ពលរដ្ឋ ១០គ្រួសារ នៅខេត្ត ត្បូងឃ្មុំ ចោទអាជ្ញាធរ ថា មិនដោះស្រាយ ជម្លោះដីធ្លី ជូនពួកគាត់
RFA / វិទ្យុ អាស៊ី សេរី | ១៦ ធ្នូ ២០១៥
ប្រជាពលរដ្ឋ នៅភូមិ ប្រធាតុ ឃុំ ស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ចោទអាជ្ញាធរ ថា, មិនបាន យកចិត្ត ទុកដាក់ ជួយដោះស្រាយ បញ្ហា របស់ អ្នកភូមិ ១០គ្រួសារ ដែលមាន ជម្លោះ ដីធ្លី ជាមួយ ទាហាន កងវិស្វកម្ម ឡើយ។ ការលើកឡើងនេះ បន្ទាប់ ពីពលរដ្ឋ ទាំងនោះ ស្វែងរក កិច្ចអន្តរាគមន៍ ពីអាជ្ញាធរ ខេត្ត គ្រប់ថ្នាក់, ប៉ុន្តែ បញ្ហា របស់ ពលរដ្ឋ នៅតែ មិនអាច ដើរទៅមុខ បាន ដដែល។
ប្រជាពលរដ្ឋ គ្រោង នឹងបញ្ជូន ពាក្យបណ្ដឹង ទៅស្ថាប័ន ក្រសួង ការពារជាតិ បន្ថែមទៀត ប្រសិនបើ បញ្ហា ដីធ្លី របស់ ពួកគេ នៅតែ មិនអាចដោះស្រាយបាន។ ការលើកឡើងនេះ ក្រោយពេលអ្នកភូមិបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំ និងស្រុកជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតប។
ពលរដ្ឋនៅភូមិប្រធាតុ លោក យន់ សុភាព ឲ្យដឹងថា ដីជាង ៣ហិកតារ (៣,៨០ ហិកតារ) គឺ ប្រជាពលរដ្ឋ ១០គ្រួសារ បានកាន់កាប់តាំង ពីក្រោយ សម័យ ខ្មែរក្រហម, ប៉ុន្តែ ក្រោយមក ក៏មាន ក្រុមទាហាន មកសុំកន្លែង តាំងបន្ទាយ បណ្ដោះអាសន្ន កាលពីឆ្នាំ ១៩៩៧។ លោក បន្តទៀត ថា ក្រោយពេល តាំងបន្ទាយ រួច, ទាហាន នៅទីនោះ ក៏មាន បំណង ចង់បាន ដី របស់ អ្នកស្រុក តែម្តង ពីព្រោះ កាលពីពេល ថ្មីៗនេះ ពួកគេ បានវាស់វែង ដីពួកគាត់ ចែកគ្នា ហើយថែមទាំងធ្វើផ្ទះនៅចំណុចដីជម្លោះទៀតផង៖ «ដាក់ស្រុកទៅបាត់ ដាក់ដល់កងពលទៅបាត់។ ដាក់បាត់ៗ អត់មានឮអីទេលោកគ្រូ។»
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ ១០គ្រួសារជាមួយទាហាន បញ្ជាការកងវិស្វកម្មតំបន់ភូមិភាគ២ គឺកើតឡើងខ្លាំងនៅឆ្នាំ២០១៤ ក្រោយពេលដីតំបន់នោះឡើងថ្លៃ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការកងវិស្វកម្មតំបន់ភូមិភាគ២ លោក នង សុផល ដើម្បីបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៥ ធ្នូ។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី សៀង នួន និយាយថា អ្នកស្រីចង់បានដីតំបន់នោះដើម្បីគ្រប់គ្រងដូចដើមវិញ ពីព្រោះអ្នកស្រីអះអាងថា ពួកគាត់មានលិខិតកាន់កាប់ត្រឹមត្រូវ៖ «កាលណាខ្ញុំចូលទៅ និយាយទៅ ថាទៅ គេថាកុំឲ្យចូលដីគាត់ ប៉ុន្តែខ្ញុំសុទ្ធមានប្លង់កាន់កាប់គ្រប់គ្នា។»
