Paris Peace Accords 23 Oct. 1991

Sunday, November 1, 2015

[Vietnamization] ពលរដ្ឋ​ ខេត្ត​ រតនគិរី ​អះអាង​ ថា, ​ជនជាតិ​ វៀតណាម​ បន្ត​លួច​ចូល​ កាប់​ឈើ ​ក្នុង​ដី​ខ្មែរ ​ជិត​ព្រំដែន | Ratanakiri ethnic minority Jarai say Vietnamese continue to cross border to fell trees

ជនជាតិ​វៀតណាម​កាប់​ឈើ​នៅ​រតនគិរី ៦១០
ជនជាតិ ​វៀតណាម ទាំង​ពីរ​នាក់ ​នេះ​បាន​ចូល​មក ​កាប់​ឈើ​ នៅ​ដី​ខ្មែរ ចំណុច ​ប៉ុស្តិ៍​ នគរបាល​ ការពារ​ព្រំដែន ​ច្រក​អូរថ្មដា ក្នុង​ស្រុក ​អូរយ៉ាដាវ ខេត្ត ​រតនគិរី កាល​ពី​ថ្ងៃ​ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ពលរដ្ឋ​ ខេត្ត​ រតនគិរី ​អះអាង​ ថា, ​ជនជាតិ​ វៀតណាម​ បន្ត​លួច​ចូល​ កាប់​ឈើ ​ក្នុង​ដី​ខ្មែរ ​ជិត​ព្រំដែន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១ វិច្ឆិកា ២០១៥

ប្រជាពលរដ្ឋ​ សហគមន៍​ ជនជាតិ​ដើម ​ភាគ​តិច ​រស់នៅ​ ជាប់ ​នឹង​តំបន់​ ព្រំដែន​ កម្ពុជា និង​វៀតណាម ក្នុង​ឃុំ​ ញ៉ាង, ស្រុក​ អណ្ដូងមាស, ខេត្ត ​រតនគិរី ស្នើសុំ​ អាជ្ញាធរ​ ពាក់ព័ន្ធ​ ឲ្យ​ចាត់​ វិធានការ​ ទប់ស្កាត់​ ជា​បន្ទាន់ សកម្មភាព ឈ្មួញ​វៀតណាម បាន​លួច​ ដឹក​ជញ្ជូន​ គ្រឿង​យន្ត និង​កម្មករ ចូល​កាប់​ឈើ ​ក្នុង​ដី​ខ្មែរ។

សហគមន៍​ ជនជាតិ​ដើម​ ភាគ​តិច​ ចារ៉ាយ​ រស់នៅ​ ភូមិ​តាំងលោម អះអាង ​ថា, ជនជាតិ​ វៀតណាម មួយ​ក្រុម បាន​លួច ​ឆ្លង​ដែន​ ចូល​មក​ កាប់​ឈើ​ ក្នុង​ដី​ខ្មែរ ​ប្រមាណ​ បី​ថ្ងៃ​ កន្លង​ទៅ​នេះ នៅ​ខាង​កើត​ ប៉ុស្តិ៍​ការពារ​ ព្រំដែន​ ផាតាម។

ពលរដ្ឋ ​នៃ​សហគមន៍​នេះ​ សូម ​មិន​ឲ្យ​ បញ្ចេញ​ឈ្មោះ បញ្ជាក់​ ថា, ក្រុម​ជនជាតិ ​វៀតណាម ដែល​ចូល​មក​ លួច​កាប់​ឈើ ​នេះ ដឹក​នាំ​ ដោយ​ឈ្មួញ​ វៀតណាម ម្នាក់ ​ឈ្មោះ ក្លាន ប៉ាន ប្រដាប់​ ដោយ​ម៉ាស៊ីន​ កាត់​ឈើ​ ប្រមាណ ១០​គ្រឿង, រថយន្ត​ ស្ទូច និង​រថយន្ត​ ដឹក​ជញ្ជូន​ឈើ ​ពីរ​គ្រឿង កំពុង ​អារ​រំលំ​ ឈើ​មូល​ នៅ​តំបន់​ ភ្នំ​ពោច, ហើយ​ ដឹក​ជញ្ជូន ​ឆ្លង​អូរ ជា​ព្រំដែន ​ចូល​ទៅ​ទឹក​ដី​ ប្រទេស​ វៀតណាម។

សមាជិក​ សហគមន៍ ​ដដែល​ ឲ្យ​ដឹង​ថា, ឈ្មួញ​វៀតណាម នេះ បាន​បង់​ប្រាក់ ៣​ពាន់​ ដុល្លារ ​ទៅ​ឲ្យ​ មេ​ដឹក​នាំ​ សហគមន៍ និង​ប្រធាន​ភូមិ ដើម្បី​ បិទ​បាំង ​ព័ត៌មាន​ ស្ដីពី​ ការ​លួច​ កាប់​ឈើ​នេះ៖ «សហគមន៍​មួយ​ចំនួន ​គេ​ចង់​បើក សហគមន៍​មួយ​ចំនួន​គេ​អត់​ចង់​បើក អ៊ីចឹង​រញ៉េរញ៉ៃ​អ៊ីចឹង។ គេ​ឲ្យ​លុយ​ស្រឡាញ់​ព្រៃ​ឈើ​បង់​ជា​លុយ ពួក​ខ្ញុំ​អត់​ព្រម​មិន​ចង់​យក​លុយ​ទេ ចង់​ទុក​ព្រៃ​ឈើ​វិញ។ ឮ​ថា​គេ​បង់ ៣​ពាន់​ដុល្លារ​ទាក់ទង​ជាមួយ​មេ​ភូមិ។»

