បក្សប្រឆាំង ចាត់តាំង ក្រុមការងារ ចូលរួម គណៈកម្មការ ចម្រុះ ជាមួយ បក្សប្រជាជន
RFA / វិទ្យុ អាស៊ី សេរី | ២២ ធ្នូ ២០១៥
នៅពេល ដែលការអនុវត្ត វប្បធម៌សន្ទនា តាមកិច្ចព្រមព្រៀង នយោបាយ រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ មិនបាន ដំណើរការ ទៅល្អ, គណបក្ស ទាំងពីរ ព្រមព្រៀងគ្នា បង្កើត គណៈកម្មការ ចម្រុះមួយ ដើម្បី បង្កើនកម្រិត នៃវប្បធម៌សន្ទនា។ នៅពេលនេះ គណបក្ស សង្គ្រោះជាតិ ចាត់តាំង សមាសភាព ក្រុមការងារ របស់ខ្លួន រួចហើយ។
គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីសម្រេចចាត់តាំងសមាសភាពមន្ត្រីបក្សរបស់ខ្លួន ១០រូប ឲ្យចូលរួមបង្កើតគណៈកម្មការចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសន្ទនានយោបាយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងនៅថ្ងៃទី២២ ធ្នូ ថា ក្រុមការងារដែលគណបក្សសង្គ្រោះជាតិ សម្រេចបង្កើត គឺមាន ២ក្រុម៖ «មួយពាក់ព័ន្ធជាមួយក្រុមការងារចំពោះ កិច្ច ដើម្បីសិក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ ស្ដីពីសេចក្ដីព្រាងច្បាប់សហជីព។ ហើយទីពីរ គឺក្រុមការងារ នឹងពិភាក្សាដើម្បីលើកតម្កើងលើកកម្ពស់វប្បធម៌សន្ទនា។ គោលបំណងក្រុមការងារពាក់ព័ន្ធនឹងវប្បធម៌សន្ទនា គឺការជជែកដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ក៏ដូចជាការលើកកម្ពស់នៃការជជែកពិភាក្សានីតិវិធី បែបបទនៃការធ្វើការងារនៃក្រុមភាគតិច និងក្រុមភាគច្រើន។»
សមាសភាពក្រុមការងារដែលគណបក្សសង្គ្រោះជាតិ ចាត់តាំងសម្រាប់ដំឡើងកម្រិតនៃវប្បធម៌សន្ទនា មាន ៦រូប គឺលោក ប៉ុល ហំម ជាប្រធាន លោក យឹម សុវណ្ណ អនុប្រធាន លោក អ៊ូ ច័ន្ទឫទ្ធិ អនុប្រធាន លោក អេង ឆៃអ៊ាង សមាជិក លោក ម៉ៅ មុនីវណ្ណ សមាជិក និងលោក ហូរ វ៉ាន់ សមាជិក។
ទន្ទឹមគ្នានេះ គណបក្សសង្គ្រោះជាតិ ក៏ចាត់តាំងសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ សមាសភាពក្រុមការងារនេះមាន ៥រូប គឺលោក សុន ឆ័យ ប្រធាន អ្នកស្រី កែ សុវណ្ណរតន៍ អនុប្រធាន លោក អ៊ូ ច័ន្ទឫទ្ធិ អនុប្រធាន លោក គឹមសួរ ភីរិទ្ធ ជាសមាជិក និងលោក កែវ ភីរម្យ ជាសមាជិក។
លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា លិខិតចាត់តាំងសមាសភាពក្រុមការងារ ចុះថ្ងៃទី១៨ ធ្នូ គណបក្សសង្គ្រោះជាតិ បានផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយ ហើយរំពឹងថានឹងទទួលបានការឆ្លើយតបវិញក្នុងពេលឆាប់ៗ។
