Paris Peace Accords 23 Oct. 1991

Thursday, December 3, 2015

លោក សម រង្ស៊ី ថា​, លោក ហេង សំរិន គ្មាន មូលដ្ឋាន ប្តឹងរូបលោក​ ពីបទបរិហាកេរ្តិ៍​ | Sam Rainsy says Heng Samrin has no basis for bringing case of defamation against him


ប្រធាន គណបក្ស​ សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ​

លោក សម រង្ស៊ី ថា​, លោក ហេង សំរិន គ្មាន មូលដ្ឋាន ប្តឹងរូបលោក​ ពីបទបរិហាកេរ្តិ៍​

VOD / វីអូឌី | ៣ ធ្នូ ២០១៥


ប្រធាន គណបក្ស​ សង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែង​ ថា, ​ប្រធាន រដ្ឋសភា លោក ហេង សំរិន ពុំមាន មូលដ្ឋាន ​ក្នុងការ​ចោទ រូបលោក ​ពីបទបរិហាកេរ្តិ៍ តាម​ ប្រព័ន្ធ សង្គម ហ្វេសប៊ុក នោះទេ ដោយ​អះអាង​ ថា, ​លោក​ មិន​បាន​និយាយ​ ឈ្មោះ​នរណា ម្នាក់​ ក្នុងការសរសេរ របស់លោក។​ ​

​តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ លោក វង្ស ប៊ុន​វិសុទ្ធ អញ្ជើញ​លោក សម រង្ស៊ី ចូល​មកកាន់​ អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃ ទី​៤ ខែមករា ឆ្នាំ​២០១៦ វេលាម៉ោង ៨ និង​៣០ នាទីព្រឹក​ សាកសួរ​ ពីរឿងបរិហាកេរ្តិ៍ តាម​ពាក្យ​បណ្តឹង​ របស់​លោក គី តិច មេធាវី​លោក ហេង សំរិន​។​  កាលពីថ្ងៃ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ នៅលើហ្វេសប៊ុក ​របស់​លោក ​ភ្ជាប់ជាមួយ វីដេ​អូ​មួយ ថា​​៖ «យើង ចងចាំថា របប កើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការ របស់គេ កាត់ទោស ប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គ ថា ជាជន ក្បត់ជាតិ»

លោក សម រង្ស៊ី ប្រាប់វីអូឌី តាម​រយៈ ​អ៊ីម៉េល នៅថ្ងៃ​ព្រហស្បតិ៍នេះ​ ថា​​, ការ​សរសេរ របស់លោក​ នៅលើហ្វេសប៊ុក​ មិន​បាន ​លើក​ឡើង​ ពីឈ្មោះ ​របស់​លោក ហេង សំរិន នោះទេ។  លោក​ បន្តថា, ​សម្តេច សីហនុ​ បាន​និយាយ ​ពីឈ្មោះ​លោក ហេង សំរិន នៅក្នុងវីដេអូ​ ដែលលោក​ បង្ហោះភ្ជាប់ ជាមួយ​ សារ​ លើ​ហ្វេសប៊ុក នោះ។​

លោក សម រង្ស៊ី បាន​បញ្ជាក់ ​ថា៖ «ដូច្នេះ​ លោក ហេង សំរិន ពុំ មានមូលដ្ឋាន ណា​មួយ​ ក្នុងការ​ប្តឹង ​ប្រឆាំងខ្ញុំ ពីព្រោះ ខ្ញុំ​ បង្ហោះវីដេអូក្លីប​ ដែល​គេ​ បង្ហោះ​ នៅលើប្រព័ន្ធ អ៊ិនធើណែត យូធ្យូប (YouTube) ជាង​៣០ឆ្នាំ មកហើយ​។»

នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ លោក សម រង្ស៊ី បាន​បង្ហោះ សារ នៅលើ ហ្វេសប៊ុក ​របស់​លោក ដោយ​អំពាវនាវ​ ឲ្យ​ប្រជា​ពលរដ្ឋ​ ចូលរួម ពិនិត្យ​ខ្លឹមសារ នៃ​ការបង្ហោះ របស់លោក។ 

លោក​ បាន​សរសេរ ថា​៖ «ដោយសារ តែ ខ្ញំុ បានបង្ហោះ វីដេអូ ខាងក្រោមនេះ, សម្តេច ហេង សំរិន បានប្តឹងខ្ញំុ ថា, ខ្ញំុ បានបរិហាកេរ្តិ៍លោក។  សូម បងប្អូន មើលចុះ៖ តើ ខ្ញំុ បាននិយាយអ្វី ខ្លួនខ្ញុំ ដែលប៉ះពាល់ សម្តេច ហេង សំរិនអត់ ទាល់តែសោះ!» 

