Paris Peace Accords 23 Oct. 1991

Sunday, November 29, 2015

បក្ស​ប្រឆាំង​ ថា ​នឹង​ចូល​ប្រជុំ​ សភា​ បើ​ មាន​ជំនួប​ កំពូល​ មុន​ប្រជុំ​ នៅ​ថ្ងៃ​ ៣០ វិច្ឆិកា | Opposition party says it will attend NatAss session on Nov. 30 if there's high-level meeting btw 2 parties before

បក្ស​ប្រឆាំង​ ថា ​នឹង​ចូល​ប្រជុំ​ សភា​ បើ​ មាន​ជំនួប​ កំពូល​ មុន​ប្រជុំ​ នៅ​ថ្ងៃ​ ៣០ វិច្ឆិកា

RFA / វិទ្យុ អាស៊ី សេរី | ២៨ វិច្ឆិកា ២០១៥

 

កឹម សុខា ស ខេង ៦២០
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​ទី១ រដ្ឋសភា លោក កឹម សុខា (ឆ្វេង) និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ស្ដាំ)។  RFA

គណបក្ស​ សង្គ្រោះ​ជាតិ​ ថា នឹង​ចូល​ប្រជុំ​ សភា​ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ប្រសិនបើ​ មាន​ជំនួប ​កំពូល រវាង ​គណបក្ស​ ទាំងពីរ​ នៅ​រដ្ឋសភា មុន​ថ្ងៃ​ប្រជុំ​ សភា​ ពេញ​អង្គ។

អ្នកនាំពាក្យ​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគតិច​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ថា ការ​ចង់​ជួប​គ្នា​រវាង​ក្រុម​ភាគតិច និង​ក្រុម​ភាគ​ច្រើន​នេះ គឺ​ចង់​ពិភាក្សា​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ ការគ្រប់គ្រង​ឆ្នាំ​២០១៦។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​វិញ​ថា ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ពេល​ព្រឹក​ប្រជុំ​សភា​ធម្មតា ហើយ​ចាប់​ពី​ម៉ោង ៥​ល្ងាច គណបក្ស​ទាំង​ពីរ​ដែល​ដឹក​នាំ​ដោយ​​លោក ស ខេង និង​លោក កឹម សុខា អាច​ជួប​ចរចា​គ្នា​ធម្មតា​ដូច​លើក​មុនៗ។

គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា ប្រសិនបើ​គ្មាន​ការ​ជួប​គ្នា​រវាង​ប្រមុខ​នៃ​គណបក្ស​ទាំង​ពីរ​នោះ​ទេ តំណាងរាស្ត្រ​នៃ​គណបក្ស​នេះ នឹង​មិន​ចូល​ប្រជុំ​សភា​នោះ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា ទោះ​ជា​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អាច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ​ឆ្នាំ​២០១៦ ដែរ។

អ្នកនាំពាក្យ​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគតិច​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ចូលរួម​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ខាង​មុខ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ជួប​គ្នា​ជា​មុន​សិន។ លោក​បន្ត​ថា ការ​ជួប​គ្នា​មុន​ប្រជុំ​សភា​ពេញ​អង្គ ដើម្បី​ជជែក​ទាក់ទង​សេចក្ដី​ព្រាង​ច្បាប់​ជា​ចម្បង ពង្រឹង​វប្បធម៌​សន្ទនា និង​រឿង​សំខាន់ៗ​មួយ​ចំនួន​ទៀត។ លោក​ថា គណបក្ស​ទាំង​២ មិន​ទាន់​មាន​លិខិត​ឆ្លើយឆ្លង​ផ្លូវ​ការ​នៅ​ឡើយ​ទេ គឺ​ធ្វើ​ឡើង​តាម​រយៈ​ខុទ្ទកាល័យ​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​លោក ស ខេង៖ «យើង​ចង់​ជួប​គ្នា​ មុន ដើម្បី​ជជែក​សេចក្តី​ព្រាង​ច្បាប់ ថា​តើ​ចំណុច​ណា​វិជ្ជមាន? ចំណុច​ណា​អវិជ្ជមាន? តើ​មាន​មតិ​យោបល់​បែប​ម៉េច? គាំទ្រ​ផ្នែក​ណា? មិន​គាំទ្រ​ផ្នែក​ណា? នេះ​ជា​សេចក្តី​ផ្ដើម​នៃ​ក្រុម​ភាគ​តិច​ភាគ​ច្រើន​នៅ​ក្នុង​សភា។»