ស្របពេលនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី២២ ធ្នូ ថា ខាងគណបក្សប្រជាជនកម្ពុជា បានទទួលលិខិតចាត់តាំងសមាសភាពក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ រួចហើយ៖ «លិខិតហ្នឹងដូចជាសម្ដេចបានទទួលហើយ ប៉ុន្តែចំពោះសមាសភាពគណបក្សប្រជាជនកម្ពុជា កំពុងតែរៀបចំ។ អាចចេញឆាប់ៗហ្នឹងហើយ។ បង្កើតហើយ គឺក្រុមការងារទាំងពីរហ្នឹង មកជួបគ្នាដើម្បីបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីពិនិត្យក្នុងហ្នឹងវាមានគណៈកម្មការចំពោះកិច្ចសម្រាប់ច្បាប់ សហជីព ហើយមួយទៀត ក្រុមការងារសម្រាប់ពិភាក្សាអំពីបញ្ហាលើកកម្ពស់វប្បធម៌សន្ទនា។»
អ្នកនាំពាក្យគណបក្សទាំងពីរបញ្ជាក់ថា ការបង្កើតក្រុមការងារចម្រុះ គឺជាការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រោយកិច្ចប្រជុំរវាង លោក ស ខេង និងលោក កឹម សុខា កាលពីថ្ងៃទី១០ ខែធ្នូ។
ក៏ប៉ុន្តែ លោក សុខ ឥសាន នៅមិនទាន់អាចបញ្ជាក់ពេលវេលាជួបគ្នាជាថ្មីទេ ហើយក៏នៅមិនទាន់ដឹងថា គណៈកម្មការចម្រុះនឹងកំណត់លើកកម្ពស់វប្បធម៌សន្ទនាដោយរបៀបណានៅឡើយ ដែរ៖ «ព្រោះកន្លងទៅ វាមានកិច្ចព្រមព្រៀងឆ្នាំ២០១៤ ម្ដងហើយ ហើយបន្ទាប់មកអនុវត្តមិនបានត្រឹមត្រូវ វាមកឆ្នាំ២០១៥ ម្ដងទៀត។ ឥឡូវនេះជាលើកទីបីហើយ បើសិនរៀបចំឡើងវិញហ្នឹង។ បញ្ហាសំខាន់លើទ្រឹស្ដីមិនមានបញ្ហាអីទេ ងាយទេ ប៉ុន្តែបញ្ហាសំខាន់ជាកត្តាកំណត់នោះ វានៅលើការអនុវត្ត។ យើងអនុវត្តបានត្រឹមត្រូវ ឬមិនបានត្រឹមត្រូវតាមគោលការណ៍កំណត់ជាលាយលក្ខណ៍អក្សរ។»
សេចក្ដីថ្លែងការណ៍រួមរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ មានសេចក្ដីថា គណបក្សទាំងពីរព្រមព្រៀងគ្នា ៤ចំណុច គឺទី១ បង្កើតគណៈកម្មការចំពោះកិច្ច ដែលចូលរួមដោយគណបក្សទាំងពីរ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ ទី២ បង្កើតក្រុមការងារដែលចូលរួមដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិតនៃកិច្ចសន្ទនា នយោបាយ ដោយឈរលើស្មារតីនៃសេចក្ដីថ្លែងការណ៍រួមរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ សំដៅឲ្យមានការជឿទុកចិត្តគ្នារវាងគណបក្សនយោបាយនៅក្នុងរដ្ឋសភា ក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិឲ្យស្ថិតស្ថេរយូរអង្វែង។ ទី៣ ពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងារ ព្រមទាំងផ្ដល់មធ្យោបាយសម្រាប់ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សនយោបាយក្នុងរដ្ឋសភា សំដៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃស្ថាប័នរដ្ឋសភា និងទី៤ បន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ ដោយឈរលើស្មារតីបង្រួបបង្រួម ផ្សះផ្សាជាតិ និងឯកភាពជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ក៏ព្រោះតែសេចក្ដីព្រាងច្បាប់មួយនេះមានភាពចម្រូងចម្រាស និងការតវ៉ាច្រើនពីអង្គការមិនមែនរដ្ឋាភិបាល និងសហជីពកម្មករ នៅពេលដែលគណៈរដ្ឋមន្ត្រីបញ្ជូនច្បាប់នេះទៅរដ្ឋសភា៕
No comments:
Post a Comment