ជុំវិញបញ្ហានេះ មេឃុំស្រឡប់ លោក ស៊ាប សុជាតិ មានប្រសាសន៍ថា អាជ្ញាធរមិនបានព្រងើយកន្តើយចំពោះបញ្ហារបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែករណីនេះ វាហួសពីដែនសមត្ថកិច្ចរបស់ឃុំ ទើបខាងលោកបានបញ្ជូនសំណើរបស់ពលរដ្ឋទៅអាជ្ញាធរស្រុកបន្តទៀត៖ «ហើយខ្ញុំថា ឥឡូវទំហំធំណាស់ ខ្ញុំមិនអាចដោះស្រាយបាន។ ខ្ញុំរុញរឿងហ្នឹងទៅស្រុក ទៅធ្វើពាក្យបណ្ដឹងពាក្យអីទៅ។»
លោកបញ្ជាក់ថា ក្រោយពេលទាហានទៅតាំងបន្ទាយនៅតំបន់នោះ ប្រជាពលរដ្ឋមិនបានតវ៉ាទេ ទើបតែគម្រោងធ្វើសាលាខេត្តត្បូងឃ្មុំ ចេញ ទើបពួកគាត់នាំគ្នាទាមទារគ្រប់គ្រងឡើងវិញ។ យ៉ាងណាលោកបន្ថែមថា លោកធ្លាប់ទៅជជែកជាមួយមេទាហានកងវិស្វកម្ម។ ពួកគេបញ្ជាក់ថា នឹងប្រគល់ដីឲ្យពលរដ្ឋវិញ ប្រសិនថ្នាក់លើអាចដោះស្រាយជូនទាហានទាំងនោះ ឬតម្រូវឲ្យពួកគេទៅរស់នៅតំបន់ផ្សេង។
បន្ថែមពីនេះ អភិបាលស្រុកត្បូងឃ្មុំ លោក កេង ប៊ុណ្ណា មានប្រសាសន៍ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយទាហាន គឺស្មុគស្មាញបន្តិច ដែលទាមទារពេលវេលាក្នុងការដោះស្រាយ ពីព្រោះឯកសារកាន់កាប់ដីធ្លីកន្លងមករបស់ប្រជាពលរដ្ឋ គឺមានភាពមិនប្រក្រតី។ ម្យ៉ាងទៀត ពលរដ្ឋក៏មិនមានលិខិតកិច្ចសន្យាណាមួយបញ្ជាក់ថា ទាហានបានខ្ចីដីពួកគាត់ធ្វើបន្ទាយ ជាដើម៖ «គ្រាន់តែថាអ៊ីចេះទៅ ខ្ញុំនឹងដោះស្រាយជូនពួកគាត់ដដែលទេណា។»
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក វ៉ន សេងធុយ លើកឡើងថា ប្រសិនបើគិតពីប្រវត្តិដី គឺប្រជាពលរដ្ឋជាអ្នកមានសិទ្ធិកាន់កាប់ស្របច្បាប់ជាងទាហាន ពីព្រោះពួកគាត់បានគ្រប់គ្រងដីតំបន់នោះមុនពេលទាហានចូលមកដល់។ លោកថា រឿងនេះ អាជ្ញាធរមិនគួរអូសបន្លាយពេលវេលាថែមទៀតទេ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទាំងនោះ។ លោកបញ្ជាក់ថា ជំហានបន្ត ពលរដ្ឋអាចប្ដឹងទៅក្រសួងការពារជាតិ និងស្ថាប័នតុលាការ ប្រសិនបើអាជ្ញាធរមិនអាចដោះស្រាយចេញ៕
No comments:
Post a Comment