Paris Peace Accords 23 Oct. 1991

Monday, November 2, 2015

អ្វីខ្លះ​ ជា​ឧបសគ្គ​ ក្នុង​ការ ​ស្វែងរក​ ជនដៃដល់​ វាយ​តំណាងរាស្ត្រ​?​ What are the obstacles to finding attackers on MPs?


តំណាងរាស្រ្ត គណបក្ស​ សង្រ្គោះជាតិ លោក គង់ សភា និង​លោក ញ៉យ ចំរើន ​(រូបថតផ្តល់ឲ្យ​)

អ្វីខ្លះ​ ជា​ឧបសគ្គ​ ក្នុង​ការ ​ស្វែងរក​ ជនដៃដល់​ វាយ​តំណាងរាស្ត្រ​?​

 VOD / វីអូឌី |១ វិច្ឆិកា ២០១៥


ជនដៃដល់ ​វាយ​តំណាង​រាស្ត្រ ​ពីរ​រូប ​នៅ​កណ្តាលថ្ងៃត្រង់ ជាប់​របង​ សភា ដែល​បណ្តាល ឲ្យ​រងរបួស ​ធ្ងន់​ កាលពី​ថ្ងៃ​ ទី​២៦​ ខែ​តុលា​នោះ នៅ​មិនទាន់ ​វែកមុខ ​ឃើញ​ នៅឡើយ បើ ទោះ ជា​មាន​ ការបញ្ជា​ពី​លោកនាយក​រដ្ឋ​មន្ត្រី​ឲ្យ​អ្នកប្រព្រឹត្ត​ចេញ មុខ​ទទួលខុសត្រូវ​ ចំពោះ មុខ​ច្បាប់​ ក៏ដោយ​។​

​គិត​ត្រឹម ​ថ្ងៃទី​០១​ខែ​វិច្ចិកា​នេះ មាន​រយៈពេល ​៧​ថ្ងៃ​ហើយ ​ក្រោយ​ហេតុការណ៍ ​វាយតំណាងរាស្ត្រ​ ២​រូប ​ឲ្យ​រងរបួស​ធ្ងន់ លោក គង់ សភា និង​លោក ញ៉យ ចំរើន​។ បច្ចុប្បន្ន​តំណាងរាស្ត្រ​ទាំង​ពីរ​កំពុង ​ទទួល​ ការព្យាបាល វះ កាត់​ភ្នែក ដៃ ច្រមុះ និង ត្រចៀក​។ 

​បើ ​ទោះ ជា​ពេល​កន្លង​ទៅ​៧​ថ្ងៃ​ហើយ​ក៏​ ដោយ ហើយ​ក្រសួង​មហាផ្ទៃ​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​នេះ តែ​នៅ​មិន​ទាន់​ចាប់​ជនដៃដល់​បាន​នៅឡើយ​។ 

ក្រោយ​ហិង្សា​កើតឡើង​លើ​តំណាងរាស្ត្រ​២​ ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​២៨ ​ខែតុលា ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បញ្ហា​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ជនដៃដល់​មក​ផ្តន្ទាទោស បើ​ទោះ​ជា​ជន​នោះ​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកក៏ដោយ​។​

សាស្ត្រាចារ្យ វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់ឃើញថា ជនដៃដល់​ភាគច្រើន​ជា មន្ត្រី​សំខាន់ៗរបស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក​ថា លោកនាយក​រដ្ឋមន្ត្រី គ្រាន់តែ​ថ្លែង​ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​តែប៉ុណ្ណោះ ៖ បើ ​តាម​អ្នកស្រាវជ្រាវ អ្នក​អង្កេត អ្នកប្រព្រឹត្ត​នឹង​ភាគច្រើន​ជា​មន្ត្រី​រដ្ឋាភិបាល រួម​មាន​ថ្នាក់​ស្រុក ថ្នាក់​សង្កាត់ ថ្នាក់​ខណ្ឌ រហូត​ដល់​កង​អង្គរក្ស​ទៀត​។ ដូច្នេះហើយ អ្វី​ដែល​ជា​ការបញ្ជា​រប​ស់លោក​ហ៊ុន សែន គ្រាន់តែ​ជា​វោហា​សាស្ត្រ​បង្ហាញ​ការចាប់អារម្មណ៍​ទៅ​ពលរដ្ឋ និង សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ ដែល​ចំណាត់​ការ​ពិត​មិន​អាច​ទៅរួច​ទេ និយាយឲ្យចំ​ទៅ​គាត់​មិន​អាច​អារ​សាច់​ខ្លួន​ទេ​។​