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋ​សភា​ឲ្យ​ដឹង​ថា សម័យ​ប្រជុំ​សភា​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា មាន​របៀបវារៈ​ពីរ គឺ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​ គ្រប់គ្រង​ឆ្នាំ​២០១៦ និង​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ស្ថិតិ។

ឆ្លើយ​តប​ការ​ចង់​បាន​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ទោះ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ប្រជុំ​សភា ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​មាន​ចំនួន​ច្រើន​លើសលប់​ដើម្បី​អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០១៦។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ដដែល​នៅ​តែ​បង្ហាញ​ជំហរ​នៃ​ការ​ជួប​គ្នា​ នៅ​សប្ដាហ៍​ក្រោយ ឬ​នៅ​ថ្ងៃ​ប្រជុំ​សភា​តែម្ដង គឺ​នៅ​ពេល​ល្ងាច៖ «រឿង​ ចូល​សភា ឬ​មិន​ចូល​សភា ចាំបាច់​ដាក់​លក្ខខណ្ឌ​អី គាត់​មិន​ចូល​ក៏​ប្រជុំ​បាន​ដែរ ព្រោះ​អនុម័ត​ច្បាប់​ថវិកា និង​ច្បាប់​មួយ​ចំនួន គឺ​ត្រូវ​អនុម័ត​សំឡេង​ហាសិប​បូក​មួយ (៥០+១) ហើយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​លើស​នេះ​ទៀត។»

​អ្នកតា​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ស្វាគមន៍​នៃ​ការ​ជួប​គ្នា​ជា​ថ្មី​របស់​ប្រមុខ​គណបក្ស​មាន​សំឡេង​ឆ្នោត​នៅ​ ក្នុង​រដ្ឋសភា។ ក្រោយ​មាន​សង្គ្រាម​ពាក្យ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ដក​អភ័យឯកសិទ្ធិ​លោក សម រង្ស៊ី គណបក្ស​ទាំង​ពីរ​ហាក់​នៅ​ឆ្ងាយ​ពី​គ្នា។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ វ៉ាវុធ យល់​ថា ការ​ជួប​គ្នា​នៅ​ពេល​ខាង​មុខ​នេះ មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សង្គម​ខ្មែរ។ លោក​បណ្ឌិត​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ធូរបន្ថយ​ការ​ចង់​បាន​រៀងៗ​ខ្លួន​ ក្នុង​ពេល​ចរចា៖ «បើ​អ្នក​នយោបាយ​ឈ្លោះ​គ្នា គួរ​តែ​ជួប​ជជែក​គ្នា​ក្នុង​នាម​ជា​គ្រួសារ​ខ្មែរ។»

ទាក់ទង​រឿង​នេះ​ដែរ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា សភា​សហភាព​អឺរ៉ុប​សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​បទ​ចោទ​ប្រកាន់​នានា លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​បក្ស​ប្រឆាំង។ សភា​សហភាព​អឺរ៉ុប ក៏​គំរាម​ថា អាច​នឹង​លុបចោល​ជំនួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤០០​លាន​ដុល្លារ ដែល​ពួកគេ​គ្រោង​ផ្ដល់​ឲ្យ​កម្ពុជា។

​សាស្ត្រាចារ្យ​លោក​បណ្ឌិត រស់ វ៉ាវុធ ស្នើ​ទៅ​គណបក្ស​ទាំង​ពីរ​ឲ្យ​ថយ​ម្នាក់​មួយ​ជំហាន ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈប់​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គាបសង្កត់​គណបក្ស​ប្រឆាំង។  រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ កាត់​បន្ថយ​ការ​វាយ​ការ​ប្រហារ​បក្ស​កាន់​អំណាច និង​ឈប់​កៀរគរ​បរទេស និង​មហាជន​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល៕


No comments:

Post a Comment