កម្ពុជា, វៀតណាម ចាប់ផ្ដើម សាងសង់ បង្គោល ព្រំដែន លេខ៣០ នៅរតនគិរី
RFA / វិទ្យុ អាស៊ី សេរី | ២១ វិច្ឆិកា ២០១៥
បង្គោលព្រំដែន លេខ៣០ នៅចន្លោះ ច្រកទ្វារ ព្រំដែន អន្តរជាតិ ស្រុក អូរយ៉ាដាវ និងច្រកទ្វារ ព្រំដែន ប្រទេស វៀតណាម ក្នុងស្រុក ដាក់កឺ បានបើក ការដ្ឋាន សាងសង់ហើយ បន្ទាប់ ពីរដ្ឋាភិបាល នៃប្រទេស ទាំងពីរ បានព្រមព្រៀងគ្នា កំណត់ យក កន្លែងនោះ ជាខ្សែបន្ទាត់ ខណ្ឌដែន សីមា នៃប្រទេស ទាំងពីរ កាលពីប៉ុន្មាន ឆ្នាំមុន។ មន្ត្រីគ ណបក្ស សង្គ្រោះជាតិ ហៅការ បោះបង្គោល ព្រំដែន នៅតំបន់នោះ ថា បានផល ចំណេញ ទៅភាគី វៀតណាម។
បង្គោលព្រំដែន លេខ៣០ ឋិតក្នុងស្រុក អូរយ៉ាដាវ ខេត្ តរតនគិរី ចាប់ផ្ដើម សាងសង់ នៅថ្ងៃ ទី២១ ខែវិច្ឆិកា បន្ទាប់ ពីអាជ្ញាធរ នៃប្រទេស ទាំងពីរ សម្ពោធ បើកការដ្ឋាន សាងសង់ កាលពី ថ្ងៃទី២០ ខែវិច្ឆិកា។
កាលពីថ្ងៃ ទី២០ ខែវិច្ឆិកា អាជ្ញាធរ ចម្រុះ នៃប្រទេស កម្ពុជា ប្រមាណ ៥០នាក់ និងភាគី វៀតណាម ប្រមាណ ៣០នាក់ បានរៀបចំ ឈូសឆាយ ដី នៅចំណុច បោះបង្គោល ព្រំដែន លេខ៣០ ដែលភាគី ទាំងពីរ បានឯកភាពគ្នា បោះបង្គោល បណ្ដោះអាសន្ន មួយ ប្រមាណ ៣ឆ្នាំ កន្លងទៅនេះ ដើម្បី សម្ពោធ ការដ្ឋាន សាងសង់ បង្គោលកំណត់ ព្រំដែន ខណ្ឌទឹកដី នៃប្រទេស ទាំងពីរ បន្ទាប់ ពីមាន ការប្រទាញប្រទង់ ពីការកំណត់ ព្រំដែន នៅតំបន់ នោះ ច្រើនឆ្នាំ កន្លងទៅ។
អ្នកនាំពាក្យនិងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា អាជ្ញាធរព្រំដែននៃប្រទេសទាំងពីរបានឯកភាពគ្នាសាងសង់បង្គោលព្រំដែន ផ្លូវការនៃប្រទេសទាំងពីរ ចាប់ពីថ្ងៃសម្ពោធបើកការដ្ឋានសាងសង់នេះតទៅ ដោយភាគីវៀតណាម ជាអ្នកទទួលសាងសង់បង្គោលព្រំដែននេះ។
លោកបន្តថា មិនមានបាតុភាពអ្វីទាក់ទិនការសាងសង់បង្គោលព្រំដែននេះទេ។ តាមការគ្រោងទុកការសាងសង់នេះនឹងធ្វើរួចរាល់នៅជិតចុងខែធ្នូ ដើម្បីបើកសម្ពោធបង្គោលព្រំដែននេះផ្លូវការដោយរដ្ឋាភិបាលនៃប្រទេស ទាំងពីរ៖ «យើងបើកការដ្ឋានសាងសង់ និងផ្លូវ ៩៥០ម៉ែត្រ។ អត់មានបញ្ហាអ្វីទេ រដ្ឋាភិបាលព្រមព្រៀងហើយ។»
បង្គោលព្រំដែនលេខ៣០ ឋិតនៅជាប់ផ្នែកខាងឆ្វេងផ្លូវជាតិលេខ ៧៨អា ពីក្រុងបានលុង ទៅប្រទេសវៀតណាម ចម្ងាយជិត ៣០០ម៉ែត្រ ពីមុខច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ បច្ចុប្បន្ន និងនៅចម្ងាយប្រហាក់ប្រហែលគ្នាពីច្រកទ្វារព្រំដែនប្រទេសវៀតណាម។
ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការសាងសង់បង្គោលព្រំដែននេះ គឺធ្វើឡើងដោយផ្អែកទៅលើកិច្ចព្រមព្រៀងចាស់ដែលភាគីទាំងពីរឯកភាព គ្នាយកចំណុចនោះជាខ្សែបន្ទាត់ព្រំដែន ប៉ុន្តែមិនទាន់បានសាងសង់បង្គោលព្រំដែនផ្លូវការ។ លើសពីនេះទៀត បន្ទាប់ពីការសាងសង់បង្គោលព្រំដែននេះរួច តំបន់នោះនឹងត្រូវធ្វើការអភិវឌ្ឍន៍ផ្លូវតភ្ជាប់ប្រទេសទាំងពីររួម ទាំងអភិវឌ្ឍន៍តំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះកាន់តែល្អ ប្រសើរ៖ «មិនមែនតែបង្គោលមួយទេ តែច្រកអន្តរជាតិវាមានបរិវេណ មានសួនច្បារ មានសេវាកម្មរដ្ឋអំណាច ខាងប៉ូលិសអន្តោប្រវេសន៍ គយជាដើម សំខាន់វាកើតឡើង ហើយមានសេវា ហើយត្រូវរៀបចំតាមហ្នឹងឲ្យល្អ។»
កាលពីថ្ងៃទី២០ ខែវិច្ឆិកា អាជ្ញាធរកម្ពុជា និងវៀតណាម ក៏បានសម្ពោធបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ២៧៥ នៅតំបន់ភ្នំដិន ខេត្តតាកែវ ផងដែរ។
របាយការណ៍របស់អាជ្ញាធរខេត្តរតនគិរី បង្គោលព្រំដែនខេត្តរតនគិរី និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ចាប់ពីបង្គោលព្រំដែនលេខ ៣១ រហូតដល់បង្គោលព្រំដែនលេខ ៣៩ ឋិតក្នុងភាពប្រទាញប្រទង់គ្នាមិនទាន់ឯកភាពបោះតម្រុយបង្គោលព្រំដែន នៅឡើយ។ កន្លងទៅនេះ តម្រួតព្រំដែនវៀតណាម បានចូលមកហាមឃាត់មិនឲ្យប្រជាពលរដ្ឋ និងមន្ត្រីការពារព្រំដែនខ្មែរធ្វើស្រែ ឬជីកស្រះយកទឹកស្រោចស្រពដំណាំអ្វីឡើយ។ ផ្ទុយទៅវិញ ភាគីវៀតណាម បានបណ្ដែតបណ្ដោយឲ្យពលរដ្ឋវៀតណាម ចូលមកជីកស្រះនៅតំបន់ហាមឃាត់នេះជាឯកតោភាគី ហើយរហូតពេលនេះ ភាគីវៀតណាម មិនទាន់បានលុបស្រះតាមកិច្ចព្រមព្រៀងនៃភាគីប្រទេសទាំងពីរនៅឡើយ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ កត់សំគាល់ថា បង្គោលព្រំដែនលេខ៣០ ដែលរដ្ឋាភិបាលព្រមព្រៀងសាងសង់បង្គោលផ្លូវការជាមួយភាគីវៀតណាម ឋិតនៅជាប់នឹងតំបន់ប្រទាញប្រទង់ ហេតុនេះការសម្រេចបោះបង្គោលព្រំដែននេះគឺភាគីវៀតណាម គឺជាអ្នកទទួលផលចំណេញ។ លោកមិនអធិប្បាយពីអ្វីទៅជាការចំណេញរបស់ភាគីវៀតណាម ទាក់ទិនការបោះបង្គោលព្រំដែនទេ ក៏ប៉ុន្តែលោកថា កន្លងទៅនេះគោលបំណងរបស់វៀតណាម ទាក់ទិនរឿងព្រំដែនតែងទទួលបានជោគជ័យ៖ «យើង ដឹងហើយថា កន្លងមកគោលបំណងរបស់វៀតណាមច្រើនតែបានជោគជ័យ។ យើងទេមិនបានជោគជ័យ ឃើញតែវៀតណាម ប្រកាន់កន្លែងណាគេតែងបានជោគជ័យហើយ។»
ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោក និងព្រំដែនទឹក សរុប ២.៥៧២គីឡូម៉ែត្រ។ មន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជា កន្លងមកបានអោយដឹងថា កម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនគោករួមគ្នាបានចំនួនជាង ២៨០បង្គោល ក្នុងចំណោមបង្គោលព្រំដែនដីគោកសរុប ៣១៤បង្គោល៕
No comments:
Post a Comment