Paris Peace Accords 23 Oct. 1991

Tuesday, December 22, 2015

[Vietnamization] អ្នក​នេសាទ ​ខ្មែរ ​នៅ​បឹង​ ទន្លេសាប​ ខេត្ត​ សៀមរាប​ ភ័យ​ខ្លាច​ ការ​បង្ក​ហិង្សា ​ពី​ក្រុម​ ជនជាតិ​ វៀតណាម | Cambodian fishermen of Tonle Sap in Siem Reap fear more violence from Vietnamese gang

អ្នក​នេសាទ ​ខ្មែរ ​នៅ​បឹង​ ទន្លេសាប​ ខេត្ត​ សៀមរាប​ ភ័យ​ខ្លាច​ ការ​បង្ក​ហិង្សា ​ពី​ក្រុម​ ជនជាតិ​ វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ២១ ធ្នូ ២០១៥

 

បង្ក្រាប​បទល្មើស​នេសាទ​ខេត្ត​សៀមរាប ៦២០
កម្លាំង​សមត្ថកិច្ច​ប្រមូល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ ទន្លេសាប នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។  RFA/Hang Savyouth

ចាប់​តាំង ​ពី​ជនជាតិ​ វៀតណាម ប្រមាណ ៥០​នាក់ ធ្វើ​សកម្មភាព​ នេសាទ​ត្រី​ ដោយ​ខុស​ច្បាប់ ​ក្នុង​បឹង​ ទន្លេសាប, ហើយ​ ព្រួត​គ្នា​ វាយ​សំពង ​អ្នក​នេសាទ ​ខ្មែរ​ នៅ​ឃុំ​ កំពង់ភ្លុក ស្រុក​ ប្រាសាទ បាគង បណ្ដាល​ ឲ្យ​រង​របួស ​ចំនួន ១៥​នាក់ កាល​ពី​ថ្ងៃ​ ទី​១៥ មក គឺ ​រហូត​ មក​ដល់​ ថ្ងៃ​ទី​២០ ខែ​ធ្នូ សមត្ថកិច្ច​ នៅ​មិន ​ទាន់​បាន​ ចាត់​វិធានការ ​អ្វី​ ធំ​ដុំ ​ប្រឆាំង ​នឹង​ជនជាតិ​ វៀតណាម ទាំង​នោះ​ទេ។

ភ្លាមៗ ​បន្ទាប់​ ពី​មាន​ ការ​វាយ​ សំពង​ នៅ​ក្នុង​បឹង​ ទន្លេសាប​ មក គឺ​ ប៉ូលិស ​នៃ​ស្នងការដ្ឋាន ​នគរបាល​ ខេត្ត​ សៀមរាប បាន​ត្រឹម​តែ​ ចាប់​ខ្លួន​ បុរស​ ជនជាតិ​ វៀតណាម ម្នាក់ បញ្ជូន​ ទៅ​តុលាការ​ ប៉ុណ្ណោះ។  ចំណាត់​ការ​ ដ៏​យឺតយ៉ាវ​ របស់ សមត្ថកិច្ច​ ក្នុង​រឿង​នេះ កំពុង​ ធ្វើ​ឲ្យ​ អ្នក​នេសាទ ​ខ្មែរ, ព្រម​ទាំង ​អង្គការ​ ក្រៅ​រដ្ឋាភិបាល​ ខ្លះ នៅ​តែ​ រង់ចាំ​ មើល​ថា, តើ ​រដ្ឋាភិបាល​ ខ្មែរ​ មាន​សមត្ថភាព​ ក្នុង​ការ​ តាម​រក​មុខ ​ជនជាតិ​ វៀតណាម ជាច្រើន​នាក់ ដែល​មិន ​គោរព​ច្បាប់​ កម្ពុជា នេះ​ ដែរ​ ឬ​ក៏​យ៉ាង​ណា?