​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​គេ​ឲ្យ​ងារ​ជា​បុគ្គល​មាន​ទឹកមាត់ប្រៃ​នោះ​កន្លងមក ពេល​លោក​បញ្ជា​ឲ្យ​ឆាប់​អ្នកណាម្នាក់ អ្នក​នោះ​មិន​ដែរ​រួច​ខ្លួន​ទេ រួមទាំង​មន្ត្រី​បក្សប្រឆាំង និង មន្ត្រី​របស់​លោក ដូច​ករណី ចាប់ខ្លួន លោក ហុង សុខ​ហួរ លោក ឈូក បណ្ឌិត និង លោក ថោង សារ៉ាត់​ជាដើម​។​

ពេល​សួរថា តើ​អ្នកប្រព្រឹត្ត​នោះ អាច​ត្រូវ​ចាប់ខ្លួន​ទេ​? លោក សូ ចន្ថា បញ្ជាក់ អាច​មាន​ការចាប់​បើ​មាន​សម្ពាធ​ពី​មជ្ឈដ្ឋា​ននានា​កាន់តែ​ខ្លាំង​នោះ​។​

អគ្គលេខាធិការដ្ឋាន​ប្រតិបត្តិ​នៃ​ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​លោក សួន ប៊ុន​ស័ក្តិ យល់ឃើញថា ការពន្យារពេល​នៃ​ការចាប់ខ្លួន​ជនល្មើស​នេះ អាច​មក​ពី​សមត្ថកិច្ច​មិន​មាន​បំណង​នៃ​ការចាប់ ព្រោះ​លោក​ចាត់ទុកថា រឿង​នោះ​ជា​បទល្មើស​ជាក់ស្តែង មាន​សមត្ថកិច្ច​មើលឃើញ និង មាន​រូបភាព​ជា​ច្រើន​ដែល​បង្ហាញ​មុខ​ក្រុម​ជនដៃដល់ តែ​សមត្ថកិច្ច​មិន​ចាត់ការ​៖ ពន្យារ ​ពេល​នេះ អាច​ថា ដើម្បី​គិត​មើល​ថា តើ​ត្រូវ​ចាត់​វិធានការ​យ៉ាង​ម៉េច​? ពន្យារ​ពេល​អាច​ថា ជា​ការ​មិន​ចង់​រក​យុត្តិធម៌​ក៏​ថា​បាន​ដែរ​! កុំភ្លេចថា បើកាលណា យុត្តិធម៌​ត្រូវ​បាន​ពន្យារពេល​ស្មើ​នឹង​អយុត្តិធម៌​តែម្តង។​

​ក្រោយពេល​​ថ្លែងការ​ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​ស្តង់ដារ​តែមួយ ហើយ​មុខសញ្ញា​នៃ​ជន​វាយ​តំណាងរាស្ត្រ​ត្រូវបាន​គេ​ស្គាល់ ចំណែក​ជនល្មើស​មិន​ត្រូវបាន​គេ​ចាប់ខ្លួន​នោះ នាំឲ្យ​អ្នកតាមដាន​បញ្ហា​សង្គម​មាន​ចម្ងល់​ពីរ​ចំណុច​គឺ មិន​ចាប់ខ្លួន​ដោយសារ​មន្ត្រី​ក្រោមបង្គាប់​មិន​ស្តាប់​បញ្ជ​របស់​លោកនាយ​ក​ រដ្ឋមន្ត្រី ឬ បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​តាម​ក្បាល​មេក្រូ​ឲ្យ​ពលរដ្ឋ​ស្តាប់​ ផ្សេង ថ្លែង​ទៅ​កាន់​មន្ត្រី​ក្រោមបង្គាប់​របស់​លោក​ផ្សេង​ទៅវិញ?​ ​៕​

No comments:

Post a Comment