លោក សម រង្ស៊ី សម្រេច មិន ចូលមក កម្ពុជា នៅយប់នេះ តាមការស្នើ សុំ របស់ តំណាងរាស្រ្ត
ប្រធាន គណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាស ថា, លោក ពន្យារពេល ត្រឡប់មក កម្ពុជាវិញ តាមគម្រោង នៅយប់ ថ្ងៃចន្ទនេះ ក្រោយ ពីមាន ការស្នើសុំ របស់ ក្រុមតំណាងរាស្រ្ត។
លោក បានសរសេរ នៅលើ ហ្វេសប៊ុក របស់លោក ថា៖ “បន្ទាប់ ពីបានពិគ្រោះ យោបល់ ជាមួយ សហការី នៅកម្ពុជា និងអង្គការ អន្តរជាតិ ទ្រទ្រង់ លទ្ធិប្រជាធិបតេយ្យ មួយចំនួន ដែលបាន ស្នើឲ្យខ្ញុំ លៃលក មកដល់ ភ្នំពេញ ពេលថ្ងៃ ចៀសវាង ពេលយប់, ហើយ បានស្នើ ឲ្យខ្ញុំ ទុកពេលបន្តិច ឲ្យមជ្ឈដ្ឋាន ការទូត និងមិត្តបរទេស មួយចំនួន មានពេលធ្វើ អន្តរាគមន៍ រកដំណោះស្រាយ ដោយសន្តិវិធី ចំពោះ ការកើនឡើង នៃអំពើហិង្សា ថ្មីៗនេះ នៅប្រទេស កម្ពុជា។
លោក បន្តថា៖ ខ្ញុំមិន ទាន់មកដល់ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ នៅរាត្រី នេះទេ តែ នឹងមកដល់ ប្រទេស កម្ពុជាវិញ ក្នុងពេល ឆាប់ៗ ខាងមុខនេះ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់វីអូឌីនៅរសៀលថ្ងៃនេះថាក្រុមតំណាងរាស្រ្តបានសិក្សាឃើញថាអាចនឹងមានការប៉ះទង្គិចរវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនិងក្រុមផ្សេងៗ ដែលលោកហៅថាក្រុមបង្កហិង្សា។
លោក មានប្រសាសន៍ថា៖ ហើយដែលយើងមើលទៅ យើងឃើញថាហេតុការណ៍យប់នេះ បើក្នុងករណីលោកប្រធានសម រង្ស៊ី នឹងមកតាមគម្រោង វានឹងអាចមានអំពើហិង្សាកើតឡើង វាអាចមានការប្រឈមគ្នា មិនមែនប្រឈមគ្នាជាមួយក្រុមអ្នកត្រៀមចាប់លោកប្រធានទេ គឺវាជាមួយក្រុមអ្នកដែលត្រៀមវ៉ៃ ព្រោះយើងដឹងហើយថាគេមានក្រុមសម្រាប់វាយតប់ជាដើម ដូចក្រុមវាយតំណាងរាស្រ្តជាដើម។
លោក បន្ថែមថា៖ អញ្ចឹងហើយ បានជាក្រុម តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ ក៏ដូចជា ក្រុមសាមជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ដែលប្រជុំគ្នា បានឯកភាពគ្នា ជាឯកច្ឆ័ន្ទ ស្នើបញ្ជូនសារ ទៅឲ្យ លោកប្រធាន សម រង្ស៊ី ឲ្យគាត់ ពន្យារពេល មួយថ្ងៃ ពីរ សិន ធ្វើការ វិលត្រឡប់ មកប្រទេស កម្ពុជា, ហើយ សូម កុំឲ្យគាត់ អញ្ជើញមក កុំឲ្យ មកពេលយប់ គឺ សូម ឲ្យមក ពេលថ្ងៃ។
តាមគម្រោងលោក សម រង្ស៊ី នឹងវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញនៅម៉ោងប្រមាណ១០យប់ថ្ងៃចន្ទនេះ។ រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី អនុវត្តទៅតាមដីការបស់តុលាការ។ គណៈកម្មការនោះក៏មានតួនាទីទប់ស្កាត់បាតុភាពទាំងឡាយណា ដែលប្រឆាំងនឹងការចាប់ខ្លួនលោក សម រង្ស៊ី។
គួររំឭកថា លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ គណបក្សសង្រ្គោះជាតិចាត់ទុកថានេះជាដីកានយោបាយ។
ពីប្រទេសកូរ៉េ លោក សម រង្ស៊ី កាលពីសប្តាហ៍មុន បានថ្លែងថាលោកនឹងត្រឡប់មកប្រទេសកម្ពុជាតាមគម្រោងរបស់លោក បើទោះជាមានការចាប់ខ្លួនក៏ដោយ ដោយបញ្ជាក់ថាបើទោះលោកត្រូវស្លាប់ ក៏លោកនឹងត្រឡប់មកកម្ពុជាវិញ។ លោកមានប្រសាសន៍ថា៖ យើងអត់តក់ស្លុតទេក្មួយ យើងត្រូវរក្សាជំហរយើងឲ្យរឹងមាំ។ ឥឡូវក្មួយម្នាក់សួរខ្ញុំ ថាគេតាមចាប់សម រង្ស៊ី សម រង្ស៊ី ខា្លចទេ អត់ខ្លាចទេ។ សម រង្ស៊ី កឹម សុខា ដូចកូនខ្មែរទាំងអស់ សុខចិត្តបូជាជីវិតឲ្យតែជាតិបានរស់…។ ដូច្នេះខ្ញុំអត់ខ្លាចទេ ចង់យកខ្ញុំទៅធ្វើអីធ្វើទៅ តែទោះជាយ៉ាងណាក៏ដោយ ព្រលឹងខ្ញុំនៅតែស្រឡាញ់ខ្មែរ តាមការពារខ្មែរជានិច្ច។
លោកបន្ថែមថា៖ ខ្ញុំត្រូវតែចូលទៅវិញ ដើម្បីទៅសង្រ្គោះជាតិរបស់យើង ឲ្យទាល់តែបាន។ គម្រោងខ្ញុំអត់មានការផ្លាស់ប្តូរទេ បើត្រូវស្លាប់ក៏ស្លាប់ ប៉ុន្តែស្លាប់ជាខ្មែរ មិនស្លាប់ជាអ្នកបម្រើបរទេសដាច់ខាត៕
No comments:
Post a Comment