ពលរដ្ឋ​ ខ្មែរ​ មួយ​ចំនួន ​នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ដែល​តែង​តែ​ចេញ​ទៅ​នេសាទ​ត្រី​ក្នុង​បឹង​ទន្លេសាប បាន​សម្ដែង​ការ​ភ័យ​ខ្លាច ប្រសិន​បើ​សមត្ថកិច្ច​រដ្ឋាភិបាល​នៅ​តែ​បណ្តោយ​ឲ្យ​មាន​បទល្មើស​នេសាទ​ក្នុង ​បឹង​ទន្លេសាប ព្រម​ទាំង​មិន​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ដែល​ជា​អ្នក​វាយ​តប់​លើ​អ្នក​នេសាទ​ខ្មែរ មក​ផ្ដន្ទាទោស​ឲ្យ​បាន​ទេ​នោះ។

ស្ត្រី​អ្នក​ភូមិ​ដីក្រហម ឃុំ​កំពង់ភ្លុក ម្នាក់​ក្នុង​ចំណោម​អ្នក​នេសាទ​ខ្មែរ​ជាច្រើន​ទៀត​ដែល​តែង​ចេញ​ទៅ​នេសាទ​ ត្រី​ក្នុង​បឹង​ទន្លេសាប គឺ​លោកស្រី អៀង យក់។ លោកស្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន កូនៗ​របស់​គាត់​ពីរ​បី​នាក់ តែង​ចេញ​ទៅ​នេសាទ​ត្រី​គ្រាន់​បាន​ប្រាក់​ពី ៥​ម៉ឺន​ទៅ ៦​ម៉ឺន​រៀល​ក្នុង​ម្ដងៗ ដើម្បី​យក​មក​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ស្ត្រី​ដដែល​បញ្ជាក់​ថា រូប​គាត់​ក៏ដូចជា​អ្នក​នេសាទ​ជាច្រើន​ទៀត គឺ​ក្រីក្រ ដោយ​សុខ​ចិត្ត​ខ្ចី​បុល​ប្រាក់​ពី​ធនាគារ​យក​មក​ទិញ​សម្ភារៈ​នេសាទ ប៉ុន្តែ​ពេល​ដែល​ចេញ​ទៅ​នេសាទ ជួប​នឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស​បើក​កាណូត​ធំៗ​មក​បំផ្លាញ​មង ព្រម​ទាំង​វាយ​តប់​លើ​ពួក​គាត់​ទៀត​នោះ គឺ​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ភ័យ​ខ្លាច​ជា​ខ្លាំង មិន​ចង់​ហ៊ាន​ចេញ​ទៅ​នេសាទ​ទៀត​ទេ។ ស្ត្រី​ដដែល​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល ជួយ​បង្ក្រាប​បទល្មើស​នេសាទ ព្រម​ទាំង​តាម​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ប្រមាណ ៥០​នាក់ ដែល​បាន​វាយ​តប់​លើ​ពួក​គាត់​នោះ​ឲ្យ​បាន៖ «ខ្ញុំ​អត់​មាន​សំណូមពរ​អី​ ច្រើន​ទេ សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​មើល​ការ​ខុស​ត្រូវ​លើ​ប្រជាពលរដ្ឋ​ដែល​ស្លូត​ត្រង់ ពីព្រោះ​ពួក​ខ្ញុំ​គ្មាន​ស្រែ​ចម្ការ​ឯណា​ធ្វើ​ទេ មាន​តែ​របរ​នេសាទ​មួយ​មុខ។»

ការ​អំពាវនាវ​របស់​អ្នក​នេសាទ​ខ្មែរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ មាន​កាណូត​ធុន​ធំ​របស់​វៀតណាម ចំនួន ២​គ្រឿង បាន​ប្រើ​យ៉ាំងកាវ​យ៉ាង​វែង​អូស​យក​ត្រី​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប នៃ​អតីត​តំបន់​ឡូ​នេសាទ​លេខ​៤ ក្នុង​ឃុំ​កំពង់ភ្លុក។ ជនជាតិ​វៀតណាម ទាំង​នោះ មិន​ត្រឹម​តែ​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់​ទេ គឺ​ថែម​ទាំង​បើក​កាណូត​ធំៗ​បំផ្លាញ​មង​អ្នក​នេសាទ​ខ្មែរ​ឲ្យ​ខូច ហើយ​ហៅ​គ្នីគ្នា​ប្រមាណ ៥០​នាក់ មក​ព្រួត​គ្នា​វាយ​សំពង​អ្នក​នេសាទ​ខ្មែរ​ចំនួន ១៥​នាក់​ឲ្យ​រង​របួស​ផង។