កាល​ពី​ខែ​កក្កដា សហគមន៍​ភូមិ​តាំងសេ មាន​ភូមិសាស្ត្រ​ជាប់​សហគមន៍​តាំងលោម បាន​រឹប​អូស​ត្រាក់ទ័រ​មួយ​គ្រឿង ឧបករណ៍​ស្ទូច និង​ឧបករណ៍​កាត់​ឈើ​របស់​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ ធិញ ដែល​បាន​ចូល​មក​ស្នាក់នៅ​ក្នុង​ភូមិ ហើយ​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ ចូល​កាប់​ឈើ​នៅ​ពេល​យប់ ហើយ​ដឹក​ជញ្ជូន​ឆ្លង​ដែន​តាម​ចន្លោះ​ច្រក​របៀង​ព្រំដែន​ប៉ុស្តិ៍​ផាតាម និង​ប៉ុស្តិ៍​ផាសាវ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ភូមិ​លោម សុំ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​ទាក់ទិន​រឿង​កាប់​ឈើ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។

ដោយឡែក​អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​មិន​ទាន់​ទទួល​បាន​របាយការណ៍​នេះ​នៅ​ឡើយ៖ «ចាំ​មើល​ខ្ញុំ​ឲ្យ​ពួក​ហ្នឹង​ទៅ​មើលៗ​វា​យ៉ាង​ម៉េច ឲ្យ​មើល​សិន​ទៅ ចាំ​ប្រាប់​ខ្ញុំ​ផង។»

ដូច​គ្នា​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក វង សុកសិរី បញ្ជាក់​ថា កន្លង​ទៅ​នេះ លោក​ក៏​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ទាក់ទិន​ពលរដ្ឋ​វៀតណាម ចូល​មក​កាប់​ឈើ​នេះ​ដែរ។ លោក​ថា នឹង​ចាត់​មន្ត្រី​ចុះ​ទៅ​តំបន់​ដែល​សហគមន៍​ផ្តល់​ព័ត៌មាន​ពី​ការ​លួច​កាប់​ ឈើ​នេះ៖ «ឥឡូវ​ខ្ញុំ​ឲ្យ​គេ​ចុះ​ស៊ើប​សិន បើ​ច្បាស់​ចាំ​យើង​ចាត់ការ។ ដូច​លើក​មុន វា​មក​ម្តង​ហើយ ដល់​យើង​ទៅ​វា​ផ្អើល​ទៅ។»

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ-ឃុំ ជាពិសេស​តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ​មួយ​ចំនួន មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់​ឆ្លង​ដែន​ទៅ​លក់​ ឲ្យ​ឈ្មួញ​វៀតណាម ដូច​គ្នា។ លោក​បន្ត​ថា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន​បិទ​ច្រក​របៀង ដើម្បី​ការពារ​សុវត្ថិភាព​តាម​ខ្សែ​បន្ទាត់​ព្រំដែន ក៏ប៉ុន្តែ​សហគមន៍​មាន​ភូមិសាស្ត្រ​ភូមិ-ឃុំ​ជាប់​នឹង​តំបន់​ព្រំដែន នៅ​តែ​រាយការណ៍​ថា ពលរដ្ឋ​វៀតណាម នៅ​តែ​លួច​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ៖ «មិន​ត្រឹម​តែ​ ព្រំដែន​ស្រុក​អណ្ដូងមាស ទេ នៅ​អូរយ៉ាដាវ ក៏​មាន​របៀប​ហ្នឹង​ជា​ញឹកញាប់​ដែរ។ វៀតណាម ចូល​អារ​ឈើ​ដឹក​ចេញ។ សហគមន៍​មួយ​ចំនួន​ចង់​បាន​លុយ ក៏​គាត់​ចូលរួម សហគមន៍​មួយ​ចំនួន​គាត់​នៅ​ស្ដាយ​ព្រៃ​ឈើ​របស់​គាត់។»

របាយការណ៍​របស់​សហគមន៍​ភូមិ​តាំងសេ និង​ភូមិ​តាំងលោម ចាប់​ពី​ដើម​ឆ្នាំ​២០១៥ រហូត​មក ក្រុម​ល្បាត​សហគមន៍ រឹប​អូស​បាន​ម៉ូតូ រណារ​យន្ត​កាត់​ឈើ ត្រាក់ទ័រ និង​ឧបករណ៍​ស្ទូច​ឈើ​ពី​ពលរដ្ឋ​វៀតណាម កំពុង​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។ វត្ថុ​តាង​ទាំង​នោះ សហគមន៍​ប្រគល់​ជូន​អាជ្ញាធរ​ភូមិ-ឃុំ ក៏ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន បាន​សម្រប​សម្រួល​ប្រគល់​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ ទៅ​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ​វិញ ជា​ថ្នូរ​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់៕



No comments:

Post a Comment