់ទីនោះទៅហើយ ចុះទម្រាំនៅកន្លែងដទៃទៀត។
លោក អំ សំអាត ថា បើគ្មានការវាយប្រហារលើតំណាងរាស្ត្រនោះទេ ម្ល៉េះបក្សប្រឆាំងក៏មិនបារម្ភរហូតដល់ថ្នាក់នេះនោះដែរ៖ «តាម ការពិតទៅយើងឃើញហើយ ៣នាក់ហ្នឹង គឺគាត់ចូលសារភាពទេ មិនមែនស្វែងរកចាប់ខ្លួនពីសមត្ថកិច្ច ហើយចំពោះជនដៃដល់ ឬក្រុមប្រើប្រាស់អំពើហិង្សាលើតំណាងរាស្ត្រ បើតាមវីដេអូឃ្លិបគេថតបាន វាមិនមែនមានប៉ុណ្ណឹង វាជាក្រុម។ ខ្ញុំគិតថា ជារឿងមួយអ្នកតំណាងរាស្ត្រគាត់នៅមានការភិតភ័យដែរពីសុវត្ថិភាព របស់គាត់។»
លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីថ្មីៗនេះ ក៏បានប្រាប់ទៅមន្ត្រីស្ថានទូតបរទេសមួយចំនួនថា តំណាងរាស្ត្របក្សប្រឆាំងនឹងចូលបម្រើការងារនៅរដ្ឋសភាវិញ នៅពេលរដ្ឋាភិបាលអាចធានាសុវត្ថិភាពជូនពួកគេ។
លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវបង្កើនកិច្ចការពារចំពោះតំណាងរាស្ត្រទូទៅទាំងនៅ រដ្ឋសភា និងនៅពេលពួកគេចុះបំពេញការងារនៅតាមមូលដ្ឋាន។ រដ្ឋាភិបាលត្រូវពន្លឿនការស៊ើបអង្កេតដើម្បីនាំយកជនដៃដល់បន្ថែម ទៀតមកផ្ដន្ទាទោស។ លោកថា បើមិនដូចដូច្នោះទេ វាជាការបង្កើតឲ្យមានវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ និងជាការលើកទឹកចិត្តជនប្រព្រឹត្តិកំហុស បន្តប្រព្រឹត្តនៅក្នុងសង្គមបន្តទៀត។
ទាក់ទងនឹងការវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យរងរបួសនេះ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាឲ្យដឹងថា ប្រធានរដ្ឋសភា លោក ហេង សំរិន បានចាត់តាំងលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ចុះបំពេញបេសកកម្មសួរសុខទុក្ខតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា។
ប្រតិភូដែលចូលរួមដំណើរជាមួយលោក ឈាង វុន រួមមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អ្នកស្រី បាន ស្រីមុំ៕
No comments:
Post a Comment