អ្នក​នេសាទ​ខ្មែរ​ដែល​វៀតណាម​វ៉ៃ​នៅ​សៀមរាប ៦២០
អ្នក​នេសាទ​ខ្មែរ​ម្នាក់ ​ក្នុង​ចំណោម ១៤​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​អ្នក​នេសាទ​វៀតណាម ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​បែក​ក្បាល នៅ​ឃុំ​កំពង់ភ្លុក មក​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៥។ RFA/Hang Savyouth

អ្នក​នេសាទ​ខ្មែរ​ម្នាក់​ទៀត​ដែល​រង​របួស​បែក​ក្បាល​ជាច្រើន​ថ្នេរ ដោយសារ​តែ​ជនជាតិ​វៀតណាម វាយ លោក គុជ ចំរើន មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ជួយ​រក​យុត្តិធម៌ ដោយ​តាម​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ដែល​ជា​អ្នក​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ខ្ញុំ​ប្រាប់​ថា​ត្រង់​ នេះ​ចំ​មង​ហើយ កុំ​អូស! តែ​វា​អត់​ស្ដាប់។ វា​រក​រឿង​ពួក​ខ្ញុំ ខឹង​ពួក​ខ្ញុំ​ឲ្យ​ដក​យ៉ាំងកាវ​ចេញ​ពី​កន្លែង​មក វា​ទូរស័ព្ទ​ហៅ​គ្នា​មក។»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ កន្លង​ទៅ បន្ទាប់​ពី​មាន​ការ​ព្រួត​វាយ​សំពង​លើ​អ្នក​នេសាទ​ខ្មែរ​ចំនួន ១៥​នាក់ ឲ្យ​រង​របួស​មក ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ ដូ យ៉ាំងថាន់ អាយុ ៥២​ឆ្នាំ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​នៃ​បឹង​ទន្លេសាប តំបន់​ចុងឃ្នៀស បញ្ជូន​ទៅ​តុលាការ។ ចំណែក​ឯ​ជនជាតិ​វៀតណាម ដែល​ពាក់ព័ន្ធ​ជាង ៤០​នាក់​ផ្សេង​ទៀត មិន​ទាន់​ឃើញ​មាន​ការ​ចាប់​ខ្លួន​នៅ​ឡើយ។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​បង្ក្រាប​បទល្មើស លោក អ៊ុំ អមរា មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ទី​២០ ខែ​ធ្នូ គឺ​សមត្ថកិច្ច​បាន​រក​ឃើញ​សាវតារ​ជនជាតិ​វៀតណាម ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ​សំពង​អ្នក​នេសាទ​ខ្មែរ​ចំនួន ៤​នាក់​ថែម​ទៀត ក៏ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ការ​ចាប់​ខ្លួន​នៅ​ឡើយ គឺ​កំពុង​ចេញ​ដីកា​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ៖ «រឿង​ហ្នឹង គឺ​ជា​រឿង​បង្ក​ហិង្សា​ដោយ​ចេតនា និង​បង្ក​របួស​ស្នាម។ ខ្ញុំ​បាន​ចុះ​ទៅ​ដល់​គោលដៅ​ហ្នឹង​ហើយ កំពុង​ស្រាវជ្រាវ​រក​កាណូត​ប្រភេទ​លឿន​មួយ​គ្រឿង។»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​ធ្វើ​ការងារ​នៅ​ខេត្ត​សៀមរាប ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​អំពើ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​បឹង​ ទន្លេសាប ដោយ​មាន​ការ​បង្ក្រាប​តិចតួច រហូត​ដល់​មាន​ជនជាតិ​វៀតណាម ខ្លះ​ឡើង​ដៃ ហ៊ាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​នេសាទ​ខ្មែរ ដែល​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នោះ​ផង។

អ្នក​នេសាទ​ខ្មែរ​ត្រូវ​វៀតណាម​វាយ​នៅ​សៀមរាប ៦២០
អ្នក​នេសាទ​ខ្មែរ​ម្នាក់ ​ក្នុង​ចំណោម ១៤​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​អ្នក​នេសាទ​វៀតណាម ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​បែក​ក្បាល នៅ​ឃុំ​កំពង់ភ្លុក មក​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៥។ RFA/Hang Savyouth

អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប ដែល​បាន​ចុះ​អង្កេត​ករណី​អ្នក​នេសាទ​វៀតណាម ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​នេសាទ​ខ្មែរ លោក នូ ពុទ្ធិ មាន​ប្រសាសន៍​ថា សមត្ថ​កិច្ច និង​ជំនាញ​ជលផល គួរ​តែ​សកម្ម​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ឲ្យ​បាន​ ខ្លាំងក្លា ជាង​ការ​ដែល​បិទ​បាំង​ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ។ លោក នូ ពុទ្ធិ បញ្ជាក់​ថា នេះ​ជា​លើក​ទី​១ នៅ​ខេត្ត​សៀមរាប ដែល​មាន​ជនជាតិ​វៀតណាម នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប ហើយ​ព្រួត​គ្នា​វាយ​អ្នក​នេសាទ​ខ្មែរ ដែល​រក​ត្រី​ជា​លក្ខណៈ​គ្រួសារ។ លោក នូ ពុទ្ធិ ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​គួរ​តែ​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​នោះ​ដោយ​ កុំ​លាក់លៀម៖ «ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​បាតុភាព​លេច​ឮ​ថា អាច​មាន​អំពើ​ពុក​រលួយ​នៅ​ជុំវិញ​សមត្ថកិច្ច​ជំនាញ​ហ្នឹង​ផង។»

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​កំពុង​តាម​ឃ្លាំ​មើល​បទល្មើស​នេសាទ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្ត​សៀមរាប គឺ​មាន​បទល្មើស​នេសាទ​ជាច្រើន​កន្លែង ដូចជា នៅ​តំបន់​ចុងឃ្នៀស ក្រុង​សៀមរាប នៅ​តំបន់​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង និង​នៅ​ស្រុក​ជីក្រែង ជាដើម ដោយ​សមត្ថកិច្ច​ហាក់​មាន​ការ​បង្ក្រាប​តិចតួច។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ សមត្ថកិច្ច​ស្រុក​ជីក្រែង បាន​ចាប់​ខ្លួន​មន្ត្រី​អង្គការ​អភិវឌ្ឍន៍ និង​ការពារ​ធនធាន​ធម្មជាតិ ចំនួន ៤​នាក់ បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀមរាប ដោយ​ចោទ​ប្រកាន់​ពី​បទ​កំហែង​យក​ប្រាក់​ពី​អ្នក​នេសាទ។ ប្រភព​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​តាម​ស៊ើប​អង្កេត​ករណី​ចាប់​ខ្លួន​នោះ ឲ្យ​ដឹង​ថា នៅ​ស្រុក​ជីក្រែង កំពុង​មាន​បទល្មើស​នេសាទ​ខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចែក​ផល​ប្រយោជន៍​ ទៅ​ឲ្យ​សមត្ថកិច្ច ហើយ​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​អភិវឌ្ឍន៍ និង​ការពារ​ធនធាន​ធម្មជាតិ ចំនួន ៤​នាក់ គឺ​ដោយសារ​តែ​អ្នក​ទាំង ៤​នាក់​នោះ បាន​ទៅ​ឃើញ​បទល្មើស ព្រម​ទាំង​វាយ​បំបែក​ឆ្នាំង​បាយ​របស់​សមត្ថកិច្ច ដែល​ធ្លាប់​តែ​ទៅ​យក​ទទួល​ទាន​នោះ៕



1 comment:

  1. Anonymous4:57 PM

    ថាហើយ គឺបានតែខ្មែរគ្នាឯងទេ ហើយឥឡូវពូលីសបែរជា មកចោទខ្មែរ ថាជាអ្នកបង្កើតរឿង ចង់សើចទេ ខ្មែរជាអ្នកខូច ធ្វើម្តេចបើមិនហ៊ាននឹងយួនក៍មកប្រកែដាក់ខ្មែរគ្នាឯងទៅ នេះមិនមែនជាលើកទីមួយទេ ព្រោះយួនគេមានសិទ្ធីគ្រប់យ៉ាង បាមន័យថា យួនម្នាក់ណាក៍មានសិទ្ធិ ត្រួតខ្មែរបានដែរ បើមិនជឿសុំចាំមើលទៀតទៅ ហើយបើមានខ្មែរអ្នកណាចេញមុខ ថាខ្លួនខ្លាំងហើយទៅចាប់ចងយួន អ្នកនោះច្បាស់ជាអស់ការធ្វើ ព្រោះពីថ្ងៃនេះតទៅ វាថា ឌូម៉ែ ហើយច្បាស់ជាគ្មានរដ្ឋាភិបាលណាហ៊ានចេញមុខការពារខ្មែរដាចខាត

    ReplyDelete