សហគមន៍ ខេត្ត រតនគិរី អះអាង ថា, ជនជាតិ វៀតណាម ចូលកាប់ឈើ ក្នុងព្រៃអភិរក្ស
RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៥
សហគមន៍ ជនជាតិ ដើម ភាគតិច និងមន្ត្រី មូលដ្ឋាន ភូមិឃ្វែង ឃុំយ៉ាទុង ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី អះអាង ថា, ក្រុមពលរដ្ឋ វៀតណាម ជាក្រុមៗ បានឆ្លងដែន ចូលមក អាររំលំ យកឈើ មូល ទ្រង់ទ្រាយធំ ក្នុងព្រៃ អភិរក្ស, ហើយ ដឹកជញ្ជូន ឆ្លងដែន តាមច្រករ បៀងព្រំដែន ចូលទៅប្រទេស វៀតណាម។ ប្រជាសហគមន៍ បញ្ជាក់បន្ថែម ថា, តាមការ សាកសួរ ពលរដ្ឋ វៀតណាម ទាំងនោះ អះអាង ថា, តម្រួតព្រំដែន ខ្មែរ ជាអ្នកអនុញ្ញាត ឲ្យពួកគេ ចូលកាប់ឈើ ក្នុងតំបន់នោះ។
មន្ត្រីមូលដ្ឋាន និងសហគមន៍ភូមិឃ្វែង អំពាវនាវសុំឲ្យអាជ្ញាធរខេត្តរតនគិរី ចុះស៊ើបអង្កេតជាបន្ទាន់ ករណីពលរដ្ឋវៀតណាម ចូលកាប់ឈើទ្រង់ទ្រាយធំនៅតំបន់ព្រៃស្រោង ចំណុចអូរតាង៉ត ជាប់នឹងប៉ុស្តិ៍ការពារព្រំដែនអូរលាវ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិចូលព្រៃដាក់អន្ទាក់សត្វកាលពីចុង សប្ដាហ៍មុន បានប្រទះឃើញជនជាតិវៀតណាម ជាក្រុមៗមានគ្នាសរុបជាង ១០នាក់ ខ្លះនាំគ្នាអាររំលំឈើ ខ្លះប្រើគ្រឿងយន្តដឹកជញ្ជូនឈើឆ្លងច្រករបៀងចូលទៅប្រទេសវៀតណាម។
ប្រធានភូមិឃ្វែង លោក ដាន ជីប បញ្ជាក់ឲ្យដឹងថា សកម្មភាពកាប់ឈើនោះមានសភាពធ្ងន់ធ្ងរ គឺឈើរាប់ពាន់ដើមត្រូវគេកាប់។ នេះ បើតាមការបញ្ជាក់ពីសហគមន៍ដែលបានទៅដល់កន្លែងកាប់ឈើ។ លោកបន្តថា អ្នកភូមិមិនមានលទ្ធភាពទប់ស្កាត់ការកាប់ឈើនេះបានទេ ពីព្រោះពលរដ្ឋវៀតណាម ដែលចូលមកកាប់ឈើអះអាងថា តម្រួតព្រំដែនខ្មែរនៅប៉ុស្តិ៍អូរលាវ ជាអ្នកអនុញ្ញាតឲ្យពួកគេចូលមកកាប់ឈើនៅតំបន់នោះ៖ «គេកាប់ឈើ គ្រប់ប្រភេទតែម្តង ឈើធ្នង់ ឈើក្រំ ដើមផ្ចឹក គេកាប់ឡើងវាលចាប់ពីមុខ ១៥ឡើង វាកាប់អស់យកទៅវៀតណាម យកតាមប៉ុស្តិ៍អូរលាវ។»
កាលពីថ្ងៃទី២៩ ខែតុលា សហគមន៍ភូមិឃ្វែង មានគ្នា ១៧នាក់ បានចុះល្បាតព្រៃ និងប្រទះឃើញជនជាតិវៀតណាម ជាង ១០នាក់ កំពុងអាររំលំឈើ។ ភ្លាមៗនោះ សហគមន៍បានឃាត់ខ្លួនពលរដ្ឋវៀតណាម ២នាក់ ម៉ូតូពីរគ្រឿង និងម៉ាស៊ីនកាត់ឈើមួយគ្រឿង។ ក្រៅពីនោះ ក្រុមអ្នកអារឈើក្នុងព្រៃ បានរត់គេចខ្លួន ខណៈក្រុមសហគមន៍ឃាត់ខ្លួនពួកគេ។
