កម្មករ រោងចក្រ ប្រមាណ ២ម៉ឺន នាក់ នៅក្រុង បាវិត បន្តធ្វើ កូដកម្ម មិនចូល ធ្វើការ
RFA / វិទ្យុ អាស៊ី សេរី | ១៩ ធ្នូ ២០១៥
ក្រុមកម្មករតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន
(Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង
ទាមទារប្រាក់ឈ្នួលគោលបន្ថែមលើសពីចំនួន ១៤០ដុល្លារ នៅថ្ងៃទី១៧
ខែធ្នូ ឆ្នាំ២០១៥។ Photo courtesy of CUMW
កម្មករ រោងចក្រ ប្រមាណ ២ម៉ឺន នាក់ នៅក្រុង បាវិត ខេត្ត ស្វាយរៀង បានបន្ត ធ្វើកូដកម្ម មិនចូល ធ្វើការ ដើម្បី ដាក់សម្ពាធ ឲ្យថៅកែ បន្ថែមប្រាក់ ២០ដុល្លារ ក្នុង១ខែ លើប្រាក់ឈ្នួល គោល របស់ ពួកគេ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍នៅថ្ងៃទី១៩ ធ្នូ ថា បន្ទាប់ពីមានកម្មករប្រមាណ ៣ម៉ឺននាក់ផ្ទុះការតវ៉ាមក កម្មករមួយចំនួនបានវិលចូលធ្វើការធម្មតា។ ប៉ុន្តែរយៈពេល ២ថ្ងៃនេះ កម្មករចំនួន ៣រោងចក្រ ដូចជារោងចក្រមេនហាតធេន (Manhattan) រោងចក្រតាយសេង១ (Tai Seng 1) តាយសេង២ (Tai Seng 2) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បានធ្វើកូដកម្មមិនចូលធ្វើការតែម្ដង។ ចំណែកអ្នកចូលធ្វើការក៏មិនបានធ្វើពេញលេញនោះដែរ។
លោកថា ពួកគេមានគោលបំណងទាមទារប្រាក់ ២០ដុល្លារបន្ថែមលើប្រាក់ឈ្នួលគោលដែលមានស្រាប់ចំនួន ១២៩ដុល្លារ។ ទោះជាយ៉ាងនេះក្ដី លោកមិនទាន់ឃើញមានសញ្ញាណាមួយពីថៅកែក្នុងការដោះស្រាយជាមួយ កម្មករនៅឡើយ៖ «យើងអត់មានអីទំនាក់ទំនងខាងរោងចក្រផង ណាមួយកម្មករគាត់កូដកម្មដោយខ្លួនឯង។ គាត់អត់បានរកសហជីព ហើយគាត់ក៏មិនបានស្នើឲ្យនរណាជួយដោះស្រាយជូនគាត់។ គាត់ធ្វើការតវ៉ាខ្លួនឯង។»
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) ដើម្បីឆ្លើយតបពីដំណោះស្រាយថា យ៉ាងណានៅឡើយទេ នៅថ្ងៃទី១៩ ធ្នូ។
កម្មករបានផ្ទុះបាតុកម្មតវ៉ាតាំងពីថ្ងៃទី១៦ ធ្នូ។ ពាក់ព័ន្ធបញ្ហានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្នើឲ្យរដ្ឋាភិបាលចេញមុខអន្តរាគមន៍ និងចាត់វិធានការជុំវិញករណីកម្មកររោងចក្រប្រមាណ ៣ម៉ឺននាក់នៅក្រុងបាវិត ខេត្តស្វាយរៀង ផ្ទុះការទាមទារប្រាក់ឈ្នួលលើសពី ១៤០ដុល្លារ។ ចំណែកតំណាងកម្មករ ស្នើឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាដោះស្រាយតាមសំណើកម្មករ ដើម្បីជៀសវាងការប៉ះទង្គិច៕
No comments:
Post a Comment