Paris Peace Accords 23 Oct. 1991

Monday, November 2, 2015

ពលរដ្ឋ​ មួយ​ចំនួន ​ថា, ​ការ​ផ្អាក ​ព្រះរាជ​ពិធី​ បុណ្យ​អុំ​ទូក ​គឺ​ ខ្លាច​ មាន​បាតុកម្ម​ ប្រឆាំង​ រដ្ឋាភិបាល | People say cancellation of water festival due to fear of anti-govt demonstration

ពលរដ្ឋ​ មួយ​ចំនួន ​ថា, ​ការ​ផ្អាក ​ព្រះរាជ​ពិធី​ បុណ្យ​អុំ​ទូក ​គឺ​ ខ្លាច​ មាន​បាតុកម្ម​ ប្រឆាំង​ រដ្ឋាភិបាល

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ វិច្ឆិកា ២០១៥

 

ប្រណាំង​ទូក ៦២០
ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។  Photo: RFA

ការ​ប្រកាស​ ផ្អាក ​ព្រះរាជ​ពិធី ​បុណ្យ​អុំ​ទូក, បណ្ដែត​ប្រទីប, សំពះ​ព្រះ​ខែ, និង​អក​អំបុក​ នោះ ត្រូវ​ បាន​ប្រជាពលរដ្ឋ ​រិះគន់​ថា, ការ​ផ្អាក​នេះ រដ្ឋាភិបាល ​ធ្វើ​ឡើង ​ក្នុង​ហេតុផល ​នយោបាយ ច្រើន​ជាង​ ហេតុផល ​ទឹក​ទន្លេ ​ឆ្នាំ​នេះ​តូច និង​ធ្វើ​ ឲ្យ​ប្រជា​កសិករ​ ប្រឈម ​នឹង​ការ​ខ្វះ​ទឹក​ ធ្វើ​ស្រែ ឬ​គ្រោះ ​រាំង​ស្ងួត។  ប៉ុន្តែ​ ប្រមុខ​ រដ្ឋាភិបាល កម្ពុជា ប្រកាស ​ថា, ការ​ផ្អាក ​ពិធី​បុណ្យ​ អុំ​ទូក គឺ ​មិន​មាន​ ពាក់ព័ន្ធ​ នឹង​ហេតុផល​ នយោបាយ​ នោះ​ឡើយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា មូលហេតុ​ពិត​ប្រាកដ​ដែល​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នោះ គឺ​ដោយសារ​រដ្ឋាភិបាល​ខ្លាច​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោយ​ពិធី​បុណ្យ​អុំ​ទូក​បញ្ចប់ និង​ធ្វើ​បាតុកម្ម​ទម្លាក់ លោក ហ៊ុន សែន ពី​តំណែង​នាយក​រដ្ឋមន្ត្រី។

និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​គីមីវិទ្យា​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ លោក ឡុង មង្គល បញ្ចេញ​មតិ​ថា ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ម្តង​ហើយ​ម្តង​ទៀត ក្រោម​ហេតុផល​តិចតួច​នេះ អាច​បណ្ដាល​ឲ្យ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​បាត់បង់​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា ​មិន​ខាន។ លោក​បន្ថែម​ថា ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ គឺ​ប្រហែល​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច និង​ប្រហែល​ជា​គណបក្ស​កាន់​អំណាច ខ្លាច​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​បុណ្យ​អុំ​ទូក ធ្វើ​ការ​តវ៉ា​ប្រឆាំង​តប​វិញ បន្ទាប់​ពី​ត្រូវ​បាន​គេ​សង្ស័យ​ថា បាតុកម្ម​តវ៉ា​ទម្លាក់ លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ តុលា មាន​បក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ​ខ្នង៖ «យើង​ឃើញ​ថា ការ​ផ្អាក​ហ្នឹង​មាន​ច្រើន​ដង​ដែរ។ ហេតុផល​ដែល​យើង​គិត​ថា គួរ​តែ​ផ្អាក​មែន ប៉ុន្តែ​មាន​ហេតុផល​មិន​ទាន់​ទទួល​យក​បាន។»

ស្រដៀង​នឹង​ការ​លើក​ឡើង​នេះ​ដែរ និស្សិត​ម្នាក់​ផ្សេង​ទៀត លោក សាត សិលាដាវិត លើក​ឡើង​ថា ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នេះ គឺ​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​ជា​បុណ្យ​ជាតិ​ដ៏​ធំ​ក្នុង​ចំណោម​ពិធី​បុណ្យ​ជាតិ​ដទៃ​ទៀត មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ ជាដើម។

