លោក សម រង្ស៊ី ថា នឹងត្រឡប់ មក កម្ពុជាវិញ បើ ទោះជា លោក ត្រូវ ស្លាប់ ក៏ដោយ
VOD / វីអូឌី | ១៤ វិច្ឆិកា ២០១៥, 10:16 PM
ប្រធានគណបក្ស
សង្រ្គោះជាតិ លោក សម រង្ស៊ី
បានថ្លែងថាលោកនឹងត្រឡប់មកប្រទេសកម្ពុជាតាមគម្រោងរបស់លោក
បើទោះជាមានការចាប់ខ្លួនក៏ដោយ ដោយបញ្ជាក់ថាបើទោះលោកត្រូវស្លាប់
ក៏លោកនឹងត្រឡប់មកកម្ពុជាវិញ។
លោក សម រង្ស៊ី
បានថ្លែងបែបនេះទៅកាន់ប្រជាពលរដ្ឋខ្មែរប្រមាណ១០០០នាក់
នៅទីក្រុងប៊ុសាននៃប្រទេសកូរ៉េខាងត្បូង នៅយប់ថ្ងៃទី១៤ខែវិច្ឆិកានេះ ខណៈលោក
និងលោក កឹម សុខា កំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេស។
តាមគម្រោងលោក សម រង្ស៊ី នឹងត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ។
លោក សម រង្ស៊ី បានថ្លែងថា៖ “យើងអត់តក់ស្លុតទេក្មួយ
យើងត្រូវរក្សាជំហរយើងឲ្យរឹងមាំ។ ឥឡូវក្មួយម្នាក់សួរខ្ញុំ
ថាគេតាមចាប់សម រង្ស៊ី សម រង្ស៊ី ខា្លចទេ អត់ខ្លាចទេ។ សម រង្ស៊ី កឹម
សុខា ដូចកូនខ្មែរទាំងអស់ សុខចិត្តបូជាជីវិតឲ្យតែជាតិបានរស់…។
ដូច្នេះខ្ញុំអត់ខ្លាចទេ ចង់យកខ្ញុំទៅធ្វើអីធ្វើទៅ
តែទោះជាយ៉ាងណាក៏ដោយ ព្រលឹងខ្ញុំនៅតែស្រឡាញ់ខ្មែរ
តាមការពារខ្មែរជានិច្ច”។ លោកបន្ថែមថា៖ “…ខ្ញុំត្រូវតែចូលទៅវិញ ដើម្បីទៅសង្រ្គោះជាតិរបស់យើង ឲ្យទាល់តែបាន។ គម្រោងខ្ញុំអត់មានការផ្លាស់ប្តូរទេ បើត្រូវស្លាប់ក៏ស្លាប់ ប៉ុន្តែស្លាប់ជាខ្មែរ មិនស្លាប់ជាអ្នកបម្រើបរទេសដាច់ខាត”។
លោក សម រង្ស៊ី
ឲ្យដឹងទៀតថាពិភពលោកកំពុងតែមានចរន្តនៃការផ្លាស់ប្តូរនៃការដឹកនាំដែ
លលោកហៅថា”របបផ្តាច់ការ”។
លោកបញ្ជាក់ថានឹងមានការផ្លាស់ប្តូរនៅកម្ពុជានៅពេលខាងមុខ។
លោក សម រង្ស៊ី
ក៏បានថ្លែងរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន
ថាប្រើបានកម្លាំងទាហានក្នុងការបាញ់សម្លាប់កម្មករកាលពីកន្លងទៅ។
លោកមានប្រសាសន៍ថា៖ “គ្នាគ្រាន់តែទាមទារឡើងប្រាក់ខែ
ស្រាប់តែឲ្យទាហាន យកកំាភ្លើង កាំភ្លើងធំ កាំភ្លើងតូច ដូចធ្វើសង្រ្គាម
ខ្ញុំមិនដែលឃើញរដ្ឋាភិបាលណាចាត់ទុកប្រជារាស្រ្តឯង ធ្វើជាសត្រូវ
ធ្វើឲ្យទាហាន កងទ័ព
មកបាញ់សម្លាប់ប្រជារាស្រ្តហើយមកបាញ់សម្លាប់កម្មករថែមទៀត
វាអត់ត្រឹមត្រូវទាល់តែសោះ”។
លោកបន្ថែមថា៖ “អញ្ចឹងហើយបានជាយើងទាមទារឲ្យមានការផ្លាស់ប្តូរ យើងអត់ចង់ឲ្យមានរដ្ឋាភិបាលសម្លាប់រាស្រ្តខ្លួនឯងទេ”។
កន្លងទៅ លោក ហ៊ុន សែន
បានព្រមានជារឿយៗថាសំណុំរឿងមួយចំនួនពាក់ព័ន្ធនឹងហិង្សា
នៅផ្លូវវ៉េងស្រេង
ការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិនិងការបំផុសឲ្យកម្មករចេញតវ៉ា
នៅពេលមានភាពតានតឹងនយោបាយ មិនទាន់បានបិទបញ្ចប់នៅឡើយទេ។ លោកបានថ្លែងថា៖ “រឿងវាមិន
ទាន់ចប់ទេ អាខូចក្លីនិកគេនុះ អាវៃក្លីនិកគេនុះ ក៏វាមិនទាន់ចប់ដែរ។
សំណុំរឿងនេះ វាអត់ទាន់ចប់ទេ តាំងពីអាសំណុំរឿងវៃក្លិនិកគេ
អាសំណុំរឿងផ្លូវវ៉េងស្រេង អាសំណុំរឿងស្អីៗ អត់ទាន់បិទបញ្ជីទេ។
អ្នកណាទៅបំផុសកម្មករចេញមក គេកំពុងធ្វើការ ទៅបំផុសឲ្យគេចេញមក
ក៏អត់ទាន់រួចខ្លួន អត់ទាន់ផុតពីសំណុំរឿងទេ អត់ទាន់ផុតទេ”។
ថ្មីៗនេះ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជា "កូនអាក្បត់ជាតិ"
ហើយលោកក៏បានព្រមានប្រើប្រព័ន្ធច្បាប់ចាត់ការមេបក្សប្រឆាំងរូបនេះ
ទាក់ទងនឹងការចោទប្រកាន់ថាលោកមានបំណងបង្អាក់ការបោះឆ្នោតនៅកម្ពុជា។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក
ផៃ ស៊ីផាន
បានបដិសេធថារដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធនឹងចំណាត់ការផ្លូវ
ច្បាប់លោក សម រង្ស៊ី នោះទេ។ លោកបញ្ជាក់ថា៖ “ចំណាត់ការរបស់តុលាការគឺជាករណីបុគ្គលនិងបុគ្គលសុទ្ធសាធ
ហើយមិនមែនជាការបញ្ចេញមតិឬការងារនយោបាយទេ។
ករណីចំណាត់ការរបស់តុលាការគឺជាហេតុផលនៃយុត្តិធម៌រវាងអង្គហេតុនិងអង្គច្បាប់។ ករណីអភ័យឯកសិទ្ធិគឺជារឿងដាច់ដោយឡែកមួយទៀតដែលជាការទទួលខុសត្រូវរបស់រដ្ឋសភា"៕
No comments:
Post a Comment