ជនជាតិ វៀតណាម នៅតែ បន្តលួច កាប់ឈើ នៅតំបន់ ព្រំដែន ខេត្ត រតនគិរី
RFA / វិទ្យុ អាស៊ី សេរី | ១០ វិច្ឆិកា ២០១៥
ឈើមូល និងឈើ អារជ្រុង រាប់រយដើម ត្រូវ បានជនជាតិ វៀតណាម មួយក្រុម ចូលមក អាររំលំ, ហើយ ដឹកជញ្ជូន ឆ្លងដែន ចូលទៅប្រទេស វៀតណាម ខណៈ សហគមន៍ រាយការណ៍ ថា, អាជ្ញាធរ មូលដ្ឋាន និងសមាជិក សហគមន៍ខ្លះ ជាអ្នក ឃុបឃិត យកប្រាក់ ពីក្រុម អ្នកអារឈើ ទាំងនោះ។ ចំណែក មន្ត្រី ឃ្លាំមើល បញ្ហាព្រៃឈើ អំពាវនាវ សូម ឲ្យសមត្ថកិច្ច ជំនាញ ចាត់វិធានការ បង្ក្រាប ករណីនេះ ជាបន្ទាន់។
រូបថតប្រមាណ ២០សន្លឹកបង្ហាញពីឈើមូល និងឈើជ្រុង ត្រូវបានជនជាតិវៀតណាម កាប់ដឹកជញ្ជូនដោយប្រើពោងពោះវៀនកង់ឡានធំៗចងផ្អោបបណ្ដែតឆ្លង ទន្លេពីទឹកដីខ្មែរឆ្លងចូលទៅទឹកដីវៀតណាម នៅចន្លោះប៉ុស្តិ៍ការពារព្រំដែនផាតាម និងផាសាវ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
សហគមន៍មួយក្រុមបានធ្វើដំណើរមកការិយាល័យសមាគមការពារ សិទ្ធិមនុស្សអាដហុក នៅថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីបង្ហាញរូបថតពីសកម្មភាពលួចកាប់ឈើក្នុងដីខ្មែររបស់ជនជាតិ វៀតណាម ដែលសហគមន៍ដើរល្បាត ហើយប្រទះឃើញនិងថតរូបដើម្បីជាសំអាងសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយ ទប់ស្កាត់។ តាមការប៉ាន់ប្រមាណ ឈើមូលរាប់រយដើមត្រូវបានជនជាតិវៀតណាម កាប់ពីព្រៃក្នុងដីខ្មែរនៅចំណុចអូរផាក់ និងភ្នំពោធ ភាគខាងកើតប៉ុស្តិ៍ការពារព្រំដែនខ្មែរផាតាម៖ «ឥឡូវក៏គេនៅអារ ដែរ ទាំងថ្ងៃទាំងយប់។ គេអូសទម្លាក់ទឹកហើយគេដាក់ពោះវៀនឡាន។ មុខ ៨តឹក មួយម៉ែត្រក៏មាន។ ដើមត្រាចតាមដងទន្លេប្រវែង ១០ម៉ែត្រជាង សុក្រំ គេអារជាជ្រុងៗ បើត្រាចគេដឹកទាំងមូល។វៀតណាមនៅត្រើយម្ខាងស្ងាត់ៗគេចូលកាប់។»
ចាប់ពីខែកក្កដា រហូតមក សហគមន៍ភូមិតាំងលោម បានចុះល្បាតព្រៃនិងប្រទះឃើញជនជាតិវៀតណាម ជាក្រុមៗបានឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែរចំនួនបីលើក និងដោយឡែកសហគមន៍បានរកឃើញក្រុមឈ្មួញវៀតណាម និងសម្ភារៈកាត់ឈើ រួមទាំងគ្រឿងយន្តដឹកជញ្ជូនឈើចូលមកស្នាក់នៅក្នុងភូមិតាមរយៈ មន្ត្រីមូលដ្ឋាន ហើយចូលព្រៃអារឈើនៅវេលាយប់ដឹកជញ្ជូនទៅប្រទេសវៀតណាម។
ទាក់ទិនសេចក្ដីរាយការណ៍នេះ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក វង សុកសិរី បញ្ជាក់ថា មន្ត្រីលោកបានចុះទៅកាន់តំបន់នោះ ក៏ប៉ុន្តែរកមិនឃើញមានបទល្មើសព្រៃឈើនោះទេ។ យ៉ាងនេះក្តីលោកអះអាងថា នឹងចាត់មន្ត្រីចុះស្រាវជ្រាវករណីនេះជាថ្មីទៀត៖ «ទន្លេហ្នឹង ជាព្រំប្រទល់ណា! ទេ! ខ្ញុំឲ្យពួកហ្នឹងចុះទៅមើលថា អត់មានទេ។ ឥឡូវអត់ស្អីទេ ចាំខ្ញុំឲ្យពួកហ្នឹងទៅមើលម្ដងទៀត។»
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក លោក ឆាយ ធី ថ្លែងបញ្ជាក់ថា លោកនឹងអន្តរាគមន៍ពាក្យប្ដឹង និងរូបថតទៅស្ថាប័នពាក់ព័ន្ធអាជ្ញាធរខេត្តដើម្បីចាត់វិធានការតាម ច្បាប់។
លោកថា នេះមិនមែនជារឿងថ្មីដែលជនជាតិវៀតណាម ចូលកាប់ឈើខ្មែរនោះទេ ពីព្រោះលោកបានធ្វើលិខិតអន្តរាគមន៍ជាច្រើនទាក់ទិនឈ្មួញវៀតណាម ដឹកគ្រឿងសម្ភារៈចូលកាប់ឈើក្នុងដីខ្មែរនៅតំបន់ព្រំដែនស្រុក អណ្ដូងមាស នោះ៖ «ដោយសារលើកនេះខាងភាគីវៀតណាម គេមកទំនាក់ទំនងផ្ទាល់ជាមួយអាជ្ញាធរភូមិ ក្នុងនោះមានអាជ្ញាធរភូមិ និងមេសន្តិសុខភូមិ ដែលផ្ដល់ការអនុញ្ញាតឲ្យវៀតណាម កាប់ឈើក្នុងព្រៃសហគមន៍ខ្លួន។ អ៊ីចឹងហើយបានជាសហគមន៍គាត់បារម្ភពីការបាត់បង់ព្រៃនៅតំបន់ ព្រំដែន។»
សហគមន៍ដែលបានឃើញហេតុការណ៍ឲ្យដឹងថា ជនជាតិវៀតណាម បានមកបោះជំរំនៅត្រើយម្ខាងទន្លេជាខ្សែបន្ទាត់ព្រំដែនក្នុងទឹកដី វៀតណាម ហើយពួកគេឆ្លងទន្លេមកដីខ្មែរកាប់ឈើទាំងពេលថ្ងៃ និងយប់។ ក្រុមអ្នកកាប់ឈើក៏បានបង់ប្រាក់ ៣ពាន់ដុល្លារទៅឲ្យប្រធានភូមិ និងប្រជាការពារភូមិដើម្បីអនុញ្ញាតឲ្យពួកគេកាប់ឈើ និងលាក់បាំងព័ត៌មាននេះ៕
No comments:
Post a Comment