ទន្ទឹម​នឹង​នេះ​ដែរ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) វិញ ក៏​មាន​ការ​រិះគន់​ជាច្រើន​ជុំវិញ​ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ នេះ​ដែរ។ បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ខ្លះ​សរសេរ​ថា ប្រហែល​ជា​រដ្ឋាភិបាល​សន្សំ​លុយ​ទុក​សម្រាប់​ឲ្យ​សកម្មជន​គណបក្ស​ប្រជាជន​ កម្ពុជា ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មើល​ទៅ បាន​ជា​មិន​ព្រម​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ។

សង្គម​ហ្វេសប៊ុក​ឈ្មោះ​ថា វិឆ្ឆិកា រីច មាន​មតិ​ថា «បើ​ផ្អាក ហ៊ុន សែន ហ្នឹង​មិន​ប្រាប់​ឲ្យ​គេ​ដឹង​យ៉ាង​តិច​បំផុត ៣​ខែ​មុន កីឡាករ​ប្រឹង​ហ្វឹកហាត់​ចង់​ងាប់ ទើប​តែ​ជិត​ដល់​ប្រាប់​ថា​ផ្អាក​ទៅ​វិញ។»

សង្គម​ហ្វេសប៊ុក​ឈ្មោះ ជាតឹក លាង (Chea Tekleang) សរសេរ​ថា «ចង់​អុំៗ ចង់​ឈប់ៗ​ស្រេច​ក្បាល​ចិត្ត លែង​ចាត់​ទុក​ព្រះមហាក្សត្រ​ក្នុង​ចិត្ត​ហើយ ព្រោះ​បុណ្យ​នេះ គឺ​ជា​ព្រះរាជ​ពិធី​របស់​ស្ដេច។»

រីឯ​សង្គម​ហ្វេសប៊ុក កូកា ណាតាលី (Coca Nataly) និយាយ​ថា «បុណ្យ​ជាតិ ​ទាំង​មូល តាំង​ពី​បុរាណ​មក តាំង​ពី​ស្រុក​នៅ​ក្រ​នៅ​ប្រារព្ធ​ពិធី​នេះ ដល់​ពេល​ស្រុក​សម្បូរ​សប្បាយ បែរ​ជា​មាន​ហេតុផល​នេះ​ហេតុផល​នោះ​មក​បង្អាក់​ពិធី តិច​ទៀត​ក្មេង​ជំនាន់​ក្រោយ​លែង​ស្គាល់​បុណ្យ​នេះ​ហើយ។ មួយ​ឆ្នាំ​ចំណាយ​ម្តង​សោះ ចាំបាច់​ធ្វើ​អ៊ីចឹង ទឹក​តិច​តែ​នៅ​អុំ​បាន មិន​មែន​ទន្លេ​រីង​ទឹក​ណា។»

សង្គម​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ គាយ រាក (Guy Rak) សរសេរ​ថា «ចង់​ធ្វើ​អី​ធ្វើ​ទៅ ប្រទេស​នេះ​មិន​មែន​របស់​ប្រជាជន​ខ្មែរ​ទេ ជា​របស់​ផ្តាច់​មុខ​លោក​ហើយ លោក ហ៊ុន សែន លោក​អស្ចារ្យ!»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​យោធិន​ពិការ​នៅ​ខេត្ត​កំពត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា ដោយសារ​កម្ពស់​ទឹក​ទន្លេ​មាន​កម្រិត​ទាប​ពេក ស្រប​ពេល​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ប្រមូល​ផ្ដុំ​កម្លាំង និង​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រូវ​ប្រាំង​ជូន​ប្រជា​ កសិករ។

ករណី​នេះ រដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នៅ​តាម​ដង​ទន្លេសាប ខាង​មុខ​ព្រះបរមរាជវាំង ដែល​ពិធី​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ២៥ និង​ថ្ងៃ​២៦ ខែ​វិច្ឆិកា។ ប៉ុន្តែ​ពិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទៅ​តាម​លទ្ធភាព​នៃ​ អាជ្ញាធរ​ខេត្ត​ដែល​ជា​អ្នក​រៀបចំ ហើយ​ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ និយោជិត កម្មករ​ចំនួន ៣​ថ្ងៃ​ក្នុង​ព្រះរាជ​ពិធី​នេះ​នៅ​រក្សា​ដដែល។

