អាមេរិក និងអង្គការ សិទ្ធិមនុស្ស ជំរុញ ឲ្យរដ្ឋាភិបាល ទម្លាក់ បទចោទប្រឆាំង លោក សម រង្ស៊ី
RFA / វិទ្យុ អាស៊ី សេរី | ១៤ វិច្ឆិកា ២០១៥
សហរដ្ឋ អាមេរិក និងអង្គការ ឃ្លាំមើល សិទ្ធិមនុស្ សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទូច ឲ្យរដ្ឋាភិបាល កម្ពុជា ទម្លាក់ចោល បទចោទប្រកាន់ ចំពោះ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ។ ការទទូចនេះ ធ្វើឡើង ក្រោយ ពីអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ចេញដីកា បង្គាប់ ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ពីបទ បរិហារកេរ្តិ៍ ជាសាធារណៈ និងញុះញង់ ឲ្យមាន ការរើសអើង។
ទាំង រដ្ឋាភិបាល សហរដ្ឋ អាមេរិក ទាំងអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ សុទ្ធតែ ចាត់ទុក ការចោទប្រកាន់ និងការចេញ ដីកា ចាប់ខ្លួន លើលោក សម រង្ស៊ី ថា ជារឿង នយោបាយ។
អ្នកនាំពាក្យ ក្រសួង ការបរទេស សហរដ្ឋ អាមេរិក លោក ម៉ាក់ ថូននើ (Mark Toner) បានថ្លែង ទៅកាន់ អ្នកកាសែត នៅទីក្រុង វ៉ាស៊ីនតោន (Washington) កាលពីថ្ងៃ ទី១៣ ខែវិច្ឆិកា, ហើយ ដែលត្រូវ បានស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំកម្ពុជា បានដកស្រង់ សម្ដីមក ចុះផ្សាយ នៅទំព័រ ហ្វេសប៊ុក (Facebook) របស់ខ្លួន។ លោក ម៉ាក់ ថូននើ បានថ្លែង សម្ដែង ការបារម្ភ របស់ សហរដ្ឋ អាមេរិក ចំពោះ ស្ថានការណ៍ នយោបាយ នៅកម្ពុជា។
លោក ម៉ាក់ ថូននើ លើកឡើងថា បរិយាកាសនយោបាយនៅកម្ពុជា កំពុងតែមានលក្ខណៈយ៉ាប់យ៉ឺនដោយសារតែកាលពីពេលថ្មីៗនេះ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ចំនួន ២រូប ត្រូវបានបាតុករវាយប្រហារ ហើយពេលនេះលោកថា ដល់រឿងចេញដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបន្ថែមទៀត។ លោក ម៉ាក់ ថូននើ មានប្រសាសន៍ថា ការចេញដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី នេះ គឺបង្ហាញឲ្យគេឃើញរឹតតែច្បាស់អំពីឥទ្ធិពលរបស់អ្នកនយោបាយទៅលើ ប្រព័ន្ធតុលាការនៅកម្ពុជា។
លើសពីនេះ លោកថា សកម្មភាពរបស់រដ្ឋាភិបាលដែលកំពុងធ្វើទៅលើមេបក្សប្រឆាំង គឺបង្ហាញឲ្យឃើញពីការដើរថយក្រោយទៅរកការអនុវត្តនយោបាយអាក្រក់ ដែលលោកថា ពលរដ្ឋកម្ពុជា មិនចង់អោយកើតមានឡើយ។ លោក ម៉ាក់ ថូននើ អះអាងថា សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយ នៅកម្ពុជា។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយជំរុញឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការចាប់ខ្លួនលើមេបក្សប្រឆាំង។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី គឺបន្ទាប់ពីមេបក្សប្រឆាំងរូបនេះ បាននិយាយប្រៀបធៀបពីបរាជ័យរបស់បក្សកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ទៅនឹងការបរាជ័យដែលអាចកើតមានឡើងសម្រាប់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។ លោក ប្រ៊ែដ អាដាម កត់សម្គាល់ថា នយោបាយប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌដើម្បីធ្វើបាបអ្នករិះគន់ រដ្ឋាភិបាល និងបក្សប្រឆាំង គឺបានកើតឡើងដដែលប្រៀបបានទៅនឹងខ្សែភាពយន្តដែលលេងរកទីបញ្ចប់ មិនឃើញ។
ឆ្លើយតបចំពោះការរិះគន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនៅពេលនេះ មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា រឿងតុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី គឺជារឿងបណ្ដឹងរវាងបុគ្គលនិងបុគ្គល មិនមែនជារឿងនយោបាយនោះឡើយ។ លោកថា អ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក និង យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង គឺជាការយល់ខុសស្រឡះអំពីដំណើរការនៃការអនុវត្តច្បាប់នៅក្នុង ប្រទេសកម្ពុជា។
លោក ទិត សុធា៖ «សូមកុំឲ្យឡូកឡំថា រឿងបុគ្គលនិងបុគ្គល ប្រែក្លាយរឿងនេះថា ជារឿងនយោបាយ ហើយការបកស្រាយណាមួយដែលប្រាសចាកអំពីការពិត គឺជាបច្ច័យមួយអាក្រក់ នាំឲ្យសាធារណៈមតិមានការយល់ច្រឡំ ដូច្នេះគួរតែគោរពអធិបតេយ្យភាពជាតិរបស់កម្ពុជា ផង ជៀសវាងការជ្រៀតជ្រែកឥទ្ធិពលណាមួយដោយមិនផ្អែកទៅលើអ្វីដែលជាការ ពិតជាក់ស្ដែង។»
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានថ្លែងថ្កោលទោសចំពោះក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានប្រើហិង្សាវាយប្រហារលើតំណាងរាស្ត្របក្សប្រឆាំង ២រូបឲ្យរងរបួសធ្ងន់ធ្ងរ។ បក្សប្រឆាំងក៏ត្រូវបានគេមើលឃើញថា រងការធ្វើទុក្ខបុកម្នេញផ្ទួនៗពីបក្សកាន់អំណាច ក្នុងនោះរួមមានការប្រជុំដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភា ហើយពេលនេះ គឺការចេញដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី។ សកម្មភាពផ្ទួនៗគ្នារបស់រដ្ឋាភិបាលនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ជាចេតនារបស់រដ្ឋាភិបាលក្នុងការបង្កើតរឿងថ្មីមកលុបលើរឿងចាស់ ដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ពិសេសលើរឿងវាយដំលើអ្នកតំណាងរាស្ត្របក្សប្រឆាំង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា ចំណាត់ការរបស់តុលាការប្រឆាំងទៅនឹងលោក សម រង្ស៊ី នៅពេលនេះ វាបង្ហាញឲ្យឃើញជាថ្មីទៀតអំពីភាពទន់ខ្សោយរបស់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា ដែលតែងត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់ធ្វើជាឧបករណ៍នយោបាយ ដើម្បីរក្សាអំណាចអស់រយៈពេលជាង ៣០ឆ្នាំរបស់លោក។ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានទទូចឲ្យម្ចាស់ជំនួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទលើលោក សម រង្ស៊ី និងជំរុញឲ្យលោក ហ៊ុន សែន បញ្ចប់នូវការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌប្រឆាំងទៅនឹងអ្នកនយោបាយ បក្សប្រឆាំង៕
No comments:
Post a Comment