មន្ត្រី ក្រុមប្រឹក្សាស្រុក បក្សប្រឆាំង ម្នាក់ នៅខេត្ត បន្ទាយមានជ័យ ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ១៩ វិច្ឆិកា ២០១៥
មន្ត្រី ក្រុមប្រឹក្សា ម្នាក់ នៃស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ មកពីគណបក្ស សង្គ្រោះជាតិ ត្រូវ បានសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធ នឹងជម្លោះ ពាក្យសម្ ដីជាមួយ ប្រជាពលរដ្ឋ ខណៈ ធ្វើបុណ្យកឋិន នៅឃុំ ថ្មពួក កាលពីថ្ងៃ ទី១៨ វិច្ឆិកា។ អធិការ នគរបាល ស្រុក ថ្មពួក បញ្ជាក់ ថា, ការឃាត់ខ្លួន ក្រុមប្រឹក្សាស្រុក នេះ ធ្វើឡើង ទៅតាម បណ្ដឹង របស់ ប្រជាពលរដ្ឋ។
មន្ត្រីក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ មកពីគណបក្សជំទាស់ បានប្រតិកម្មភ្លាមៗទៅនឹងការឃុំខ្លួនក្រុមប្រឹក្សាស្រុកពីសំណាក់ ប៉ូលិសខេត្តបន្ទាយមានជ័យ ថាការឃុំខ្លួនធ្វើឡើងដោយគ្មានហេតុផល ដើម្បីបំបាក់ស្មារតីរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ។
ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក កែ សម្ភាស មានប្រសាសន៍នៅថ្ងៃទី១៩ វិច្ឆិកា ថា មន្ត្រីក្រុមប្រឹក្សាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងជាប្រធានប្រតិបត្តិស្រុកគណបក្សសង្គ្រោះជាតិ ឈ្មោះ ហឿង ឡាំ ត្រូវបានប៉ូលិសនៃអធិការនគរបាលស្រុកថ្មពួក ចាប់ខ្លួន បន្ទាប់ពីក្រុមប្រឹក្សាស្រុក បានចូលរួមពិធីបុណ្យកឋិនជាមួយក្រុមការងារគណបក្សសង្គ្រោះជាតិ នៅវត្តថ្មពួក ឃុំថ្មពួក កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា។
លោកអះអាងថា នៅគ្រានោះ មន្ត្រីក្រុមប្រឹក្សាស្រុក បានប្រាប់ឲ្យប្រជាពលរដ្ឋដែលលក់ដូរនៅវត្តក្នុងពិធីបុណ្យកឋិននោះ ឲ្យដាក់លក់របស់របរអែបទៅខាងៗ ដើម្បីសម្រួលដល់ការដង្ហែអង្គកឋិន ហើយក៏កើតមានទំនាស់ពាក្យសម្ដីរហូតដល់ការវាយតប់ដាក់គ្នាទៅវិញ ទៅមកបន្តិចបន្តួច តែមិនបណ្ដាលឲ្យមានរងរបួសនោះទេ៖ «ការចាប់ ខ្លួននេះ សមត្ថកិច្ចហាក់ដូចជាមិនទុកឱកាសឲ្យភាគីទាំងសងខាងបានជជែកគ្នារក ខុសត្រូវនោះទេ។ ក្រោយមកស្រាប់តែសមត្ថកិច្ចបែរជាឃាត់ខ្លួនក្រុមប្រឹក្សាស្រុក ប្រហែលជាម៉ោង ៧យប់ទៅវិញ។»
ឆ្លើយតបនឹងបញ្ហានេះ អធិការនគរបាលស្រុកថ្មពួក លោក អ៊ុក សុផាត មានប្រសាសន៍យ៉ាងខ្លីថា សមត្ថកិច្ចឃាត់ខ្លួនក្រុមប្រឹក្សាស្រុកនេះ ធ្វើឡើងទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកពុំបានបញ្ជាក់ថាអ្នកដែលដាក់ពាក្យបណ្ដឹងនោះឈ្មោះអ្វី នោះទេ៖ «ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធនឹងការប្រើអំពើហិង្សាដោយចេតនា ទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទេ។»
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ករណីដែលកើតឡើងនោះជាទំនាស់ពាក្យសម្ដី និងការរុញច្រានគ្នាទៅវិញទៅមកបន្តិចបន្តួច ដែលមិនគួរសមត្ថកិច្ចឃាត់ខ្លួនក្រុមប្រឹក្សាតែម្នាក់ឯងនោះទេ ប្រសិនបើមានឃាត់ខ្លួន សមត្ថកិច្ចត្រូវឃាត់ខ្លួនទាំងសងខាង។ លោក ស៊ុំ ច័ន្ទគា ហៅការឃាត់ខ្លួនមន្ត្រីក្រុមប្រឹក្សាស្រុកពីសំណាក់សមត្ថកិច្ចនេះ ថាជាការឃាត់ខ្លួនបែបប្រញាប់ប្រញាល់ ដោយពុំបានសួរនាំរកហេតុផលឲ្យបានត្រឹមត្រូវនោះទេ៖ «យើងសមាគម អាដហុក កំពុងតែដាក់សង្ស័យទៅលើចំណាត់ការរបស់សមត្ថកិច្ចនេះ ពីព្រោះសមត្ថកិច្ចពុំបានឃាត់ខ្លួនភាគីជម្លោះម្ខាងទៀត ដើម្បីធ្វើការសួរនាំនោះទេ។ ប៉ុន្តែកន្លងទៅ យើងតែងឃើញឲ្យតែមានបទល្មើសហិង្សាបង្ករបួសស្នាម គឺសមត្ថកិច្ចចាត់វិធានការទាំងសងខាង។»
បន្ទាប់ពីប៉ូលិសស្រុកថ្មពួក ឃាត់ខ្លួន លោក ហឿង ឡាំ សមត្ថកិច្ចក៏បញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ នៅយប់ថ្ងៃដដែល។ ក្រោយមក ប៉ូលិសបានបញ្ជូនក្រុមប្រឹក្សាស្រុករូបនេះទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីសាកសួរបន្តតាមនីតិវិធីរបស់តុលាការ នៅរសៀលថ្ងៃទី១៩ វិច្ឆិកា៕
No comments:
Post a Comment