លោក​ បន្ថែមថា​៖ «វីដេអូនេះ ថតនៅឆ្នាំ ១៩៨៣ គឺក្នុងសម័យ "សាធារណរដ្ឋ ប្រជាមានិត កម្ពុជា" ដែលមានលោក ហេង សំរិន ជាប្រមុខរដ្ឋ។ ក្នងការលើកតម្កើងពាក្យ "សាធារណរដ្ឋ" គឺ គេ បានសម្លាប់ ស្តេច តាមផ្លូវ នយោបាយ និងផ្លូវចិត្ត រួចទៅហើយ។»




បើ តាមលោក សម រង្ស៊ី វីដេអូដែលលោកបង្ហោះលើហ្វេសប៊ុក​នោះ​ត្រូវបានថត​ក្នុងឆ្នាំ​១៩៨៣ នៅពេល​​អតីត​ព្រះមហាក្សត្រ​សីហនុ​​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្រ្តាលី​ ដើម្បីប្រមែប្រមូល​ការគាំទ្រ​​ចលនា​ប្រឆាំងនឹង​វៀ​ត​ណាម​។ ​

អ្នកនាំពាក្យគណបក្សសង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ ចាត់ទុកករណីនេះ​ជារឿងនយោបាយ។ លោក​បន្ត​ថា​លោក សម រង្ស៊ី នឹង​មិន​ចូល​មក​តុលាការ​តាមការកំណត់នោះទេ។​

លោក គី តិច មេធាវីរបស់​លោក​ ហេង សំរិន​ ប្រាប់វីអូឌី​ថា​ការចោទប្រកាន់បទបរិហាកេរ្តិ៍នេះ​ពាក់ព័ន្ធនឹងការសរសេរ​របស់ ​លោក សម រង្ស៊ី។ លោកបន្ត​​ថាក្នុងរបប​៧មករា ១៩៧៩ ​ពុំមានការកាត់ទោសសម្តេចសីហុន​​ថា​ក្បត់​ជាតិ​នោះ​ទេ ដោយ​​ថា​មាន​តែ​ការ​អញ្ជើញសម្តេច​សីហនុ​ឲ្យ​យាង​ចូលស្រុកវិញ​។ លោកបញ្ជាក់​​ថា​វីដេអូ​ដែល​លោក​ សម រង្ស៊ី បង្ហោះ​ជា​ការ​បំភាន់មតិសាធារណ ដោយ​ថា​របបនោះមានពាក់ព័ន្ធនឹងការបញ្ចូលក​ង​ទ័ព​វៀត​​ណាមទៅជាមួយ​ កងទ័ពរបស់លោក ហេង សំរិន។ 

លោក មានប្រសាសន៍ ថា៖ «បាទ, ចាំ បង មើលខ្លឹមសារ ហ្នឹងទៅ យើង ប្តឹងទៅលើ ខ្លឹមសារហ្នឹង ពីព្រោះ ស្ពតហ្នឹង គាត់ គ្រាន់​ តែ ចាក់ទៅ បំភាន់មតិ សារធារណៈហ្នឹង កាត់ ច្រឡំ ថា, សម្តេច សីហនុ ចោទប្រកាន់ របបហ្នឹង ការពារយួន, ការពារវៀត​ណាម ​អ៊ីចឹងទៅ បានជាយកសម្តេច ព្រះ នរោត្តម សីហនុ ទៅកាត់ទោស តាមពិត ការចាក់ បំភាន់, បំភាន់ទេ។»

គួររំឭកថា លោក សម រង្ស៊ី ក៏ត្រូវបានតុលាការ​ចេញដីកា​ឲ្យ​ចូល​ខ្លួន​មក​មកតុលាការនៅ​ថ្ងៃទី៤ខែធ្នូ​ ពាក់ព័ន្ធ​នឹង​សំណុំរឿងអតីតសមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ ​ទាក់ទង​នឹង​ប​ទសមគំនិតក្នុងអំពើ​ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈក្លែង​និងញុះញង់​បង្ក​ឲ្យ​មាន​វឹងកវរធ្ងន់​ ដល់សន្តិសុខសង្គម​ ប្រព្រឹត្តទៅកាលពីថ្ងៃទី​១២និង​១៣ខែសីហា ឆ្នាំ​២០១៥​។ ដីកា​បន្ត​ថា​អំពើ​ដែលមានបញ្ញត្តិនឹង​ផ្តន្ទាទោស​​តាមមាត្រា​២៩​ មាត្រា​៦២៩ ​មាត្រា​៦៣០​និង​មាត្រា​៤៩​៥​នៃ​ក្រមព្រហ្ម​ទណ្ឌ។​ លោក​ក៏​ត្រូវ​បាន​តុលាការ​ចេញដីកាចាប់ខ្លួន ពាក់​ព័ន្ធ​នឹង​ការ​បរិហាកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ៕






No comments:

Post a Comment