លោក សម រង្ស៊ី និងលោកកឹម សុខា ជួបទូត បរទេស បន្ទាប់ ពីមកដល់ ប្រទេស កម្ពុជា យប់មិញ
RFI / វិទ្យុ បារាំង អន្តរជាតិ | ៤ វិច្ឆិកា ២០១៥
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា មានសកម្មភាពមមាញឹកខ្លាំង បន្ទាប់ពីបានវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញកាលពីយប់ថ្ងៃទី៣វិច្ឆិកា។ នៅថ្ងៃទី៤វិច្ឆិកានេះ ចាប់តាំងពីព្រឹកមក ប្រមុខបក្សប្រឆាំង បានស្វែងរកជំនួបជាមួយតំណាងស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា មុនពេលថ្នាក់ដឹកនាំទាំងពីរចាកចេញពីប្រទេសកម្ពុជាជាថ្មីនៅយប់ថ្ងៃទី៥វិច្ឆិកា។ ហើយនៅមុននេះ ថ្នាក់ដឹកនាំទាំងពីរ បានទៅជួបជាមួយនឹងស្ថានទូតអាមេរិក។
គឺមួយថ្ងៃក្រោយពីការវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃទី៣វិច្ឆិការ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានស្វែងរកជំនួបជាមួយនឹងមន្រ្តីស្ថានទូតបរទេសនានាប្រចាំនៅប្រទេសកម្ពុជា ក្នុងនោះរួមមាន ឯកអគ្គរាជទូតជប៉ុន, ចក្រភពអង់គ្លេស, ភារធារីស្ថានទូតសហរដ្ឋអាមេរិក និងតំណាងស្ថានទូតសហភាពអ៊ឺរ៉ុបជាដើម។ ប្រធានបទនៃជំនួបខាងលើ គឺ លើកឡើងអំពីស្ថានភាពនយោបាយនៅកម្ពុជា ពិសេសក្រោយការបោះឆ្នោតទំលាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា និងសកម្មភាពហិង្សាវាយអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងកន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។
បើតាមប្រភពដដែល បានឲ្យដឹងថា នៅពេលព្រឹកថ្ងៃទី៤វិច្ឆិកានេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក៏បានជួបប្រជុំជាមួយមន្រ្តីគណបក្សនៅឯទីស្នាក់ការគណបក្សផងដែរ។ ជំនួប ដែលបានផ្តោតសំខាន់ទៅលើការសម្រេចចិត្ត ជុំវិញគោលជំហររបស់គណបក្ស នៅក្រោយបាតុកម្មទំលាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា និងការវាយតំណាងរាស្រ្តបក្សប្រឆាំងឲ្យរងរបួសពីរនាក់ កាលពីថ្ងៃទី២៦តុលា។
គួរកត់សំគាល់ថា លោក សម រង្ស៊ី និងលោក កឹម សុខា ទើបតែបានវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញកាលពីយប់ថ្ងៃទី៣វិច្ឆិកា បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី១២តុលាកន្លងទៅនេះ។ ហើយបើគ្មានការប្រែប្រួលទេនោះ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងចាកចេញពីប្រទេសកម្ពុជាជាថ្មី នៅយប់ថ្ងៃទី៥វិច្ឆកា ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសម៉ុងហ្គោលី ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់ពីលោក យ៉ែម បុញ្ញឬទ្ធិ៕
No comments:
Post a Comment