លោក ហ៊ុន សែន៖ «បញ្ហា​ស្ថិត​នៅ​ត្រង់​អ៊ីចឹង ជា​ទម្លាប់​យើង​អុំ​ទូក​នៅ​ទីក្រុង​ភ្នំពេញ​យ៉ាង​ហោច​ទឹក ៧​ម៉ែត្រ​ទៅ ៨​ម៉ែត្រ ប៉ុន្តែ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​មាន​ត្រឹម​តែ ៥,០៧​ម៉ែត្រ។ ស្អែក​នៅ​សល់​ត្រឹម​តែ ៤,៩៨​ម៉ែត្រ ខាន​ស្អែក​នឹង​នៅ​សល់ ៤,៩២​ម៉ែត្រ។ តាម​ការ​សួរ​បញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ថា រហូត​ដល់​ថ្ងៃ​ដែល​យើង​អុំ​ទូក គឺ ២៤ ២៥ និង​២៦ ខែ​វិច្ឆិកា ទឹក​អាច​នៅ​តែ​ត្រឹម ៤,២០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ដូច្នេះ​ទឹក​នេះ​មិន​អាច​អុំ​បាន​ទេ។»

ទាក់ទង​នឹង​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក លោក​អាចារ្យ​ម្នាក់​នៃ​ក្រសួង​ធម្មការ និង​សាសនា លោក​អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ថា ព្រះរាជ​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​រំឭក​គុណ​ម្ចាស់​ទឹក​ម្ចាស់​ដី បឹងបួ​គិរីបុព្វតា ដែល​នាំ​ដី​ភក់​ដី​ល្បាប់​ដែល​មាន​ជីជាតិ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ ការ​ធ្វើ​ស្រែ​ចម្ការ។ ម្យ៉ាង​វិញ​ទៀត ព្រះរាជ​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំឭក​គុណ​ចំពោះ​កងទ័ព​ជើង​ទឹក ដែល​បាន​យក​ជ័យជម្នះ​លើ​ខ្មាំង​សត្រូវ​ដែល​បាន​មក​វាយ​ប្រហារ​ដណ្ដើម​ទឹក​ដី ​កម្ពុជា។

លោក​បន្ថែម​ថា ការ​ប្រណាំង​ទូក​នៅ​ពេល​ធ្វើ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ ក៏​មាន​គោល​បំណង​ក្នុង​ការ​បណ្ដុះ​ស្មារតី​មេ​ដឹក​នាំ​ខ្មែរ​គ្រប់​រូប ឲ្យ​ចេះ​ស្រឡាញ់​ប្រជារាស្ត្រ​ខ្មែរ និង​បង្ហាញ​ពី​ការ​បង្រួប​បង្រួម​សាមគ្គី​គ្នា​ក្នុង​ការ​ធ្វើ​កិច្ចការ​ អ្វី​មួយ​ដើម្បី​ទទួល​បាន​ជោគជ័យ៖ «ក្នុង​ខេត្ត​នីមួយៗ​ដែល​អុំ​ទូក​ ហ្នឹង​ត្រឡប់​មក​វិញ ត្រូវ​ដឹក​នាំ​ខេត្ត​របស់​ខ្លួន​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​កុំ​ឲ្យ​ស៊ី​ សំណូក​សូកប៉ាន់ បាត់​ចោរកម្ម បាត់​ការ​ជួញ​ដូរ​គ្រឿងញៀន​ ជួញ​ដូរ​ផ្លូវ​ភេទ​ជាដើម​ហ្នឹង គឺ​ខេត្ត​ហ្នឹង ស្រុក​ហ្នឹង ឃុំ​ហ្នឹង​ល្បី ប៉ុន្តែ​មនុស្ស​មិន​បាន​គិត​ចឹង ទៅ​មើល​ការ​អុំ​ដឹង​តែ​ឈ្នះ និង​ចាញ់ បាន​ត្រឹម​តែ​អស់​លុយ ហើយ​មិន​ដឹង​ថា​មក​វិញ​យក​ការ​ដឹក​នាំ​តាម​របៀប​នៃ​ការ​ប្រណាំង​ទូក​នោះ​ទេ។»

