លោក សម រង្ស៊ី ជំរុញ ឲ្យសមាជិក គណៈកម្មការ ជំនាញ ចូលរួម ពិភាក្សា សេចក្ដីព្រាងច្បាប់នានា
RFA / វិទ្យុ អាស៊ី សេរី | ១០ ធ្នូ ២០១៥
គណបក្ស សង្គ្រោះជាតិ បានបើក កិច្ចប្រជុំ ថ្នាក់ដឹកនាំ កំពូល របស់ខ្លួន អំពី ការសម្រេចចិត្ត ថា, តើ ត្រូវ ចូលរួម ប្រជុំសភា ឬមិន ប្រជុំ នោះ? នៅក្នុងកិច្ចប្រជុំ នោះ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានលើកឡើង ថា, តំណាងរាស្ត្រ គណបក្ស ប្រឆាំង អាចទៅចូលរួម ប្រជុំសភា បាន លុះត្រាណា ការធ្វើ សេចក្ដីព្រាងច្បាប់ ដែលធ្វើឡើង ដោយតម្លាភាព និងគិត ពីផលប្រយោជន៍ ជាតិ ជាធំ។
លោក សម រង្ស៊ី ជំរុញឲ្យប្រធាន និងសមាជិកគណៈកម្មការជំនាញនៃរដ្ឋសភាទាំងអស់ ទៅចូលរួមប្រជុំនៃគណៈកម្មការជំនាញទាំង១០ ក្នុងការពិភាក្សាសេចក្ដីព្រាងច្បាប់នានា ដើម្បីជាការតាមដាន និងទទួលបានព័ត៌មាន។
លោក សម រង្ស៊ី ថ្លែងតាមវីដេអូខុនហ្វឺរិន (Video Conference) ពីក្រៅប្រទេស ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៩ ធ្នូ ដោយលោកជំរុញឲ្យសមាជិកគណៈកម្មការជំនាញនៃរដ្ឋសភា ទៅចូលរួមប្រជុំ នៅពេលមានការពិភាក្សាសេចក្ដីព្រាងច្បាប់ណាមួយ ឬត្រូវតាមដានសកម្មភាពរដ្ឋាភិបាល តាមរយៈគណៈកម្មការជំនាញនេះ។ ទន្ទឹមនឹងនេះ លោក សម រង្ស៊ី សង្កត់ធ្ងន់ថា ចំពោះតំណាងរាស្ត្រទាំង ៥៥រូបវិញ អាចទៅចូលរួមប្រជុំសភា បើសិនជាសេចក្ដីព្រាងច្បាប់ណាត្រូវបានបើកឲ្យមានការជជែកគ្នា ដោយពេញលេញ រវាងតំណាងរាស្ត្រគណបក្សជាប់ឆ្នោតទាំងពីរ៖ «បើទៅ អនុម័តនៅសភាពេញអង្គ អនុម័តអ្វីដែលយើងមិនបានចូលរួម ហើយគេមិនឲ្យតម្លៃយើង មិនសួរយោបល់យើង គេរំលោភយើង គេចង់ធ្វើអ្វីស្រេចតែចិត្ត គឺយើងមិនបាច់ទៅប្រជុំទេ។»
ការប្រកាសរបស់ លោក សម រង្ស៊ី បែបនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានធ្វើពហិការប្រជុំសភា នៅក្រោយពេលគណបក្សជាប់ឆ្នោតទាំងពីរមិនចុះសម្រុងគ្នាផ្នែកនយោបាយ ពោលគឺក្រោយពេលសមាជិកសភាមកពីខាងគណបក្សកាន់អំណាច បានបោះឆ្នោតទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា និងការប្រើអំពើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងចំនួនពីររូបកាល ពីថ្ងៃទី២៦ តុលា មក។
បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំង ពហិការមិនចូលរួមប្រជុំសភា មកទល់ពេលនេះ សភាឯកបក្សបានអនុម័តសេចក្ដីព្រាងច្បាប់បានជិត ១០ច្បាប់ហើយ មានដូចជា សេចក្ដីព្រាងស្ថិតិ ច្បាប់ទូរគមនាគមន៍ និងសេចក្ដីព្រាងច្បាប់ថវិកាជាតិ ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បីសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី១០ ធ្នូ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា កន្លងមកគ្មានអ្នកណាហាមឃាត់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នោះទេ ក្នុងការបញ្ចេញមតិយោបល់នៅក្នុងការពិភាក្សាពីសេចក្ដីព្រាងច្បាប់ នានា មុននឹងអនុម័តក្នុងសភានោះ៖ «សម្ដេចប្រធានរដ្ឋសភា តែងតែអញ្ជើញគ្រប់តំណាងរាស្ត្រទាំងអស់ ក្នុងការប្រជុំរដ្ឋសភា ហើយបើគាត់មិនចូលរួមប្រជុំសភា កុំចោទប្រកាន់ថាសភាឯកបក្សអីឲ្យសោះ ព្រោះយើងបានអញ្ជើញហើយ។»
ទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ហេង ស្រ៊ាង លើកឡើងថា អ្វីដែល លោក សម រង្ស៊ី ធ្វើនេះជារឿងត្រឹមត្រូវមួយ ព្រោះថា តំណាងរាស្ត្រមានតួនាទីសំខាន់ណាស់សម្រាប់បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៖ «លោក សម រង្ស៊ី កំពុងប្រឈមនឹងបញ្ហានេះ ហើយគាត់ប្រកាន់យកគោលជំហរនេះ បានន័យថា គណបក្សប្រឆាំងបានដើរតួនាទីសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ។ គាត់មិនធ្វើចេះតែហីអើៗ អ្វីដែលរដ្ឋាភិបាលធ្វើទេ តែគណបក្សប្រឆាំងត្រូវតែប្រកាន់ជំហររឹងមាំនេះ មិនត្រូវកោះប្រជុំគ្នានៅពេលមានបញ្ហានោះទេ។»
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានអង្គុយធ្វើការជាមួយគ្នាក្នុងសភាបានប្រមាណ ១ឆ្នាំ នៅក្រោយពីមានកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីមានកិច្ចព្រមព្រៀងនេះ តំណាងរាស្ត្រគណបក្សទាំងពីរ បានធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត និងច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការព្រមព្រៀងគ្នាផ្លាស់ប្ដូរថ្នាក់ដឹកនាំ គ.ជ.ប ថ្មី និងបានអនុម័តច្បាប់មួយចំនួនទៀត។
ក៏ប៉ុន្តែនៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ អ្នកវិភាគលើកឡើងថា អ្នកនយោបាយមិនមានគោលនយោបាយជាតិពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេសនោះទេ ពិសេសគឺរដ្ឋាភិបាល។ ផ្ទុយទៅវិញ អ្នកនយោបាយគិតពីគោលនយោបាយរបស់បក្ស និងការយកឈ្នះចាញ់គ្នាជាកត្តាចម្បង។ អ្នកវិភាគលើកឡើងទៀតថា ជារឿងសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ត្រូវមានមតិជំទាស់នៅក្នុងសភា ដែលមិនចូលរួមប្រជុំសភាដើម្បីបង្គ្រប់កិច្ចនោះ៕
No comments:
Post a Comment