Paris Peace Accords 23 Oct. 1991

Monday, December 7, 2015

សមាជិក​ ព្រឹទ្ធសភា​ បក្សប្រឆាំង​ ពហិការ​ មិន​ចូល​ប្រជុំ​ អនុម័ត​ សេចក្ដីព្រាង​ច្បាប់​ ថវិកា ជាតិ​ ឆ្នាំ​២០១៦ | Opposition senators boycott session to adopt budget for 2016

សមាជិក​ ព្រឹទ្ធសភា​ បក្សប្រឆាំង​ ពហិការ​ មិន​ចូល​ប្រជុំ​ អនុម័ត​ សេចក្ដីព្រាង​ច្បាប់​ ថវិកា ជាតិ​ ឆ្នាំ​២០១៦​


VOD / វីអូឌី | ៧ ធ្នូ ២០១៥


សមាជិក​ ព្រឹទ្ធសភា​ មកពី​គណបក្ស សម រង្ស៊ី ធ្វើពហិការ​ មិន​ចូលរួម ​ប្រជុំ​ពិនិត្យ និង​ផ្ដល់​យោបល់​ លើ​ច្បាប់​ ស្ដីពី​ ហិរញ្ញវត្ថុ​ សម្រាប់ ​ការគ្រប់គ្រង ​ឆ្នាំ​២០១៦ ដោយ​អះអាង​ ថា ច្បាប់​នេះ ​ត្រូវ បាន​អនុម័ត​ ជា​ឯក​បក្ស ដោយ​មាន ​ចេតនា​ នយោបាយ​។​

​នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​នេះ ព្រឹទ្ធសភា​ បើក​កិច្ចប្រជុំ​ ដើម្បី​ ពិនិត្យ និង​ឲ្យយោបល់ ​លើ​សេចក្តីព្រាងច្បាប់​ ស្តីពី ហិរញ្ញវត្ថុ​ សម្រាប់​ ការគ្រប់គ្រង ​ឆ្នាំ​២០១៦ (​ច្បាប់​ថវិកា ជាតិ​ ឆ្នាំ​២០១៦) និង​សេចក្តីព្រាងច្បាប់ ​ស្តីពី ទូរគមនាគមន៍​។  ច្បាប់​ទាំង​ពីរ​ ត្រូវ បាន​អនុម័ត​ ដោយ​សំឡេង ៤៦​ លើ​៤៦ ដោយ​គ្មាន ​វត្ត​មាន​ សមាជិក​ មក​ពី​គណបក្ស ប្រឆាំង ​នោះ​ទេ​។​

​សេចក្ដីថ្លែងការណ៍ ​របស់ ​ក្រុម​សមាជិក​ ព្រឹទ្ធ​សភា​ មកពី​គណបក្ស សម រង្ស៊ី ចេញ​នៅ​ថ្ងៃនេះ​ លើកឡើង ថា, ក្រុម​សមាជិក​ សម្រេច​ មិន​ចូលរួម​ ក្នុង​ការពិនិត្យ និង​ផ្ដល់​យោបល់ ​លើ​សេចក្ដីព្រាងច្បាប់​ ស្ដីពី​ ហិរញ្ញវត្ថុ​ សម្រាប់​ ការគ្រប់គ្រង ​ឆ្នាំ​២០១៦​។  សេចក្ដីថ្លែងការណ៍ ​បន្ត​ថា​៖ ក្រុម​សមាជិក​ ព្រឹទ្ធសភា​ គណបក្ស សម រង្ស៊ី សោកស្ដាយ​ដែល​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦​នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥​មាន​ការពិភាក្សា អនុម័ត​ជា​ឯក​បក្ស ដោយ​មាន​ចេតនា​នយោបាយ​។​


​អ្នកនាំពាក្យ​ ព្រឹទ្ធសភា​ លោក ម៉ម នាង មានប្រសាសន៍​ ក្រោយ​កិច្ចប្រជុំ​ នៅ​ព្រឹក​នេះ​ ថា, សមាជិក​ មកពី​គណបក្ស សម រង្ស៊ី ចូលរួម ឬ​មិន​ចូលរួម​ប្រជុំ​ជា​សិទ្ធិ​របស់​ពួកគាត់។​

​នៅក្នុង ​សេចក្ដីថ្លែងការណ៍​ ដដែល ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​ក៏បាន​លើកឡើង​ពី​ការដកតំណែង​លោក កឹម សុខា ពី​អនុប្រធាន​រដ្ឋសភា ការបញ្ចប់​តួនាទី​ជា​តំណាងរាស្ត្រ​របស់​លោក សម រង្ស៊ី អំពើហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ផងដែរ ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​ចាត់ទុក​ករណី​ទាំងនេះ​ថា​ជា ចេតនា​កំចាត់កំចាយ​ស្ថានភាព​ពហុបក្ស​នៅ​ថ្នាក់​កំពូល​របស់​ជាតិ​ផង និង​រារាំង​របប​ប្រជាធិបតេយ្យ​សេរី​។​

​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ក៏​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ជួយ​អន្តរាគមន៍​បញ្ចប់​ស្ថានភាព​តានតឹង​ទាំងនេះ និង​ឲ្យ​គណបក្ស​នយោបាយ​ទាំងពី​រ​ដែល​មាន​អាសនៈ​ក្នុង​សភា បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ និង​វប្បធម៌​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ច្រាន​ចោល​ការលើកឡើង​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្សប្រឆាំង​ដោយ​លោក​អះអាងថា ករណី​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក ហុង សុខ​ហួរ គឺជា​ការអនុវត្ត​ច្បាប់ មិនមែន​ជា​ការ​កំចាត់​គណបក្សប្រឆាំង​ពី​ស្ថាប័ន​កំពូល​របស់​រដ្ឋ​នោះទេ​។ លោក​មានប្រសាសន៍ថា គ្មាន​អ្នកណា​កំចាត់កំចាយ​គាត់​ទេ គឺ​គាត់​ជា​អ្នក​កំចាត់កំចាយ​ខ្លួនឯង​។ បើ​គាត់​អនុវត្តឲ្យ​ត្រឹមត្រូវ​តាមច្បាប់ គាត់​កុំ​និយាយ​បរិហារកេរ្តិ៍​គេ​អ្នកផ្សេង​ទៅ​វា​មាន​គេ​អនុវត្ត​ច្បាប់​ឯណា​? អាហ្នឹង​ត្រូវ​រក​ដើម​ភ្លើង អ្នកណា​អ្នក​ដុត​ភ្លើង គឺថា​ឯកឧត្ដម សម រង្ស៊ី ឯកឧត្ដម កឹម សុខា ជា​អ្នក​ដុត​ភ្លើង​

​គួរបញ្ជាក់​ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ និង​សេចក្តីព្រាងច្បាប់​ទូរគមនាគមន៍ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដោយ​មាន​តែ​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ តំណារាស្ត្រ​គណបក្សប្រឆាំ​ង​បាន​ធ្វើពហិការ​មិន​ចូលរួម​ប្រជុំ ដោយ​អះអាង​ថា ដោយសារ​មិន​ទាន់​ស្វែងរក​ជនដៃដល់​បន្ថែម​ទៀត​ករណី​វាយ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ការបោះឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ករណី​ដីកាចាប់ខ្លួន លោក សម រង្ស៊ី ដែល​នាំឲ្យ​មាន​ការ​លុបឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​តំណាងរាស្ត្រ​៕







No comments:

Post a Comment