លោក​បន្ត​ថា ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​អក​អំបុក សំពះ​ព្រះ​ខែ ជា​ប្រពៃណី​ទំនៀមទម្លាប់ ជា​វប្បធម៌ ជា​ប្រវត្តិសាស្ត្រ ជា​ការ​រីក​រាយ​រួម​គ្នា​ប្រចាំ​ឆ្នាំ​របស់​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិសទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ស្រដៀង​នឹង​ការ​ពន្យល់​របស់​លោក​អាចារ្យ វ៉ាយ វិបុល សង្គម​ហ្វេសប៊ុក​ឈ្មោះ គង់ វណ្ណារិទ្ធ (Kong Vannarith) លើក​ឡើង​ថា «សោកស្ដាយ ​ចំពោះ​ការ​ផ្អាក​មិន​ធ្វើ​បុណ្យ​អុំ​ទូក​ក្នុង​ឆ្នាំ​២០១៥ នេះ។ ពិធី​នេះ​ជា​ធាតុ​សំខាន់​មួយ​នៃ​អត្តសញ្ញាណ​ជាតិ ដែល​ទាមទារ​ការ​អភិរក្ស ថែរក្សា​ឲ្យ​មាន​និរន្តរភាព​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជាពិសេស​ពី​សំណាក់​អ្នក​ដឹក​នាំ​ប្រទេស ព្រោះ​វា​ជា​មរតក​វប្បធម៌​អរូបិយ (ដូច​ជា​ល្បែង របាំ ចម្រៀង) ពោល​គឺ​បើ​មនុស្ស​មិន​ថែរក្សា​ទេ វា​នឹង​គ្មាន​រូប​រាង វា​នឹង​សាបរលាប​ទៅៗ ហើយ​ជាតិ​យើង​អាច​នឹង​បាត់បង់​អត្តសញ្ញាណ​មួយ​របស់​ខ្លួន (អត្តសញ្ញាណ​ជាតិ​សំខាន់ៗ​រួម​មាន ទឹក​ដី មនុស្ស ប្រវត្តិសាស្ត្រ ភាសា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់។»

ជុំវិញ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍ លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ ដោយសារ​បក្ស​កាន់​អំណាច​ខ្លាច​ស្រមោល​ខ្លួន​ឯង ចំពោះ​ការ​ធ្វើ​បាតុកម្ម​ទម្លាក់ លោក កឹម សុខា និង​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​ទី​២៦ តុលា។ លោក​បន្ថែម​ថា តាម​ពិត​ប្រជាពលរដ្ឋ​កម្ពុជា មិន​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​អាក្រក់​បែប​នេះ​ទេ ម្ល៉ោះ​ហើយ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ចំពោះ​បក្ស​កាន់​អំណាច មិន​អាច​កើត​ឡើង​នោះ​ឡើយ៖ «នយោបាយ​បើ​យើង​មើល វា​គ្រាន់​តែ​ជា​ការ​ភ័យ​ជ្រុល​ទេ បើ​មាន​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​អី វា​អត់​មាន​ទេ​ក្នុង​ភាព​បច្ចុប្បន្ន។»

រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​រាជធានី​ភ្នំពេញ រយៈពេល ៣​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង ៣០០​នាក់ (៣៥៣​នាក់) និង​របួស​ជិត ៤០០​នាក់ (៣៩៣​នាក់) ដែល​មក​ទល់​ពេល​នេះ អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់ ដោយសារ​ការ​ផ្អើល​ជាន់​គ្នា​នេះ​នៅ​ឡើយ​ទេ។ អ្នក​រងគ្រោះ​ទាំង​នោះ បាន​ត្រឹម​តែ​សំណង​ជា​លុយ​តែ​ប៉ុណ្ណោះ។

ព្រះរាជ​ពិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាព​តាម​រយៈ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ ប្រដាប់​អាវុធ​រាប់​ពាន់​នាក់​នៅ​តាម​រាជធានី​ភ្នំពេញ ពិសេស​ទី​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន។ ការ​រឹត​បន្តឹង​នេះ ក៏​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ដែរ​ថា ក្នុង​រូបភាព​រដ្ឋាភិបាល​ខ្លាច​មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ខណៈ​ស្ថានការណ៍​នយោបាយ​មិន​ទាន់​មាន​ស្ថិរភាព​ស្រួល​បួល​ដែរ​នោះ៕



No comments:

Post a Comment