គ.ជ.ប. ពិភាក្សា ពីទម្រង់ ឯកសារ ជំនួស អត្តសញ្ញាណប័ណ្ណ សម្រាប់ បម្រើ ការបោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១៨ ធ្នូ ២០១៥
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) បានបើកកិច្ចប្រជុំ ពិភាក្សាគ្នា លើសេចក្ដីព្រាង សេចក្ដីណែនាំ ស្ដីពី នីតិវិធី នៃការស្នើសុំ និងការចេញ លិខិតបញ្ជាក់ អត្តសញ្ញាណ សម្រាប់ បម្រើ ឲ្យការចុះឈ្មោះ បោះឆ្នោត និងការបោះឆ្នោត។ ការពិភាក្សានេះ ធ្វើឡើង នៅថ្ងៃ ទី១៨ ខែធ្នូ នៅទីស្ដីការ គ.ជ.ប. ក្នុងគោលដៅ ដាក់ឆ្លង នូវគំរូ ស្ដីពី ឯកសារ បញ្ជាក់ អត្តសញ្ញាណ សម្រាប់ បម្រើ ឲ្យការបោះឆ្នោត។
គ.ជ.ប. កំពុងពិគ្រោះពិភាក្សាលើទម្រង់ឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើ ឲ្យការបោះឆ្នោត ដើម្បីប្រើប្រាស់ជំនួសឲ្យអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរដែលត្រូវប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៧ ខាងមុខ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប. នៅមិនទាន់ទទួលបានលទ្ធផលពីការពិភាក្សា ឬមានការឯកភាពណាមួយពីគំរូនៃទម្រង់ឯកសារ និងខ្លឹមសារឯកសារបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។ ប៉ុន្តែក្រុមការងារបានពិភាក្សាផ្ដោតសំខាន់លើចំណុចទម្រង់ឯកសារដែល នឹងធ្វើឲ្យកាន់តែមានភាពរឹងមាំខាងផ្លូវច្បាប់ ដែលមាននៅអាជ្ញាធរក្រុមប្រឹក្សាឃុំសង្កាត់ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងសាមីខ្លួន៖ «ទម្រង់ដែល យើងមើលឃើញពីដើមហ្នឹង គឺពីរផ្នត់ទេ ប៉ុន្តែឥឡូវយើងចង់ធ្វើជា៣។ ក្បាលបញ្ជីទុកមួយ កណ្ដាលទុកមួយ ខាងចុងយកឲ្យប្រជាពលរដ្ឋលោកសម្រាប់ប្រើប្រាស់។ សន្លឹកកណ្ដាលទុកឲ្យអាជ្ញាធរឃុំសង្កាត់ ហើយដើមគល់បញ្ជីហ្នឹង ទុកឲ្យក្រុមប្រឹក្សាឃុំ យើងចង់ឲ្យមានឯកសារហ្នឹងទាំងអស់គ្នា កាលណាមានការអីឡើងផ្ទៀងផ្ទាត់។»
ការលើកយកបញ្ហានេះមកជជែក នៅបន្ទាប់ពីមានជំនួបរវាង គ.ជ.ប និងក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំគំរូឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះឈ្មោះ បោះឆ្នោត និងសម្រាប់បោះឆ្នោត។
លោកបណ្ឌិត ហង្ស ពុទ្ធា បញ្ជាក់ថា ការគិតគូរធ្វើទម្រង់ឯកសារជំនួសអត្តសញ្ញាណប័ណ្ណសម្រាប់បម្រើការ បោះឆ្នោតនេះ ដោយយោងលើការលើកឡើងពីក្រសួងមហាផ្ទៃ ដែលអះអាងថា នៅឆ្នាំ២០១៦ ក្រសួងអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួនតែ ៧លានសន្លឹកប៉ុណ្ណោះ ស្របពេលដែល គ.ជ.ប រកឃើញថា អាចមានពលរដ្ឋមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណ ១០លាននាក់។ ដូច្នេះ គ.ជ.ប ត្រូវបង្កើតទម្រង់នេះ ដើម្បីដោះស្រាយដល់ពលរដ្ឋប្រមាណ ៣លាននាក់ដែលអត់ទាន់បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះ។
ឆ្លើយតបទៅនឹងបញ្ហានេះ តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) លោក គល់ បញ្ញា ថ្លែងថា ទម្រង់ឯកសារមិនសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ឯកសារត្រូវការតម្លាភាពគឺការបើកចំហព័ត៌មាន ឲ្យធ្វើសវនកម្មបាន ដូចជា ការចេញទម្រង់ឯកសារមានចំនួនប៉ុន្មាន ត្រឹមត្រូវប៉ុន្មាន និងខុសប៉ុន្មាន ជៀសវាងភាពមិនប្រក្រតីដូចទម្រង់ចាស់នាពេលកន្លងមក។
លោកថា ស្នើឲ្យ គ.ជ.ប គិតពីបញ្ហាតម្លាភាព និងការជួយសម្រួលដល់ប្រជាពលរដ្ឋ៖ «ខ្ញុំ យល់ឃើញថា ពេលហ្នឹងទោះបីទៅសុំចុះឈ្មោះក៏ដោយ ពេលចុះឈ្មោះហើយ ចេញឯកសារឲ្យគាត់មួយភ្លាមសម្រាប់បោះឆ្នោត។ ឥឡូវនេះឯកសារសម្រាប់បោះឆ្នោតត្រូវទៅយកមួយទៀតវាបញ្ហាវា ស្មុគស្មាញជាងមុន អ៊ីចឹងបានថា ធ្វើម៉េចសម្រួលពីកន្លែងចុះឈ្មោះបោះឆ្នោតធ្វើឲ្យប្រជាពលរដ្ឋតែ ម្ដងទៅ ទាំងសម្រាប់ចុះឈ្មោះ ទាំងសម្រាប់ការបោះឆ្នោតចេញឲ្យប្រជាពលរដ្ឋតែម្ដងទៅ។»
សមាជិក គ.ជ.ប ដឹកនាំដោយប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ បានបើកកិច្ចប្រជុំតាមរបៀបវារៈមួយចំនួន ក្នុងនោះមានរបៀបវារៈពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពី នីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការចុះឈ្មោះបោះ ឆ្នោត និងការបោះឆ្នោត។ ប៉ុន្តែការពិភាក្សានេះពុំមានលទ្ធផល គ.ជ.ប. នឹងបន្តពិភាក្សាពីបញ្ហានេះបន្តទៀត នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ៕
No comments:
Post a Comment