សមាជិកសហគមន៍ លោក រចំ ច្បារ បញ្ជាក់ថា ក្រុមអ្នកល្បាតព្រៃបានសម្រេចដោះលែងជនជាតិវៀតណាម ទាំងពីរនាក់ និងម៉ូតូពីរគ្រឿង ដោយសារតែអ្នកភូមិបារម្ភពីសុវត្ថិភាព ខណៈជនជាតិវៀតណាម ទាំងនោះអះអាងថា ពួកគេមានការអនុញ្ញាតពីតម្រួតព្រំដែន។ លោកបន្តថា ក្រុមល្បាតសម្រេចរឹបអូសម៉ាស៊ីនកាត់ឈើ ហើយហាមឃាត់មិនឲ្យជនជាតិវៀតណាម ទាំងនោះមកកាប់ឈើបន្តទៀតឡើយ៖ «សហគមន៍ គេដឹង គេទៅមើលអន្ទាក់ បានគេជួបគេមកប្រាប់។ សហគមន៍ក្នុងភូមិគេដើរល្បាតម្តងអត់បានឃើញពីរបី បានជួបពួកវៀតណាម កំពុងកាប់ បានយើងចាប់។ ពេលសួរពួកយួន វាលាក់មិនដឹងវាភ័យ មិនដឹងវាឆ្លើយថាពួកប៉ុស្តិ៍ឲ្យកាប់។»
ទាក់ទិនសេចក្តីរាយការណ៍នេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក វង សុខសិរី និងអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿង អះអាងដូចគ្នាថា នឹងចាត់មន្ត្រីចុះស៊ើបអង្កេតករណីនេះ។
យ៉ាងណាក៏ដោយ មន្ត្រីឃ្លាំមើលព្រៃឈើនៃសមាគមអាដហុក (ADHOC) លោក ឆាយ ធី នៅថ្ងៃទី៤ ខែវិច្ឆិកា បានចាត់មន្ត្រីចុះទៅដល់ភូមិឃ្វែង ដើម្បីស៊ើបពីករណីនេះ ក៏ប៉ុន្តែមិនបានសម្រេច ដោយសារតែតំបន់កាប់ឈើឋិតក្នុងព្រៃឆ្ងាយ ត្រូវឆ្លងអូរ និងប្រើរយៈពេលដេកនៅក្នុងព្រៃមួយយប់។
យ៉ាងណាមិញ លោកអះអាងថា របាយការណ៍របស់សហគមន៍ដែលបានទៅដល់កន្លែងកាប់ឈើ ឲ្យដឹងថា ទំហំនៃការកាប់ឈើរបស់ពលរដ្ឋវៀតណាម នៅតំបន់នោះពិតជាមានសភាពធ្ងន់ធ្ងរ៖ «គាត់បញ្ជាក់ដែរថា ព្រៃហ្នឹងកាប់ជាហូរហែមកមានរយៈពេលយូរខែ ឈើរាប់ពាន់ដើម។ វៀតណាម ឆ្មក់ចូលជ្រៅក្នុងដីខ្មែរដើម្បីកាប់នៅពេលថ្ងៃ ហើយដឹកជញ្ជូនទៅវិញនៅពេលយប់ ដោយត្រាក់ទ័រ និងរថយន្តកែច្នៃ។»
សហគមន៍ភូមិឃ្វែង ឲ្យដឹងថា ព្រៃដែលជនជាតិវៀតណាម ចូលកាប់ឈើជាតំបន់ព្រៃស្រោង លាតសន្ធឹងរហូតទល់នឹងប្រទេសវៀតណាម សម្បូរទៅដោយសត្វព្រៃ និងឈើមានតម្លៃ។ កាលពីឆ្នាំ២០០១ មានអង្គការអភិរក្សសត្វព្រៃ បានគ្រប់គ្រងតំបន់នោះ។ រហូតដល់ឆ្នាំ២០០៤ អង្គការនោះដកចេញ ទើបសហគមន៍ចូលទៅអភិរក្សព្រៃបន្ត ក៏ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតំបន់នោះកម្រប្រជាពលរដ្ឋទៅដល់ ទើបឈើមានតម្លៃត្រូវជនជាតិវៀតណាម ចូលកាប់រហូតបច្ចុប្បន្ន៕
No comments:
Post a Comment